ខ្មែរ និង​ថៃ​ទទួល​យក​សេចក្ដី​សម្រេច​របស់​តុលាការ​​យុត្តិធម៌​អន្តរជាតិ​ICJ

រដ្ឋាភិបាល​ខ្មែរ និង​ថៃ​បាន​ប្រកាស​ទទួល​យក​សេចក្ដីសម្រេចចិត្ត​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង ឡាអេ ប្រទេស​ហុល្លង់ ដែល​បាន​បញ្ជា​ឲ្យ​ប្រទេស​ទាំង​ពីរ​ដក​កងទ័ព​ខ្លួន​ចេញ​ពី​តំបន់​គ្មាន​កងទ័ព ដែល​បាន​កំណត់​ដោយ​តុលាការ។
ដោយ យន់ សាមៀន និង ទីន ហ្សាការីយ៉ា
2011-07-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំបន់​គ្មាន​យោធា​អន្តរ​កាល កំណត់​ដោយ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ
តំបន់​គ្មាន​យោធា​អន្តរ​កាល កំណត់​ដោយ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ
Photo: RFA

កម្ពុជា​បាន​បញ្ជាក់​គោល​ជំហរ​ក្រោយ​ពី​សេចក្ដី​សម្រេច​របស់​តុលាការ​ថា កម្ពុជា​គាំទ្រ​ទាំង​ស្រុង​នូវ​សេចក្ដី​សម្រេច ដែល​ឆ្លើយ​តប​ទៅ​នឹង​សំណើសុំ​កម្ពុជា​ចង់​បាន។

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ចន្ទ បាន​អំពាវនាវ​ឲ្យ​ប្រធាន​អាស៊ាន​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន មក​កាន់​តំបន់​គ្មាន​កងទ័ព​ជា​បណ្ដោះអាសន្ន ក្នុង​ពេល​ឆាប់​បំផុត ដើម្បី​អនុវត្ត​តាម​ការ​សម្រេច​ចិត្ត​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។

រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយ​បញ្ជាក់​ថា សេចក្ដី​សម្រេច​ចិត្ត​តុលាការ អង្គការ​សហប្រជាជាតិ នឹង​ធ្វើ​ឲ្យ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​មាន​សន្តិភាព  មាន​អ្នក​សង្កេតការណ៍​អាស៊ាន​ចូល​មក​ក្នុង​តំបន់​គ្មាន​កងទ័ព​ជា​បណ្ដោះអាសន្ន និង​មាន​សកម្មភាព​ផ្នែក​ស៊ីវិល​ជា​ប្រក្រតី។

ការ​ប្រកាស​គាំទ្រ​របស់​កម្ពុជា ធ្វើ​ឡើង​ចំ​ពេល​ដែល​រដ្ឋាភិបាល​ចាំ​ផ្ទះ​ថៃ ក៏​បាន​ប្រកាស​ទទួល​យក​សេចក្ដីសម្រេចចិត្ត​របស់​តុលាការ​ដែរ។ ក្រសួង​ការ​បរទេស​ថៃ បាន​ឲ្យ​ដឹង​ថា ថៃ​ពេញ​ចិត្ត​លទ្ធផល​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​យោធា​ថៃ​បាន​ឲ្យ​ដឹង​ថា យោធា​ថៃ​នឹង​មិន​ទាន់​ដក​ចេញ​ពី​តំបន់​ជម្លោះ ៤ ក្បៀស ៦ គីឡូ​ម៉ែត្រ​ការ៉េ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ជា​បន្ទាន់​នោះ​ទេ ដោយ​រង់ចាំ​សេចក្ដីសម្រេចចិត្ត​របស់​អគ្គ​មេ​បញ្ជាការ​កងទ័ព​ថៃ​ជា​មុន​សិន។

រដ្ឋមន្ត្រី​ការ​បរទេស​ថៃ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ពី​ទីក្រុង ឡាអេ ថា កិច្ច​ព្រមព្រៀង​រវាង​ថៃ និង​កម្ពុជា និង​ឥណ្ឌូណេស៊ី​ស្ដីពី​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​ព្រំដែន នឹង​មិន​មាន​សុពលភាព​ទៀត​នោះ​ទេ ដោយសារ​តែ​សេចក្ដីសម្រេចចិត្ត​តុលាការ។

ប៉ុន្តែ ថៃ​គាំទ្រ​ឲ្យ​ឥណ្ឌូណេស៊ី​បញ្ជូន​អ្នក​សង្កេតការណ៍​ខ្លួន​ មក​កាន់​តំបន់​ជម្លោះ ដើម្បី​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ខ្មែរ និង​ថៃ។

«ខ្ញុំ​បាន​ជម្រាប​លោក Abhisit តាម​ទូរស័ព្ទ​នូវ​អ្វីៗ ដែល​បាន​កើត​ឡើង​នៅ​ឯ​តុលាការ​នាទីក្រុង ឡាអេ។ លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​ក្រសួង​ការបរទេស​ថា នឹង​សហការ​ជាមួយ​មន្ត្រី​យោធា​អំពី​បញ្ហា​នេះ។ អនុលេខាធិការ​ក្រសួង ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន នឹង​ជួប​លោក Marty ប្រធាន​អាស៊ាន ដើម្បី​ពិភាក្សា​រឿង​អ្នក​សង្កេតការណ៍»។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពី​លទ្ធផល​សម្រេច​របស់​តុលាការ​ទេ កាល​ពី​ថ្ងៃ​ចន្ទ នៅ​ពេល​វិទ្យុ​អាស៊ី​សេរី​សុំ​សេចក្ដី​អធិប្បាយ​របស់​លោក។ ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា បាន​សរសើរ​លោក ហោ ណាំហុង ដែល​បាន​ដឹក​នាំ​ប្រតិភូ​នឹង​ទទួល​បាន​ជោគជ័យ​នេះ។

លោក ហោ ណាំហុង បាន​ប្រាប់​សារព័ត៌មាន​អន្តរជាតិ​ថា ផែន​ទី​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន គឺ​ជា​ការ​កំណត់​ឲ្យ​មាន​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍ ហើយ​ជា​ការ​ផ្អាក​ការ​រំលោភ​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា។

ការ​ប្រកាស​ជំហរ​របស់​កម្ពុជា និង​ថៃ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​បង្គាប់​របស់​តុលាការ ថា​តើ​ប្រទេស​ទាំង​ពីរ​នឹង​គោរព​សេចក្ដី​សម្រេចចិត្ត​របស់​តុលាការ​ដែរ​ឬ​ទេ។

ប្រធាន​តុលាការ​យុត្តិធម៌​អន្តរជាតិ ចៅក្រម Hisashi Owada កាល​ពី​ថ្ងៃ​ចន្ទ បាន​អាន​សេចក្ដីសម្រេចចិត្ត​របស់​ខ្លួន​នៅ​ចំពោះ​មុខ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ថៃ ក្នុង​សវនាការ នៅ​វិមាន​សន្តិភាព​ថា ៖ «សេចក្ដី​សម្រេច​ចិត្ត​របស់​តុលាការ​ធ្វើ​ឡើង​ដោយ​មាន​ហេតុផល​ថា តំបន់​ប្រាសាទ​ព្រះវិហារ បាន​ក្លាយ​ជា​កន្លែង​ប្រយុទ្ធ​គ្នា ហើយ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ទាំងពីរ កើត​ឡើង​ជា​ច្រើន​ដង បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រាសាទ​ព្រះវិហារ។ យោង​មូលហេតុ​នេះ ទី​មួយ តុលាការ​សម្រេច​ដោយ​ឯកច្ឆន្ទ បដិសេធ​សំណើសុំ​របស់​ព្រះរាជាណាចក្រ​ថៃ ដែល​ស្នើសុំ​ឲ្យ​តុលាការ​មិន​ចាត់ការ​សំណើសុំ​របស់​កម្ពុជា ដោយ​ការ​ដក​សំណើ​នេះ​ចេញ ពី​បញ្ជី​ទូទៅ​របស់​តុលាការ។ ទីពីរ តុលាការ​ចេញ​សេចក្ដី​សម្រេច​ទាក់ទង​នឹង​វិធានការ​បណ្ដោះអាសន្ន៖​ ភាគី​ទាំង​ពីរ​ត្រូវ​ដក​កងទ័ព​ខ្លួន ដែល​មាន​វត្តមាន​នៅ​តំបន់​គ្មាន​យោធា​ជា​បណ្ដោះអាសន្ន (provisional demilitarized zone) ជា​បន្ទាន់ ហើយ​នឹង​ទប់ស្កាត់​វត្តមាន​យោធា​នៅ​តំបន់​ហាម​ឃាត់​យោធា​នោះ។ ថៃ​មិន​ត្រូវ​បង្ក​ការ​រាំង​ស្ទះ​ដល់​សេរីភាព​កម្ពុជា​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ ឬ​ក៏​ការ​ផ្ដល់​ការ​ផ្គត់ផ្គង់​ភស្តុភារ​ទៅ​ឲ្យ​បុគ្គលិក​ខ្មែរ ដែល​ជា​ជន​ស៊ីវិល​នៅ​ប្រាសាទ​ព្រះវិហារ»។

ប្រធាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​បន្ត​ទៀត​ថា ភាគី​ទាំង​សង​ខាង ត្រូវ​បន្ត​សហការ​ជាមួយ​នឹង​អាស៊ាន ជាពិសេស​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​អ្នក​សង្កេតការណ៍​អាស៊ាន​មាន​វត្តមាន​សង្កេតការណ៍​នៅ​តំបន់​គ្មាន​យោធា។ ចៅក្រម​ក៏​បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​ត្រូវ​រារាំង​មិន​ឲ្យ​មាន​សកម្មភាព​ណា ដែល​អាច​បង្ក ឬ​ក៏​ពង្រីក​ជម្លោះ​សម្រាប់​តុលាការ ឬ​ក៏​បណ្ដាល​ឲ្យ​មាន​ការ​វិបាក​ក្នុង​ការ​ដោះស្រាយ​ជម្លោះ។ ភាគី​ទាំង​សងខាង​ត្រូវ​ជម្រាប​តុលាការ ចំពោះ​ការ​គោរព​អនុវត្ត​តាម​សេចក្ដីសម្រេចចិត្ត​តុលាការ។

នៅ​ក្នុង​សេចក្ដីសម្រេចចិត្ត​លំអិត​របស់​តុលាការ​បាន​កំណត់​ ផែនទី​តំបន់​គ្មាន​កងទ័ព​បណ្ដោះអាសន្ន​ជុំវិញ​ប្រាសាទ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​នៅ​មិន​ទាន់​មាន​អត្ថាធិប្បាយ​អ្វី​ទាក់ទង​ទៅ​នឹង​ផែនទី​តំបន់​គ្មាន​កងទ័ព​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ចន្ទ​នេះ។

តុលាការ​អន្តរជាតិ​ស្នើ​ឲ្យ​ថៃ និង​ខ្មែរ​ដក​ទ័ព​ជា​បន្ទាន់

តុលាការ​យុត្តិធម៌​អន្តរ​ជាតិ បាន​បង្គាប់​ឲ្យ​ភាគី​កម្ពុជា និង​ភាគី​ថៃ ដក​កង​ទ័ព​ចេញ​ពី​តំបន់​ជម្លោះ នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ជា​បន្ទាន់ នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៨​កក្កដា។

ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺ​ចៅក្រម ហ៊ីសាឈី អូវ៉ាដា Hisashi Owada ត្រូវ​បាន​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​អន្តរ​ជាតិ​ស្រង់​សម្ដី​ដែល​អាន​​សេចក្ដី​ប្រកាស​សម្រេច​នេះ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨ កក្កដា​ថា ៖ "ភាគី​ទាំង​ពីរ ត្រូវ​ដក​ចេញ​ជា​បន្ទាន់​នូវ​បុគ្គលិក​យោធា​កំពុង​មាន​វត្តមាន​នៅ​ក្នុង​តំបន់​គ្មាន​យោធា​អន្តរ​កាល និង​ត្រូវ​រក្សា​មិន​ឱ្យ​មាន​យោធា និង​សកម្មភាព​យោធា​ណា​មួយ​​នៅ​ក្នុង​តំបន់​នោះ និង​មិន​ឲ្យ​ថៃ​រារាំង​កម្ពុជា​ធ្វើ​ដំណើរ​ចេញ​ចូល​ទៅ​តំបន់​គ្មាន​យោធា​ប្រាសាទ​ព្រះវិហារ ដើម្បី​ផ្គត់ផ្គង់​ភស្តភា​ដល់​បុគ្គលិក​មិន​មែន​យោធា​របស់​ខ្លួន"

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​សរសេរ​ថា មាន​ចៅក្រម​ចំនួន ១១​រូប លើ​៥​រួប បាន​សម្រេច​បង្គាប់​ឲ្យ​ភាគី​ទាំង​ពីរ​បន្ត​សហ​ប្រតិបត្តិការ​ដូច​ដែល​គេ​បាន​ចូល​ជា​សមាជិក​អាស៊ាន ជា​ពិសេស​អនុញ្ញាត​ឲ្យ​អ្នក​សង្កេត​ការណ៍​អាស៊ាន អាច​ចូល​ទៅ​តំបន់​ដែល​គ្មាន​យោធា​បណ្ដោះ​អាសន្ន​នោះ។

ក្នុង​ពេល​នេះ​ដែរ តុលាការ​អន្តរ​ជាតិ​ក៏​បាន​ទាត់​ចោល​សំណើ​របស់​ថៃ​ជា​ឯកច្ឆន្ទ ដែល​សុំ​ឲ្យ​តុលាការ​ដក​ចេញ​ករណី​បណ្ដឹង​របស់​កម្ពុជា​ចេញ​ពី​បញ្ជី​របស់​តុលាការ​នោះ។

ការ​ប្រកាស​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​នេះ នៅ​ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​សំណើ​ទៅ​កាន់​តុលាការ​យុត្តិធម៌​មួយ​នេះ កាល​ពី​ថ្ងៃ​ទី​២៨ មេសា ឆ្នាំ​២០១១ ឲ្យ​ភាគី​ថៃ​ដក​ទ័ព​ចេញ​ពី​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។

នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព លោក ឈាង វណ្ណរិទ្ធិ បាន​មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​ល្អ​មួយ ដែល​តុលាការ​អន្តរ​ជាតិ​បាន​ប្រកាស​ឲ្យ​ភាគី​កម្ពុជា-ថៃ ដក​ទ័ព​ចេញ​ពី​តំបន់​ព្រំដែន​នេះ ជា​យន្តការ​មួយ​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​គ្នា​នៅ​តំបន់​អាស៊ី គឺ​កម្ពុជា-ថៃ ឈាន​ទៅ​រក​សន្តិភាព។

កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ បាន​ស្រង់​សំដី​មន្រ្តី​នាំ​ពាក្យ​ភូមិភាគ​២ របស់​ថៃ លោក ប្រាវីត ហ៊ួកែវ នៅ​មុន​ពេល​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ចេញ​សេចក្ដី​បង្គាប់​នេះ​រយៈ ១​ម៉ោង ថា​បើ​ទោះ​បី​ជា​តុលាការ​កាត់​សេចក្ដី​យ៉ាង​ណា​ក៏​ដោយ ក៏​កង​ទ័ព​ភូមិ​ភាគ​២​របស់​ថៃ នៅ​តែ​ឈរ​ជើង​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ដដែល ដើម្បី​ការពារ​ដី និង​បូរណភាព​ប្រទេស​របស់​ខ្លួន។

តុលាការ​យុត្តិធម៌​អន្តរជាតិ ក៏​គ្រោង​នឹង​ចេញ​សេចក្ដី​សម្រេច​របស់​ខ្លួន ទាក់ទង​បណ្ដឹង​កម្ពុជា ឲ្យ​តុលាការ​បកស្រាយ​សាលក្រម​ខ្លួន​ឆ្នាំ​១៩៦២ ឡើង​វិញ ដែល​បាន​សម្រេច​ប្រគល់​ប្រាសាទ​ព្រះវិហារ​ឲ្យ​កម្ពុជា។

មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង នៅ​រសៀល​ថ្ងៃ​ទី​១៨ កក្កដា បាន​មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​ដំណឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​អញ្ជើញ​ទៅ​ចូល​រួម​ស្ដាប់​តុលាការ​អន្តរ​ជាតិ​ប្រកាស​លទ្ធផល​នេះ​នៅ​ឡើយ​ទេ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា ការ​សម្រេច​លទ្ធផល​របស់​តុលាការ​អន្តរ​ជាតិ (ICJ) នេះ ជា​ការ​សម្រេច​ដ៏​សំខាន់ ដើម្បី​រៀប​ចំ​យន្តការ​ឲ្យ​ប្រទេស​ទាំង​ពីរ​កំណត់​ព្រំដែន​ឲ្យ​បាន​ច្បាស់​លាស់ ក្នុង​ការ​ស្វែង​រក​សន្តិភាព​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក អ៊ូ វីរៈ បាន​លើក​ឡើង​ថា ការ​សម្រេច​របស់​តុលាការ​អន្តរ​ជាតិ​នេះ មិន​អាច​ភាគី​ណា​មួយ​ក្នុង​ចំណោម​ភាគី​ទាំង​ពីរ គឺ​កម្ពុជា-ថៃ បដិសេធ​លទ្ធផល​នោះ​បាន​ឡើយ ព្រោះ​ការ​សម្រេច​របស់​តុលាការ​នេះ គឺ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ​ជា​អ្នក​អនុវត្ត​របស់​សេចក្ដី​បង្គាប់​របស់​តុលាការ​នេះ។

សេចក្ដី​សម្រេច​ចិត្ត​នៃ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់ ឆ្នាំ​១៩៦២ បាន​សម្រេច​ថា ប្រាសាទ​ព្រះវិហារ និង​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ឋិត​ក្នុង​បូរណភាព​ទឹក​ដី​ខ្មែរ តម្រូវ​ឲ្យ​ភាគី​ថៃ​ដក​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​ជា​ដើម។ ៤៩​ឆ្នាំ​ក្រោយ​មក ជម្លោះ​ព្រំដែន​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ផ្ទុះ​ឡើង​វិញ​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ មក៕

ព័ត៌មាន (27)
Share

អ្នក​អាន​អនាមិក

ជាការពិតណាស់ថាវាមិនយុត្តិធម៌សម្រាប់ខ្មែរយើង ប៉ុន្តែវាក៏អាចទទួលយកបានដែរ ព្រោះបច្ចុប្បន្នយើងត្រូវការសន្តិភាពដើម្បីអភិវឌ្ឍន៍ប្រទេស ណាមួយក៏ដើម្បីកាត់បន្ថយជម្លោះនយោបាយនៅក្នុងប្រទេសសៀមផងដែរ។ ជំហ៊ានបន្ទាប់ យើងរង់ចាំមើលការបកស្រាយសាលក្រមរបស់ ICJ ថាតើតុលាការនេះនឹងផ្តល់យុត្តិធម៌អោយខ្មែរដែររឺទេ? បើសិនជាគ្មានយុត្តិធម៌ទេនោះ វាដល់ពេលដែលខ្មែរទាំងអស់គ្នាពួតដៃគ្នាជាធ្លុងមួយ ដើម្បីប្រកាស និង តវ៉ា ទៅអន្តរជាតិថា យើងមិនអាចទទួលយកបាននោះទេ។ ដីនេះជាឯកកម្មសិទ្ធិរបស់ខ្មែរ‌!

Jul 20, 2011 01:43 PM

អ្នក​អាន​អនាមិក

ជាសំណូមពររបស់ខ្ញុំសម្រាប់អ្នកផ្ដល់យោបល់គ្រប់រូប ប្រសិនបើភាសាអង់គ្លេសអ្នកមិនសូវច្បាស់ទេ គួរតែសរសេរ ជាភាសាខ្មែរវិញ ព្រោះពេលអ្នកខ្លះសរសេរភាសាអង់គ្លេស​ពិបាកយល់ណាស់ ។ ម្យ៉ាងទៀត ការផ្ដល់យោបល់បល់​របស់យើង គឺសម្រាប់ជនជាតិខ្មែរ មិនមែនសម្រាប់ជនបរទេសទេ ។ ការសរសេរជាភាសា​ខ្មែរក៏ដើម្បីជៀសវាងការប្រមាថរបស់បរទេសមកលើខ្មែរ​ផងដែរ ៕

Jul 20, 2011 05:39 AM

អ្នក​អាន​អនាមិក

Hey, Mr. Worrier Blood take a look at the side sketch, if you don't understand shut your mouth up. You have to proud if you're real Khmer. Sic!

Jul 20, 2011 12:23 AM

អ្នក​អាន​អនាមិក

My last request: Hun Sen or Khmer Congress need to use Paris accord of October 23, 1991 ==> If the court go with Thailand, Hun Sen needs to resign and the next Gov needs to abolish all treatied with Yuon. Hun Sen and his clan need to be exiled to "Polo Condor Island" or Be Hung.

Jul 19, 2011 03:03 PM

អ្នក​អាន​អនាមិក

i think something going on it's not fear Khmer people.

Jul 19, 2011 03:03 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល