​បទល្មើស​នេសាទ​​​៦​ពាន់​ករណី​ត្រូវ​បាន​បង្រ្កាប​​ក្នុង​រដូវ​បិទ​នេសាទ

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​ជលផល​កម្ពុជា បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​រដ្ឋបាល​ជលផល​កម្ពុជា បាន​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​ចំនួន ៦​ពាន់​ករណី​ហើយ នៅ​ក្នុង​អំឡុង​រដូវ​បិទ​នេសាទ ចាប់​តាំង​ពី​ដើម​ខែ​មិថុនា កន្លង​ទៅ​នេះ។
ដោយ សុខ សេរី
2010.09.28
អ្នក​នេសាទ មេគង្គ ៣០៥ ២៥-មីនា-២០១០: អ្នក​នេសាទ​នៅ​តាម​ដង​ទន្លេ​មេគង្គ ក្នុង​ខែត្រ​កណ្ដាល
AFP Photo

ជន​សង្ស័យ​នៃ​បទ​ល្មើស​នេសាទ​ខុស​ច្បាប់​ចំនួន​ជាង ១០០​នាក់ ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន និង​ជន​សង្ស័យ​ចំនួន ៥៤​នាក់ ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ផ្ដន្ទា​ទោស​ក្រោម​បទ​ចោទ​ថា បាន​នេសាទ​ខុស​ច្បាប់​នៅ​ក្នុង​រដូវ​បិទ​នេសាទ​កន្លង​មក នៅ​ក្នុង​រដូវ​ត្រី​ពង។

ក្នុង​ពេល​នេះ​ដែរ អាជ្ញាធរ​បាន​រឹប​អូស​សម្ភារៈ​មួយ​ចំនួន ដូច​ជា មង និង អួន​ក្រឡា​ញឹក ដែល​រដ្ឋ​ហាម​ប្រើ​នេសាទ ប្រវែង​ជាង ១​លាន​ម៉ែត្រ ដុត​បំផ្លាញ​ចោល។

ប្រធាន​រដ្ឋបាល​នាយកដ្ឋាន​ជលផល លោក ណៅ ធួក នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ថ្មីៗ​នេះ​ថា លោក​បាន​ធ្វើ​ដំណើរ​តាម​ឧទ្ធម្ភាគចក្រ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហោះ​ឃ្លាំមើល​ស្ថានការណ៍​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេ​សាប និង​ទន្លេ​មេគង្គ គឺ​បាន​ឃើញ​ថា មាន​បទល្មើស​នេសាទ​ចំនួន​តិចតួច។

លោក​បន្ត​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ផល​នេសាទ​ត្រី​នៅ​ឆ្នាំ​២០១០​នេះ នឹង​ថយ​ចុះ​ច្រើន​ជាង​ឆ្នាំ​២០០៩ កន្លង​ទៅ បើ​ទោះ​បី​ជា​មាន​ការ​បង្ក្រាប​បទល្មើស​នេសាទ​បាន​ច្រើន​នៅ​ឆ្នាំ​២០១០​នេះ​ក៏ដោយ ៖ «ពីព្រោះ​ទឹក​តិច ទាប​ណាស់! មិន​សង្ឃឹម​ថា ច្រើន​ជាង​ឆ្នាំ​ទៅ​ទេ តិច​ជាង​ឆ្នាំ​ទៅ ដោយសារ​ទឹក​ទាប​ពេក។ ទឹក​បឹង​ទន្លេ​សាប​ថយ​ជាង​ឆ្នាំ​ទៅ​ជិត ៣​ម៉ែត្រ ហើយ​ទឹក​នៅ​ទន្លេ​មេគង្គ​ចតុមុខ​នេះ ក៏​ថយ​ជាង​ឆ្នាំ​ទៅ ២​ម៉ែត្រ​កន្លះ​ដែរ»

លោក​បាន​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ ផល​ត្រី​ទឹក​សាប​គឺ​ប្រមូល​បាន​ចំនួន ៣៩០​ពាន់​តោន ហើយ​លោក​រំពឹង​ទុក​ថា ផល​ត្រី​ទឹក​សាប​នៅ​ឆ្នាំ​២០១០​នេះ នឹង​ថយ​ចុះ​ចំនួន​ពាក់​កណ្ដាល​នៃ​ឆ្នាំ​២០០៩។

ប្រជាពលរដ្ឋ​ជា​អ្នក​នេសាទ​នៅ​ក្នុង​ឃុំ​បឹងដោល ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង ជាប់​នឹង​ឡូត៍​នេសាទ​លេខ​១៥ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា ៖ «ខាង​សិប្បកម្ម​នេសាទ​ធំៗ​មាន​ការ​ថយ​ចុះ​ច្រើន​ដែរ ប៉ុន្តែ​ចំណែក​នេសាទ​តូចតាច​ជា​លក្ខណៈ​គ្រួសារ​ហ្នឹង មិន​សូវ​ជា​មាន​បញ្ហា​ទេ។ ឆ្នាំ​នេះ​ខ្ញុំ​ពិនិត្យ​មើល​ទៅ​ឃើញ​ថា ការ​ទប់​ស្កាត់​បទ​ល្មើស​នេសាទ​ធំៗ​ហ្នឹង ហាក់​បី​ដូច​ជា​ប្រសើរ​ជាង​រាល់​ឆ្នាំ។ ពេល​ដែល​បិទ​រដូវ​នេសាទ​នៅ​ឆ្នាំ​ក្រោយ ក៏​សុំ​ឲ្យ​លោក​មាន​វិធានការ​ឲ្យ​បាន​ដូច​ឆ្នាំ​ហ្នឹង ឬ​ឲ្យ​បាន​មាន​ប្រសិទ្ធភាព​ជាង​ឆ្នាំ​ហ្នឹង​ទៀត»

អាជ្ញាធរ​រដ្ឋបាល​ជលផល​កម្ពុជា បាន​ប្រកាស​បិទ​រដូវ​នេសាទ​នៅ​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា កន្លង​មក និង​គ្រោង​ប្រកាស​រដូវ​បើក​នេសាទ​ត្រី​នៅ​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆាប់ៗ​ខាង​មុខ​នេះ។

បឹង​ទន្លេ​សាប​ទន្លេ​មេគង្គ និង​សមុទ្រ ត្រូវ​បាន​មន្ត្រី​ជលផល​ចាត់​ទុក​ថា ជា​ជង្រុក​ត្រី ឬ​មច្ឆា​ជាតិ​សម្រាប់​ចិញ្ចឹម​ប្រជាពលរដ្ឋ​កម្ពុជា៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។