ពលរដ្ឋ​នៅ​ស្រុក​កោះសូទិន​ត្អូញត្អែរ​ពី​រឿង​ជន​ជាតិ​វៀតណាម​នេសាទ​ខុស​ច្បាប់

ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​កោះសូទិន បាន​ត្អូញត្អែរ​ជា​លើក​ទី​២ និង​បារម្ភ​ខ្លាច​អស់​ពូជ​ត្រី​ក្នុង​ទន្លេ​មេគង្គ ដោយ​បាន​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​មួយ​ចំនួន​និង​ជនជាតិ​វៀតណាម​បាន​ប្រើ​ឧបករណ៍​នេសាទ​ត្រី​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ​ដោយ​ឥត​ខ្លាច​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះ​ឡើយ។

0:00 / 0:00

ប្រជាពលរដ្ឋ​ទំាង​នោះ​បាន​ថ្លែង​ថា ការនេសាទ​ខុស​ច្បាប់​នៅ​ចំពេល​ដែល​ច្បាប់​នេសាទ​បាន​ហាម​ឃាត់​នៅ​រដូវ​ត្រី​ពង ក៏​ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នោះ ខំ​រក​គ្រប់​មធ្យោបាយ​នេសាទ​យក​កូ​ន​ត្រី​តូចៗ ដោយ​ប្រើ​អួន​ស្បៃ​និង​ឧបករណ៍​ផ្សេងៗ​ទៀត។

ប្រជា​ពលរដ្ឋ​ឈ្មោះ វ៉ាន់ ថេង បាន​មាន​ប្រសាសន៍​ថា លោក​ព្រួយ​បារម្ភ​ខ្លាច​អស់​ពូជ​ត្រី​ដោយ​មាន​អ្នក​នេសាទ​ខុស​ច្បាប់​ច្រើន​ពេក​នៅ​តាម​ដង​ទន្លេ​មេគង្គ ៖ «ឥឡូវ​សមត្ថកិច្ច​ឃុបឃិត​ជាមួយ​អ្នក​រក​ស៊ី​ខុស​ច្បាប់ ព្រោះ​ប្រាក់​ខែ​វា​តិច ធ្វើការ​តាម​ប្រាក់​ខែ វា​រួម​សម​គំនិត​ជាមួយ​ជន​ខិលខូច»

ប្រជាពលរដ្ឋ​ឈ្មោះ សុខ ណាំ បាន​មាន​ប្រសាសន៍​ថា អ្នក​នេសាទ​ខុស​ច្បាប់​ទាំង​នោះ​បាន​ធ្វើការ​នេសាទ​គ្រប់​រដូវ​មិន​ថា​រដូវ​ហាមឃាត់​ឬ​យ៉ាង​ណា​នោះ​ទេ។ លោក​បាន​បន្ត​ថា ចំពោះ​អ្នក​មាន​មុខ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​កាន់​តែ​មាន​ជីវភាព​លំបាក​ទៅៗ។

លោក សុខ ណាំ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ដោះស្រាយ​លក្ខណៈ​គ្រួសារ គ្នា​អត់​មាន​បច្ចេកទេស​រក ឧបករណ៍​តូចតាច​រក​មិន​បាន វា​ទៅ​ជា​ពាយ»

ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​កោះសូទិន​មួយ​ចំនួន​បាន​សហការ​នឹង​ជន​ជាតិ​វៀតណាម​ដែល​បាន​បង្កើត​ជា​ភូមិ​ជីហែ ឃុំ​ពាម​ប្រធ្នួស ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ធំៗ មាន​ដូចជា ដាយ និង​ឧបករណ៍​ឆក់​ត្រី​ផ្សេង​ៗ​ទៀត រីឯ​មន្រ្តី​ជលផល​ពុករលួយ​ពុំ​មាន​ការ​ហាមឃាត់​នោះ​ឡើយ ៖ «ភូមិ​យួន​នៅ​កន្លែង​ទន្លេ​ហ្នឹង អាហ្នឹង​មាន​បែ​ត្រី​រាប់​រយ ប្រើ​ស្បៃ​មុង​ហ្នឹង​ដើម្បី​យក​នុយ​ត្រី​ល្អិតៗ យក​មក​ឲ្យ​ត្រី​ធំ​ស៊ី ហើយ​ដល់​ពេល​ខែ​ខុស​ពី​ខែ​ហ្នឹង​ទៀត អូស​យ៉ាងកាវ​អី​តាម​ទន្លេ​ទៀត។ អូស​យ៉ាងកាវ ភាសា​វៀតណាម​គេ​ហៅ​យ៉ាងកាវ អាហ្នឹង​វា​មាន​ប្រដាប់​ឆក់​ឲ្យ​ត្រី​ប្រកាច់ ចូល​ក្នុង​កាវ​ហ្នឹង​ទៀត»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ធ្វើការ​ទំនាក់ទំនង​និង​អ្នក​នេសាទ ដែល​ប្រជាពលរដ្ឋ​ខាង​លើ បាន​ចោទ​ប្រកាន់​បាន​ទេ​នៅ​ថ្ងៃ​នេះ។

រីឯ​នាយ​អធិការដ្ឋាន​ជលផល​មេគង្គ លោក ឡង់ គន បាន​មាន​ប្រសាសន៍​ជុំវិញ​បញ្ហា​ខាង​លើ​ថា លោក​ក៏​បាន​ដឹង​អំពី​ការនេសាទ​ខុស​ច្បាប់​នេះ​ដែរ។ កាល​ពី​ថ្ងៃ​ទី​២៥ សីហា​នេះ លោក​បាន​កោះហៅ​មន្ត្រី​ក្រោម​បង្គាប់​ប្រជុំ​ដើម្បី​ចាត់​វិធានការ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក ឡង់ គន ថ្លែង​ដូច្នេះ​ថា ៖ «តាម​បទ​ពិសោធន៍​កន្លង​មក វា​អាច​មាន​ដែរ​នៅ​ខាង​ក្រោម ព្រោះ​យើង​មើល​មិន​អស់​ដែរ ជួន​កាល​វា​អាច​មាន​បញ្ហា​ហ្នឹង​កើត​ឡើង​ដែរ តែ​ជួនកាល​ក៏​វា​មិនមែន​ជា​រឿង​គេ​ឃុបឃិត​ទេ ប៉ុន្តែ​ជា​រឿង​បទល្មើស​វា​កើត​ឡើង​ឯង ហើយ​វា​លួច»

សូម​ជម្រាប​ថា បណ្តា​ប្រជាពលរដ្ឋ​ខាង​លើ​សំណូមពរ​ដល់​មន្ត្រី​ជលផល​ឲ្យ​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​និង​ចាប់​ឲ្យ​បាន​ច្បាស់លាស់ កុំ​ប្រព្រឹត្ត​អំពើ​ពុករលួយ ចាប់​ហើយ​ដោះលែង​វិញ ពិសេស ជនជាតិ​វៀតណាម​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ៕