សមត្ថកិច្ច​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​រតនគិរី

ឈើ​ប្រណីត​ប្រមាណ​ជិត ៥០០​ម៉ែត្រ​គូប​ហើយ​ត្រូវ​បាន​ដក​ហូត​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់​ដោយ​ក្រុម​មន្ត្រី​ចម្រុះ​ដែល​មាន​ប៉ូលិស ទាហាន អាវុធហត្ថ រដ្ឋបាល​ព្រៃ​ឈើ​និង​មន្ត្រី​តុលាការ​ខេត្ត​រតនគិរី នៅ​ក្នុង​ស្រុក​នានា​ជា​ច្រើន​ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ មីនា មក​ទល់​នឹង​ពេល​នេះ។
ដោយ គង់ យុទ្ធនា
2010-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីតាំង​អារ​ឈើ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រៃ​ស្រោង ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី។
ទីតាំង​អារ​ឈើ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រៃ​ស្រោង ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី។
RFA Photo/Ratha Visal

ស្នងការ​រង​នគរបាល​ខេត្ត​រតនគិរី​លោក ចៅ នាង បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា តួលេខ​បណ្ដោះ​អាសន្ន មាន​ឈើ​ជាង ៤០០​ម៉ែត្រ​គូប​ហើយ​ដែល​បាន​ចាប់​នៅ​ក្នុង​ស្រុក​មួយ​ចំនួន។ ឈើ​ទាំង​នោះ​គេ​លាក់​តាម​ព្រៃ តាម​ចម្ការ​និង​នៅ​ផ្ទះ​ជន​ល្មើស​ខ្លះ​ផង ហើយ​សមត្ថកិច្ច​កំពុង​បន្ត​យុទ្ធនាការ​ត​ទៅ​ទៀត​មិន​បញ្ឈប់​ឡើយ។ ចំពោះ​ជន​ល្មើស​វិញ​មិន​មាន​ចាប់​បាន​នរណា​ម្នាក់​នៅ​ឡើយ​ទេ។

លោក ចៅ នាង មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «យើង​បន្ត​បង្ក្រាប​រហូត អត់​មាន​ឈប់​ទេ។ បាន ៣.៣៣៥​ដុំ ស្មើ​នឹង ៤១៩​ម៉ែត្រ​គូប។ ប្រហែល​ទេ អត់​ទាន់​ពិត​ប្រាកដ​ទេ ព្រោះ​រដ្ឋបាល​ព្រៃ​ឈើ​មិន​ទាន់​បាន​ប្រមូល​អស់ ទាល់​តែ​ប្រមូល​អស់​បាន​យើង​ដឹង​ជាក់​ស្ដែង»

ស្នងការ​នគរបាល​ខេត្ត​លោក រ៉ាយ រ៉ៃ មាន​ប្រសាសន៍​ថា រយៈពេល ៣​ឆ្នាំ​មក​នេះ ប៉ូលិស​តែងតែ​បង្ក្រាប​បទ​ល្មើស​កាប់​និង​ដឹក​ជញ្ជូន​ឈើ​ជាប់​រហូត ហើយ​ពី​ពេល​នេះ​ទៅ​ក៏​នឹង​មិន​បញ្ឈប់​សកម្មភាព​បង្ក្រាប​នោះ​ទេ។ លោក​ពន្យល់​ថា នៅ​ដំណាក់​កាល​ទី​មួយ​នេះ​កំពុង​ចាប់​ឈើ នៅ​ដំណាក់​កាល​ទី​ពីរ​នឹង​ស្រាវជ្រាវ​រក​ជន​ល្មើស​មក​ផ្ដន្ទា​ទោស។ តែ​ទោះ​ជា​យ៉ាង​ណា​លោក​បដិសេធ​ថា មិន​បាន​ស្គាល់​ថា តើ​ជា​នរណា​ខ្លះ​នោះ​ទេ​ដែល​រក​ស៊ី​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​នេះ។

លោក រ៉ាយ រ៉ៃ មាន​ប្រសាសន៍​ដូច្នេះ ៖ «អ្នក​នៅ​កំពង់ចាម សៀមរាប​អី​គេច​អស់​ដែរ ទម្រាំ​នៅ​ទី​នេះ​គេច​អស់​ដូច​តែ​គ្នា មិន​ដឹង​នរណា​ទេ មិន​ស្គាល់​ផង។ ខ្ញុំ​ចាប់​តែ​រហូត​ហ្នឹង មិន​មែន​ទើប​យុទ្ធនាការ​នេះ​ទេ»

នាយ​រដ្ឋបាល​ព្រៃ​ឈើ​លោក យូ កានវិមាន មាន​ប្រសាសន៍​ថា ជំនាញ​របស់​លោក​កំពុង​បូក​សរុប​អំពី​លទ្ធផល​ដែល​បង្ក្រាប​បាន។ លោក​បាន​បញ្ជាក់​ថា សមត្ថកិច្ច​មាន​ផល​វិបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ។

មន្ត្រី​យោធា​ខេត្ត​បាន​រាយការណ៍​ថា ឧក្រិដ្ឋជន​សំខាន់ៗ​ដែល​រក​ស៊ី​ឈើ​នៅ​ខេត្ត​នេះ​ភាគ​ច្រើន​បាន​គេច​ខ្លួន​ចេញ​ពី​ខេត្ត​រតនគិរី​អស់​ទៅ​ហើយ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បាន​ថ្លែង​ស្វាគមន៍​ចំពោះ​ការ​រឹប​អូស​បាន​ឈើ​ជា​ច្រើន​នោះ។ ទន្ទឹម​គ្នា​ដែរ​លោក​បាន​អំពាវ​នាវ​សូម​ឲ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ជន​ល្មើស​ឲ្យ​បាន​ផង​ដែរ ចៀស​វាង​ការ​វិនាស​ព្រៃ​ឈើ​កើត​ឡើង​ទៀត​នៅ​ពេល​ខាង​មុខ។

លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ដូច្នេះ ៖ «មក​ដល់​ឥឡូវ​នេះ​យើង​ឃើញ​ថា យុទ្ធនាការ​ក្ដៅ ប៉ុន្តែ​ក្ដៅ​ចាប់​តែ​ឈើ​អ៊ីចឹង​មិន​មាន​ប្រសិទ្ធភាព​ទេ ទាល់​តែ​មាន​ការ​ផ្ដន្ទា​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ពាក់ព័ន្ធ​និង​អ្នក​នៅ​ពី​ក្រោយ​ឲ្យ​បាន​ខ្លាំង ហ្នឹង​ទើប​បាន​ថា​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព»

អនាធិបតេយ្យ​ព្រៃឈើ​នៅ​ខេត្ត​រតនគិរី បាន​កើត​មាន​យ៉ាង​ធំធេង​នា​ពេល​កន្លង​មក ហើយ​ឈ្មួញ​ធំៗ​បាន​ដឹក​ជញ្ជូន​ទាំង​ថ្ងៃ​ទាំង​យប់​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​ខ្លះ និង​ភាគ​ច្រើន​ទៅ​កាន់​ប្រទេស​វៀតណាម រាប់​សិប​ឡាន​ក្នុង​មួយ​ថ្ងៃៗ​តាម​ច្រក​អន្តរជាតិ​អូរយ៉ាវដាវ ទី​ដែល​មាន​សមត្ថកិច្ច​ជាច្រើន​ដែល​គួរ​ណាស់​តែ​អាជ្ញាធរ​បាន​ស្គាល់​ច្បាស់​នូវ​ជន​ល្មើស​ទាំង​នោះ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

I want all governors to illustrate about prevent wild and sentence about official staff that sale wood and involve wood

Mar 28, 2010 09:04 PM

គេហទំព័រ​ទាំងមូល