ប្រជាសហគមន៍ការពារព្រៃឈើបានថ្លែងនៅថ្ងៃពុធ ទី២០ ខែមករាថា ការកាប់បំផ្លាញព្រៃឈើទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ បានកើតមានជាហូរហែធ្វើឲ្យព្រៃជាច្រើនពាន់ហិកតារងកាតរេចរឹល ៖ «វាទម្លាក់ទាំងផ្លាកសហគមន៍ ហើយកាប់បំផ្លាញទាំងអស់ បើយើងគិតទៅជាង៦ពាន់ហិកតាដាក់ត្រង់ហ្នឹងកាប់ឆ្នាំនេះលើកទៅខាងនុះទៀត ដល់អ៊ីចឹងកាប់បន្តជិតទៅដល់ជើងភ្នំអស់ហើយ ។ រដ្ឋបាលព្រៃឈើគ្មានទប់ស្កាត់អីទេ ចាប់តែបងប្អូនដឹកអុសងាប់ៗយកលុយតាមផ្លូវហ្នឹង»។
មន្ត្រីរដ្ឋបាលព្រៃឈើមន្ត្រីបរិស្ថានបានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការហិចហោចព្រៃឈើខាងលើនេះទេ។
លោក ឌៀប ឈួន អភិបាលរងស្រុកថ្មពួក បានមានប្រសាសន៍បដិសេធថា លោកពុំបានដឹងពីការកាប់បំផ្លាញព្រៃឈើក្នុងមូលដ្ឋានលោកទេ ៖ «និយាយរួមគឺក្តាប់អត់បាន មិនដឹងក្រុមហ៊ុនណាចុះ ព្រោះថា ព្រៃអស់ហ្នឹងខ្លាចចូលមកពីខាងឧត្តរមានជ័យ»។
ប៉ុន្តែលោក យ៉ត រ៉ាយ អធិការនគរបាលស្រុកថ្មពួក បានមានប្រសាសន៍ទទួលស្គាល់ថា ៖ «ដីមានបញ្ហាខ្លះហ្នឹងឯងជាមួយក្រុមហ៊ុននិងប្រជាពលរដ្ឋនៅក្នុងឃុំពីរបី។ ក្រុមហ៊ុនហ្នឹងក៏មានអ្នកខ្លះលួចលក់ដូរទៅ ព្រោះដីនោះជាដីសម្បទានរបស់រដ្ឋ»។
សមាគមការពារសិទ្ធិមនុស្សអាដហុក ធ្លាប់បានសុំឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ចាត់វិធានការទប់ស្កាត់ការកាប់ទន្ទ្រានយកដីរបស់រដ្ឋ។
លោក ស៊ុម ចន្ទគា ថ្លែងបញ្ជាក់ថា ៖ «គឺយើងបានលើកអំពីភាពទុក្ខកង្វល់របស់ប្រជាពលរដ្នជាច្រើនដង ជូនខាងខេត្តដើម្បីឲ្យធ្វើការពិចារណានិងពិនិត្យ ប៉ុន្តែចំណាច់ការទៅលើកន្លែងច្រកម្ដុំនៅចំណុចថ្មពួកហ្នឹង គឺពុំទាន់មានវិធានការណាមួយដើម្បីទប់ស្កាត់និងដាក់ទោសទណ្ឌទៅដល់ជនដែលប្រព្រឹត្តនោះទេ ហាក់បីដូចជាបណ្តែតបណ្តោយ ញាក់ចិញ្ចើមដាក់គ្នាឲ្យធ្វើរហូត ព្រោះរហូតធ្វើឲ្យបាត់បង់ព្រៃនោះគឺក្លាយទៅជាវាលរហោស្ថានហើយ»។
លោក អុង អឿន អភិបាលខេត្តបន្ទាយមានជ័យ មិនអាចទាក់ទងសុំការបញ្ជាក់បានទេជុំវិញការកាប់បំផ្លាញព្រៃយកដីនេះ។
អនុសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានចាក់ផ្សាយតាមកញ្ចាក់ទូរទស្សន៍ស្ទើររាល់ថ្ងៃនោះ បានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។
សហគមន៍ការពារព្រៃឈើធ្លាប់បានចោទប្រកាន់ថា យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន៦ កំពុងធ្វើសកម្មភាពកាប់ព្រៃទន្រ្ទានយកដីធ្វើការការអភិវឌ្ឍន៍ ដែលប៉ះពាល់លើដីព្រៃសហគមន៍ និងព្រៃតំបន់ការពារទេសភាពបន្ទាយឆ្មារ នៅស្រុកថ្មពួក ខេត្របន្ទាយមានជ័យ ដែលប្រជាសហគមន៍ពឹងអាស្រ័យលើអនុផលព្រៃឈើសម្រាប់ផ្គត់ផ្គងជីវភាពប្រចាំថ្ងៃ៕