ជំនួញ​ឈើ​ប្រណីត​ខុស​ច្បាប់​កើត​ឡើង​វិញ​នៅ​រតនគិរី

ជំនួញ​ឈើ​ប្រណីត​ខុស​ច្បាប់​បាន​ចាប់​ដំណើរការ​ឡើង​វិញ​ដោយ​លួច​លាក់​នៅ​ខេត្ត​រតនគិរី។ ក្រុម​ឈ្មួញ​បាន​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​វៀតណាម តាម​រូបភាព​២ គឺ​រូបភាព​ដឹក​តាម​កាណូត​តូចៗ និង​ការ​ដឹក​តាម​រថយន្ត​តូចៗ​ផង​ជា​រៀង​រាល់​ពេល​យប់។
ដោយ គង់ យុទ្ធនា
2010-08-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៨ ធ្នូ ២០០៨: ព្រៃ​ឈើ​ដែល​ត្រូវ​គេ​អារ​រំលំ​នៅ​ក្នុង​ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី។
២៨ ធ្នូ ២០០៨: ព្រៃ​ឈើ​ដែល​ត្រូវ​គេ​អារ​រំលំ​នៅ​ក្នុង​ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី។
RFA Photo/Ratha Visal

អ្នក​ភូមិ​រស់​នៅ​ជិត​តំបន់​ព្រំដែន​ក្នុង​ស្រុក​អូរយ៉ាដាវ ដែល​បាន​តាម​ដាន​ជាប់​ជា​ប្រចាំ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​ថា យ៉ាង​តិច​មាន​ការ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​តូចៗ​ពី ៨ ទៅ ១០​ឡាន និង​ពី​២ ទៅ ៥​កាណូត​ជា​រៀង​រាល់​យប់ ចេញ​តាម​ច្រក​របៀង​ក្បែរ​ព្រំដែន​ខ្លះ និង​ភាគ​ច្រើន​ចេញ​តាម​ច្រក​អន្តរជាតិ​តែម្ដង។

ឈើ​ដែល​គេ​កំពុង​នាំ​ចេញ​តាម​កាណូត មាន​ប្រភព​ពី​តំបន់​ឧទ្យានជាតិ​វរជ័យ​ខ្លះ ពី​ស្រុក​វ៉ឺនសៃ​ខ្លះ ហើយ​ក្នុង​កាណូត​តូចៗ​មួយ​គ្រឿង គេ​បាន​ផ្ទុក​ឈើ​ចំណុះ ២​ម៉ែត្រ​គូប​យ៉ាង​តិច។ ឯ​ការ​ដឹក​ដោយ​រថយន្ត​តូចៗ​វិញ​នោះ គឺ​មាន​ប្រភព​ចេញ​ពី​ស្រុក​លំផាត់ និង​ស្រុក​កូនមុំ ឆ្ពោះ​ទៅ​កាន់​ព្រំដែន​វៀតណាម ដោយ​ឆ្លង​កាត់​ក្រុង​បានលុង​តែម្ដង។

អភិបាល​រង​ខេត្ត​រតនគិរី លោក សូ នាក់ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​បាន​ដឹង​ថា មាន​សកម្មភាព​ល្មើស​ដឹក​ជញ្ជូន​ឈើ​ទៅ​កាន់​ព្រំដែន​តាម​រថយន្ត​តូចៗ និង​ដឹក​តាម​ទូក​ចេញ​ទៅ​ព្រំដែន​វៀតណាម តាម​ច្រក​របៀង​ដូច្នេះ​មែន ប៉ុន្តែ​ករណី​ទាំង​នេះ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​តូចតាច​លួច​លាក់។ តែ​យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​ខេត្ត​កំពុង​ចាត់​វិធានការ​បន្ថែម​ទៀត​ហើយ ដើម្បី​បង្ក្រាប​ឲ្យ​ទាល់តែ​បាន​ជោគជ័យ ព្រោះ​វា​មិន​មែន​ជា​ការ​លំបាក​ពេក​នោះ​ទេ។

តម្លៃ​ឈើ​នៅ​ខេត្ត​រតនគិរី​បច្ចុប្បន្ន​នេះ ឈើ​ប្រភេទ​នាងនួន គេ​បាន​ប្រមូល​ទិញ​ក្នុង​តម្លៃ ៧០០​ដុល្លារ​ក្នុង​១​ម៉ែត្រ​គូប និង​លក់​ឲ្យ​ឈ្មួញ​វៀតណាម តម្លៃ ១.៣០០​ដុល្លារ​ក្នុង​១​ម៉ែត្រ​គូប។ ឯ​ឈើ​គ្រញូង​ដ៏​កម្រ​វិញ គេ​ប្រមូល​ទិញ​ក្នុង​តម្លៃ ៣.៧០០​ដុល្លារ​ក្នុង​១​ម៉ែត្រ​គូប និង​លក់​ឲ្យ​ឈ្មួញ​វៀតណាម តម្លៃ ៥.៨០០​ដុល្លារ​ក្នុង​១​ម៉ែត្រ​គូប។

មន្ត្រី​សង្គម​ស៊ីវិល​នានា​កំពុង​ព្រួយ​បារម្ភ​ថា សកម្មភាព​ជំនួញ​ខុស​ច្បាប់​ដែល​កំពុង​កម្រើក​ឡើង​វិញ​នេះ មិន​ត្រឹមតែ​បណ្ដាល​ឲ្យ​ព្រៃ​ឈើ​ហិនហោច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​ការ​មិន​អាច​បង្ក្រាប​ករណី​នេះ​បាន​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ គឺ​ជា​ការ​មិន​គោរព និង​គឺ​ជា​ការ​ធ្វើតេស្ត​ដ៏​ខុស​ឆ្គង​មួយ​ឆ្លើយ​តប​ទៅ​នឹង​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ដែល​បាន​ទាមទារ​ឲ្យ​បង្ក្រាប​បទល្មើស និង​ការពារ​ព្រៃ​ឈើ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល