កុង​ត្រូល​ជជុះ​នៅ​តាម​ដង​ផ្លូវ​ពី​ខេត្ត​តាកែវ និង​កំពត មក​កាន់​ភ្នំពេញ

អ្នក​បើក​បរ​រថ​យន្ត​ឈ្នួល បាន​ត្អូញត្អែរ​ថា នៅ​មាន​កុង​ត្រូល​ជជុះ​ចាំ​យក​លុយ​ក្រោម​រូប​ភាព​ត្រួត​ពិនិត្យ​ក្រុម​អ្នក​ បើក​ម៉ូតូ​មិន​ពាក់​មួយ ឬ​មិន​ដាក់​កញ្ចក់​ឆ្លុះ​មើល​ក្រោយ​នោះ។
ដោយ មុំ សុផុន
2010-04-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​ប្រកប​របរ​បើក​បរ​រថ​យន្ត​ឈ្នួល​ពី​ខេត្ត​តាកែវ និង​ខេត្ត​កំពត មក​កាន់​ទីក្រុង​ភ្នំពេញ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ថា នៅ​តាម​ផ្លូវ​ជាតិ​លេខ​២ និង​ផ្លូវ​ជាតិ​លេខ​៣ នៅ​តែ​មាន​កុង​ត្រូល​ជជុះ​ចាំ​យក​លុយ​ពី​ក្រុម​អ្នក​បើក​តាក់​ស៊ី និង​ប្រជា​ពលរដ្ឋ​ទូទៅ ដែល​ដឹក​ទំនិញ​ឆ្លង​កាត់​ផ្លូវ​ទាំង​នោះ​ដដែល បើ​ទោះបី​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បាន​ហាម​ប្រាម និង​ទាម​ទារ​ឲ្យ​លុប​បំបាត់​ចោល​ក៏​ដោយ។

លោក ផៃ មុន្នី អាយុ ៣៩​ឆ្នាំ ជា​អ្នក​បើក​បរ​រថ​យន្ត ពី​ខេត្ត​កំពត មក​កាន់​ភ្នំពេញ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ការ​ដឹក​អ្នក​ដំណើរ​ពី​កំពត មក​ភ្នំពេញ មាន​កុង​ត្រូល​ជជុះ​ចំនួន ៤​កន្លែង ដែល​នៅ​ស្ទាក់​ចាំ​យក​លុយ បើ​ទោះ​បី​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​បញ្ជា​ឲ្យ​ដក​ចេញ​នោះ។

លោក ផៃ មុន្នី មាន​ប្រសាសន៍​បន្ថែម​ថា ៖ «វា​ដាក់​ចាប់​មួក ក៏​ប៉ុន្តែ​ដល់​ឃើញ​ឡាន​យើង​ធ្វើ​ចរាចរណ៍ វា​ចេះ​តែ​ចាប់​ទាំង​ឡាយ​ទាំង​អី​អ៊ីចឹង។ យក​ល្អ​យើង​គួរ​តែ​ដក​ដែរ​បញ្ហា​ហ្នឹង។ ធម្មតា​រក​ស៊ី យើង​មាន​ប័ណ្ណ​បើក​បរ ប័ណ្ណ​អាជីវកម្ម មាន​បង់​ព័ន្ធ​ផ្លូវ បង់​ពន្ធ​ឆ្នាំ​មួយ​កំផ្លេ ឲ្យ​វា វា​នៅ​តែ​ទារ​លុយ»

លោក ស៊ឹម វុធ អាយុ ៣០​ឆ្នាំ អ្នក​បើក​រថយន្ត​តាក់ស៊ី ពី​ខេត្ត​តាកែវ មក​ភ្នំពេញ បាន​ថ្លែង​ដែរ​ថា ពី​ខេត្ត​តាកែវ មក​ភ្នំពេញ​នោះ ក៏​មាន​កុងត្រូល​ជជុះ​នេះ ៤​កន្លែង​ដែរ ហើយ​សម្រាប់​រថ​យន្ត​ឈ្នួល​ធុន​តូច​យក ១​ពាន់​រៀល ចំណែក​ឯ​រថ​យន្ត​ដែល​មាន​ចំណុះ​ដឹក ១២​នាក់​នោះ យក​ចំនួន ៣​ពាន់​រៀល។

លោក​បន្ត​ថា ៖ «ចេញ​ផុត​ខេត្ត​តាកែវ​បន្តិច ១​កន្លែង ដល់​ស្រុក​បាទី ១​កន្លែង​ទៀត ហើយ​ដល់​ខេត្ត​កណ្ដាល ១​កន្លែង។ ពេល​មក​ដល់​ជិត​ស្ពាន​ដែក ១​កន្លែង​ទៀត»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ក្នុង​ពេល​ដែល​លោក​ជួប​ប្រជុំ​រវាង​មន្ត្រី​រដ្ឋាភិបាល ជា​មួយ​អ្នក​រក​ស៊ី​វិស័យ​ឯក​ជន​នៅ​កម្ពុជា​ថា ការ​ដឹក​កសិផល​របស់​ប្រជា​ពលរដ្ឋ គឺ​ដឹក​ដោយ​សេរី ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ​ទេ។

លោក ហ៊ុន សែន មាន​ប្រសាសន៍ ៖ «កុង​ត្រូល​ជជុះ​វា​ច្រើន​ពេក ហើយ​សមត្ថកិច្ច​ដែល​គ្មាន​ការ​ពាក់​ព័ន្ធ ចូល​រួម​ស្អី​ដែរ។ ស្ថាប័ន​នីមួយ​ៗ មាន​ជា​ទាហាន​ក្ដី មាន​ជា​អាវុធហត្ថ​ក្ដី មាន​ជា​នគរបាល​ក្ដី មាន​ជា​ពេទ្យ​សត្វ​ក្ដី មាន​ជា​ផ្នែក​នានា ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ទៅ​ពិនិត្យ ក៏​សូម​ពិនិត្យ​កូន​ចៅ​របស់​ខ្លួន​ដែរ ពី​ព្រោះ​អា​កុងត្រូល​មិន​មែន​ចេញ​មក​តែ​ពី​ទាហាន ចេញ​មក​ពី​ប៉ូលិស ចេញ​មក​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ទេ សូម​បី​មន្ត្រី​បរិស្ថាន ក៏​ចេះ​ធ្វើ​កុង​ត្រូល​ដែរ។ អនាធិបតេយ្យ​ហ្នឹង​ហើយ​ទើប​ត្រូវ​និយាយ។ អ៊ីចឹង​ទើប​គ្រប់​ស្ថាប័ន​ទាំង​អស់ ត្រូវ​មើល​កូន​ចៅ​របស់​ខ្លួន មិន​ត្រូវ​ឲ្យ​មាន​ការ​រំខាន​ណា​មួយ​ចំពោះ​ប្រជា​ពលរដ្ឋ​ទេ»

តំណាង​រាស្ត្រ​បក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី បាន​បរាជ័យ​ច្រើន​ដង​ហើយ ករណី​នេះ​លុះ​ត្រា​តែ​ប្រើ​វិធានការ​រដ្ឋបាល មិន​មែន​ជា​ការ​អង្វរ​នោះ​ទេ។

លោក សុន ឆ័យ បន្ត​ថា ៖ «វា​ត្រូវ​មាន​វិន័យ​រដ្ឋបាល យោង​ទៅ​លើ​ច្បាប់​ជា​ធរមាន​លើ​ការងារ​របស់​រដ្ឋ មិន​មែន​អង្វរ ឬ​បញ្ជា​ម្ដង​ម្កាល​ទេ...។ ការណ៍​ដែល​នគរបាល​បង្កើត​ជា​ក្រុម ដាក់​កុង​ត្រូល​ដើម្បី​យក​លុយ​នោះ គេ​មាន​មេ​កើយ​គេ គេ​តែង​តាំង​ដើម្បី​រក​ចំណូល​ជូន​ចៅហ្វាយ​នាយ។ ការ​ដាក់​កុង​ត្រូវ​នោះ យើង​ឃើញ​ហើយ មាន​ដាក់​ខែ​ក៏​មាន មាន​ឲ្យ​ឈប់​ហើយ​ឲ្យ​លុយ​ដោយ​ផ្ទល់​ក៏​មាន ហើយ​មាន​ករណី​ជា​ច្រើន​មាន​កំហុស​ក្នុង​ការ​ដឹក​ជញ្ជូន​មែន...»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​កុំ​ឲ្យ​មាន​កុង​ត្រូល​ជជុះ​នេះ​ម្ដង​ហើយ កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ប៉ុន្តែ​ការ​បញ្ជា​នោះ មាន​ប្រសិទ្ធភាព​មួយ​ភ្លែត​ៗ​តែ​ប៉ុណ្ណោះ ដោយសារ​តែ​ក្រុម​សមត្ថកិច្ច​ដែល​ឆ្លៀត​ឱកាស​ទាំង​នោះ នៅ​តែ​បន្ត​យក​លុយ​ដដែល ដោយសារ​ប្រាក់​ខែ​ពួក​គេ​ទាប មិន​អាច​មាន​ប្រាក់​គ្រប់​គ្រាន់ សម្រាប់​ចំណាយ​ផ្សេងៗ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល