សកម្មភាព​នេសាទ​និង​កាប់​ឈើ​ខុស​ច្បាប់​កម្រើក​ឡើង​វិញ​នៅ​ស្ទឹងត្រែង

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង បាន​ងាក​ទៅ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ខ្លះ​ៗ​វិញ​ទៀត​ហើយ ដូច​ជា​ធ្វើ​ការ​នេសាទ​នៅ​ក្នុង​រដូវ​បិទ​នេសាទ និង​កាប់​ឈើ​នាំ​ចេញ​ទៅ​លាវ​ជាដើម។
ដោយ គង់ យុទ្ធនា
2010-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ព្រំដែន​កម្ពុជា​-​លាវ ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១០
ទិដ្ឋភាព​ព្រំដែន​កម្ពុជា​-​លាវ ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១០
RFA/Sek Bandith

ប្រធាន​សហគមន៍​ប្រជា​នេសាទ​ភូមិ​អូររុន ឃុំ​អូរស្វាយ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង លោក គង់ ចន្ធី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ថា សកម្មភាព​ល្មើស​ច្បាប់​នានា រួម​មាន​ការ​ធ្វើ​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ និង​សកម្មភាព​កាប់​ឈើ​នាំ​ចេញ​ទៅ​ប្រទេស​លាវ កំពុង​កើត​មាន​ឡើង​វិញ​យ៉ាង​សកម្ម​រៀងរាល់​ថ្ងៃ នៅ​ក្នុង​ឃុំ​អូរស្វាយ និង​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ដែល​ជា​តំបន់​ក្បែរ​ព្រំដែន​ខ្មែរ​លាវ។

លោក គង់ ចន្ធី មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​ប្រឈម​មុខ​នឹង​កង្វះ​ខាត​ស្បៀង​អាហារ និង​ការ​ធ្វើ​កសិកម្ម​ត្រូវ​ទទួល​ការ​បំផ្លាញ​ដោយ​ភាព​រាំង​ស្ងួត។ ដូច្នេះ​ហើយ​ពួក​គាត់​មួយ​ចំនួន​អះអាង​ថា បញ្ហា​ក្រពះ​ធំ​ជាង​បទ​បញ្ញត្តិ​ច្បាប់។

លោក គង់ ចន្ធី បាន​បញ្ជាក់​ថា ៖ «គាត់​ថា ចង់​ឧក្រិដ្ឋ​ក៏​ដោយ មិន​ឧក្រិដ្ឋ​ក៏​ដោយ បើ​គាត់​មិន​ធ្វើ ក៏​ក្រុមហ៊ុន​ធ្វើ​អស់​ដែរ ហើយ​បើ​គាត់​ធ្វើ គាត់​រាំង​ស្ងួត​អ៊ីចឹង ឲ្យ​គាត់​នៅ​ដេក​ស៊ី​យ៉ាង​ម៉េច? បើ​គាត់​អត់​មាន​អង្ករ​ច្រក​ឆ្នាំង​ផង! ចាំ​ថ្ងៃ​ណា ថ្ងៃ​ហ្នឹង​តែម្ដង គាត់​និយាយ​អ៊ីចឹង! ជាទូទៅ​យើង​ឃើញ​នៅ​ម្តុំ​កំភោក ហើយ​ស្រុក​សៀមប៉ាង អ្នក​ធ្វើ​ឈើ​ក៏​វា​ច្រើន​ដែរ ហើយ​ជា​ពិសេស​ដូច​នៅ​ព្រះ​រំកិល​អី វា​ឥត​សូវ​លេច​ឮ​ទេ ក៏​ប៉ុន្តែ​ទៅ​មើល​ឈើ រាប់​សិប​ម៉ែត្រ​គូប ហើយ​គេ​ដឹក​តែ​ពេល​យប់។ មាន​ឈ្មួញ​គេ​ចាំ​ទិញ ឈ្មួញ​នោះ​គេ​ត្រូវរ៉ូវ​អី​ជាមួយ​ប៉ុស្តិ៍​អ៊ីចឹង។ ដឹក​រាល់​ថ្ងៃ!»

មេ​ឃុំ​អូរស្វាយ លោក ម៉ាន់ លីហ៊រ បញ្ជាក់​ថា លោក​មាន​សេចក្ដី​កង្វល់​ខ្លាំង​ណាស់ ដោយសារ​នៅ​ចំពោះ​មុខ​សកម្មភាព​ល្មើស​នេសាទ និង​ការ​កាប់​ឈើ ពិត​ជា​កំពុង​កើត​មាន​ឡើង​វិញ ខណៈ​ដែល​ដំណាំ​របស់​អ្នក​ភូមិ​ត្រូវ​បាន​បំផ្លាញ​អស់​ដោយ​ភាព​រាំង​ស្ងួត។

លោក ម៉ាន់ លីហ៊រ បាន​ថ្លែង​ថា ដើម្បី​ទប់ទល់​នឹង​សកម្មភាព​ល្មើស​ទាំង​នោះ ក្រុមប្រឹក្សា​ឃុំ​របស់​លោក​បាន​ធ្វើការ​បង្ក្រាប​បទល្មើស​ផង ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ដល់​ពលរដ្ឋ ដើម្បី​ឲ្យ​បញ្ឈប់​ការ​បំផ្លិច​បំផ្លាញ​ត​ទៅ​ទៀត។ ជាមួយ​គ្នា​នេះ ក្រុមប្រឹក្សា​ឃុំ​បាន​ដាក់​សំណើ​ទៅ​មន្ទីរ​កសិកម្ម​ស្នើសុំ​ពូជ​ស្រូវ​សម្រាប់​ចែក​ជូន​ប្រជាជន ដើម្បី​ដាំ​ដុះ​ឡើង​វិញ ព្រម​ទាំង​បាន​ពន្យល់​ឲ្យ​ប្រជា​ពលរដ្ឋ​ទាញ​យក​ប្រយោជន៍​ពី​ការ​ស៊ី​ឈ្នួល​ដាំ​កៅស៊ូ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សិន ទម្រាំ​មាន​ទឹក​ភ្លៀង​គ្រប់គ្រាន់​សឹម​ងាក​មក​ធ្វើ​កសិកម្ម​បន្ត​វិញ។

លោក ម៉ាន់ លីហ៊រ បាន​ថ្លែង​ថា ៖ «ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ព្រោះ​ករណី​ហ្នឹង​វា​ផ្ទុយ​នឹង​ច្បាប់​ទី​១ ហើយ​ទី​២ ដោយសារ​មូលហេតុ​គាត់​គ្មាន​ហូប គាត់​ត្រូវ​ចាប់​បង្ខំ ប៉ុន្តែ​ជា​គោលដៅ​របស់​ខ្ញុំ ខ្ញុំ​ចង់​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​គាត់​បង្វែរ​ទិស ព្រោះ​វា​ផ្ទុយ​នឹង​ច្បាប់ វា​ប្រឆាំង​នឹង​រដ្ឋ ហើយ​វា​បំផ្លាញ​មច្ឆា​ជាតិ ហើយ​បំផ្លាញ​ព្រៃ​ឈើ​របស់​យើង​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ»

មេ​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ លោក សួស វណ្ឌី ទទួល​ស្គាល់​ថា មាន​សកម្មភាព​ល្មើស​ដូច​គ្នា​កើត​ឡើង​មែន បន្ទាប់​ពី​ដី​ស្រែ​ជាង ២០០០​ហិកតារ​មិន​អាច​ដាំ​ដុះ​បាន​ទាល់​តែ​សោះ​នោះ។ លោក​មាន​សេចក្ដី​ព្រួយ​បារម្ភ​ណាស់ ហើយ​បាន​លើក​គម្រោង​ស្នើ​សុំ​ទៅ​ខេត្ត ដើម្បី​ស្ដារ​ប្រព័ន្ធ​ស្រោចស្រព​ចាស់​របស់​ខ្មែរ​ក្រហម ជួយ​ដល់​កសិករ​ផង និង​ជា​ផ្នែក​បន្ថយ​សកម្មភាព​ល្មើស​ច្បាប់​ដែល​កំពុង​កើត​មាន​នេះ​ផង។ ប៉ុន្តែ​យ៉ាង​នេះ​ក្តី មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​នេះ​នៅ​ឡើយ​ទេ។

លោក សួស វណ្ឌី បាន​អះអាង​ថា ៖ «ការ​អត់​ឃ្លាន​វា​តែងតែ​ស្រវាស្រទេញ ប៉ុន្តែ​ឥឡូវ​នេះ​ច្បាប់​ក៏​បាន​បន្តឹង​បន្ថែម​ទៀត​ហើយ មិន​ឲ្យ​គាត់​ប្រើប្រាស់​នូវ​អី្វ​ដែល​ខុស​ច្បាប់»

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង លោក ទូច ធា បញ្ជាក់​ថា មាន​ការ​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ល្មើស​ជា​ច្រើន ក្នុង​នោះ​មាន​ទាំង​ម៉ាស៊ីន​ឆក់​ត្រី​ជា​ច្រើន​គ្រឿង និង​សាច់​មង​ប្រវែង​ប្រមាណ ២០​គីឡូម៉ែត្រ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា​កន្លង​មក បន្ទាប់​ពី​ចាប់​បាន​ពី​ការ​ធ្វើ​នេសាទ​ល្មើស។

លោក ទូច ធា បាន​មាន​ប្រសាសន៍​ថា ៖ «អាជ្ញាធរ​ដែន​ដី​លោក​យក​ចិត្ត​ទុក​ដាក់​ណាស់! ការ​ទប់​ស្កាត់​ទាំង​បទល្មើស​ព្រៃ​ឈើ បទល្មើស​ជលផល។ ប៉ុន្មាន​ថ្ងៃ​នេះ​មាន​ការ​ចែក​នូវ​បន្លែ​ពូជ​អី​អស់​ហ្នឹង ដើម្បី​ឲ្យ​គាត់​ដាំ​បន្ថែម​ទៀត​ណា៎! កុំ​ឲ្យ​គាត់​ពឹង​ផ្អែក​តែ​ស្រែ​មួយ​មុខ»

លោក ទូច ធា បញ្ជាក់​បន្ត​ថា ការ​នេសាទ​ល្មើស និង​បទល្មើស​ព្រៃ​ឈើ​បាន​កើត​មាន​ជា​យូរ​មក​ហើយ មិន​មែន​ទើប​នឹង​កើត ហើយ​បណ្ដាល​មក​ពី​ភាព​រាំង​ស្ងួត​នោះ​ទេ។ ម្យ៉ាង​ទៀត​ថ្វីត្បិតតែ​មាន​បញ្ហា​បម្រែបម្រួល​អាកាស​ធាតុ​នៅ​ទូទាំង​ពិភពលោក​ក្តី ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា កសិករ​មិន​អាច​ធ្វើ​ស្រែ និង​ចម្ការ​បាន​នោះ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល