បទល្មើសនេសាទនៅកំពង់ចាម
2010.08.26
ប្រជាពលរដ្ឋនៅភូមិរោទ៍ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានលើកឡើងថា មានឈ្មួញលោភលន់ចង់បានប្រាក់ ដោយមិនខ្លាចប្រព្រឹត្តអំពើល្មើសច្បាប់ក្នុងការបំផ្លាញមច្ឆាជាតិឡើយ លោក សំអាង និងអ្នកស្រុកមួយចំនួនទៀត ក្នុងភូមិនេះបានឲ្យដឹងថា ក្រៅពីរបរស្រែ ដែលប្រកបមិនសូវបានផលក្នុងឆ្នាំនេះ ពួកគេតែងខំប្រឹងរករបរនេសាទរួមផ្សំដើម្បីបំពេញបន្ថែម ប៉ុន្តែពួកលោកបានត្អូញត្អែរថា ការខំរកដោយប្រើឧបករណ៍គ្រួសារដើម្បីនេសាទ គឺមិនបានត្រីដោយសារមានឈ្មួញប្រើឧបករណ៍ខុសច្បាប់រាំងមុខព្រែកមិនឲ្យត្រីឡើងចុះបាន។
ប្រជាពលរដ្ឋនៅទីនោះបញ្ជាក់ថា ឆ្នាំនេះទិន្នផលស្រូវហាក់ដូចជាពុំសូវមានសង្ឃឹម ដោយមកទល់ពេលនេះហើយទើបបានស្ទូងបន្តិចបន្តួច ម៉្លោះហើយមានតែរបរនេសាទជាលក្ខណៈគ្រួសារនេះទេ ដែលអាចការពារភាពដោះទាល់ កុំឲ្យជួបការអត់ឃ្លានបាន ដែលលោក ឃុន សំខាន់ អះអាងថាឆ្នាំនេះជួបការលំបាកខ្លាំង។
លោក ម៉ាត់ ម៉េត មេឃុំត្រប់ ស្រុកបាធាយ បានផ្ដល់សម្ភាសន៍នៅព្រឹកថ្ងៃទី២៦ សីហាថាបទល្មើសនេសាទទ្រង់ទ្រាយធំបែបនេះ ទើបតែកើតមាននៅឆ្នាំនេះ ដើម្បីបម្រើសំណូមពរប្រជាពលរដ្ឋ លោកកំពុងរៀបចំសហការជាមួយមន្ត្រីជលផលភ្លាម ដើម្បីចុះបង្ក្រាបបទល្មើស នៅថ្ងៃនេះតែម្ដង។ ដែលវិធីបង្ក្រាបនោះលោក យឹម ប៊ុនណារេត នាយរងខណ្ឌរដ្ឋបាលជលផលខេត្តបានលើកឡើងថា គឺនាំកម្លាំងទៅកម្ទេចតែម្ដង។
លោក យឹម ប៊ុនណារេត មន្ត្រីជលផលបានអះអាងថា លោកនឹងតាមបង្ក្រាបបទល្មើសនេះទៅក្នុងដែនខេត្តកំពង់ឆ្នាំងបន្តទៀត បើទោះជាមិនការសហការពីអាជ្ញាធរនៅខេត្តនោះក៏ដោយ លោកក៏បានបន្ថែមថា នេះជាលើកដំបូងហើយក្នុងការបង្ក្រាបបទល្មើសនៅរដូវបិទនេសាទឆ្នាំនេះ ដោយទើបមានទឹកបាចហាចតាមវាលទំនាប៕