អ្នកភូមិ​និយាយ​ថា មាន​បទ​ល្មើស​ឆក់​ត្រី​នៅ​ស្រុក​កៀនស្វាយ

អាជ្ញាធរ​ប៉ូលិស​ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​បទ​ល្មើស​នេសាទ​ឆក់​ត្រី​ខុស​ច្បាប់​ដូច្នេះ​មែន ប៉ុន្តែ​ពុំ​ទាន់​មាន​កិច្ច​សហការ​ជា​មួយ​សមត្ថកិច្ច​ជលផល ក្នុង​ការ​ចុះ​បង្ក្រាប​នៅ​ឡើយ។
ដោយ សេក បណ្ឌិត
2010-04-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​រិះគន់​ថា សមត្ថកិច្ច​ប៉ូលិស ឃុំ​ថា ជា​អ្នក​បើក​ឱកាស​ឲ្យ​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ ដោយ​យក​លុយ និង​ត្រី​ពី​អ្នក​នេសាទ ព្រម​ទាំង​អ្នក​ទៅ​ទិញ​ត្រី​នៅ​ទី​នោះ​ផង។

ប្រជា​ពលរដ្ឋ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ខ្លាច​មាន​ការ​គំរាម​កំហែង​ពី​មន្ត្រី​ប៉ូលិស បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា មួយ​ថ្ងៃ​ៗ នៅ​តាម​បឹង​មួយ ឈ្មោះ​បឹង​កណ្ដាល តំបន់​ទំនប់​ចុង​ខ្សាច់ ចម្ងាយ​ពី​ភូមិ​ខ្សុំ​ប្រហែល ៩​គីឡូម៉ែត្រ មាន​អ្នក​រក​ស៊ី ឆក់​ត្រី​ដោយ​ប្រើ​អាគុយ ភ្ជាប់​ជា​មួយ​ឧបករណ៍​ឆក់ មួយ​ថ្ងៃ​ៗ មាន​ពី​១០ ទៅ​៣០​នាក់។

គាត់​មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ឥឡូវ​នេះ វា​មាន​ជា​លក្ខណៈ​សំណាញ់​អួន មាន​ខ្លះ​ដែល​គ្នា​អត់​មាន​ឧបករណ៍​ប្រើ​ប្រាស់​ជា​ប្រដាប់​ឆក់​មាន​តិច​ណាស់ ១០​មាន​តែ​២​ទេ បើ​សិន​ជា​អា​ឆក់​វា​មាន​ដល់​ទៅ ៨ អ៊ីចឹង​ហើយ​បញ្ហា​នេះ​វា​មាន​ផល​ប៉ះ​ពាល់​ណាស់...»

អ្នក​ភូមិ​ម្នាក់​ទៀត បាន​ឲ្យ​ដឹង​ដែរ​ថា សមត្ថកិច្ច​ប៉ូលិស​បាន​ដឹង​រឿង​នេះ​យ៉ាង​ច្បាស់ ប៉ុន្តែ​ពួក​គេ​មិន​បាន​ធ្វើ​ការ​បង្ក្រាប​ទេ ហើយ​បើ​ពេល​ណា​គេ​ចង់​បង្ក្រាប គឺ​គេ​បង្ក្រាប​តែ​អ្នក​ណា​មិន​បង់​លុយ​ឲ្យ​ពួក​គេ​ជា​ប្រចាំ​ប៉ុណ្ណោះ។

គាត់​មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ប៉ូលិស PM ឃុបឃិត​ជា​មួយ​អ្នក​ឆក់​ត្រី ដើម្បី​យក​ត្រី​យក​លុយ​ជា​ប្រចាំ​ថ្ងៃ ឲ្យ​តែ​ដល់​ថ្ងៃ​រសៀល​ឡើង​ទៅ យក​មួយ​ពីរ​ៗ ដល់​ពេល​គេ​មិន​ឲ្យ ចាប់​គ្នា អា​នេះ​ចូល​ជា​លក្ខណៈ​ពុក​រលួយ​ហើយ»

មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​បន្ទាយ​ដែក លោក យ៉ង់ សំអូន បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​បទ​ល្មើស​ឆក់​ត្រី​ខុស​ច្បាប់ កើត​មាន​នៅ​តំបន់​នោះ​មែន ប៉ុន្តែ​លោក​បដិសេធ​ថា ពុំ​មាន​ការ​យក​លុយ​កាក់ ពី​ប្រជា​ពលរដ្ឋ​ជា​ការ​បិទ​ភ្នែក ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​បទ​ល្មើស​នេសាទ​នោះ​ឡើយ។

លោក យ៉ង់ សំអូន មាន​ប្រសាសន៍​បន្ថែម ៖ «មាន​បទ​ល្មើស​នេសាទ​ពិត​មែន ប៉ុន្តែ​វា​ជា​ជំនាញ​របស់​គេ ជំនាញ​ខាង​ជលផល តែ​គាត់​អត់​បាន​ចុះ​វា​មិន​មែន​ជា​ជំនាញ​របស់​ខ្ញុំ​ទេ ទាល់​តែ​ចុះ​ទៅ​ទើប​ខ្ញុំ​ចុះ​ទៅ​បាន​ដែរ»

មន្ត្រី​ជលផល​ប្រចាំ​ស្រុក​កៀនស្វាយ មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​បទ​ល្មើស​នេសាទ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ មេសា​នេះ។

ប្រជា​ពលរដ្ឋ បាន​ឲ្យ​ដឹង​ថា បទល្មើស​នេសាទ​បែប​នេះ បាន​កើត​មាន​ជា​ច្រើន​ឆ្នាំ​មក ទោះជា​នៅ​រដូវ​ប្រាំង ឬ​វស្សា​ក៏​ដោយ។ ពួក​គាត់​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ពាក់​ព័ន្ធ​មាន​វិធានការ​បង្ក្រាប​បទ​ល្មើស​នេសាទ​នេះ​ឲ្យ​បាន​ឆាប់ មុន​ពេល​រដូវ​ត្រី​ពង​កូន នា​ពេល​ឆាប់ៗ ខាង​មុខ​នេះ ពីព្រោះ​ការ​ឆក់​នេះ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង ដល់​ការ​ពង​កូន​របស់​ត្រី និង​ធ្វើ​ឲ្យ​ផុត​ពូជ​ត្រី​យ៉ាង​ឆាប់​រហ័ស៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល