ពលរដ្ឋ​ចោទ​អាជ្ញាធរ​​ក្រចេះ​ថា​ដោះលែង​ជន​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ

សហគមន៍​នេសាទ​ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​បាន​ចោទ​ប្រកាន់​ថា មន្ត្រី​ជំនាញ​ជលផល និង​រដ្ឋ​អំណាច​មូលដ្ឋាន​បាន​ឃុបឃិត​គ្នា​ដោះ​លែង​ជន​ល្មើស​នេសាទ។
ដោយ ឱ ភារិទ្ធ
2010.11.29
គេហទំព័រ​ខេត្ត​ក្រចេះ៣០៥ គេហទំព័រ​ខេត្ត​ក្រចេះ
www.kratie.gov.kh

លោក កិះ អ៊ីម ប្រធាន​សហគមន៍​នេសាទ​នៅ​ភូមិ​ថ្ម​រាប ឃុំ​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ បាន​ផ្ដល់​សម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា​ថា ឧបករណ៍​ដាក់​កាវ និង​ស្បៃ​មុង​រួម​ទាំង​ជន​ល្មើស​ត្រូវ​ចាប់​បាន កាល​ពី​ថ្ងៃ​ទី១៨ ខែ​កក្កដា បញ្ជូន​ទៅ​រដ្ឋ​អំណាច​មូលដ្ឋាន ប៉ូលិស និង​ជំនាញ តែ​ត្រូវ​គេ​លែង​មក​វិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​អស់​ទឹក​ចិត្ត ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ត​ទៅ​ទៀត ៖ «ដល់​លែង​មក​វិញ ពួក​អា​បទ​ល្មើស​វា​ទិញ​កាវ​ទិញ​អី​ដាក់​រួច ខ្ញុំ​ប្ដឹង​ចូល​ក្នុង​តុលាការ ឃើញ​គេ​ហៅ​ជន​ល្មើស​ទៅ​ឃើញ​ចេញ​មក​វិញ​ដដែល ចង់​សួរ​ពី​ច្បាប់​ហ្នឹង បើ​ថា​មិន​ដោះ​ស្រាយ​មិន​ធ្វើ​ទេ ខ្ញុំ​ប្រហែល​ផ្អាក​ហើយ​ឈប់​ហើយ»

លោក កិះ អ៊ីម បន្ថែម​ថា ជន​ល្មើស​ដែល​មាន​ត្រកូល​សុង បាន​ដាក់​កាវ​ទទឹង​បឹង​ជាង ១០០​ម៉ែត្រ ដែល​លោក​ថា​អាច​យក​អស់​ត្រី​នៅ​ក្នុង​បឹង សម្រាប់​តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​រយ​គ្រួសារ ហើយ​គ្រួសារ​ជន​ល្មើស​នេះ គ្មាន​ខ្លាច​ញញើត​អ្នក​ណា​ឡើយ។ លោក​មេ​ឃុំ​ព្រែក​ប្រសព្វ គឺ​លោក ធូ ង៉ាន បាន​អះអាង​ថា លោក​បាន​ចូល​រួម​តែ​បន្តិច ហើយ​ប៉ូលិស​ប៉ុស្តិ៍​ជា​អ្នក​ដោះ​ស្រាយ ប៉ុន្តែ​នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ព្រែក​ប្រសព្វ គឺ​លោក ប៉ែន ញ៉ និង​មន្ត្រី​សង្កាត់​ជលផល​ស្រុក​ព្រែក​ប្រសព្វ គឺ​លោក សាវុធ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ ដោយ​ទូរស័ព្ទ​រោទ៍​ជា​ច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។

លោក ស៊ាន គិន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា​ថា លោក​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​បើ​ដូច​ការ​ចោទ​ប្រកាន់​មែន លោក​នឹង​ចាត់​វិធានការ​ទៅ​លើ​ការ​ដោះ​លែង​ជន​ល្មើស​នោះ ៖ «បើ​សិន​ជា​មាន​កិច្ច​ការ​អ៊ីចឹង​មែន ក្នុង​នាម​ជា​អ្នក​ទទួល​ខុស​ត្រូវ គឺ​កោះ​ហៅ​មន្ត្រី​ហ្នឹង​មក​សួរ​រក​ហេតុ​ផល ហើយ​ត្រូវ​ព្រមាន​ណែ​នាំ​កុំ​ធ្វើ​ប្រាស​ចាក​នឹង​ច្បាប់ ខ្លួន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​អនុវត្ត​ច្បាប់​ជលផល ហើយ​ធ្វើ​អ៊ីចឹង ឃុបឃិត​ដោះ​លែង​យ៉ាង​ម៉េច ត្រូវ​តែ​ព្រមាន​សម​នឹង​មាន​ទោស​ទណ្ឌ​ផង»

លោក កិះ អ៊ីម បាន​ឲ្យ​ដឹង​ថា តំបន់​ថ្ម​រាប​សម្បូណ៌​បទ​ល្មើស​នេសាទ ដែល​ជន​ល្មើស​ពេល​ខ្លះ​វាយ​ទាំង​ប៉ូលិស​យក​កាំភ្លើង​ក៏​មាន ហើយ​ពេល​ខ្លះ​ទៀត វាយ​ទាហាន​ឲ្យ​លី​អាគុយ​ឆក់​យក​ទៅ​ឲ្យ​ខ្លួន​ដល់​ផ្ទះ​ទៀត​ផង​ក៏​មាន ហេតុ​នេះ​ហើយ លោក​ទាមទារ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ទៅ​លើ​គ្រួសារ​ជន​ល្មើស ដែល​មាន​ឈ្មោះ សុង ភក្តិ សុង ផល សុង បូរិន សុង អូន និង​កូន​ប្រសា​ដែល​គ្មាន​ខ្លាច​នរណា ដើម្បី​ឲ្យ​ជន​ល្មើស​ដទៃ​រាង​ចាល៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។