ឈើ​ប្រណិត​៥​ឡាន ត្រូវ​គេ​ជញ្ជូន​ចេញ​ពី​ទីតាំង​លាក់​បំពួន​នៅ​ខេត្ត​រតនគិរី

ការ​យឺត​យ៉ាវ អូស​បន្លាយ​ពេល​របស់​ក្រុម​សមត្ថកិច្ច​ជំនាញ​ព្រៃ​ឈើ ក្នុង​ការ​ចុះ​ទៅ​រឹប​អូស​ឈើ​ប្រណិត ដែល​លាក់​ទុក បាន​ធ្វើ​ឲ្យ​ឈើ​ចំនួន ៥​ឡាន ត្រូវ​គេ​លួច​ដឹក​ជញ្ជូន​គេច​ចេញ​ពី​ទីតាំង​លាក់​បំពួន។
ដោយ រដ្ឋា វីសាល
2010.05.05
កាប់ឈើ ទីតាំង​អារ​ឈើ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ព្រៃ​ស្រោង ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី។
RFA Photo/Ratha Visal

អ្នក​ភូមិ​ជន​ជាតិ​ដើម ដែល​ជា​អ្នក​ដឹង​ពី​ទីតាំង​លាក់​ឈើ​ប្រណិត ហើយ​បាន​ផ្ដល់​ព័ត៌មាន ដើម្បី​ក្រុម​សមត្ថកិច្ច​ព្រៃ​ឈើ​ទៅ​រឹប​អូស ឲ្យ​ដឹង​ថា ឈើ​ចំនួន ៥​រថយន្ត​ច្នៃ ឬ​គោយន្ត ត្រូវ​គេ​ដឹក​ជញ្ជូន​ចេញ​ពី​ទី​តាំង​លាក់​ឈើ កាល​ពី​ពាក់​កណ្ដាល​អាធ្រាត្រ យប់​ថ្ងៃ​អង្គារ ឆ្លង​ចូល​ថ្ងៃ​ពុធ ទី​៥ ខែ​ឧសភា ឆ្នាំ​២០១០។

អ្នក​ភូមិ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ដំណឹង​ស្ដី​ពី​ការ​រក​ឃើញ​ឈើ បាន​បែក​ការ​ដល់​ក្រុម​អ្នក​លាក់​ទុក​ឈើ ហើយ​ឈើ​ដែល​គេ​លាក់​ទុក ត្រូវ​គេ​ដឹក​ជញ្ជូន​ចេញ​ទៅ​កន្លែង​ផ្សេង ដោយ​រថយន្ត​ច្នៃ​ចំនួន​ពីរ​គ្រឿង ដោយសារ​តែ​មន្ត្រី​ព្រៃ​ឈើ​ខក​ខាន​មិន​បាន​ទៅ​រឹប​អូស​យក​ឈើ​មក​រក្សា​ទុក កាល​ពី​ថ្ងៃ​អង្គារ ទី​៤ ខែ​ឧសភា កន្លង​ទៅ​នេះ។

គាត់​និយាយ​ថា ៖ «ជិះ​មួយ​ឡាន​មក​ដល់​ហ្នឹង។ ប្រាប់​ខ្ញុំ​ថា កន្លែង​នេះ វា​ជិះ​ជិត​វា​ត្រឡប់​មក​វិញ យប់​មិញ​គេ​ដឹក​អស់​ប្រាំ​ឡាន​តែម្ដង!»

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​រតនគិរី កាល​ពី​ថ្ងៃ​អង្គារ ទី​៤ កន្លង​ទៅ បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​បាន​ចាត់​មន្ត្រី​ព្រៃ​ឈើ ទៅ​កាន់​ទី​តាំង​ដែល​មាន​សេចក្ដី​រាយការណ៍​ពី​ការ​លាក់​ឈើ​នោះ​ហើយ។ ចំណែក​អ្នក​ភូមិ ដែល​ឃ្លាំ​មើល​គំនរ​ឈើ ឲ្យ​ដឹង​ថា គាត់​បាន​បង្ហាញ​ដល់​មន្ត្រី​ព្រៃ​ឈើ ៣​នាក់ បាន​មក​ជួប​គាត់ កាល​ពី​រសៀល​ម៉ោង​៣ ថ្ងៃ​ដដែល ក៏​ប៉ុន្តែ​មិន​ឃើញ​មន្ត្រី​ព្រៃ​ឈើ​ចាត់​ការ​ដឹក​ជញ្ជូន​ឈើ​យក​ទៅ​រក្សា​ទុក​នោះ​ទេ។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​រតនគិរី លោក វង្ស សុខ សេរី មាន​ប្រសាសន៍​ថា មន្ត្រី​លោក​បាន​ប្រមូល​ឈើ ដែល​លាក់​ទុក​នោះ​ហើយ នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​ឧសភា ឆ្នាំ​២០១០ ប៉ុន្តែ​បរិមាណ​ឈើ​ចំនួន​ប៉ុន្មាន មិន​ទាន់​ដឹង​នៅ​ឡើយ។

លោក​បញ្ជាក់​ថា មិន​មាន​សេចក្ដី​រាយការណ៍​ពី​ឈើ​បាត់​នោះ​ទេ ៖ «សម័យ​នេះ​ហើយ អា​ណា​ទៅ​យក​ឡាន​ទៅ​ដឹក​ទៅ​ណា​ទៅ​ណី​ទៀត បង​មិន​ឃើញ​ទេ»

អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា អត្តសញ្ញាណ​អ្នក​លាក់​ទុក​ឈើ មាន​សាក្សី​ស្គាល់​ច្បាស់ ដូច្នេះ​សមាគម​លោក និង​អន្តរាគមន៍​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ជុំ​វិញ​ការ​លាក់​ទុក​ឈើ​ខុស​ច្បាប់ និង​អ្នក​ឃុបឃិត ធ្វើ​ឲ្យ​ឈើ​បាត់​ចេញ​ពី​ទី​លាក់​បំពួន។

លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ៖ «រឿង​នេះ​វា​កើត​មាន​បី​លើក​ហើយ ដែល​យើង​អន្តរាគមន៍​ទៅ​ហើយ វា​ធ្វើ​ការ​ធ្វេស​ប្រហែល។ យើង​គិត​ថា វា​មាន​ការ​ពាក់ព័ន្ធ​គ្នា ហើយ​រវាង​បុគ្គល​ដែល​ជា​សមត្ថកិច្ច។ ឃើញ​ថា​វា​កំពុង​ផ្គើន​នឹង​បទ​បញ្ជា និង​ប្រឆាំង​នឹង​ការ​ខិត​ខំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​ហើយ»

ប្រភព​ពី​អ្នក​ភូមិ​ខាង​លើ​ឲ្យ​ដឹង​ថា ឈើ​ដែល​លាក់​ទុក​នោះ គឺ​នៅ​ពី​ក្រោយ​ដី​ចម្ការ​គាត់ ចម្ងាយ ២០០​ម៉ែត្រ និង​ក្នុង​ស្រែ​របស់​គាត់ ឋិត​នៅ​ភូមិ​ដេះ ឃុំ​បរខាំ ស្រុក​បរកែវ មាន​ចំនួន ១០​ឡាន គិត​ជា​បរិមាណ ឈើ​ប្រមាណ​ពី ២០​ទៅ​៣០​ម៉ែត្រ​គូប៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។