សកម្មភាព​កាប់​ឈើ​នៅ​​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ​កើត​មាន​ជា​ថ្មី

សកម្មភាព​កាប់​ឈើ​ប្រណីត​ចេញ​ពី​តំបន់​ក្បែរ​ឧទ្យានជាតិ​វីរជ័យ ខេត្ត​រតនគិរី កើត​មាន​ឡើង​វិញ​ហើយ។
ដោយ រដ្ឋា វីសាល
2010-11-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៨ ធ្នូ ២០០៨: ព្រៃ​ឈើ​ដែល​ត្រូវ​គេ​អារ​រំលំ​នៅ​ក្នុង​ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី។
២៨ ធ្នូ ២០០៨: ព្រៃ​ឈើ​ដែល​ត្រូវ​គេ​អារ​រំលំ​នៅ​ក្នុង​ឃុំ​កិចុង ស្រុក​បរកែវ ខេត្ត​រតនគិរី។
RFA Photo/Ratha Visal

អ្នក​ភូមិ​រស់​នៅ​ជិត​តំបន់​នោះ​ឲ្យ​ដឹង​ថា ឈ្មួញ​អ្នក​ទិញ​ឈើ​សុទ្ធសឹងតែ​ជា​មន្ត្រី​ក្នុង​នៅ​មូលដ្ឋាន បាន​នាំ​គ្នា​ប្រមូល​ទិញ​ឈើ ហើយ​ដឹក​ជញ្ជូន​ចេញ​ទៅ​ទីផ្សារ​ដោយ​គ្មាន​ការ​កោត​ក្រែង​សមត្ថកិច្ច​ឡើយ។

អ្នក​ភូមិ​រស់​នៅ​ស្រុក​វ៉ឺនសៃ រាយការណ៍​ទៀត​ថា មាន​ឈើ​ប្រណីត​ប្រមាណ ៥០​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃៗ ត្រូវ​គេ​ដឹក​ជញ្ជូន​ចេញ​ពី​ព្រៃ​នៅ​តំបន់​នោះ។

អ្នក​ភូមិ​បានប៉ុង លោក ឡា ប៊ុនប៉េង មាន​ប្រសាសន៍​បញ្ជាក់​ថា ឈើ​ប្រណីត​មាន​បេង នាងនួន គ្រញូង ធ្នង់ ត្រូវ​គេ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ក្នុង​ព្រៃ​ដោយ​មធ្យោបាយ​រទេះ​យន្ត​ច្នៃ ឬ​គោយន្ត​ពី​តំបន់​ព្រៃ​ពី​ស្រុក​សៀមប៉ាង និង​ផ្នែក​ខ្លះ​នៃ​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ មាន​ព្រំ​ប្រទល់​ជាប់​នឹង​មូលដ្ឋាន​នោះ នាំ​មក​កាន់​ឃុំ​ប៉ាក់កាឡាន់ ហើយ​ដឹក​ទូក​ឆ្លង​កាត់​ទន្លេ​សេសាន មក​ត្រើយ​ម្ខាង​ក្នុង​ស្រុក​វ៉ឺនសៃ ដើម្បី​លក់​ឲ្យ​ឈ្មួញ​ចាំ​ប្រមូល​ទិញ​នៅ​ទី​នោះ។

ប្រភព​បន្ត​ថា រថយន្ត​ប្រភេទ​ទេសចរណ៍​តូចៗ រថយន្ត​ឡង់គ្រីស័រ តូយូតា​កាមរី ត្រូវ​ឈ្មួញ​ដែល​មាន​តួនាទី​ជា​មន្ត្រី​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ប្រើប្រាស់​ជា​មធ្យោបាយ​ក្នុង​ការ​ប្រមូល​ទិញ ហើយ​ដឹក​ជញ្ជូន​ចេញ​នៅ​វេលា​យប់​មក​កាន់​ទី​រួម​ខេត្ត ដើម្បី​ស្តុក​ទុក ឬ​លក់​ចេញ​បន្ត​ទៅ​ទីផ្សារ។

លោក ឡា ប៊ុនប៉េង បន្ត​ថា ៖ «ឃើញ​ដឹក​បន្តៗ​គ្នា​រហូត អត់​មាន​ឈប់​ឈរ​ទេ សឹង​រាល់​យប់​តែម្ដង ពីរ​ឡាន បី​ឡាន​ក៏​មាន​ដែរ។ ថ្នាក់​ដឹកនាំ​ស្រុក​អី​ហ្នឹង ប៉ូលិស និង​ប៉េអឹម​អី​គេ​អត់​រវល់​អី​ទេ។ អា​អ្នក​កាប់​ហ្នឹង​គឺ​ជា​ប្រជាពលរដ្ឋ អ្នក​ទិញ​គេ​គឺ​ជា​អ្នក​ប្រមូល​ទិញ។ ប៉ាក់កាឡាន់ ហ្នឹង​ខាង​បាក់កែ ចេញ​មក។ អា​អ្នក​ទិញ​ហ្នឹង​នៅ​ស្រុក​ផង​នៅ​ខេត្ត​ផង។ សុំ​និយាយ​អ៊ីចេះ​វិញ អា​ក្រុម​ចាស់​វា​រើ​មក​វិញ​ទៀត​ហើយ»

នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ប៉ាក់កាឡាន់ លោក សាយ នូបេង បដិសេធ​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ។ ក៏​ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ការ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុស​ច្បាប់​តាម​ដង​ទន្លេ ពិត​ជា​កើត​មាន ក៏​ប៉ុន្តែ​សមត្ថកិច្ច​លោក​មិន​មាន​លទ្ធភាព​បង្ក្រាប​បាន ដោយសារ​សកម្មភាព​ដឹក​ជញ្ជូន​ធ្វើ​ឡើង​នៅ​វេលា​យប់។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក វង្ស សុខសេរី មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៩ កន្លង​ទៅ​នេះ សមត្ថកិច្ច​ជំនាញ​ចាប់​ឃាត់​បាន​រថយន្ត​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ឺនសៃ ចំនួន​ពីរ​គ្រឿង​ហើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល