កម្មការិនី​បាត់​បង់​ការងារ​ប្រឈម​នឹង​ការ​ប្រកប​របរ​ផ្លូវ​ភេទ

របាយការណ៍​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បង្ហាញ​​ថា កម្មការិនី​ដែល​បាត់បង់​ការងារ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច បាន​បង្ខំ​ចិត្ត​ទៅ​បម្រើ​ការងារ​តាម​កន្លែង​កម្សាន្ត​នានា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​ជន​ងាយ​រងគ្រោះ​នៃ​ការ​រំលោភ​សិទ្ធិ និង​ការ​រំលោភ​ផ្លូវ​ភេទ។
ដោយ យន់ សាមៀន
2010-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។
កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។
AFP Photo

ស្រី​លក្ខណ៍ ក៏​ដូច​ជា​ស្ត្រី​កម្ពុជា​វ័យ​ក្មេង​ជា​ច្រើន​ទៀត​ដែរ បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​ខ្លួន​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ស្វែងរក​ការងារ​នៅ​តាម​រោងចក្រ​កាត់ដេរ។ ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០០៨ បាន​បង្ខំ​ឲ្យ​ស្រី​លក្ខណ៍ និង​កម្មការិនី​ជា​ច្រើន​នាក់​ទៀត បង្ខំ​ចិត្ត​ទៅ​បម្រើ​ការងារ​ក្នុង​វិស័យ​សេវា​កម្សាន្ត ហើយ​ជម្រើស​ចុង​ក្រោយ​បាន​ក្លាយ​ទៅ​ជា​ស្ត្រី​បម្រើ​ផ្លូវ​ភេទ។

ស្រី​លក្ខណ៍ បច្ចុប្បន្ន​មាន​អាយុ ២៥​ឆ្នាំ បាន​ចាក​ចេញ​ពី​ខេត្ត​កំពង់ចាម មក​ធ្វើ​ការងារ​រោងចក្រ​នៅ​ភ្នំពេញ មិន​បាន​ប៉ុន្មាន​ឆ្នាំ​ផង​រោងចក្រ​បាន​បិទ​ទ្វារ។ នាង​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ទៅ​បម្រើ​ការងារ​នៅ​តាម​ហាង​ខារ៉ាអូខេ ហើយ​បាន​ធ្លាក់​ខ្លួន​ជា​ស្រី​បម្រើ​ផ្លូវ​ភេទ។

អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ក្នុង​របាយការណ៍​សិក្សា​ពី​ការ​ជះ​ឥទ្ធិពល​នៃ​វិបត្តិ​សេដ្ឋកិច្ច​កម្ពុជា​ទៅ​លើ​វិស័យ​កាត់ដេរ ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​កក្កដា បាន​រក​ឃើញ​ថា កម្មការិនី​ដែល​បាត់បង់​ការងារ​រោងចក្រ​បាន​ងាក​ទៅ​ប្រកប​ការងារ​តាម​វិស័យ​កម្សាន្ត​វិញ។

របាយការណ៍​បង្ហាញ​ថា ស្ត្រី​ធ្វើ​ការងារ​ក្នុង​វិស័យ​កម្សាន្ត​បាន​សម្រេច​ចិត្ត​ប្រកប​របរ​ផ្លូវ​ភេទ​ដោយ​មិន​ផ្ទាល់ ដោយសារ​តម្រូវការ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​ការ​ជួល​ផ្ទះ ម្ហូប​អាហារ និង​លុយ​សម្រាប់​ផ្ញើ​ទៅ​ផ្ទះ។ របាយការណ៍​បន្ថែម​ថា ស្ត្រី​ធ្វើ​ការងារ​តាម​វិស័យ​កម្សាន្ត​បាន​ទទួល​រង​ការ​រំលោភ​បំពាន​ផ្នែក​រាង​កាយ និង​ផ្លូវ​ភេទ។ ការ​គាប​សង្កត់​មិន​ឲ្យ​ប្រើប្រាស់​ស្រោម​អនាម័យ​ក្នុង​ការ​រួមភេទ និង​ការ​បង្ខំ​ឲ្យ​ផឹក​ជាតិ​ស្រវឹង។

៩-មេសា-២០០៩: អ្នក​ចម្រៀង​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។
៩-មេសា-២០០៩: អ្នក​ចម្រៀង​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។ RFA Photo/Mean Riddh

វិបត្តិ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០០៨ និង ២០០៩ មាន​រោងចក្រ​ច្រើន​ជាង ១០០​រោងចក្រ​បាន​បិទ ហើយ​កម្មករ​ប្រមាណ ៥​ម៉ឺន​នាក់​បាន​បាត់បង់​ការងារ។ បច្ចុប្បន្ន​នេះ កម្ពុជា​មាន​រោងចក្រ​ប្រមាណ​ជាង ៣០០​រោងចក្រ និង​មាន​កម្មករ​ប្រមាណ​ជាង ៣០​ម៉ឺន​នាក់។

ក្រសួង​កិច្ចការ​នារី ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​ទប់ស្កាត់​ស្ត្រី​បាត់បង់​ការងារ​រោងចក្រ ដែល​បាន​ក្លាយ​ជា​អ្នក​ប្រកប​របរ​នៅ​តាម​វិស័យ​កម្សាន្ត ក្រសួង​បាន​បង្កើត​មណ្ឌល​បង្រៀន​វិជ្ជាជីវៈ​នៅ​តាម​ខេត្ត ដើម្បី​បង្រៀន​ស្ត្រី​ទាំង​នោះ ចៀសវាង​កុំ​ឲ្យ​ពួក​គេ​មក​ប្រកប​របរ​នៅ​ទីក្រុង។ រដ្ឋាភិបាល​បាន​ក៏​បាន​ចំណាយ​ថវិកា​ជាតិ​ចំនួន ៦​លាន​ដុល្លារ ដើម្បី​បង្កើន​ការ​បណ្ដុះ​បណ្ដាល​ទៅ​ឲ្យ​កម្មករ ដែល​បាត់បង់​ការងារ​ក្នុង​រយៈពេល​នៃ​វិបត្តិ​ការងារ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គណបក្ស​ជំទាស់​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​សម្រាប់​បង្រៀន​ប្រជា​ពលរដ្ឋ ដែល​ចង់​ទៅ​បម្រើ​ការងារ​នៅ​បរទេស ជាជាង​ឲ្យ​ក្រុមហ៊ុន​ឯកជន​បង្រៀន​ពួក​គេ ហើយ​ក្រុមហ៊ុន​ទាំង​នោះ​រក​ផល​ចំណេញ​ពី​កម្មករ។

រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី លោកស្រី អ៊ឹង កន្ថាផាវី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ កក្កដា ថា ក្រសួង​ជំរុញ​ការ​បណ្ដុះ​បណ្ដាល​ស្ត្រី​ដែល​បាត់បង់​ការងារ​នៅ​តាម​មូលដ្ឋាន​របស់​ពួក​គេ ជា​ផ្នែក​មួយ​ជួយ​បញ្ចៀស​គ្រោះថ្នាក់​របស់​ស្ត្រី​ទាំង​នោះ​ក្នុង​ការ​ស្វែងរក​ការងារ​នៅ​ភ្នំពេញ។

លោក​ស្រី​បន្ថែម​ថា លោក​ស្រី​ទទួល​ស្គាល់​ថា ស្ត្រី​បម្រើ​ការងារ​នៅ​តាម​វិស័យ​កម្សាន្ត​ងាយ​ស្រួល និង​រងគ្រោះ​ការ​រំលោភ​បំពារ​បំពាន​ផ្សេង​ៗ។ បច្ចុប្បន្ន​ក្រសួង​កំពុង​ធ្វើ​ការងារ​ជាមួយ​អង្គការ​ផ្សេង ដើម្បី​ពន្យល់​ស្ត្រី​បម្រើ​ការងារ​កម្សាន្ត​អំពី​សិទ្ធិ​របស់​ពួក​គេ។

អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី និង​តំណាង​រាស្ត្រ​បក្ស​ជំទាស់ លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋសភា​បាន​អនុម័ត​ថវិកា​ពិសេស ដើម្បី​ឲ្យ​រដ្ឋាភិបាល​ជួយ​ដល់​កម្មករ​ដែល​បាត់បង់​ការងារ​ក្នុង​វិស័យ​កាត់​ដេរ។ ប៉ុន្តែ​ក្រសួង​ការងារ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន បណ្ដុះ​បណ្ដាល​ពលករ​កម្ពុជា​ទៅ​វិញ ដូច្នោះ​ក្រុមហ៊ុន​ទាំង​នោះ​យក​ផល​ចំណេញ​ពី​ពលរដ្ឋ​ទាំង​នោះ។ ក្រសួង​ការងារ​ត្រូវ​បង្រៀន​ប្រជា​ពលរដ្ឋ​នូវ​ចំណេះ​ដឹង​ផ្សេង​ទៀត ក្រៅ​ពី​ការងារ​ដេរ​តែ​មួយ​មុខ។

មន្ត្រី​ជាន់​ខ្ពស់​របស់​សមាគម​កាត់​ដេរ​កម្ពុជា លោក ជាតិ ខេមរា បាន​ឯកភាព​ថា វិបត្តិ​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​ជំរុញ​ឲ្យ​រោងចក្រ​បិទ​ទ្វារ​នៅ​កម្ពុជា។ រោងចក្រ​ប្រមាណ ១០០​រោងចក្រ​បាន​បិទ​ទ្វារ ហើយ​កម្មករ​ប្រមាណ ៥​ម៉ឺន​នាក់​បាត់​បង់​ការងារ។ បច្ចុប្បន្ន​ទោះ​បី​វិស័យ​កាត់​ដេរ​បាន​និង​កំពុង​ងើប​ឡើង​វិញ​ក៏​ដោយ ក៏​វា​នៅ​មិន​ទាន់​ប្រសើរ​មុន​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨​ដែរ។

កញ្ញា សុភ័ណ ជា​អតីត​កម្មករ​រោងចក្រ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កញ្ញា​កំពុង​បម្រើ​ការងារ​នៅ​ក្លឹប​កម្សាន្ត ហើយ​កំពុង​ធ្លាក់​ខ្លួន​បម្រើ​ការងារ​ផ្លូវ​ភេទ បន្ទាប់​ពី​វិបត្តិ​សេដ្ឋកិច្ច។ សុភ័ណ ធ្លាប់​ជួប​ការ​រំលោភ​បំពាន​ពី​សំណាក់​ភ្ញៀវ ប្រសិន​បើ​កញ្ញា​មិន​ផឹក​ជាតិ​ស្រវឹង។

អង្គការ​ពលកម្ម​អន្តរជាតិ​ស្នើ​ឲ្យ​មាន​យុទ្ធនាការ​មួយ ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ក្នុង​វិស័យ​កម្សាន្ត​នេះ ហើយ​ត្រូវ​ឲ្យ​ម្ចាស់​កន្លែង​កម្សាន្ត​ទាំង​នោះ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​ទាំង​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល