ជន​ជាតិ​ដើម​ភាគ​តិច​នៅ​មណ្ឌលគិរី បារម្ភ​បាត់​បង់​ដី​ទៅ​ក្រុមហ៊ុន​វៀតណាម

សហគមន៍​ជន​ជាតិ​ភាគ​តិច​ព្នង​នៅ​ឃុំ​ដាក់ដាំ ស្រុក អូរាំង ខេត្ត​មណ្ឌលគីរី កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ព្រៃ​កប់​ខ្មោច ខណៈ​ដែល​ការ​សិក្សា​ស្រាវជ្រាវ​រក​រ៉ែ​បុកស៊ីដ​ដោយ​ក្រុមហ៊ុន​វៀតណាម បាន​ចាប់​ផ្ដើម​ឡើង​ជា​ថ្មី​ទៀត នៅ​ក្នុង​តំបន់​របស់​ពួក​គាត់។
ដោយ គង់ យុទ្ធនា
2010-05-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​សែន​ភូមិ​របស់​ជនជាតិ​ភាគ​តិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី
ពិធី​សែន​ភូមិ​របស់​ជនជាតិ​ភាគ​តិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី
RFA/Oudom

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ភូមិ​ពូលះ ឃុំ​ដាក់ដាំ ស្រុក​អូរាំង ខេត្ត​មណ្ឌលគីរី បាន​សម្ដែង​នូវ​ការ​ខ្វល់​ខ្វាយ​ថា ការ​ចាប់​ផ្ដើម​ចូល​រុក​រក​រ៉ែ​បុកស៊ីដ​ដ៏​មាន​តម្លៃ ដោយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ​អេស៊ីវី (ACV) នៅ​ក្នុង​ព្រៃ​តម និង​ព្រៃ​កប់​ខ្មោច ដែល​មាន​ទំហំ ៦​ហិកតារ នៅ​ទី​នោះ​នឹង​ធ្វើ​ឲ្យ​សហគមន៍​ជួប​គ្រោះ​អាសន្ន​ជា​មិន​ខាន។ ក្នុង​គ្រា​ដែល​កំពុង​តែ​បារម្ភ ខ្លាច​បាត់​បង់​ព្រៃ​កប់​ខ្មោច​ផង និង​ខ្លាច​ខូច​ត្រណម​ផង​នោះ។

តំណាង​សហគមន៍​ភូមិ​ពូលះ លោក ទើយ ធិ បាន​បញ្ជាក់​ថា ៖ «ប្រាប់​កូន​ប្រាប់​ចៅ មិន​ឲ្យ​ធ្វើ​ប៉ះ​ពាល់​ទេ អា​កន្លែង​ហ្នឹង។ បើ​ប៉ះ​ពាល់​គ្រាន់​តែ​ដុត​ស្មៅ អា​ហ្នឹង​ក៏​មាន​បញ្ហា​ជួប​ឧបសគ្គ​ឈឺ​គ្រុន បើ​យើង​កាប់​ព្រៃ​ទៀត អា​ហ្នឹង​មាន​បញ្ហា​ដូច​ថា​កាប់​ចាក់​គ្នា មាន​ឈ្លោះ​ប្រកែក​គ្នា មាន​ងាប់ មាន​រស់។ អ៊ីចឹង​បាន​ថា អ្នក​ចាស់​ទុំ​គេ​ប្រាប់​តៗ ព្រោះ​អា​កន្លែង​ហ្នឹង តំបន់​វា​ដូច​ថា តំបន់​ជា​កំណើត​ថែ​រក្សា​តាំង​ពី​នោះ​មក​ស្រាប់​តៗ ឲ្យ​កូន​ចៅ​ថែ​រក្សា​ឲ្យ​ជាប់ អា​ព្រៃ​កប់​ខ្មោច ក៏​នៅ​ហ្នឹង ព្រោះ​ដូច​កន្លែង​វត្ត​ជន​ជាតិ​និយាយ​ឲ្យ ចំ​ទៅ​ដូច​ថា​វត្ត​ជន​ជាតិ​ព្នង​ហ្មង​អា​ហ្នឹង»

លោក​បន្ត​ថា លោក និង​ប្រជុំ​មួយ​ជា​មួយ​អ្នក​ភូមិ​ទាំង​អស់ ដើម្បី​ស្នើ​យោបល់​រួម​អំពី​ការ​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​អេស៊ីវី ក្នុង​រឿង​ដែល​ក្រុមហ៊ុន​បាន​មក​ជីក​រណ្ដៅ​ប៉ះ​ពាល់​ដល់​ព្រៃ​កប់​ខ្មោច របស់​សហគមន៍ និង​ហាម​ឃាត់​មិន​ឲ្យ​ក្រុមហ៊ុន​ចូល​ទៅ​រុករក​នៅ​ក្នុង​ទី​ព្រៃ​នោះ​ទៀត។

មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​មណ្ឌលគិរី លោក សម សារិន បាន​ថ្លែង​ថា អង្គការ​លោក​នឹង​ចុះ​ទៅ​ស្រាវជ្រាវ​បញ្ហា​នោះ ហើយ​លោក​បាន​ទាមទារ​ឲ្យ​មាន​ការ​គោរព​ដល់​សហគមន៍។

លោក សម សារិន មាន​ប្រសាសន៍​បន្ត​ទៀត​ថា ៖ «ត្រូវ​សហការ​ជា​មួយ​ចាស់​ទុំ និង​អាជ្ញាធរ​មូលដ្ឋាន​ថា តើ​តំបន់​ណា​ជា​តំបន់​ព្រៃ​តម​របស់​ពួក​គាត់ ហើយ​តំបន់​ណា​ជា​តំបន់​កប់​សព​របស់​ដូន​តា​របស់​គាត់ ត្រូវ​ចៀស​ឲ្យ​ផុត»

ប្រធាន​សហគមន៍​ភូមិ​ពូលះ ឃុំ​ដាក់ដាំ លោក បូរ៉េត កាំពី បាន​ថ្លែង​ថា អ្នក​ភូមិ​ទាំង​អស់​គ្នា កំពុង​ព្រួយ​បារម្ភ បន្ទាប់​ពី​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​អេស៊ីវី រុករក​រ៉ែ​បុកស៊ីដ បាន​ចុះ​មក​ជីក​រណ្ដៅ​ទំហំ ៣​ម៉ែត្រ ជម្រៅ ៦​ម៉ែត្រ បាន​១​រណ្ដៅ កាល​ពី​ដើម​សប្ដាហ៍​នេះ ក្នុង​ការ​ស្រាវជ្រាវ​រក​រ៉ែ។

លោក​បាន​បន្ត​ទៀត​ថា ៖ «ផល​ប៉ះពាល់​នៃ​ការ​រុករក​រ៉ែ​ហ្នឹង ឯកឧត្ដម​គាត់​បាន​ចូល​រួម​ដែរ គាត់​ថា រ៉ែ​ហ្នឹង​មាន​តម្លៃ​ថ្លៃ​ណាស់។ យើង​មិន​អាច​រុករក​បាន​ទេ មាន​តែ​ក្រុម​បរទេស ហើយ​រ៉ែ​ហ្នឹង បើ​សិន​ជា​យើង​រក​បាន​ថ្លៃ​ទៀត មួយ​គីឡូ​ពីរ​ពាន់​ដុល្លារ ហើយ​ក្រុម​ហ៊ុន​ប៊ីអេចធី​ហ្នឹង ចប់​ទៅ​ដោយសារ​រ៉ែ​នៅ​មណ្ឌលគិរី​ហ្នឹង តិច​តួច​ពេក ហើយ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ហើយ​កម្មករ​ដែល​គាត់​ជួល​ជីក​ហ្នឹង សុទ្ធ​យក​កម្មករ​វៀតណាម​ទាំង​អស់»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​ពី​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​អេស៊ីវី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា​នេះ ប៉ុន្តែ​មេ​ឃុំ​ដាក់ដាំ លោក សម វ៉ាន្នី បាន​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ។

លោក សម វ៉ាន្នី មិន​បាន​ពន្យល់​លំអិត​អំពី​គម្រោង​សិក្សា​នេះ​ថា តើ​នឹង​ត្រូវ​ធ្វើ​លើ​ផ្ទៃ​ដី​ប៉ុន្មាន​ហិកតារ​នោះ​ទេ ក្រៅ​តែ​ពី​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ មិន​បាន​ប៉ះ​ពាល់​ដល់​ព្រៃ​ត្រណម និង​ព្រៃ​កប់​ខ្មោច។

លោក​បន្ត​ថា ៖ «មាន​អាជ្ញាប័ណ្ណ​ក្រសួង​មហាផ្ទៃ កាល​មុន គេ​សិក្សា​អស់​ហើយ​តើ។ ទៅ​ជា​មួយ​ចាស់​ទុំ តើ​កន្លែង​ត្រណម​កៀង ខ្វៀង តើ​អត់​ឲ្យ​ប៉ះ​ពាល់​ទេ។គ្រាន់​តែ​និយាយ​ប៉ុណ្ណឹង​បាន​ហើយ រឿង​អី​យ៉ាង​ម៉េច​របស់​គេ យើង​ដែល​ដឹង​អី»

ការ​ស្រាវជ្រាវ​អំពី​រ៉ែ​បុកស៊ីដ នៅ​ខេត្ត​មណ្ឌលគិរី កាល​ពី ២​ឆ្នាំ​មុន មាន​ក្រុមហ៊ុន​អូស្ត្រាលី​មួយ ឈ្មោះ​ប៊ីអេចធី (BHT) បាន​សិក្សា​លើ​ទំហំ​ដី​ប្រមាណ ១០​ម៉ឺន​ហិកតារ ប៉ុន្តែ​ក្រុមហ៊ុន​នោះ បាន​ផ្អាក​សកម្មភាព​ទៅ​វិញ​ហើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល