កម្ពុជា​ទទួល​អត្ថប្រយោជន៍​ពី​សេដ្ឋកិច្ច​មិន​ផ្លូវ​ការ​២០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ

សេដ្ឋកិច្ច​មិន​ផ្លូវ​ការ​ដែល​ផ្ដោត​លើ​សហគ្រាស​ខ្នាត​តូច ជា​វិស័យ​សំខាន់​ទី​ពីរ បន្ទាប់​ពី​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់។ ការ​លើក​កម្ពស់​សកម្មភាព​សេដ្ឋកិច្ច​មិន​ផ្លូវ​ការ ជាពិសេស​លើ​សកម្មភាព​ផលិត និង​លក់​ចំណី​អាហារ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ទទួល​បាន​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ។

0:00 / 0:00

ម៉្យាង​វិញ​ទៀត កម្ពុជា អាច​កាត់​បន្ថយ​ចំណាយ​លើ​ទំនិញ​បរិភោគ ដែល​មាន​ចំណាយ​ប្រមាណ ២០០​លាន​ដុល្លារ​ពី​បរទេស រួម​ទាំង​បាន​ចូល​រួម​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ក្នុង​កំណើន​សេដ្ឋកិច្ច​រៀង​រាល់​ឆ្នាំ។

សកម្មភាព​សេដ្ឋកិច្ច​តូច​តាច ដូច​ជា​អ្នក​លក់​ដូរ​តាម​រទេះ តាម​ម៉ូតូ​នៅ​លើ​ផ្លូវ​សាធារណៈ គេ​ចាត់​ទុក​ជា​សេដ្ឋកិច្ច​មិន​ផ្លូវ​ការ ឬ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​ន័យ​ថា សកម្មភាព​នេះ​មិន​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម​ស្រប​ទៅ​តាម​ច្បាប់​ដែល​បាន​កំណត់​ឡើយ។ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ ឬ​ប្រទេស​ក្រីក្រ កម្លាំង​ពលកម្ម​ភាគ​ច្រើន​បំផុត​ស្ថិត​នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​មិន​ផ្លូវការ​នេះ។

ទោះ​បី​ជា​ចំណូល​ដែល​បាន​មក​ពី​សកម្មភាព​នេះ​មាន​កម្រិត​ទាប និង​មិន​ទៀង​ទាត់ ប៉ុន្តែ​សកម្មភាព​បាន​ចូល​រួម​ចំណែក​កម្លាំង​ពលកម្ម ៩០% នៃ​កម្លាំង​ពលកម្ម​សរុប។ ផ្នែក​នេះ​បាន​ក្លាយ​ជា​សកម្មភាព​ចម្បង​ក្នុង​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ ប៉ុន្តែ​សកម្មភាព​ភាគ​ច្រើន មិន​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ រួម​ទាំង​មិន​មាន​ការ​ជួយ​គាំទ្រ​ក្នុង​ការ​លើក​កម្ពស់​ដល់​សេដ្ឋកិច្ច​មិន​ផ្លូវ​ការ​នេះ។

អ្នក​វិភាគ​អាជីវកម្ម បាន​អះអាង​ថា ចំ​ពេល​ដែល​ប្រទេស​កម្ពុជា ខ្វះ​ការ​ផ្គត់ផ្គង់​ចំណី​អាហារ​គ្រប់​គ្រាន់ បាន​ការ​អភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ច​មិន​ផ្លូវ​ការ​នឹង​ជួយ​បន្ថយ​បន្ទុក​ចំណាយ​របស់​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​កាត់​បន្ថយ​ទំនិញ​បរិភោគ​នាំ​ចូល​ពី​បរទេស។

រដ្ឋាភិបាល​កម្ពុជា រក​ឃើញ​ថា បាន​ចំណាយ​លុយ​រាប់​រយ​លាន​ដុល្លារ​រៀង​រាល់​ឆ្នាំ​ពី​ការ​នាំ​ចូល​ម្ហូប​អាហារ និង​ភេសជ្ជៈ​ពី​បរទេស។ ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១២ ប្រទេស​កម្ពុជា បាន​ទិញ​ចំណី​អាហារ​ពី​បរទេស​ប្រមាណ​ជិត ២០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ដែល​ការ​ចំណាយ​នេះ​មាន​ការ​កើន​ឡើង​ប្រមាណ ១០% ធៀប​នឹង​ឆ្នាំ​២០១១។

ការ​កើន​ឡើង​នៃ​ការ​នាំ​ចូល​ទំនិញ​បរិភោគ​នេះ បណ្ដាល​មក​ពី​កត្តា​សំខាន់​ពីរ គឺ​សមត្ថភាព​ផលិត​នៅ​ក្នុង​ស្រុក​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ និង​ការ​ផ្ដល់​ប្រាក់​កម្ចី​ដែល​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច​នៅ​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ។

ប្រធាន​សមាគម​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា លោក តែ តាំងប៉រ ធ្លាប់​បាន​អះអាង​ថា ការ​អភិវឌ្ឍ​សហគ្រាស​នៅ​កម្ពុជា តែង​ជួប​ឧបសគ្គ​មួយ​ចំនួន​ដែល​មិន​ទាន់​អាច​ដោះស្រាយ​បាន​នៅ​ឡើយ​នា​ពេល​បច្ចុប្បន្ន។ បញ្ហា​ទាំង​នោះ​រួម​មាន លទ្ធភាព​ទទួល​បាន​ឥណទាន​សម្រាប់​ពង្រីក​សហគ្រាស ផលិត​ភាព​ទាប​ដោយ​សារ​ខ្វះ​បច្ចេកទេស ការ​គ្រប់គ្រង​សហគ្រាស​ជា​លក្ខណៈ​គ្រួសារ រួម​នឹង​ផលិត​ផល​កម្ពុជា មាន​ភាព​ប្រកួត​ប្រជែង​តិចតួច​ពី​ការ​លំហូរ​ចូល​ទំនិញ​ផ្សេងៗ​ពី​ប្រទេស​ជិត​ខាង​ផង​ដែរ។

ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំង​នេះ ជា​យន្តការ​កាត់​បន្ថយ​លំហូរ​នាំ​ចូល​ទំនិញ ឬ​ចំណី​អាហារ​ពី​បរទេស ប៉ុន្តែ​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​នៅ​កម្ពុជា យល់​ថា ការ​ផ្ដល់​ប្រាក់​កម្ចី​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ខ្នាត​តូច​នៅ​កម្ពុជា ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៅ​ឡើយ ហើយ​ទំហំ​ប្រាក់​កម្ចី​នេះ​ក៏​មាន​ទំហំ​ទាប បើ​ធៀប​នឹង​ខ្នាត​ធំ។

ប្រធាន​នាយក​ប្រតិបត្តិ​នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ (Prasac) លោក ស៊ីម សេនាជាតិ មាន​ប្រសាសន៍​ថា ទំហំ​ប្រាក់​កម្ចី​ក្រោម ១.៥០០​ដុល្លារ មាន​ប្រមាណ​ជាង ១៥% សមាមាត្រ​នឹង​ទឹក​ប្រាក់​ជាង ៣៦​លាន​ដុល្លារ​អាមេរិក និង​ទំហំ​ប្រាក់​កម្ចី​ចន្លោះ​ពី ១.៥០០​ទៅ ៥​ពាន់​ដុល្លារ​មាន​ចំនួន ៥២% សមាមាត្រ​នឹង​ទឹក​ប្រាក់​ជាង ១២០​លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​២០១២។

លោក​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​ទំហំ​ប្រាក់​កម្ចី​​ក្រោម ១.៥០០​ដុល្លារ មាន​ភាគ​រយ​តិច គឺ​ដោយ​សារ​ការ​ជៀសវាង​ផ្ដល់​ប្រាក់​កម្ចី​ជាន់​គ្នា៖ «ដោយ​សារ​ប្រាក់​កម្ចី​តូច​នោះ​មាន​អ្នក​ផ្ដល់​សេវា​ច្រើន​គ្នា។ អ៊ីចឹង ដើម្បី​ជៀសវាង​កម្ចី​នោះ​វា​ជាន់​គ្នា យើង​ព្យាយាម​គោល​បំណង​របស់​យើង​ផ្ដោត​ទៅ​លើ​បន្តិច ដើម្បី​កុំ​ឲ្យ​ជាន់​ជាមួយ​អ្នក​ក្រុម​ហ្នឹង»

លោក ស៊ីម សេនាជាតិ មាន​ប្រសាសន៍​បន្ថែម​ថា ការ​ផ្ដល់​ប្រាក់​កម្ចី​ទំហំ​តូច​នេះ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​សង​ផល​ត្រឡប់​មក​វិញ ជាង​ការ​ផ្ដល់​ប្រាក់​កម្ចី​ច្រើន​ជាង ១.៥០០​ដុល្លារ​អាមេរិក។ ទំហំ​ប្រាក់​កម្ចី​កាន់​តែ​ធំ ភាគ​ច្រើន​ជា​ប្រភេទ​មុខ​របរ​ច្បាស់លាស់ ដែល​អាច​បង្កើត​ប្រាក់​ចំណូល​បាន​ពិត​ប្រាកដ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជា​នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លោក ប៊ុន មុនី មាន​ប្រសាសន៍​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ជា​ប្រភេទ​ស្ថាប័ន​ដែល​ធ្វើ​ការ​ផ្ដល់​ប្រាក់​កម្ចី​បំពេញ​បន្ថែម​គ្នា​ទៅ​វិញ​ទៅ​មក និង​ត្រង់​ទំហំ​ខុស​គ្នា។ ដោយ​លោក​បញ្ជាក់​ទៀត​ថា ស្ថាប័ន​ដែល​ផ្ដល់​ប្រាក់​កម្ចី​ទំហំ​កាន់​តែ​តូច កាន់​តែ​មាន​ហានិភ័យ​ខ្ពស់ ដោយ​សារ​តែ​ប្រភេទ​ប្រាក់​កម្ចី​តូច​នោះ​គ្មាន​វត្ថុ​បញ្ចាំ​ច្បាស់​លាស់។

លោក ប៊ុន មុនី៖ «ដោយ​សារ​ថា​ការ​ឲ្យ​ខ្ចី​នោះ​អត់​មាន​យក​វត្ថុ​បញ្ចាំ​អី​ទេ គឺ​ឲ្យ​គាត់​ធានា​គ្នា​នៅ​ក្នុង​សហគមន៍ ឬ​ជា​ក្រុម​សហគមន៍​ធានា​គ្នា​ដើម្បី​ទទួល​បាន​កម្ចី​ហ្នឹង។ ហើយ​កម្ចី​ជា​មធ្យម កាល​ពី​សម័យ​មុន គឺ​ចាប់​ផ្ដើម​ពី ២០​ដុល្លារ ឬ ៨​ម៉ឺន​រៀល​អី​ឡើង​ទៅ ប៉ុន្តែ​ឥឡូវ​នេះ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​រៀប​រយ​ភាគ​ច្រើន គឺ​ផ្ដល់ ៥០​ម៉ឺន​រៀល ដល់ ១លាន​រៀល»

លោក ប៊ុន មុនី មាន​ប្រសាសន៍​បន្ថែម​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៨ បាន​ផ្ដល់​កម្ចី​ខ្នាត​តូច​នៅ​កម្ពុជា ដែល​តំណាង​ឲ្យ ៩០% នៃ​ប្រាក់​កម្ចី​សរុប​នៅ​កម្ពុជា។

របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​បង្ហាញ​ថា គិត​ត្រឹម​ខែ​តុលា ឆ្នាំ​២០១២ នៅ​កម្ពុជា មាន​រោងចក្រ​ធំ​ប្រមាណ ៨៥០​រោងចក្រ បង្កើត​ការងារ​បាន​ជាង ៥៦​ម៉ឺន​នាក់ មូលដ្ឋាន​ឧស្សាហកម្ម​តូច និង​សិប្បកម្ម មាន​ចំនួន​ជាង ៣​ម៉ឺន ៨​ពាន់​មូលដ្ឋាន បង្កើត​ការងារ​បាន​ប្រមាណ ១សែន ៨​ម៉ឺន​នាក់ ដែល​វិស័យ​ទាំង​នេះ​ផលិត​បាន​ក្នុង​តម្លៃ ៦​ពាន់​លាន​ដុល្លារ​អាមេរិក និង​ការ​នាំ​ចេញ​មាន​ចំនួន ៤​ពាន់​លាន​ដុល្លារ។ តួលេខ​នេះ​បញ្ជាក់​ថា មូលដ្ឋាន​ឧស្សាហកម្ម​តូច និង​មធ្យម តំណាង​ឲ្យ ៩៨% នៃ​មូលដ្ឋាន​ផលិតកម្ម​សរុប ភាគ​ច្រើន​គ្រប់​គ្រង​ជា​លក្ខណៈ​គ្រួសារ​នៅ​ឡើយ និង​ផ្ដោត​សំខាន់​លើ​ការ​ផលិត​ចំណី​អាហារ។

សហគ្រាស​ខ្នាត​តូច ជា​ពិសេស​លើ​ឧស្សាហកម្ម និង​ភេសជ្ជៈ ចាត់​ទុក​ថា​ជា​វិស័យ​សំខាន់​ទី​ពីរ បន្ទាប់​ពី​វិស័យ​កាត់​ដេរ​ដែល​បាន​ចូល​រួម​ចំណែក​សំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ដែល​មាន​តម្លៃ ១ពាន់​លាន​ដុល្លារ​អាមេរិក​រៀង​រាល់​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។