សន្និសីទ​អន្តរជាតិ​ស្ដី​អំពី​ព្រះពុទ្ធ​សាសនា​នៅ​ខេត្ត​សៀមរាប

គណៈប្រតិភូ​ពី​បណ្ដា​ប្រទេស​សមាជិក​សមាគម​អាស៊ាន និង​ពី​បណ្ដា​តំបន់​អាស៊ី​​​ប្រមាណ​ជាង ១៨០​រូប បាន​មក​ដល់​ខេត្ត​សៀមរាប​ប្រទេស​ខ្មែរ​ហើយ កាលពី​ថ្ងៃ​ច័ន្ទ​ទី​២៦ ខែ​មេសា ដើម្បី​ត្រៀម​ខ្លួន​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ក្នុង​ការ​ឈាន​ទៅ​ដល់​រៀបចំ​ពិធី​​ដង្ហែ​ក្បួន​សាសនា​រួម​គ្នា​ដ៏​ធំ​មួយ​​ ដែល​ហៅ​ថា «លំអាន​អរិយធម៌» នៅ​តំបន់​អង្គរ ខេត្ត​សៀមរាប រយៈ​ពេល ៣​ថ្ងៃ​ដ៏​អធិក​អធម។
ដោយ ហង្ស សាវយុត
2010-04-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​ពលរដ្ឋ​នាំ​គ្នា​អុជ​ធូប​បន់​ស្រន់ នៅ​មុខ​ប្រាសាទ​ភិមាន​អាកាស ក្នុង​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១០។
ប្រជា​ពលរដ្ឋ​នាំ​គ្នា​អុជ​ធូប​បន់​ស្រន់ នៅ​មុខ​ប្រាសាទ​ភិមាន​អាកាស ក្នុង​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១០។
RFA/Hang Savyouth

មន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុម​រដ្ឋមន្ត្រី​ទេសចរណ៍ និង​អ្នក​ដឹក​នាំ​ផ្នែក​សាសនា នៃ​បណ្ដា​ប្រទេស​សមាជិក​សមាគម​អាស៊ាន និង​ប្រទេស​តំបន់​អាស៊ី​​ចំនួន ១៣​ប្រ​ទេ​ស ប្រមាណ​ជាង ១៨០​នាក់ បាន​មក​ដល់​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​មេសា ដើម្បី​ជួប​គ្នា​ពិភាក្សា គ្រោង​រៀបចំ​ពិធី​ដង្ហែ​ក្បួន​ព្រះ​ពុទ្ធ​សាសនា នៃ​លំអាន​អរិយ​​ចម្រុះ​ជាតិសាសន៍​ដ៏​ធំ​មួយ នៅ​ក្នុង​បរិវេណ​ប្រាសាទ​បាយ័ន ខេត្ត​សៀមរាប ដោយ​ភ្ជាប់​នឹង​ពិធី​បុណ្យ​ពិសាខ​បូជា។

លោក សូ ម៉ារ៉ា រដ្ឋលេខាធិការ​​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​មេសា​ថា គណៈប្រតិភូ​នៃ​​ប្រទេស​ហត្ថលេខី​ក្នុង​ការ​រៀបចំ​លំអាន​អរិយធម៌​ចំនួន​៥ មាន​​ឥណ្ឌូ​នេស៊ី, ឡាវ, ភូមា, ថៃ, វៀតណាម និង​ប្រទេស​ជា​ច្រើន​ទៀត​ជា​សមាជិក​សមាគម​អាស៊ាន និង​ពី​តំបន់​អាស៊ី បាន​មក​ដល់​ខេត្ត​សៀមរាប គ្រោង​នឹង​រួម​គ្នា​រៀបចំ​ក្បួន​ដង្ហែ​ពិធី​បុណ្យ​ព្រះពុទ្ធ​សាសនា​រួម​គ្នា​ដ៏​ធំ ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​អាស៊ាន។

លោក សូ ម៉ារ៉ា មាន​ប្រសាសន៍​បន្ថែម​ថា ៖ «បី​បួន​ដប់​ប្រទេស​កំពុង​តែ​មក​ជួប​ជុំ​គ្នា​នៅ​កម្ពុជា ដើម្បី​ឆ្លង​ធ្វើ​បុណ្យ​ព្រះ​ពុទ្ធ​សាសនា​ដ៏​ធំ​មួ​យ គឺ​ថ្ងៃ​ចាប់​កំណើត​នៃ​ព្រះពុទ្ធ​បរម​គ្រូ​ជា​អង្គ​ម្ចាស់។ មាន​ក្បួន​ដង្ហែ​​ធម្មយាត្រា មាន​ការ​សំដែង​សិល្បៈ​របស់​បណ្ដា​ប្រទេស ដែល​ចូល​រួម​ទាំង​អស់​ហ្នឹង ហើយ​យក​ឱកាស​នេះ យើង​ក៏​ឃោសនា​អំពី​វិស័យ​ទេសចរណ៍ ហើយ​សង្ឃឹម​ថា នេះ​គឺ​ជា​ព្រឹត្តិការណ៍​វិស័យ​ព្រះពុទ្ធ​សាសនា​ទេសចរណ៍​។ មិន​ត្រឹម​តែ​មាន​ការ​ដង្ហែ​ក្បួន​សំដែង​សិល្បៈ មាន​ការ​ធ្វើ​វេទិកា​រដ្ឋ និង​ឯកជន ពិភាក្សា​អំពី​ការ​លើក​ស្ទួយ​នៃ​តម្លៃ​វប្បធម៌​​ព្រះ​ពុទ្ធ​សាសនា មាន​សកម្មភាព​ការ​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​ហត្ថលេខី មាន​ការ​ចូល​គាល់​ព្រះ​ករុណា​ម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង មាន​ការ​ទៅ​សំដែង​ការ​គួរ​សម​អ្នក​ដឹកនាំ​រដ្ឋាភិបាល»

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា គេ​បាន​រៀបចំ​ខ្លួន​ទទួល​គណ​ប្រតិភូ និង​បណ្ដា​មហា​ជន​ក្នុង​ស្រុក ដែល​នឹង​មក​ចូល​រួម​ធ្វើ​បុណ្យ​យ៉ាង​ធំ រយៈ​ពេល ៣​ថ្ងៃ​នោះ​។

លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា ខេត្ត​បាន​រៀបចំ​នៅ​តាម​វត្ត​អារាម និង​តាម​ដង​ផ្លូវ​នានា ឲ្យ​មាន​ដាក់​ទង់​ជាតិ និង​ទង់​សាសនា ព្រម​ទាំង​សម្រួល​សណ្ដាប់​ធ្លាប់​សាធារណៈ ជា​មួយ​នឹង​ការ​រៀបចំ​តាម​ភោជនីយដ្ឋាន​នានា ឲ្យ​មាន​សេវា​ជា​កម្រិត​មួយ សម្រាប់​ទទួល​ភ្ញៀវ​ឲ្យ​បាន​ប្រសើរ។

លោក ស៊ូ ភិរិន្ទ មាន​ប្រសាសន៍​បន្ថែម ៖ «ទី​ប្រជុំ​ជន​យើង​ឲ្យ​ឃើញ​មាន​ការ​រំលេច​ឡើង​នូវ​ទង់​សាសនា ទង់​ជាតិ​យើង និង​កែ​លំអ​សោភ័ណភាព ការ​ចូល​រួម​ពី​ព្រះ​សង្ឃ ពី​គ្រហស្ថ ទាំង​សន្តិសុខ​សណ្ដាប់​ធ្នាប់​​ភោជនីយដ្ឋាន ទាំង​សេវា​​ទាំង​អី​គ្រប់​បែប​យ៉ាង​ទាំង​អស់ ជា​កម្រិត​ជាតិ​មួយ ជា​ព្រឹត្តិការណ៍​របស់​ជាតិ​មួយ​ធំ​ណាស់ គឺ​ថា​ធ្វើ​ឲ្យ​មាន​របៀប​រៀប​រយ»

មន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា គណ​ប្រតិភូ​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន ដែល​នឹង​ចូល​រួម​ការ​ដង្ហែ​ក្បួន​បុណ្យ​ព្រះ​ពុទ្ធ​សាសនា​​ពិសាខ​បូជា​នៅ​សៀមរាប នឹង​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ឧត្តុង្គ ដើម្បី​ចូល​រួម​ពិធី​បុណ្យ​ពិសាខ​បូជា​នៅ​ទី​នោះ​ទៀត ព្រម​ទាំង​ចូល​គាល់​ព្រះ​មហា​ក្សត្រ​ខ្មែរ ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្តម​សីហមុនី​ផង៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល