ការ​វិនិយោគ​បរទេស​លើ​វិស័យ​​កសិកម្ម​នៅ​កម្ពុជា

ការ​វិនិយោគ​វៀតណាម ជា​ប្រភព​​សំខាន់​​សម្រាប់​ចូល​រួម​ចំណែក​​កំណើន​សេដ្ឋកិច្ច​​កម្ពុជា និង​លើក​កម្ពស់​ជីវភាព​ប្រជាជន​ ជា​ពិសេស​គឺ​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម។ ប៉ុន្តែ​ការ​វិនិយោគ​​នេះ​ក៏​បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​​សហគមន៍​ក្រីក្រ ការ​ទន្ទ្រាន ឬ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ជា​ដើម ដែល​ជា​ក្ដី​បារម្ភ​របស់​អង្គការ​អន្តរជាតិ និង​សង្គម​ស៊ីវិល។
ដោយ អាន ស៊ីថាវ
2012.12.26
វៀតណាម កណ្ដាល ៣០៥ ២៩-តុលា-២០១២៖ ផ្ទះ​ជនជាតិ​វៀតណាម ដែល​មក​ជួល​ដី​កសិកម្ម​ពី​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល។
RFA/Den Ayuthyea

កំណើន​វិនិយោគ​វៀតណាម មាន​ការ​​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ចុង​ក្រោយ​នេះ ដែល​បាន​​សម្លឹង​ឃើញ​ឱកាស​កាន់​តែ​ច្រើន​នៅ​ក្នុង​ការ​បណ្ដាក់​ទុន​នៅ​កម្ពុជា ហើយ​​​កិច្ច​សហប្រតិបត្តិ​ការ​កាន់​តែ​រឹងមាំ​ផ្នែក​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន មាន​ប្រសាសន៍​ថា ការ​វិនិយោគ​របស់​វៀតណាម ដូច​ជា​ការ​​​បង្កើត​ក្រុមហ៊ុន​ផលិត​ជី​កសិកម្ម​​នៅ​កម្ពុជា នឹង​ផ្ដល់​ចំណេញ​យ៉ាង​ច្រើន​សម្រាប់​កាត់​បន្ថយ​​ការ​ហូរ​ចេញ​រូបិយប័ណ្ណ​ចេញ​ទៅ​ក្រៅ​ប្រទេស​លើ​ការ​ទិញ​​ជី​​មក​​បម្រើ​ឲ្យ​វិស័យ​កសិកម្ម។ ទោះ​បី​ជា​មាន​អត្ថប្រយោជន៍​ក្ដី ប៉ុន្តែ​លោក ហ៊ុន​ សែន​ ព្រមាន​ក្រុមហ៊ុន​វៀតណាម នោះ ឲ្យ​អនុវត្ត​​ស្រប​ទៅ​តាម​សេដ្ឋកិច្ច​ទីផ្សារ​សេរី។

ទោះ​ជា​យ៉ាង​ណា​ ក្រៅ​ពី​ក្រុមហ៊ុន​​ផលិត​ជី​វៀតណាម ទើប​នឹង​បង្កើត​នេះ ក៏​មាន​ក្រុមហ៊ុន​វៀតណាម ជា​ច្រើន​ទៀត​ដែល​មក​វិនិយោគ​នៅ​កម្ពុជា ជា​ពិសេស​លើ​​វិស័យ​កសិកម្ម​ និង​កសិឧស្សាហកម្ម​ ដែល​អ្នក​វិភាគ​ផ្នែក​កសិកម្ម​យល់​ថា ការ​វិនិយោគ​​របស់​វៀតណាម​ នឹង​ផ្ដល់​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​ដល់​​កសិករ និង​​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា។

ការ​អះអាង​ផ្ទុយ​គ្នា​នេះ​​ធ្វើ​ឡើង​រវាង​អ្នក​ធ្វើ​គោលនយោបាយ​​លើក​កម្ពស់​វិនិយោគ និង​ស្ថាប័ន​អន្តរជាតិ​នានា ថា​ការ​វិនិយោគ​បរទេស​​លើ​ផ្នែក​កសិកម្ម​ស្ថិត​នៅ​ភាព​មិន​ច្បាស់​​នៅ​ឡើយ។ ការ​កើន​​ឡើង​ការ​វិនិយោគ​បរទេស​លើ​ផ្នែក​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ជា​ពិសេស​​លើ​ផ្នែក​កសិឧស្សាហកម្ម ដូច​ជា​កៅស៊ូ ដំឡូងមី អំពៅ​ និង​ពោត​ជា​ដើម ដែល​បង្ហាញ​អំពី​ក្ដី​កង្វល់ ថា​ការ​វិនិយោគ​បែប​នោះ​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ជីវភាព​សហគមន៍​ បរិស្ថាន និង​សន្តិសុខ​ស្បៀង។

អ្នក​វិភាគ​​កំណែ​គម្រោង​ទម្រង់​ដី​ធ្លី និង​ដី​សម្បទាន​​សេដ្ឋកិច្ច លោក អ៊ូច ឡេង មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​ដោយ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​​ក្រុមហ៊ុន​បរទេស នឹង​ផ្ដល់​ការ​រីក​ចម្រើន​ដល់​ប្រទេស​កម្ពុជា បើ​ការ​អភិវឌ្ឍ​នោះ​អនុវត្ត​​ស្រប​ទៅ​តាម​ផែនការ​ដែល​បាន​​ស្នើ​សុំ​ ប៉ុន្តែ​​​​លោក​បញ្ជាក់​ថា ជាក់​ស្ដែង​ការ​អនុវត្ត​លើ​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​បរទេស​ទាំង​នោះ​ មិន​មាន​ប្រសិទ្ធភាព​ឡើយ។

របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​​បណ្ដុះ​បណ្ដាល​ដើម្បី​អភិវឌ្ឍ​កម្ពុជា ប្រចាំ​ឆ្នាំ​២០១២ អំពី​ការ​វិនិយោគ​បរទេស​លើ​ផ្នែក​កសិកម្ម​នៅ​ប្រទេស​កម្ពុជា បាន​បង្ហាញ​ថា ដោយសារ​តែ​ភាព​ខ្វះ​​ខាត​ឯកសារ​នៃ​ការ​អនុវត្ត​គ្រប់​គ្រាន់​របស់​គម្រោង​វិនិយោគ​បរទេស​ទាំង​នោះ​ បាន​បង្ក​ការ​លំបាក​ជា​ច្រើន​ក្នុង​ការ​សិក្សា​ពី​ការ​បង្កើត​ការងារ​ជាក់​ស្ដែង ការ​បង្កើត​ចំណូល និង​អត្ថប្រយោជន៍​ផ្សេងៗ​ដល់​ប្រទេស​កម្ពុជា។ ដូច​ច្នេះ​ការ​វិនិយោគ​ខ្នាត​ធំ​លើ​វិស័យ​កសិកម្ម​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច ប៉ះ​ពាល់​ដល់​កម្រិត​នៃ​ការ​បំផ្លាញ​ព្រៃ​ឈើ ដែល​​ជា​ប្រភព​គ្រួសារ​នៅ​ជនបទ​ពឹង​ផ្នែក​សម្រាប់​រក​ចំណូល។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​​ចាប់​ពី​ឆ្នាំ​១៩៩៥ រហូត​ដល់​បច្ចុប្បន្ន មាន​ផ្ទៃ​ដី​ចំនួន​ជាង ១​លាន​ហិកតារ ដែល​កំពុង​ដំណើរ​ការ ប៉ុន្តែ​ផ្ទៃ​ដី​ប្រមាណ ១​សែន​ហិកតារ​​​ត្រូវ​បាន​ផ្អាក និង​លុប​ចោល​វិញ​ នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា ហើយ​​ប្រទេស​ដែល​មាន​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ច្រើន​ជាង​គេ គឺ​ប្រទេស​ចិន និង​ប្រទេស​វៀតណាម សរុប​មាន​ចំនួន ២៤​គម្រោង ក្នុង​នោះ​មាន​គម្រោង​ចំនួន ៩ មិន​បាន​​រាយការណ៍។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ អ៊ូច​ ឡេង មាន​ប្រសាសន៍​ថា ដី​សម្បទាន​សេដ្ឋកិច្ច​​គួរ​តែ​ចាប់​ផ្ដល់​ដល់​ប្រជាជន​មូលដ្ឋាន​ជា​អ្នក​អភិវឌ្ឍ​វិញ​ទើប​ជា​ការ​ប្រសើរ មាន​ន័យ​ថា ការ​អភិវឌ្ឍ​នោះ​អាច​នឹង​ទទួល​ចំណូល ៥​ដង​ ជាង​​ក្រុមហ៊ុន​យក​ទៅ​អភិវឌ្ឍ​ដែល​​មាន​កម្រិត​ប្រឈម​ខ្ពស់។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ លោក​បណ្ឌិត ហង្ស ជួនណារ៉ុន បាន​អះអាង​ថា ការ​អភិវឌ្ឍ​​ត្រូវ​ចាប់​ផ្ដើម​​​ទាំង​ពីរ គឺ​ចាប់​ផ្ដើម​​លើ​ការ​​លើក​កម្ពស់​ប្រជាពលរដ្ឋ និង​​ការ​លើក​ទឹក​ចិត្ត​​​ដោយ​ក្រុមហ៊ុន​ធំៗ​​​​ក្នុង​ការ​អភិវឌ្ឍ​​​លើ​វិស័យ​នានា នៅ​ប្រទេស​កម្ពុជា។

របាយការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា បាន​បង្ហាញ​ថា គិត​​ត្រឹម​​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១២ គម្រោង​វិនិយោគ​របស់​វៀតណាម ដែល​បាន​ចុះ​បញ្ជី​សរុប​មាន​ចំនួន​ជិត ៤០០​លាន​ដុល្លារ​អាមេរិក ភាគ​ច្រើន​ផ្ដោត​លើ​វិស័យ​កសិកម្ម។ របាយការណ៍​ដដែល​​បង្ហាញ​​ថា​ ការ​វិនិយោគ​បរទេស​​ដែល​ផ្ដោត​សំខាន់​លើ​វិស័យ​កសិកម្ម​ គឺ​មាន​ប្រទេស​វៀតណាម និង​ប្រទេស​ចិន​ ដែល​មាន​ទឹក​ប្រាក់​ជិត ៦០០​លាន​ដុល្លារ​អាមេរិក នៅ​រយៈ​ពេល ១០​ឆ្នាំ​ចុង​ក្រោយ។

ទោះ​ជា​យ៉ាង​ណា​ បើ​ទោះ​ជា​មាន​ការ​​អភិវឌ្ឍ​ដោយ​ទឹក​ប្រាក់​ច្រើន​លើ​ការ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច និង​វិស័យ​កសិកម្ម​ក៏ដោយ ប៉ុន្តែ​អ្នក​​វិភាគ​ដី​ធ្លី​នៅ​កម្ពុជា លោក អ៊ូច ឡេង ​នៅ​តែ​អះអាង​ថា ក្រុមហ៊ុន​ទាំង​នោះ​តែង​តែ​សម្លឹង​ឃើញ​ផល​ប្រយោជន៍​ធម្មជាតិ ដូច​ជា​​ការ​ទន្ទ្រាន​​ព្រៃ​ឈើ ជា​​ជាង​ការ​អនុវត្ត​ស្រប​ទៅ​តាម​ផែន​ការ​ជាក់​ស្ដែង​របស់​ខ្លួន។

ការ​ស្រាវ​ជ្រាវ​ដោយ​​ទី​ភ្នាក់​ងារ​ស៊ើប​អង្កេត​បរិស្ថាន​របស់​ប្រទេស​អង់គ្លេស បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​​នៅ​អាស៊ី​ដែល​នាំ​ចេញ​ឈើ​ខុស​ច្បាប់​ទៅ​បរទេស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។