ប្រជា​ពល​រដ្ឋ​ក្នុង​សហគមន៍​ចំបក់​ធំ​បារម្ភ​នឹង​ការ​ជម្លៀស​ជាថ្មី

ប្រជា​ពល​រដ្ឋ​ចំនួន ១៥​គ្រួសារ ដែល​បាន​ជម្លៀស​ពី​កណ្ដាល​ក្រុង​ភ្នំពេញ ឲ្យ​ទៅ​រស់​នៅ​ក្នុង​សហគមន៍​ចំបក់​ធំ ភូមិ​សំ​ពណ៌​ថ្មី សង្កាត់​គោក​រកា ខណ្ឌ​ដង្កោ ជាយ​រាជ​ធានី​ភ្នំពេញ បាន​សំដែង​ក្ដី​កង្វល់ បន្ទាប់​ពី​អាជ្ញាធរ​សង្កាត់​របស់​ពួក​គេ​ចេញ​សេចក្ដី​ជូន​ដំណឹង​ឲ្យ​រុះរើ​លំនៅឋាន​ជា​ថ្មី​ទៀត។
ដោយ ខែ សុណង
2010-10-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជា​ពល​រដ្ឋ​ក្នុង​សហគមន៍​ចំបក់​ធំ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា អាជ្ញាធរ​សង្កាត់​គោក​រកា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​១ ឲ្យ​ពួក​គាត់​រុះរើ​លំនៅឋាន ដោយ​ចោទ​ប្រកាន់​ថា ពួក​គាត់​រស់​នៅ​លើ​ដី​របស់​សាលា​រាជ​ធានី​ភ្នំពេញ។

ក្រុម​ប្រជា​សហគមន៍​ចំបក់​ធំ បាន​អះអាង​ថា ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ដោះ​ដូរ​ឲ្យ​មក​រស់​នៅ​ទី​នេះ បន្ទាប់​ពី​បណ្ដេញ​ពួក​គាត់ ៤៤​គ្រួសារ ពី​ម្តុំ​ផ្លូវ​លេខ​២០២ សង្កាត់​ដេប៉ូ​១ ខណ្ឌ​ទួល​គោក កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០០៦ ដោយ​រុះរើ​លំនៅឋាន​របស់​ពួក​គាត់​ពុំ​មាន​សំណង​ទេ។

ប្រជា​ពល​រដ្ឋ​បន្ត​ថា អាជ្ញាធរ​ក្រុង​បាន​សន្យា​ប្តូរ​ដី​ឲ្យ​ពួក​គាត់​១​គ្រួសារ ទទឹង​៧​ម៉ែត្រ បណ្ដោយ​១៥​ម៉ែត្រ ក៏​ប៉ុន្តែ​ជាក់​ស្តែង​ពុំ​បាន​ចំនួន​ដូច​ការ​សន្យា​ទេ ទើប​ក្រោយ​មក​ពួក​គាត់​សុំ​គោល​ការណ៍​ពី​លោក កែប ជុតិមា អភិបាល​ក្រុង​ភ្នំពេញ ដើម្បី​សាង​សង់​ផ្ទះ​បន្ថែម​លើ​ដី​សហគមន៍​នេះ​ចំនួន​១៥​គ្រួសារ​ទៀត ចំពោះ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ដែល​មាន​កូន​ចៅ​ច្រើន តែ​ឥឡូវ​ត្រូវ​អាជ្ញាធរ​សង្កាត់​ចេញ​សេចក្ដី​ជូន​ដំណឹង​ឲ្យ​រុះរើ​វិញ ៖ «ខ្ចី​លុយ​គេ​យក​មក​ធ្វើ​ផ្ទះ ដល់​ពេល​ធ្វើ​ផ្ទះ​លើ​អា​ដី​ហ្នឹង​ហើយ ប្រជា​ពល​រដ្ឋ​ខ្លះ​រក​លុយ​រក​កាក់​ក៏​ពិបាក ពិបាក​មួយ​សព្វ​ទាំង​អស់ ផ្លូវ​ទាំង​ធ្វើ​ដំណើរ​ទៅ​រក​ស៊ី​នៅ​ភ្នំពេញ​ហ្នឹង មក​ដល់​នេះ​ទឹក​ក៏​គ្មាន ភ្លើង​ក៏​គ្មាន ភ្លើង​ឯក​ជន​ក្នុង​១​គីឡូ ៣​ពាន់។ បង​កំពុង​ខ្ចី​លុយ​គេ​ធ្វើ​ផ្ទះ​មិន​ទាន់​ចប់​ផង មុន​ដំបូង​តែ​ប៉ុន្មាន ៤០​គ្រួសារ​ទេ បំបែក​កូន​ចៅ​ដែល​យើង​សុំ កែប ជុតិមា ហើយ ដូច​អ៊ុំ​មាន​៤​គ្រួសារ កូន​ចៅ​មាន​ប្តី​ប្រពន្ធ​អ៊ីចឹង​ទៅ»

ស្ត្រី​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ឯម ហៀង សំដែង​ក្តី​អស់​សង្ឃឹម​ថា ប្រសិន​បើ​អាជ្ញាធរ​រុះរើ​ផ្ទះ​សំបែង​របស់​ពួក​គាត់​ទៀត​នោះ ពួក​គាត់​មិន​ដឹង​ជា​ទៅ​កន្លែង​ណា​ទេ អ្នក​ស្រី​សំណូមពរ​ដូច្នេះ ៖ «សូម​ឲ្យ​បញ្ចប់​សាច់​រឿង​ប៉ុណ្ណឹង​ផង ព្រោះ​រស់​រយៈ​កាល ៤​ឆ្នាំ​ជាង ប្រជា​ជន​ឡើង​ក្រ​ខ្សោះ​ខ្លួន ខ្លះ​ទៅ​ដើរ​ស៊ី​ឈ្នួល​គេ ខ្លះ​ងាប់​អស់​ប៉ុន្មាន​នាក់​ហើយ គ្រាន់​តែ​ថា​រឿង​ដី​ហ្នឹង​ឈឺ​ចិត្ត​ឡើង​ងាប់ ម្នាក់ៗ​ជំពាក់​គេ​វន្ត​ក​ទាំង​អស់។ គ្រាន់​តែ​ខ្ញុំ​ចង់​ដឹង​ដល់​ឧត្ដម កែប ជុតិមា សូម​ឲ្យ​បញ្ចប់​ត្រឹម​ហ្នឹង​ចុះ»

ចៅ​សង្កាត់​គោក​រការ លោក ភី ណុប បាន​បិទ​ទូរស័ព្ទ​មិន​ផ្ដល់​សម្ភាសន៍​ឡើយ នៅ​ពេល​ដែល​វិទ្យុ​អាស៊ី​សេរី​សាក​សួរ​បញ្ហា​នេះ។ ហើយ​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ ក៏​ពុំ​អាច​ទាក់​ទង​បាន​ដែរ​នៅ​ថ្ងៃ​ទី​២៩ តុលា។ ក៏​ប៉ុន្តែ​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​សង្កាត់​គោក​រកា ថ្ងៃ​ទី​២៨ តុលា បាន​សរសេរ​ថា ករណី​ប្រជា​ពល​រដ្ឋ ១៥​គ្រួសារ​រំលោភ​កាន់​កាប់ និង​សាង​សង់​ផ្ទះ​លើ​ដី​របស់​សាលា​រាជ​ធានី​ភ្នំពេញ ឯកភាព​ឲ្យ​សាលា​ខណ្ឌ​ដង្កោ​អនុវត្ត​ដក​ហូត​យក​ដី​ទាំង ១៥​ឡូ​នោះ​ត្រឡប់​មក​វិញ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល