សង្គម​ស៊ីវិល​គ្រោង​យក​បណ្ដឹង​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បង់​ពន្ធ​ដាក់​ជូន​សមត្ថកិច្ច

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នានា ដែល​កំពុង​ឃ្លាំ​មើល​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ក្នុង​ឆ្នាំ​២០១០​នេះ គ្រោង​យក​ពាក្យ​បណ្ដឹង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន ដាក់​ជូន​អគ្គ​នាយកដ្ឋាន​ពន្ធដារ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ដើម​ខែ​កញ្ញា​នេះ។
ដោយ ខែ សុណង
2010-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីតាំង​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ មួយ​កន្លែង នៅ​ក្នុង​រាជធានី​ភ្នំពេញ
ទីតាំង​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ មួយ​កន្លែង នៅ​ក្នុង​រាជធានី​ភ្នំពេញ
RFA/Mom Sophon

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ទទួល​ពាក្យ​ចំនួន​ជាង ៥០​ករណី ពី​ប្រជា​ពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ផ្សេង​គ្នា ដែល​បាន​រាយ​ការណ៍​ពី​ភាព​មិន​ប្រក្រតី​នានា ចំពោះ​ការ​ទារ​លុយ​ពី​ពួក​គាត់​ក្នុង​រដូវ​បង់​ពន្ធ ករណី​នេះ​គេ​នឹង​ដាក់​ជូន​ទៅ​អគ្គ​នាយកដ្ឋាន​ពន្ធដារ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​សុំ​ឲ្យ​ចាត់​វិធាន និង​ធ្វើ​ការ​ដាក់​ពិន័យ​ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​សេចក្ដី​ជូន​ដំណឹង​របស់​នាយកដ្ឋាន​ពន្ធដារ។

លោក សន ជ័យ អ្នក​សម្រប​សម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ប្រចាំ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃ​សុក្រ ទី​២៧ ខែ​សីហា ថា តាមរយៈ​យុទ្ធនាការ​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ ដោយ​ដាក់​លេខ​ទូរស័ព្ទ ដើម្បី​ផ្ញើ​សារ ឬ​ហៅ​ទូរស័ព្ទ​មក​កាន់​ក្រុម​របស់​លោក ពី​ភាព​មិន​ប្រក្រតី​នានា​ក្នុង​រដូវ​បង់​ពន្ធ​នេះ មាន​ករណី​ខ្លះ មន្ត្រី​ម្នាក់​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ចោទ​ប្រកាន់​ដល់​ទៅ ១០​ករណី​ក៏​មាន។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​នាយកដ្ឋាន​ពន្ធដារ​កាល​ពី​ថ្ងៃ​ទី​១០ សីហា បាន​បង្ហាញ​ថា អ្នក​ត្រូវ​បង់​ពន្ធ​ត្រូវ​បង់​ឲ្យ​គ្រប់​ចំនួន​ទឹក​ប្រាក់​កំណត់​ក្នុង​តារាង​ពន្ធ។ ក្នុង​ករណី​ភ្នាក់ងារ​ពន្ធដារ​ទារ​ប្រាក់​លើស​ពី​ចំនួន​ដែល​បាន​កំណត់ សូម​រាយ​ការណ៍​ពី​ឈ្មោះ និង​អត្តលេខ​របស់​ភ្នាក់ងារ​ពន្ធដារ​ទៅ​កាន់​អគ្គ​នាយកដ្ឋាន​ពន្ធដារ។

ក៏​ប៉ុន្តែ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បាន​ឆ្លើយ​តប​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ដែរ​ថា សេចក្ដី​ជូន​ដំណឹង​របស់​នាយកដ្ឋាន​ពន្ធដារ ពុំ​បាន​បញ្ជាក់​ជូន​ប្រជា​ពលរដ្ឋ​ច្បាស់លាស់ សម្រាប់​ធ្វើ​ការ​ប្ដឹងផ្ដល់​ពី​ករណី​ទារ​ពន្ធ​លើស​នោះ​ទេ។ លោក​ថា ដូច្នេះ​សេចក្ដី​ជូន​ដំណឹង​នេះ​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ។

អ្នក​ស្ដាប់​មួយ​រូប​ឈ្មោះ វណ្ណៈ ទូរស័ព្ទ​មក​ពី​ខេត្ត​កំពង់ចាម បាន​ថ្លែង​ថា លោក​មិន​សប្បាយ​ចិត្ត​សោះ ចំពោះ​មន្ត្រី​ពន្ធ​នៅ​មូលដ្ឋាន​របស់​លោក ដែល​បាន​ទារ​ប្រាក់​លើស​ពី​តម្លៃ​កំណត់​ដោយ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​នៅ​ពេល​ដែល​គាត់​ទៅ​ទិញ​សន្លឹក​ពន្ធ។

លោក វណ្ណៈ បាន​លើក​ជា​សំណួរ​មក​កាន់​វាគ្មិន​ថា តើ​ខុស​ច្បាប់​ដែរ​ឬ​ទេ​ចំពោះ​ភ្នាក់ងារ​ពន្ធដារ ដែល​បាន​ចែក​ចាយ​សន្លឹក​ពន្ធ​ទៅ​ឲ្យ​បុគ្គល​ផ្សេង ដែល​មិន​មែន​ជា​ភ្នាក់ងារ​ពន្ធដារ​យក​ទៅ​លក់​បន្ត និង​មាន​ដាក់​លក់​គ្រប់​ទី​កន្លែង​សាធារណៈ​នោះ?

ត្រង់​ចំណុច​នេះ លោក សន ជ័យ អ្នក​សម្រប​សម្រួល​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម បាន​ឆ្លើយ​តប​ដូច្នេះ ៖ «ជា​ធម្មតា នៅ​តាម​ខេត្ត​ក្រុង​នីមួយ​ៗ គេ​កំណត់​ហើយ​តំបន់​គោលដៅ​លក់​ពន្ធ។ អ៊ីចឹង​បើ​សិន​ជា​យក​ទៅ​លក់​នៅ​ការ៉ាស​សាំង ដូច​ពង​ទា ដូច​កាត​ទូរស័ព្ទ​ហ្នឹង ខ្ញុំ​យល់​ថា នេះ​ជា​ការ​ខុស​មួយ ហើយ​អ្នក​ដែល​អនុវត្ត​ក្នុង​ការ​លក់​ហ្នឹង ពេល​ខ្លះ​ឮ​ប្រជា​ពលរដ្ឋ​ប្ដឹង​មក មាន​ជា​ប៉ូលិស មាន​ជា​ស្មៀន​ឃុំ មាន​ជា​មេ​ភូមិ។ អ៊ីចឹង​ទាំង​អស់​នេះ គឺ​ជា​ទង្វើ​មួយ​កំពុង​តែ​ចាក​ឆ្ងាយ​អំពី​ខ្លឹមសារ​នៃ​សេចក្ដី​ជូន​ដំណឹង ហើយ​វា​ជា​ទង្វើ​មួយ​ខុស​ច្បាប់ ប៉ុន្តែ​អ្នក​ដែល​ខុស​ហ្នឹង ដូច​ជា​មិន​មាន​ត្រូវ​ទទួល​ពិន័យ​រដ្ឋបាល​អី​ទាល់​តែ​សោះ! អ៊ីចឹង​ហើយ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​គាត់​អស់​សង្ឃឹម​តែម្ដង!»

ក្នុង​ចំណុច​ទី​៦ នៃ​សេចក្ដី​ជូន​ដំណឹង​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​បាន​សរសេរ​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ រួម​ជាមួយ​ក្រសួង​មាន​សមត្ថកិច្ច ដើម្បី​ចាប់​ឃាត់​ជន​ទាំងឡាយ​ណា​ដែល​បាន​លួច​បន្លំ​បោះ​ពុម្ព​ធ្វើ​អាជីវកម្ម​លក់​ដូរ និង​ប្រើប្រាស់​ប័ណ្ណ​ក្លែងក្លាយ​ទាំង​នេះ។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សិក្ខាសាលា​ទាក់ទង​នឹង​បញ្ហា​អំពើ​ពុក​រលួយ ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ មាន​ប្រសាសន៍​ថា លោក​បាន​ចាត់​កម្លាំង​ក្នុង​ការ​ឃ្លាំ​មើល​ភ្នាក់ងារ​ប្រមូល​ពន្ធ​នៅ​តាម​កន្លែង​គោលដៅ​មួយ​ចំនួន ឃើញ​ថា មន្ត្រី​ពន្ធដារ​បាន​ផ្លាស់​ប្ដូរ​ឥរិយាបថ​របស់​ខ្លួន​ជាង​ឆ្នាំ​មុន​ៗ ទាក់ទង​ការ​ទារ​លុយ​ពី​ប្រជា​ពលរដ្ឋ​លើស​តម្លៃ​កំណត់​ក្នុង​សន្លឹក​ពន្ធ​នោះ។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​ស្វាគមន៍​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដីពី​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ ក្នុង​ការ​ប្រមូល​ពន្ធ​លើស​ពី​តម្លៃ​កំណត់​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់​ប្រភេទ ថ្ងៃ​ទី​១៦ ខែ​សីហា​កន្លង​ទៅ អង្គការ​សង្គម​ស៊ីវិល​បាន​ប៉ាន់​ប្រមាណ​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​បាន​ចំណាយ​ប្រាក់​ចំនួន​ប្រហែល ១​លាន​ដុល្លារ​អាមេរិក​ក្នុង ១​ឆ្នាំ​ៗ ដែល​បាន​បង់​ពន្ធ​លើ​យាន​យន្ត​លើស​តម្លៃ​កំណត់ ទៅ​ឲ្យ​មន្ត្រី​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ការ​បង់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យាន​ជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១០ បាន​ចាប់ផ្ដើម​អនុវត្ត​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១០ ហើយ​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា ឆ្នាំ​២០១០៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល