រ៉ុង​ឈុន​សុំ​ឲ្យ​ស៊ើប​អង្កេត​ករណី​កើត​មាន​ការ​ប្រឡង​ឆមាស​លើក​ទី​៣

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក អឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ នៅ​ថ្ងៃ​ទី២៨ មិថុនា ដោយ​សុំ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ករណី វិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិត​នៅ​ខែត្រ​កណ្ដាល កើត​មាន​ការ​ប្រឡង​ឆមាស​លើក​ទី​៣ ដែល​ជា​ករណី​មិន​ប្រក្រតី​មួយ។
ដោយ ទីន ហ្សាការីយ៉ា
2010-06-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន
RFA/Ayuthyea

លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ មិថុនា ថា លោក​បាន​ទទួល​លិខិត​ពី​លោក​គ្រូ អ្នក​គ្រូ សិស្សានុសិស្ស និង​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ស្អាង កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា​កន្លង​ទៅ ដោយ​ចោទ​ប្រកាន់​ថា គណៈ​គ្រប់គ្រង​វិទ្យាល័យ ហ៊ុន សែន ស្អាង បាន​រៀបចំ​ការ​ប្រឡង​ឆមាស​លើក​ទី​៣ កាល​ពី​ថ្ងៃ​ទី​២៣ មិថុនា ចំពោះ​សិស្សានុសិស្ស​ថ្នាក់​ទី​១០ និង​ថ្នាក់​ទី​១១ ជា​ច្រើន​រយ​នាក់។

លោក រ៉ុង ឈុន បាន​បន្ត​ថា ប្រជា​ពលរដ្ឋ និង​សិស្សានុសិស្ស​មួយ​ចំនួន បាន​បញ្ជាក់​ថា ការ​បង្កើត​ឲ្យ​មាន​ការ​ប្រឡង​ឆមាស​លើក​ទី​៣​នេះ តម្រូវ​ឲ្យ​សិស្ស​ម្នាក់​ៗ​បង់​ប្រាក់​ពី ៣​ពាន់ ទៅ ៤​ពាន់​រៀល។ បើ​សិន​ជា​សិស្ស​ណា​មិន​មក​ប្រឡង​ទេ គ្រាន់​តែ​បង់​ប្រាក់​ពី ១​ម៉ឺន​រៀល ទៅ ២​ម៉ឺន​រៀល​ជា​ថ្នូរ ដើម្បី​ឲ្យ​បាន​ឡើង​ថ្នាក់។

លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា ៖ «ហើយ​យើង​ឃើញ​ថា ការ​ធ្វើ​បែប​ហ្នឹង​យើង​ចង់​មាន​ការ​កែ​លម្អ និង​សុំ​ឲ្យ​ក្រសួង​ធ្វើ​ការ​ស៊ើប​អង្កេត​ទាក់ទង​ទៅ​នឹង​ករណី​ដែល​កើត​មាន»

លោក រ៉ុង ឈុន បាន​អះអាង​ទៀត​ថា ចំពោះ​ភាព​មិន​ប្រក្រតី​កើត​មាន​ពី​ការ​រៀបចំ​ប្រឡង​ឆមាស​លើក​ទី​៣ នៅ​វិទ្យាល័យ ស្អាង​នេះ ខាង​មន្ត្រី​មន្ទីរ​អប់រំ​នៅ​ខែត្រ​កណ្ដាល ក៏​បាន​ដឹង​ពី​ករណី​នេះ​ដែរ។

លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​បាន​សាកសួរ​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ហ្នឹង​ដែរ ទៅ​នឹង​មូលដ្ឋាន​នៅ​ហ្នឹង​នោះ ដូច​ជា​សិស្ស​សាលា​ផ្ទាល់ គ្រូ​អី​ហ្នឹង ហើយ​គាត់​ចេះ​តែ​ទទូច​សុំ​ឲ្យ​ខាង​សមាគម​យើង​ជួយ​អន្តរាគមន៍»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​នាយក​វិទ្យាល័យ​ស្អាង​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ មិថុនា​នេះ។

អនុ​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា ខែត្រ​កណ្ដាល លោក​ស្រី តង់ បុស្សិបា បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា មាន​ករណី​រៀបចំ​ប្រឡង​ឆមាស​លើក​ទី​៣ របស់​វិទ្យាល័យ ស្អាង នោះ ៖ «ប៉ុន្តែ​តាម​ការ​ពិត អត់​មាន​ការ​ប្រឡង​ឆមាស​លើក​ទី​៣​អី​ណា​ទេ! តាំង​ពី​ខ្ញុំ​ដឹង​មក មាន​តែ​ការ​ប្រឡង​ឆមាស​លើក​ទី​២...»

លោក រ៉ុង ឈុន បាន​លើក​ឡើង​ទៀត​ថា ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ពី ១​ឆ្នាំ​ទៅ ១​ឆ្នាំ ដោយសារ​តែ​ការ​សូកប៉ាន់​របស់​សិស្សានុសិស្ស​ក្នុង​ពេល​ប្រឡង​ម្ដង​ៗ នៅ​តាម​សាលា​មួយ​ចំនួន ដែល​បញ្ហា​នេះ​សិស្ស​ប្រមាណ ២០%​ក្នុង​ចំណោម​សិស្ស​សរុប​នៅ​ប្រទេស​កម្ពុជា មាន​គុណភាព​ល្អ​បង្គួរ​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល