អ្នក​ប្រកប​របរ​កសិកម្ម​នៅ​កម្ពុជា​ថយ​ចុះ

លទ្ធផល​ស្រាវជ្រាវ​របស់​ក្រសួង​ផែនការ​សម្រាប់​ឆ្នាំ​២០១០​នេះ បាន​អះអាង​ថា លទ្ធភាព​ផលិត​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​អាស៊ាន។
ដោយ គឹម ពៅ
2010-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជ្រូក​ដែល​កសិករ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្នុង​ខេត្ត​តាកែវ
ជ្រូក​ដែល​កសិករ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​នៅ​ក្នុង​ខេត្ត​តាកែវ
RFA/Leng, Maly

របាយការណ៍​របស់​ក្រសួង​ផែនការ​ស្ដី​អំពី​កំណើន​ប្រជាជន និង​ការងារ​សម្រាប់​ឆ្នាំ​២០១០ បាន​ឲ្យ​ដឹង​ថា ការងារ​ផ្នែក​កសិកម្ម​កំពុង​មាន​ការ​ថយ​ចុះ​ជា​លំដាប់ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ កន្លង​មក រហូត​មក​ដល់​បច្ចុប្បន្ន។

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​មួយ​របស់​ក្រសួង​ផែនការ ដែល​សហការ​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​អះអាង​ថា កាល​ពី​ឆ្នាំ​១៩៩៨ កន្លង​មក ចំនួន​បុរស​ដែល​ធ្វើ​ការងារ​ផ្នែក​កសិកម្ម​មាន​ចំនួន ៥៦,៣% ហើយ​បាន​ថយ​ចុះ​មក​នៅ​ត្រឹម ៤៩,៧% វិញ​នៅ​ឆ្នាំ​២០០៨ ចំណែក​ចំនួន​ស្ត្រី​ដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​កសិកម្ម​ដែល​មាន​ចំនួន ៦៨,៥% នៅ​ឆ្នាំ​១៩៩៨ បាន​ថយ​ចុះ​មក​នៅ​ចំនួន ៥៣,៨% នៅ​ឆ្នាំ​២០០៨ កន្លង​ទៅ​នេះ​ដែរ។

ការងារ​ផ្នែក​កសិកម្ម​បាន​ថយ​ចុះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ក្រុម​កសិករ​ជា​ច្រើន​បាន​ផ្លាស់​ប្តូរ​ទី​លំនៅ ហើយ​ងាក​ទៅ​រក​វិស័យ​ជំនួញ និង​វិស័យ​សេវាកម្ម ហើយ​ដែល​វិស័យ​ទាំង​នេះ​កំពុង​តែ​មាន​ការ​កើន​ឡើង​ជា​លំដាប់។

ប្រធាន​អង្គការ​សេដាក់ (CEDAC) លោក យ៉ង សាំងកុមារ មាន​ប្រសាសន៍​យល់​ស្រប​ថា យុវជន​សម័យ​ថ្មី​ហាក់​ដូច​ជា​មិន​សូវ​ចាប់​អារម្មណ៍​ចំពោះ​ការងារ​កសិកម្ម​ឡើយ ប៉ុន្តែ​ក្រុម​គ្រួសារ​កសិករ​ខ្លះ​ទៀត បាន​ប្ដូរ​ការងារ​របស់​ខ្លួន ដោយ​យល់​ថា ការ​រក​ចំណូល​ពី​វិស័យ​ផ្សេង​ទៀត​នោះ បាន​ច្រើន​ជាង​ការ​រក​ចំណូល​ផ្នែក​កសិកម្ម។

លោក យ៉ង សាំងកុមារ មាន​ប្រសាសន៍​បន្ត ៖ «ការ​មើល​ឃើញ​ឱកាស​ខុស​គ្នា។ អ្នក​ខ្លះ​គាត់​ឃើញ​ឱកាស​បាន​ផ្ដោត​ទៅ​លើ​ការងារ​ដាំ​ដុះ ហើយ​អ្នក​ខ្លះ​ទៀត​យល់​ថា ការងារ​រត់​ម៉ូតូ​ឌុប ឬ​ធ្វើ​ជា​កម្មករ​សំណង់​បាន​ល្អ​ជាង វា​ស៊ីសង​លើ​ការ​មើល​ឃើញ​ឱកាស​ខុស​គ្នា»

ក្រុម​កសិករ​វិញ​បាន​បញ្ជាក់​ថា ការ​លះបង់​ការងារ​កសិកម្ម​ចោល ដោយសារ​តែ​ការ​ផលិត​របស់​គាត់​មិន​បាន​ចំណេញ។

លោក ពៅ ថា ប្រធាន​សហគមន៍​កសិករ​នៅ​ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ពន្យល់​ថា កសិករ​គ្មាន​បច្ចេកទេស​គ្រប់គ្រាន់ ដូចជា ជា​ញឹកញយ​នៅ​លើ​ដំណាំ​ស្រូវ មាន​សត្វ​ល្អិត​ស៊ី មាន​កើត​រោគ​ក្រា បណ្ដាល​ឲ្យ​ស្រូវ​ងាប់​អស់ រួម​ផ្សំ​គាត់​គ្មាន​ថវិកា​ច្រើន​សម្រាប់​ការ​ផលិត ដូចជា​សម្រាប់​បូម​ទឹក សម្រាប់​បាញ់​ថ្នាំ ហើយ​នៅ​ពេល​ដែល​គាត់​ផលិត​បាន​ទៀត តម្លៃ​កសិផល​របស់​គាត់​ឡើង​ចុះ​មិន​ទៀង​ទាត់ គ្មាន​ការ​ធានា​តម្លៃ ទើប​នាំ​ឲ្យ​ពូក​គាត់​បាក់​ទឹក​ចិត្ត​សម្រាប់​ការ​ផលិត។

លោក​ថ្លែង​បញ្ជាក់​ដូច្នេះ ៖ «អា​ហ្នឹង​មក​ពី​ការ​ធ្វើ​ទៅ​ដូច​មិន​សូវ​ទទួល​បាន​ផល»

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការងារ​ផ្នែក​ជំនួញ និង​ផ្នែក​សេវាកម្ម​បាន​កើន​ឡើង​ពី ៣១% នៅ​ឆ្នាំ​១៩៩៨ មក​ដល់ ៣៤% នៅ​ឆ្នាំ​២០០៨។ ជាមួយ​គ្នា​នេះ​ដែរ ចំណាក​ស្រុក​របស់​ពលករ​ដែល​ស្វែង​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ក៏​បាន​កើន​ឡើង​ផង​ដែរ ចាប់​ពី​ឆ្នាំ​២០០៣ រហូត​មក​ដល់​ឆ្នាំ​២០១០។ ក្នុង​នោះ​មាន​ពលករ​ចំនួន​ជាង ៣​ពាន់​នាក់​ដែល​កំពុង​តែ​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ជិត ១​ម៉ឺន​នាក់ កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ជិត ២​ពាន់​នាក់​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ។

អ្នក​ជំនាញ​ផ្នែក​កសិកម្ម លោក យ៉ង សាំងកុមារ បាន​បញ្ជាក់​ថា កសិករ​ខ្មែរ​ហាក់​ដូច​ជា​មិន​ទាន់​ចាប់​ឱកាស​បាន​នៅ​ក្នុង​វិស័យ​កសិកម្ម​នៅ​ឡើយ​ទេ ដោយសារ​តែ​កត្តា​សង្គម​ជាច្រើន​បាន​រារាំង​ក្នុង​ការ​ផលិត​របស់​ពួក​គាត់។ ស្រប​ពេល​នោះ​ដែរ បន្លែ​បង្ការ ត្រី​សាច់ ត្រូវ​បាន​គេ​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​មក​ក្នុង​ប្រទេស​កម្ពុជា ជា​ច្រើន​តោន​ក្នុង​មួយ​ថ្ងៃៗ។

ការ​រក​ឃើញ​ថា កសិករ​កម្ពុជា កំពុង​បោះ​បង់​ចោល​ការងារ​កសិកម្ម​នេះ មាន​លក្ខណៈ​ផ្ទុយ​គ្នា​ជាមួយ​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល ក្នុង​ការ​ពង្រឹង​វិស័យ​កសិកម្ម​របស់​ប្រទេស និង​មាន​គម្រោង​នាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​បរទេស​ឲ្យ​បាន​យ៉ាង​តិច ១​លាន​តោន​នៅ​ឆ្នាំ​២០១៥ ខាង​មុខ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល