ក្រុមហ៊ុន​ជប៉ុន​មក​រុករក​ប្រេង​កាត​នៅ​បឹង​ទន្លេសាប

ប្រទេស​កម្ពុជា​និង​ក្រុមហ៊ុន​ជប៉ុន​មួយ​ឈ្មោះ (JOGMEC) បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ នៅ​ថ្ងៃ​អង្គារ​ទី​៤ ឧសភា​នេះ ដើម្បី​ចាប់​ផ្ដើម​រុករក​ប្រេង​កាត នៅ​ប្លុក​១៧ នៃ​បឹង​ទន្លេសាប។
ដោយ វោហារ ជាតិ
2010.05.04
ទន្លេ​សាប​៣០៥ អ្នក​នេសាទ​នៅ​​ឃុំ​កំពង់ភ្លុក ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ចែវ​ទូក​នាំ​អ្នក​ទេសចរ​បរទេស​​​កម្សាន្ត​តាម​ដៃ​ទន្លេ​សាប កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០។
RFA/Hang Savyouth

អាជ្ញាធរ​ប្រេងកាត​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ និង​កិច្ច​ព្រមព្រៀង​គោល ជា​មួយ​ក្រុមហ៊ុន​សាជីវកម្ម​ជាតិ​ប្រេងកាត ឧស្ម័ន និង​លោហធាតុ (JOGMEC) នៅ​ទី​ស្ដីការ​គណ​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា​នេះ ដើម្បី​សិក្សា និង​ស្រាវជ្រាវ​រុករក​ប្រេង​នៅ​ប្លុក​១៧​ ដែន​គោក​នៃ​ប្រទេស​កម្ពុជា​ គឺ​នៅ​ទន្លេសាប ដែល​តំបន់​សិក្សា​ស្រាវ​ជ្រាវ​នោះ​មាន​ទំហំ ៦៥០០​គីឡូ​ម៉ែត្រ​ក្រឡា។

លោក ហ៊្វូម៉ៃគី ហ៊្វូជីតា អនុ​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​សាជីវកម្ម​ជាតិ​ប្រេងកាត ឧស្ម័ន និង​លោហធាតុ​របស់​ជប៉ុន មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ពិធី​ចុះហត្ថលេខា​នោះ​ថា ក្រុមហ៊ុន​របស់​លោក​នឹង​ចាប់​ផ្ដើម​ចុះ​សិក្សា និង​ស្ទុង​ទិន្នន័យ​ប្រេង​កាត​ក្នុង​ប្លុក​១៧​ក្នុង​ពេល​ឆាប់ៗ​នេះ ក៏ប៉ុន្តែ​មិន​បាន​បញ្ជាក់​ប្រាប់​កាល​បរិច្ឆេទ​ច្បាស់លាស់​នោះ​ទេ។

លោក ហ៊្វូម៉ៃគី ហ៊្វូជីតា មាន​ប្រសាសន៍​ជា​ភាសា​ជប៉ុន ដែល​បក​ប្រែ​ជា​ភាសា​អង់​គ្លេស​ថា ៖ «យើង​ទើប​តែ​ចុះ​ហត្ថលេខា ហើយ​បំណង​របស់​យើង គឺ​ចង់​ចាប់​ផ្ដើម​ចុះ​ទៅ​ស្រាវជ្រាវ​យ៉ាង​ឆាប ដែល​អាច​ធ្វើ​ទៅ​បាន»

ក្រុម​ហ៊ុន​ជប៉ុន (JOGMEC) ដែល​មុន​នេះ​ឈ្មោះ​ថា ក្រុមហ៊ុន​សាជីវកម្ម​ប្រេង​ជាតិ​ជប៉ុន (Japan National Oil Corporation) ធ្លាប់​បាន​ធ្វើការ​សិក្សា​ម្ដង​រួច​មក​ហើយ តាម​រយៈ​ថត​ភូមិ​សាស្ត្រ​ពី​លើ​យន្ត​ហោះ និង​ការ​សិក្សា​ផ្សេងៗ​ទៀត នូវ​ធនធាន​ប្រេង​កាត​ កាល​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​១៩៩៩ ហើយ​ឃើញ​ថា មាន​សក្ដានុពល​ប្រេង​កាត​នៅ​តំបន់​នោះ។

នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ មិន​បាន​បញ្ជាក់​អំពី​ការ​បែង​ចែក​ភាគ​ហ៊ុន​ប្រាក់​ចំណេញ រវាង​ភាគី​ទាំង​ពីរ​នោះ​ទេ គ្រាន់​តែ​បញ្ជាក់​ថា ៖ «ក្នុង​ករណី​ដែល​រក​ឃើញ​រ៉ែ​ប្រេង​មាន​លក្ខណៈ​វិជ្ជមាន នោះ​ក្រុមហ៊ុន​ជប៉ុន​នឹង​មាន​សិទ្ធិ​ផ្ដាច់​មុខ​រយៈ​ពេល​មួយ​ឆ្នាំ ក្នុង​ការ​ចរចា​ជាមួយ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​ ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​ប្រេង​កាត​ក្នុង​គោល​ដៅ​បន្ត​សកម្មភាព​ស្វែង​រុករក​ផ្សេង​ទៀត»

លោក សុខ អាន ដែល​បាន​ថ្លែង​អបអរ​នៅ​ក្នុង​ពិធី​នោះ​រំពឹង​ លទ្ធផល​ល្អ​នៃ​ការ​ស្រាវជ្រាវ​រក​ប្រេង​កាត​នៅ​បឹង​ទន្លេសាប​នេះ នឹង​អាច​ជួយ​ជំរុញ​ឲ្យ​សេដ្ឋ​កិច្ច​កម្ពុជា​លូត​លាស់​ខ្លាំង​បន្ថែម​ទៀត ព្រម​ទាំង​ផ្ដល់​ចំណេះ​ដឹង​បច្ចេកវិជ្ជា​ទំនើប​ៗ​ដល់​បុគ្គលិក​ខ្មែរ​ផង។

ក៏ប៉ុន្តែ អ្នក​ជំនាញ​បរិស្ថាន​ព្រួយ​ខ្លាច​ក្រែង​គម្រោង​នេះ មិន​ត្រឹម​តែ​មិន​បាន​ប្រយោជន៍​អ្វី​ទេ បែរ​ជា​បំផ្លាញ​បរិស្ថាន​បរិស្ថាន​ទន្លេសាប​ទៅវិញ។

លោក ឱម សារ៉ាត់ មន្ត្រី​គម្រោង​នៃ​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​នៅ​កម្ពុជា​ថ្លែង​ថា ៖ «ខ្ញុំ​គិត​ថា​រដ្ឋាភិបាល​លោក​កំពុង​តែ​អភិវឌ្ឍន៍​ហើយ ប៉ុន្តែ​ក្នុង​នាម​យើង​ជា​ប្រជា​ពលរដ្ឋ យើង​ទាម​ទារ​ឲ្យ​មាន​ការ​សិក្សា​ការ​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​ខាង​បរិស្ថាន​នឹង​ឲ្យ​បាន​ល្អិត​ល្អន់ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ការ​អភិវឌ្ឍ»

លោក ឱម សារ៉ាត់ បន្ត​ថា ប្រទេស​កម្ពុជា​ទទួល​​បាន​ប្រាក់​ចំណូល​ខាង​ផ្នែក​នាំ​ចេញ​ផល​នេសាទ​បាន​​ចំនួន​ពី​២០០​ទៅ​៤០០​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ប្រាក់​ចំណូល​នេះ​បើ​​សិន​​ជា​​បរិស្ថាន​​បឹង​​ទន្លេសាប​ខូច​ខាត។

ឯកសារ​នៃ​គម្រោង​សិក្សា​នេះ​បង្ហាញ​ថា ការ​សិក្សា​ទិន្នន័យ​រ៉ែ​ប្រេង​កាត​នៅ​បឹង​ទន្លេសាប​នេះ មាន​ទំហំ​ ៦៥០០​គីឡូ​ម៉ែត្រ​ក្រឡា៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។