អ្នក​កាសែត​គ្រោង​ជួប​ជុំ​គ្នា​ក្នុង​ទិវា​សេរីភាព​សារព័ត៌មាន ៣ ឧសភា

អ្នក​ជំនាញ​ការងារ​កាសែត និង​អ្នក​កាសែត​មួយ​ចំនួន​បាន​ថ្លែង​នៅ​ថ្ងៃ​២៩ មេសា ថា ក្នុង​ឱកាស​ទិវា​សេរីភាព​សារព័ត៌មាន ថ្ងៃ​ទី​៣ ឧសភា​ខាង​មុខ អ្នក​កាសែត​កម្ពុជា​នឹង​​រៀបចំ​ការ​ជួប​ជុំ​អ្នក​កាសែត​មួយ ដើម្បី​វាយ​តម្លៃ​ការងារ​កាសែត​ក្នុង​ឆ្នាំ​កន្លង​មក និង​លើក​ឡើង​ពី​ការ​លំបាក​នានា​ដែល​អ្នក​កាសែត​នៅ​កម្ពុជា​ជួប​ប្រទះ។
ដោយ កែវ និមល
2010-04-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

លោក សុខ សុវណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​អ្នក​កាសែត​កម្ពុជា ដែល​ជា​ស្ថាប័ន​មួយ​មាន​សមាគម​កាសែត​ចំនួន ១៥ ជា​សមាជិក បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ឱកាស​មួយ​ដែល​អ្នក​កាសែត​កម្ពុជា​អាច​ជួប​ជុំ​គ្នា ដើម្បី​រំឭក​ដល់​អ្នក​កាសែត​ជាតិ និង​អន្តរជាតិ ដែល​បាន​បាត់​បង់​ជីវិត ត្រូវ​ចាប់​ខ្លួន ឬ​ជាប់​គុក ដោយសារ​បុព្វហេតុ​បំពេញ​វិជ្ជាជីវៈ​កាសែត។

លោក សុខ សុវណ្ណ បាន​បញ្ជាក់​ថា ៖ «ក្រុម​ប្រឹក្សា​យើង​នៅ​ពេល​ហ្នឹង ដោយសារ​យើង​រៀបចំ​នៅ​ថ្ងៃ​៣ យើង​សម្ពោធ ហើយ​និង​មាន​ការ​រៀបចំ​អបអរ​សាទរ​នូវ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក។ គោល​បំណង​ក្រុម​ប្រឹក្សា​យើង យើង​នឹង​លើក​ឡើង​អំពី មាន​ការ​សោកស្ដាយ​ពី​ការ​សម្លាប់​អ្នក​កាសែត​នៅ​ប្រទេស​ថៃ ជនជាតិ​ជប៉ុន​ហ្នឹង ហើយ​និង​យើង​អបអរ​នូវ​ការ​បង្កើត​ស្តូប​អនុស្សាវរីយ៍​សម្រាប់​អ្នក​កាសែត​ជើង​ចាស់»

លោក ខៀវ ភិរម្យ អនុ​ប្រធាន​សមាគម​កម្ពុជា​ការពារ​អ្នក​កាសែត បាន​មាន​ប្រសាសន៍​ថា ការ​ជួប​ជុំ​របស់​អ្នក​កាសែត​ជា​រៀងរាល់​ឆ្នាំ នៅ​ថ្ងៃ​ទី​៣ ឧសភា​នេះ ជា​ឱកាស​ពង្រឹង​សាមគ្គីភាព​របស់​អ្នក​កាសែត និង​រំឭក​ដល់​សាធារណ​ជន​ទូទៅ ឲ្យ​បាន​ដឹង​ថា ការ​ផ្សាយ​ព័ត៌មាន​ដែល​កើត​មាន​ឡើង​ជា​រៀងរាល់​ថ្ងៃ​នេះ បាន​កើត​មាន​ឡើង​ដោយសារ​ការ​ប្រឹងប្រែង​បំពេញ​ការងារ​របស់​អ្នក​កាសែត ដែល​បាន​ពុះ​ពារ​ការ​លំបាក​នានា​ដើម្បី​ប្រមូល​ព័ត៌មាន។

លោក ខៀវ ភិរម្យ បាន​មាន​ប្រសាសន៍​ថា ៖ «សម្រាប់​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ថ្ងៃ​៣​នេះ យើង​ឃើញ​ថា សមាគម​អ្នក​កាសែត​នៅ​កម្ពុជា​ហាក់​ដូច​ជា​មាន​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​បាន​រៀបចំ​ពិធី​នេះ»

លោក មឿន ឈានណារិទ្ធ ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ខាង​សារព័ត៌មាន ដែល​បាន​តាមដាន​ការ​វិវត្តន៍​នានា​របស់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា និង​ធ្លាប់​បាន​បើក​វគ្គ​ហ្វឹកហ្វឺន​បណ្ដុះ​បណ្ដាល​អ្នក​កាសែត​បាន​ជា​ច្រើន​វគ្គ បាន​មាន​ប្រសាសន៍​ថា លោក​កត់​សម្គាល់​ឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩​កន្លង​មក​នេះ គឺ​មាន​ការ​ធ្លាក់​ចុះ​ជាង​មុន ធៀប​ជាមួយ​នឹង​ឆ្នាំ​២០០៨។

លោក មឿន ឈានណារិទ្ធ បាន​អះអាង​ថា ៖ «បើ​តាម​ខ្ញុំ​ពិនិត្យ​ទៅ គឺ​ក្នុង​ឆ្នាំ​២០០៩ ខ្ញុំ​ឃើញ​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ហាក់​ដូច​ជា​ធ្លាក់​ជាង​ឆ្នាំ​កន្លង​ទៅ។ យើង​ឃើញ​ថា មាន​ការ​ចាប់​អ្នក​កាសែត​បន្ត​បន្ទាប់ ហើយ​អ្នក​កាសែត​មួយ​ចំនួន​ត្រូវ​គេ​គំរាម​កំហែង​ពេល​ទៅ​យក​ព័ត៌មាន...»

របាយការណ៍​របស់​អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ អង្គការ​ឃ្លាំ​មើល​អ្នក​កាសែត​គ្មាន​ព្រំដែន (Reporter Without Border) ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០​កន្លង​ទៅ បាន​វាយ​តម្លៃ​ថា សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​នៅតែ​មាន​ភាព​លំបាក​នៅ​ឡើយ ដោយសារ​មាន​អ្នក​កាសែត​ជា​ច្រើន​នាក់​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ និង​មួយ​ចំនួន​ទៀត​នៅ​ជាប់​ឃុំ​នៅ​ឡើយ។

លោក ផៃ ស៊ីផាន មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ការ​វាយ​តម្លៃ​ថា សេរីភាព​សារព័ត៌មាន​មាន​ការ​ធ្លាក់​ចុះ​នោះ​មក​ពី​គេ​មើល​ទៅ​លើ​បរិមាណ តែ​បើ​និយាយ​អំពី​គុណភាព​វិញ តាម​ពិត​គឺ​មាន​ការ​ល្អ​ជាង​មុន និង​កំពុង​ដើរ​តាម​គន្លង​ប្រទេស​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​បើក​ចំហ។

ក្រសួង​ព័ត៌មាន​ប្រទេស​កម្ពុជា​បាន​ផ្សាយ​នៅ​ក្នុង​របាយការណ៍​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​២០០៩​របស់​ខ្លួន​ថា នៅ​ប្រទេស​កម្ពុជា​មាន​កាសែត​ជាតិ​បោះពុម្ព​ចំនួន ៣៨៥, ព្រឹត្តិបត្រ​ចំនួន ៥០, ទស្សនាវដ្ដី​ជាតិ​ចំនួន ១៧២, សមាគម​អ្នក​កាសែត​មាន​ចំនួន ២១​អង្គភាព និង​មាន​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ជា​ច្រើន​ទៀត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល