ក្រសួងយុត្តិធម៌សរសេរលិខិតក្រើនរំឭកអំពីក្រមសីលធម៌ចៅក្រម

ក្នុងលិខិតដដែលនេះក៏បានបញ្ជាក់ដែរថា កន្លងមកក្រសួងយុត្តិធម៌បានទទួលពាក្យបណ្ដឹងពីសាធារណជន ដែលមានតម្រូវការផ្នែកសេវាយុត្តិធម៌នៅតាមសាលាជម្រះក្ដីនាៗ ហើយមានការមិនពេញចិត្តចំពោះបុគ្គលមួយចំនួន ដែលទទួលបន្ទុកជាអ្នករកយុត្តិធម៌ជូនកូនក្ដី។
លិខិតចេញដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នេះ បានបន្ថែមទៀតថា សព្វថ្ងៃចៅក្រមអាសនៈ និងចៅក្រមអយ្យការមួយចំនួន បានប្រគល់ភារកិច្ចឲ្យក្រឡាបញ្ជីជាអ្នកធ្វើការស៊ើបសួរជំនួស ដោយគ្មានវត្តមានចៅក្រម ឬព្រះរាជអាជ្ញានៅពេលសួរ និងធ្វើកំណត់ហេតុនោះទេ។ នៅពេលសវនាការចៅក្រមអាសនៈ និងចៅក្រមអយ្យការមួយចំនួន បានយកពេលវេលាសំខាន់នេះអានសារព័ត៌មានផ្សេងៗ ក្នុងខណៈនីតិវិធីតុលាការកំពុងដំណើរការ។
លិខិតព្រមាននេះបានបន្តទៀតថា ចំណុចអវិជ្ជមានទាំងប៉ុន្មានខាងលើនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតមកលើជំនឿទុកចិត្តក្នុងការបម្រើ និងផ្ដល់សេវាយុត្តិធម៌ដល់សាធារណជន។
ភ្ជាប់ជាមួយលិខិតនេះដែរ ក្រសួងក៏បានចេញលិខិតមួយទៀតទៅកាន់មន្ត្រីក្រឡាបញ្ជី និងមន្ត្រីរាជការនៃតុលាការអយ្យការគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការក្រសួងយុត្តិធម៌ទាំងអស់ មិនអនុញ្ញាតឲ្យក្រឡាបញ្ជីធ្វើការជំនួសចៅក្រម ឬព្រះរាជអាជ្ញាឡើយ។ ក្រសួងយុត្តិធម៌នឹងចាត់វិធានការដាក់ពិន័យចំពោះលោក លោកស្រី មន្ត្រីរាជការក្រឡាបញ្ជីណាដែលប្រព្រឹត្តអំពើមិនគប្បីប៉ះពាល់ដល់វិស័យយុត្តិធម៌៕