មាន​ករណី​យក​លុយ​ធ្វើ​បញ្ជី​គ្រួសារ​នៅ​កំពង់ចាម

ប្រជា​ពល​រដ្ឋ​នៅ​ឃុំ​ក្រែក ខេត្ត​កំពង់ចាម បាន​តវ៉ា​ថា​មាន​ការ​តម្រូវ​ឲ្យ​បង់​ប្រាក់​ក្នុង​ការ​ធ្វើ​បញ្ជី​គ្រួសារ​ ថ្មី​លើស​ការ​កំណត់។
ដោយ ឱ ភារិទ្ធ
2010.08.20

ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ជីពាំង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម បាន​ផ្ដល់​សម្ភាសន៍​នៅ​ព្រឹក ថ្ងៃ​ទី​២០ សីហា​ថា ពួក​គាត់​បាន​ខំ​ស្វះ​ស្វែង​រក​ខ្ចី​ប្រាក់​គេ និង​ខំ​បិច​បោច​ប្រមូល​ប្រាក់​សន្សំ ដើម្បី​យក​ទៅ​ឲ្យ​មន្ត្រី​សមត្ថកិច្ច​ចុះ​ធ្វើ​ប័ណ្ណ​គ្រួសារ​ថ្មី។

អ្នក​ស្រី ខា ស៊ីណា មាន​មុខ​របរ​ចាក់​នំ​លក់ ប្តី​ទៅ​ធ្វើ​កម្មករ​នៅ​ប្រទេស​ថៃ បាន​ផ្ដល់​សម្ភាសន៍​ថា ការ​តម្រូវ​ឲ្យ​បង់​ប្រាក់​ថ្លៃ​ធ្វើ​បញ្ជី​គ្រួសារ​ថ្មី​មាន​តម្លៃ​ខ្ពស់​ហួស​ពី​សមត្ថភាព​នៃ​ការ​រក​ចំណូល​របស់​អ្នក​ស្រី​ប្រចាំ​ថ្ងៃ។

អ្នក​ស្រី កែវ ជា​កសិករ​ស៊ី​ឈ្នួល​ជម្រះ​ចម្ការ ឬ​ស្ទូង​ស្រូវ​ឲ្យ​គេ​មួយ​ថ្ងៃ​រក​ចំណូល​បាន​តែ​១.២០០៛ ប៉ុណ្ណោះ ហើយ​ពេល​គេ​តម្រូវ​ឲ្យ​បង់​ប្រាក់ ២៥.០០០៛ ក្នុង​ការ​ធ្វើ​បញ្ជី​គ្រួសារ​បែប​នេះ អ្នក​ស្រី​ក៏​ត្រូវ​បង្ខំ​ចិត្ត​ទៅ​ខ្ចី​ម្ចាស់​ចម្ការ​យក​មក​ធ្វើ ហើយ​ចាំ​កាត់​មួយ​ថ្ងៃ​បន្តិច​សង​វិញ។

ទោះ​ជា​ការ​តម្រូវ​នោះ ហួស​ពី​សមត្ថភាព​រក​ចំណូល​បែប​ណា​ក្តី ក៏​ជន​ក្រីក្រ​ទាំង​នោះ​ខិត​ខំ​រក​ប្រាក់​បង់​ឲ្យ​បាន​គ្រប់​ដែរ ដោយ​យល់​ថា​សៀវ​ភៅ​គ្រួសារ​មាន​សារ​សំខាន់​ក្នុង​ការ​បញ្ជាក់​ទី​លំនៅ ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​សំបុត្រ​កំណើត​សម្រាប់​កូន​ចូល​រៀន​ទៅ​ថ្ងៃ​ក្រោយ។

ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រែក ដែល​ចុះ​ធ្វើ​ប័ណ្ណ​គ្រួសារ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​សារភាព​ថា មាន​ការ​តម្រូវ​ឲ្យ​បង់​ប្រាក់​មែន តែ​មិន​បង្ខំ​នោះ​ទេ។

មន្ត្រី​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ចុះ​ពង្រឹង​ផ្នែក​អភិបាល​កិច្ច​ល្អ គឺ​លោក ប៊ុន រិទ្ធី បាន​បញ្ជាក់​ថា ពុំ​មាន​ច្បាប់​ណា​មួយ​ចែង​ថា តម្រូវ​ឲ្យ​បង់​ប្រាក់​ក្នុង​ការ​ធ្វើ​ប័ណ្ណ​គ្រួសារ​ឡើយ​ចាប់​ពី​ពេល​យុទ្ធនាការ​ឆ្នាំ​២០០២ ដល់​ខែ​សីហា ឆ្នាំ​២០០៥ តែ​ចាប់​ពី​ឆ្នាំ២០០៥ មក មាន​ដាក់​ការ​ពិន័យ​ដល់​ប្រជា​ពល​រដ្ឋ​ណា​ដែល​ខក​ខាន​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការ​ចុះ​រាល់​បញ្ជី​អត្រានុកូលដ្ឋាន តែ​មិន​បាន​កំណត់​ថា​ត្រូវ​បង់​ប៉ុន្មាន​ឡើយ។

អ្នក​ស្រី ទូច ស៊ី​ឈ្នួល​ជម្រះ​ចម្ការ​ឲ្យ​ដឹង​ថា ទាំង​ខ្លួន​អ្នក​ស្រី​មិន​ដែល​មាន​ប័ណ្ណ​គ្រួសារ​ទេ ហើយ​កូន​ទាំង​៦​នាក់ មិន​ដែល​ស្គាល់​សាលា​ដែរ ដោយ​គ្មាន​ប្រាក់​បង់​ថ្លៃ​ធ្វើ​សំបុត្រ​កំណើត​ឲ្យ​កូន សម្រាប់​កូន​ចុះ​ឈ្មោះ​ចូល​រៀន ហើយ​គេ​ក៏​ពុំ​ដែល​រវល់​ធ្វើ​ឲ្យ​ដែរ។

លោក នាង សាវ៉ាត មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​បាន​សុំ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​នោះ និង​សម្រួល​ប័ណ្ណ​គ្រួសារ​ដល់​ប្រជា​ពល​រដ្ឋ​គ្រប់​រូប ដើម្បី​កុំ​ឲ្យ​ស្ទះ​ដល់​ដំណើរ​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។