អាជីវកម្ម​រក​រ៉ែ​មាស​កំពុង​បំផ្លាញ​ដំណាំ​ស្រូវ​នៅ​កំពង់ចាម

កសិករ​នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ត្អូញត្អែរ​ថា​សន្ទូង​គាត់​ប្រហែល​៣០​ហិកតារ​ត្រូវ​ខូច​ខាត ដោយ​សារ​មាន​ក្រុម​អាជីវកម្ម​រក​រ៉ែ​មាស​មួយ​នៅ​ក្បែរ​នោះ បង្ហូរ​កាក​សំណល់​គីមី​ចូល​ក្នុង​ស្រែ​គាត់។
ដោយ ឱ ភារិទ្ធ
2010-08-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ដំណាំ​ស្រូវ​ដែល​រង​ការ​ខូច​ខាត​ដោយសារ​អាជីវកម្ម​រក​រ៉ែ​មាស​នៅ​កំពង់ចាម
ដំណាំ​ស្រូវ​ដែល​រង​ការ​ខូច​ខាត​ដោយសារ​អាជីវកម្ម​រក​រ៉ែ​មាស​នៅ​កំពង់ចាម
RFA/Or Phearith

ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​សំពៅ​លូន ឃុំ​ជាំ​តា​ម៉ៅ ស្រុក​មេមត់ ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ សីហា​ថា សន្ទូង​ប្រមាណ​ជាង ៣០​ហិកតារ​កំពុង​ខូច​ខាត​ដោយ​សារ​តែ​សារជាតិ​គីមី​ដែល​គេ​បង្ហូរ​កាក​សំណល់​ចេញ​ពី​កន្លែង​រក​មាស​របស់​ឯក​ជន​មួយ នៅ​តំបន់​នោះ ចូល​ក្នុង​ស្រែ​ពួក​គាត់។

លោក ហ៊ុល ឡាវី តំណាង​សហគមន៍​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​សំពៅ​លូន​បាន​អះ​អាង​ថា មាន​អាជីវកម្ម​រ៉ែ​មាស​មួយ​កំពុង​បង្ហូរ​កាក​សំណល់​ចូល​ដី​ស្រែ​ប្រជា​ពល​រដ្ឋ បណ្ដាល​ឲ្យ​ខូច​ស្រូវ​អស់​ប្រមាណ​ជាង​៣០​ហិកតារ​ជា​រៀង​រាល់​ឆ្នាំ តែ​ពុំ​ដែល​មាន​អាជ្ញាធរ​ណា​មួយ​ចុះ​សិក្សា​ពី​ផល​ប៉ះ​ពាល់​នេះ​ឡើយ។

លោក សារិន កសិករ​នៅ​ភូមិ​សំពៅ​លូន បាន​លើក​ឡើង​ថា ដី​កាក​សំណល់​ពី​ចម្រាញ់​រ៉ែ​អាច​ធ្វើ​ឲ្យ​អូរ​ហូរ​ចូល​ស្រែ និង​ឆាប់​រាក់ ហើយ​កាន់​តែ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​របរ​ធ្វើ​ស្រែ និង​សុខភាព​គោ​ក្របី​កាន់​តែ​ខ្លាំង។

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​មេមត់ គឺ​លោក គង់ សំអាង ដែល​បាន​ចុះ​ពិនិត្យ​ហេតុ​ការណ៍​ផ្ទាល់ បាន​បញ្ជាក់​ថា សិប្បកម្ម​រក​រ៉ែ​នោះ ពុំ​មាន​លិខិត​អនុញ្ញាត​ពី​អាជ្ញាធរ​ថ្នាក់​ណា​ឡើយ ហើយ​ថា​លោក​ស្គាល់​ម្ចាស់​អាជីវកម្ម​នោះ​ច្បាស់ ដោយ​លោក​អះ​អាង​ថា​នឹង​យក​បញ្ហា​នេះ​ដាក់​ក្នុង​កម្មវិធី​ប្រជុំ​ក្រុម​ប្រឹក្សា​ស្រុក។ វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់​ទង​ម្ចាស់​អាជីវកម្ម​រក​រ៉ែ​មាស​នោះ​ដើម្បី​សុំ​ការ​បំភ្លឺ​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៧ សីហា។ ក៏​ប៉ុន្តែ​លោក ហ៊ុន ណេង អភិបាល​ខេត្ត​កំពង់ចាម​បាន​បញ្ជាក់​ថា អាជីវកម្ម​រក​រ៉ែ​មាស​នេះ ជា​ក្រុម​អនាធិបតេយ្យ
គ្មាន​ច្បាប់​ទម្លាប់​ទេ។ ក្នុង​ពេល​នេះ លោក​អភិបាល​ខេត្ត​បាន​ផ្ដល់​មតិ​ជូន​ប្រជា​ពល​រដ្ឋ​នៅ​ទី​នោះ​ថា សុំ​ឲ្យ​ពួក​គាត់​ធ្វើ​ពាក្យ និង​ផ្ដិត​មេ​ដៃ រួច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លោក​ផ្ទាល់​តែ​ម្ដង បើ​មូលដ្ឋាន​គេ​មិន​ដោះ​ស្រាយ​ឲ្យ។

ដោយ​ឡែក​នៅ​ភូមិ​សំពៅ​លូន ឃុំ​ជាំ​តា​ម៉ៅ មាន​ក្រុមហ៊ុន​រុក​រក​រ៉ែ​មួយ​ទៀត បាន​ធ្វើ​ការ​សិក្សា​អំពី​រ៉ែ​មាស ហើយ​បាន​ធ្វើ​អាជីវកម្ម​នៅ​ទី​នោះ​ដែរ​ដោយ​ស្រប​ច្បាប់ គឺ​ក្រុមហ៊ុន​ស៊ី​ណូ​សាន់ (CNOSAN)។ ប្រជា​ពល​រដ្ឋ​នៅ​ទី​នោះ​បញ្ជាក់​ថា ក្រុមហ៊ុន​ស៊ី​ណូ​សាន់​នេះ មិន​មាន​បង្ហូរ​ជាតិ​គីមី​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដី​ស្រែ​ប្រជា​ពល​រដ្ឋ​ឡើយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល