អ្នកភូមិ​នៅ​ខេត្ត​កំពង់ឆ្នាំង ស្នើ​សុំ​បង្ក​បង្កើន​ផល​លើ​ដី​ទំនាស់

ទំនាស់​ដី​មួយ​កន្លែង​នៅ​ភូមិ​ឡពាង ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​អូស​បន្លាយ​ពេល​ជា​យូរ ដោយ​មិន​មាន​ដំណោះ​ស្រាយ​សមរម្យ។ នៅ​ក្នុង​ពេល​ទំនាស់​ដី​នោះ​កំពុង​បន្ត​ដោះ​ស្រាយ អាជ្ញាធរ​បាន​ហាម​ឃាត់​ប្រជា​ពលរដ្ឋ​បង្ក​បង្កើន​ផល​លើ​ដី​ទំនាស់។
ដោយ មណ្ឌល កែវ
2010-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និម្មិត​រួប​នៃ​ខេត្ត​កំពង់​ឆ្នាំង។
និម្មិត​រួប​នៃ​ខេត្ត​កំពង់​ឆ្នាំង។
RFA/មណ្ឌល កែវ

ប្រជា​ពលរដ្ឋ​ភូមិ​ឡពាង ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា បាន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​កាន់​សាលា​ខេត្ត​កំពង់ឆ្នាំង ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ជួយ​អន្តរាគមន៍​ឲ្យ​ពួក​គាត់​បាន​បង្ក​បង្កើន​ផល​លើ​ដី​ទំនាស់​នៅ​ភូមិ​ឡពាង ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង​ជា​បណ្ដោះ​អាសន្ន។

តំណាង​ប្រជា​ពលរដ្ឋ​ដែល​មក​ធ្វើ​ការ​ស្នើ​សុំ​គឺ លោក ផេង រ៉ុម បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា យោង​តាម​ផ្លូវ​ច្បាប់ ដី​ដែល​កំពុង​មាន​ទំនាស់ ភាគី​ទាំង​សង្ខាង​មិន​អាច​ធ្វើ​ការ​ប្រើ​ប្រាស់ ឬ​បង្ក​បង្កើន​ផល​បាន​ឡើយ។ តែ​ដោយ​ប្រជា​ពលរដ្ឋ​ភូមិ​ឡពាង មាន​ការ​ខ្វះ​ខាត​ក្នុង​ជីវភាព​យ៉ាង​ខ្លាំង ទើប​ពួក​គាត់​សម្រេច​ចិត្ត​នាំ​គ្នា​មក​សំពះ​អង្វរ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍ ឲ្យ​ពួក​គាត់​បាន​ធ្វើ​ស្រែ​លើ​ដី​នោះ​ជា​បណ្ដោះ​អាសន្ន ទម្រាំ​មាន​ដំណោះ​ស្រាយ បើ​មិន​ដូច្នោះ​ទេ ពួក​គាត់​មុខ​ជា​ដាច់​បាយ​ជា​មិន​ខាន។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ខ្ញុំ​ចង់​សំណូមពរ​ថា ឲ្យ​ឯក​ឧត្ដម​អភិបាល​ខេត្ត​ហ្នឹង ដើម្បី​មេត្តា​អាណិត​អាសូរ​ដល់​ប្រជា​ពលរដ្ឋ។ ព្រោះ​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​អត់​បាយ​អត់​អី​រយៈ​ពេល​ពីរ​បី​ឆ្នាំ​នេះ ដោយសារ​ក្រុមហ៊ុន​អាក់​ខាន​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​លើ​ដី​នោះ។ ហើយ​សព្វ​ថ្ងៃ ប្រជា​ពលរដ្ឋ​អត់​បាយ​នោះ គឺ​ថា​ចង់​ឲ្យ​លោក​ផ្ដល់​ដី​ដែល​ទំនាស់​ដែល​ក្រុមហ៊ុន​មិន​ទាន់​ធ្វើ​អី​ផង​នោះ ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ស្រែ​លើ​ដី​នោះ ជា​បណ្ដោះ​អាសន្ន នា​រដូវ​ខាង​មុខ...»

ស្ត្រី​ឈ្មោះ ស៊ុំ ថុន មាន​ប្រសាសន៍​ថា ៖ «សុំ​ដី​គាត់​ធ្វើ ព្រោះ​ពួក​ខ្ញុំ​ខាន​ធ្វើ​ប៉ុន្មាន​ឆ្នាំ​ហើយ។ អ្នក​ខ្លះ​អត់​បាយ​អត់​អី​ហូប។ អ្នក​មក​នេះ ខ្លះ​អត់​បាយ​ហូប ចេះ​តែ​ចែក​គ្នា​ហូប​ទៅ...»

បុរស​ឈ្មោះ ឌុច ដារា មាន​ប្រសាសន៍​ថា ៖ «ក្រុមហ៊ុន​ចូល​ព័ទ្ធ​យក​ដី​របស់​ខ្ញុំ ដែល​ខ្ញុំ​អត់​បាន​លក់​សោះ។ ហើយ​ខ្ញុំ​សុំ​ថា ធ្វើ​ស្រែ​បណ្ដោះ​អាសន្ន។ ហើយ​បើ​អត់​បាន​ធ្វើ​ទេ ឆ្នាំ​នេះ​ពួក​ខ្ញុំ​អត់​ស្រូវ​ហូប អត់​បាយ​ហូប​ហើយ...»

ទំនាស់​ដី​ធ្លី​រវាង​ប្រជា​ពលរដ្ឋ​ភូមិ​ឡពាង ជា​មួយ​ក្រុមហ៊ុន KDC ដែល​មាន​លោក​ស្រី ជា ខេង ភរិយា​លោក​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ជា​ប្រធាន បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​កន្លង​មក​ហើយ។ ប្រជា​ពលរដ្ឋ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន KDC បាន​រំលោភ​យក​ដី​របស់​ពួក​គាត់។ តែ​លោក​ស្រី ជា ខេង ប្រធាន​ក្រុមហ៊ុន KDC បាន​បដិសេធ និង​បាន​បង្ហាញ​ពី​ភស្តុតាង​ថា លោក​ស្រី​បាន​ទិញ​បន្ត​ពី​គេ ដោយ​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹម​ត្រូវ។

ក្នុង​ការ​ធ្វើ​ដំណើរ​មក​កាន់​សាលា​ខេត្ត​នេះ ប្រជា​ពលរដ្ឋ​ភូមិ​ឡពាង បាន​កាន់​លិខិត​ស្នើ​សុំ ៣​ច្បាប់​មក​ជា​មួយ។ ទី​មួយ គឺ​លិខិត​ស្នើ​សុំ​ឲ្យ​លោក​អភិបាល​ខេត្ត​ជួយ​អន្តរាគមន៍ ឲ្យ​ពួក​គាត់​បាន​ធ្វើ​ស្រែ​លើ ដី​ទំនាស់​ជា​បណ្ដោះ​អាសន្ន។ ទី​២ គឺ​លិខិត​ស្នើ​សុំ​លោក​អភិបាល​ខេត្ត ឲ្យ​បង្កើត​គណៈកម្មការ ដើម្បី​ធ្វើ​ការ​ដេញ​ដោល​លើ​កិច្ច​សន្យា​លក់-ទិញ​ដី រវាង​ក្រុមហ៊ុន​ជា​មួយ​អ្នក​លក់ ព្រោះ​ប្រជា​ពលរដ្ឋ​បញ្ជាក់​ថា គាត់​មិន​បាន​លក់​ដី​គាត់​ទេ។ និង​ទី​៣ ជូន​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ការិយាល័យ អ្នក​តំណាង​រាស្ត្រ​ខេត្ត​កំពង់ឆ្នាំង សុំ​ការ​ជួយ​អន្តរាគមន៍ ឲ្យ​ពួក​គាត់​បាន​ធ្វើ​ស្រែ​លើ​ដី​ទំនាស់​បណ្ដោះ​អាសន្ន​ដែរ។

អគ្គលេខាធិការ​សាលា​ខេត្ត​កំពង់ឆ្នាំង លោក អ៊ុក ឌឹម មាន​ប្រសាសន៍​ថា សាលា​ខេត្ត​បាន​ទទួល​លិខិត​ស្នើ​របស់​ប្រជា​ពលរដ្ឋ​រួច​ហើយ។ លោក​បន្ត​ថា សាលា​ខេត្ត​បាន​ស្នើ​សុំ​ឲ្យ​ប្រជា​ពលរដ្ឋ​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ​សិន ដើម្បី​រង់ចាំ​ដំណោះ​ស្រាយ។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ព្រឹក​មិញ ខ្ញុំ​បាន​ទៅ​ជម្រាប​គាត់​ហើយ​ថា អើ​បង​ប្អូន​ត្រឡប់​ទៅ​ផ្ទះ​សិន​ទៅ។ បើ​បង​ប្អូន​មាន​ឯកសារ​អី មក​តវ៉ា​ចាំ​ធ្វើ​តាម​រយៈ​ស្រុក​មក...»

ប្រភព​ពី​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​នឹង​បន្ត​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​រហូត​មាន​ដំណោះ​ស្រាយ ទើប​ពួក​គាត់​ត្រឡប់​ទៅ​វិញ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​កំពង់ឆ្នាំង លោក ស៊ំ ចាន់គា មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​គួរ​តែ​ជួយ​អន្តរាគមន៍​ឲ្យ​ប្រជា​ពលរដ្ឋ បាន​ធ្វើ​ស្រែ​បណ្ដោះ​អាសន្ន​តាម​សំណើ ទម្រាំ​មាន​ដំណោះ​ស្រាយ។ លោក​បន្ត​ថា ប្រជា​ពលរដ្ឋ​អាច​នឹង​ដាច់​បាយ​ដោយសារ​គ្មាន​ដី​ធ្វើ​ស្រែ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល