អ្នកភូមិ​មាន​ទំនាស់​ជា​មួយ​ក្រុមហ៊ុន KDC នៅ​កំពង់ឆ្នាំង តវ៉ា​ដល់​ថ្ងៃ​ទី​៣

ការ​ទាមទារ​របស់​ប្រជា​ពលរដ្ឋ​ភូមិ​ឡពាង សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​ឲ្យ​ពួក​គាត់​បាន​ធ្វើ​ស្រែ​លើ​ដី​ ដែល​កំពុង​មាន​ទំនាស់​ជា​មួយ​ក្រុមហ៊ុន KDC នៅ​មុខ​សាលា​ខេត្ត​កំពង់ឆ្នាំង បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣​ហើយ តែ​នៅ​ពុំ​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ។
ដោយ មណ្ឌល កែវ
2010-05-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​ពលរដ្ឋ​ប្រមាណ ១០០​នាក់ នៅ​ភូមិ​ឡពាង ដែល​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ២០១០។
ប្រជា​ពលរដ្ឋ​ប្រមាណ ១០០​នាក់ នៅ​ភូមិ​ឡពាង ដែល​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​១៩ ឧសភា ២០១០។
RFA/មណ្ឌល កែវ

អស់​រយៈ​ពេល ៣​ថ្ងៃ​ហើយ ដែល​ប្រជា​ពលរដ្ឋ​ភូមិ​ឡពាង បាន​មក​ធ្វើ​ការ​ទាមទារ នៅ​មុខ​សាលា​ខេត្ត​កំពង់​ឆ្នាំង ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​ឲ្យ​ពួក​គាត់​បាន​ធ្វើ​ស្រែ​លើ​ដី ដែល​កំពុង​មាន​ទំនាស់​ជា​មួយ​ក្រុមហ៊ុន KDCតែ​អាជ្ញាធរ​ខេត្ត​បន្ត​ការ​ធ្វើ​មិន​ដឹង​មិន​ឮ ចំពោះ​វត្តមាន​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​នៅ​មុខ​សាលា​ខេត្ត។

តំណាង​ប្រជា​ពលរដ្ឋ ដែល​មក​ធ្វើ​ការ​ទាម​ទារ គឺ​លោក ផេង រ៉ុម បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​ឧសភា ថា ការ​ទាមទារ​នេះ ពុំ​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ណា​មួយ ពី​គណៈ​អភិបាល​ខេត្ត​នោះ​ទេ។ លោក ផេង រ៉ុម បន្ត​ថា ប្រសិន​បើ​ពុំ​មាន​ដំណោះ​ស្រាយ ប្រជា​ពលរដ្ឋ​ទាំង​អស់ នឹង​មិន​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ទេ ព្រោះ​បើ​ទៅ​វិញ​ក៏​គ្មាន​ដី​ស្រែ​ធ្វើ​ដែរ។

លោក​បន្ត​ថា ៖ «តវ៉ា​ទាល់​តែ​បាន​សម្រេច​ហ្នឹង! ព្រោះ​ដី​យើង​មិន​ទាំង​បាន​លក់​ផង គេ​ទៅ​រំលោភ​យក។ តែ​ក្នុង​លក្ខណៈ​ដោះ​ស្រាយ​ណា​មួយ​បាន​ពេល​ណា ព្រោះ​យើង​វា​អត់​ទាន់​បាន​កំណត់​ណា»

ប្រភព​ពី​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ព្យុះ​ភ្លៀង​មួយ​មេ​យ៉ាង​ធំ កាល​ពី​យប់​ថ្ងៃ​ទី​១៨ កន្លង​ទៅ​ក្រុម​អ្នក​តវ៉ា​ខ្លះ​បាន​ធ្លាក់​ខ្លួន​ឈឺ ខ្លះ​គ្រុន​ក្ដៅ និង​ខ្លះ​មាន​ជំងឺ​រាករូស​។

ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង គឺ​លោក ម៉ែន ធឿន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ល្ងាច ថ្ងៃ​ទី​១៩ ខែ​ឧសភា​ថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ លោក​បាន​អនុញ្ញាត​ឲ្យ​តំណាង​ប្រជា​ពលរដ្ឋ​ចំនួន ១០​នាក់​ចូល​ជួប។

លោក​បន្ត​ថា ៖ «អឺ​មាន​អា​ដែង​នែ! ប្រាប់​ជូន​ទៅ​គាត់​វិញ​ថា ទី​១ ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ។ ទី​២ គឺ​ថា​យើង​ខិត​ខំ​ដើម្បី​បង្ក​លក្ខណៈ​យ៉ាង​ណា ឲ្យ​គាត់​មាន​អា​ដែង​អឺ... សំណូមពរ​យ៉ាង​ណា ដើម្បី​ឲ្យ​ក្រុមហ៊ុន​គេ​អាច​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ស្រែ​បណ្ដោះ​អាសន្ន ឬ​មួយ​ក៏​យ៉ាង​ណា​ទេ។ ប៉ុន្តែ​ថា គេ​ឲ្យ​មិន​ឲ្យ​អាណឹង​គឺ​យើង​ចេះ​តែ​ខំ​ប្រឹង​ទៅ ដើម្បី​ប្រជា​ពលរដ្ឋ​យើង»

តាំង​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៧ ឧសភា និង​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា​មក​ម្ល៉េះ ប្រជា​ពលរដ្ឋ​ភូមិ​ឡពាង ប្រមាណ ១០០​នាក់ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​កាន់​សាលា​ខេត្ត​កំពង់​ឆ្នាំង ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​ឲ្យ​ពួក​គាត់​បាន​បង្ក​បង្កើន​ផល​លើ​ដី​ទំនាស់ នៅ​ភូមិ​ឡពាង ឃុំ​តាជេស្ឋ ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់​ឆ្នាំង ជា​បណ្ដោះ​អាសន្ន ដោយ​ពួក​គាត់​អះអាង​ថា ក្រុមហ៊ុន KDC បាន​រំលោភ​យក​ដី​របស់​ពួក​គាត់។ តែ​លោក​ស្រី ជា ខេង ប្រធាន​ក្រុមហ៊ុន KDC និង​ជា​ភរិយា​លោក​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ផង​នោះ ធ្លាប់​បាន​បដិសេធ និង​បាន​បង្ហាញ​ពី​ភស្តុតាង​ថា លោក​ស្រី​បាន​ទិញ​បន្ត​ពី​គេ ដោយ​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹម​ត្រូវ។ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​កំពង់ឆ្នាំង លោក សំ ចាន់គា មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ​ហ្នឹង ចេញ​មក​ជម្រាប​គាត់ ប្រាប់​គាត់​ក្នុង​នាម​យើង​ដែល​ជា​អ្នក​បម្រើ​សេវា​នោះ។ កុំ​ធ្វើ​ជា​ម្ចាស់ កាល​ណា​ដែល​យើង​ធ្វើ​បែប​នេះ ហាក់​ដូច​ជា​យើង​តាំង​ខ្លួន​ជា​ម្ចាស់ មិន​មែន​តាំង​ខ្លួន​ជា​អ្នក​បម្រើ​រាស្ត្រ​នោះ​ទេ។ ឥឡូវ​នេះ ការ​ដេក​ចាំ​របស់​គាត់​ធ្វើ​ឲ្យ​គាត់​មាន​ជំងឺ​ដង្កាត់​ហើយៗ បន្ថែម​ភាព​ក្រីក្រ ដែល​គាត់​ធ្លាប់​មាន​ពី​មុន​មក​ហ្នឹង កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ទៀត​ហើយ។ បើ​យើង​ធ្វើ​បែប​នេះ»

ប្រភព​ពី​ប្រជា​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​នឹង​បន្ត​ការ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​រហូត​មាន​ដំណោះ​ស្រាយ ទើប​ពួក​គាត់​ត្រឡប់​ទៅ​វិញ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល