អ្នក​ភូមិ​ចោទ​មន្ត្រី​យោធា​១​រូប​នៅ​កំពង់ស្ពឺ​ថា បន្លំ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដី

បុរស​មួយ​រួប​ឈ្មោះ ហោ ប៊ុនហួ ដែល​អះអាង​ថា តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ ៥​គ្រួសារ បាន​ជំទាស់​ទៅ​នឹង​មន្ត្រី​យោធា​មួយ​រួប ដែល​យក​ដី​របស់​ពួក​គាត់​កាន់​កាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ធ្វើ​ជា​ដី​កម្ម​សិទ្ធិ​របស់​ខ្លួន។
ដោយ ទីន ហ្សាការីយ៉ា
2010-05-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២៦-មីនា-២០១០: អភិបាល​រង​ខេត្ត​កំពង់ស្ពឺ លោក ប៉ែន សំបូរ (ស្ដាំ) ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា នៅ​មុខ​ទីស្នាក់ការ​តុលាការ​ខេត្ត។
២៦-មីនា-២០១០: អភិបាល​រង​ខេត្ត​កំពង់ស្ពឺ លោក ប៉ែន សំបូរ (ស្ដាំ) ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា នៅ​មុខ​ទីស្នាក់ការ​តុលាការ​ខេត្ត។
RFA/Keo Nimol

ការ​ជំទាស់​នឹង​មន្ត្រី​យោធា​ឈ្មោះ លឹម សុផន នេះ នៅ​បន្ទាប់​ពី​លោក លឹម សុផន បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​ខែត្រ​កំពង់ស្ពឺ កាល​ពី​ឆ្នាំ​២០០៩។

លោក ហោ ប៊ុនហួ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ឧសភា​ថា ពួក​គាត់​បាន​ទិញ​ដី​នៅ​ភូមិ​ផ្លោច​នោះ មាន​ទំ​ហំ​ជិត ៣០​ហិកតារ ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ ស្រុក និង​មាន​បង្កាន់​ដៃ​កាន់​កាប់​ពីរ ចេញពី​ប្រធាន​ការិយាល័យ​ភូមិ​ស្រុក​ឱរ៉ាល់ កាល​ពី​ឆ្នាំ​២០០៧ ដោយ​ដី​នោះ​ពុំ​មាន​ពាក់​ព័ន្ធ​នឹង​អ្នក​ណា​ទេ។

ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០០៩ លោក លឹម សុផន បាន​យក​ប្លង់​ដី​មួយ​ច្បាប់ ចេញ​ពី​មន្ត្រី​សុរិយោដី​ស្រុក​ថ្ពង កាល​ពី​ឆ្នាំ​១៩៩៧ ប្ដឹង​ទៅ​តុលាការ ហើយ​ថា ដី​នៅ​ភូមិ​ផ្លោច​ជា​ដី​កម្មសិទ្ធិ​របស់​ខ្លួន ប៉ុន្តែ​ប្លង់​ដី​នោះ​ខុស​ទីតាំង ដោយ​ក្នុង​ប្លង់​នោះ​បាន​កំណត់​ថា គិត​ចាប់​ថ្នល់​បំបែក​អមលាំង មាន​ចម្ងាយ ៨២០០​ម៉ែត្រ ជា​ដី​របស់ លឹម សុផន តែ​ចម្ងាយ​ពិត​ប្រាកដ គិត​ពី​ថ្នល់​បំបែក​អមលាំង មាន​ចម្ងាយ​ជាង ៩​ពាន់​ម៉ែត្រ។

លោក​មាន​ប្រសាសន៍​ថា ៖ «ប្លង់​រឹង​គាត់​ហ្នឹង គាត់​មាន​ពិត​ប្រាកដ​មែន ក៏​ប៉ុន្តែ​មិន​មែន​នៅ​ក្នុង​ទីតាំង​ដី​របស់​ខ្ញុំ​បាទ​ទេ។ ខុស​ទីតាំង ខាង​សុរិយោដី​ខែត្រ​កំពង់ស្ពឺ​ហ្នឹង គេ​បាន​ចុះ​ទៅ​វាស់​វែង​ហើយ ក៏​ប៉ុន្តែ​ខុស​គ្នា ១៤០០​ម៉ែត្រ​ជាង»

ក្នុង​ឆ្នាំ ២០០៩​កន្លង​ទៅ លោក លឹម សុផន បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខែត្រ​កំពង់ស្ពឺ ហើយ​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០០៩ តុលាការ​បាន​បើក​សវនាការ​ជំនុំ​ជម្រះ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​ផ្អាក​ការ​ជំនុំ​ជម្រះ​វិញ ដោយ​ត្រូវ​ការ​ពេល​វេលា​ស៊ើប​អង្កេត​បន្ថែម។

ប្រធាន​ជំនុំ​ជម្រះ​តុលាការ​ខែត្រ​កំពង់ស្ពឺ អ្នក​ស្រី ប៊ុន្នីញ បុណ្ណារី បាន​ឲ្យ​ដឹង​ថា ការ​ផ្អាក​ជំនុំ​ជម្រះ​ក្ដី រវាង​ឈ្មោះ លឹម សុផន ជា​ដើម​បណ្ដឹង និង ហោ ប៊ុនហួ ជា​ចុង​ចោទ ដោយសារ​តែ​ចុង​ចោទ ហោ ប៊ុនហួ បាន​សុំ​ឲ្យ​វាស់​វែង​ដី​ជម្លោះ​នោះ​សិន ហើយ​នៅ​ថ្ងៃ​ទី​២៧ ឧសភា​ខាង​មុខ តុលាការ​នឹង​បើក​សវនា​ការ​ជំនុំ​ជម្រះ​ម្ដង​ទៀត។

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក លឹម សុផន បាន​ទេ​នៅ​ថ្ងៃ​ទី​១៨ ឧសភា​នេះ។

ប្រធាន​ការិយាល័យ​ភូមិ​បាល​ស្រុក​ថ្ពង លោក ច័ន្ទ តារា បាន​បញ្ជាក់​ថា ដី​ជម្លោះ​នេះ ជា​កម្មសិទ្ធិ​របស់​ឈ្មោះ លឹម សុផន ប៉ុន្តែ​នៅ​ពេល​សួរ​ថា មូលហេតុ​អ្វី​បាន​ជា​ប្លង់​ដី​នោះ បាន​កំណត់​ពី​ថ្នល់​បំបែក​អម​លាំង មាន​ចម្ងាយ ៨២០០​ម៉ែត្រ? ហើយ​ដី​ជម្លោះ​នៅ​ភូមិ​ផ្លោច ដែល​មាន​ចម្ងាយ​ពី​ថ្នល់​បំបែក​អម​លាំង​ជាង ៩​ពាន់​ម៉ែត្រ​ទៅ​វិញ?

លោក ច័ន្ទ តារា បាន​ឆ្លើយ​ដូច្នេះ ៖ «វា​ជា​ការ​ស្មាន ប៉ាន់​ប្រមាណ​ពី​ថ្នល់​បំបែក​មក​ទេ ប៉ុន្តែ​បើ​ចង់​ដឹង​ច្បាស់​ថា មាន​ចម្ងាយ​ពី​អូរ​ពន្លៅ​ប៉ុន្មាន​ៗ​ដឹង​ហើយ»

អតីត​ប្រធាន​ការិយាល័យ​ភូមិ​បាល​ស្រុក​ឱរ៉ាល់ បាន​បញ្ជាក់​ថា​ឈ្មោះ ហោ ប៊ុនហួ បាន​ទិញ​ដី​ពី​ឈ្មោះ សេង សុផាត ហើយ​មាន​លិខិត​ផ្ទេរ​កម្មសិទ្ធិ​ពី​អ្នក​លក់​ត្រឹម​ត្រូវ ៖ «ដី​ហ្នឹង​គាត់​ទិញ​ពី​លោក​រាំង​ស្រប​ហើយ ពុំ​មាន​អី​ទៀត​រឿង​ហ្នឹង»

លោក សេង សុផាត ដែល​បាន​លក់​ដី​ជម្លោះ​ឲ្យ​ឈ្មោះ ហោ ប៊ុនហួ បាន​មាន​ប្រសាសន៍​ថា ដី​នោះ លោក​បាន​ទិញ​ពី​ឈ្មោះ សំរិទ្ធ រាំង កាល​ពី​ឆ្នាំ​២០០០ ហើយ​មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ការ​ទិញ និង​ការ​លក់ គឺ​បាន​ធ្វើ​លិខិត​ផ្ទេរ​កម្មសិទ្ធិ​ពី​មន្ត្រី​សុរិយោដី​ស្រុក​ឱរ៉ាល់ និង​អាជ្ញាធរ​ឃុំ។ លោក​បញ្ជាក់​ថា ទាំង​រួប​លោក ដែល​ជា​ម្ចាស់​ដី​ទី​២ និង​ម្ចាស់​ដើម​ឈ្មោះ សំរិទ្ធិ រាំង នឹង​ទៅ​ធ្វើ​ជា​សាក្សី​ក្នុង​រឿង​ក្ដី​នេះ នៅ​ថ្ងៃ​ទី​២៧ ឧសភា​ខាង​មុខ។

លោក ហោ ប៊ុនហួ បាន​អះ​អាង​ទៀត​ថា ប្លង់​ដី​ដែល​លោក លឹម សុផន មាន​នោះ គឺ​ពុំ​ចេញ​ពី​មន្ត្រី​សុរិយោដី​ស្រុក​ឱរ៉ាល់​ទេ គឺ​ចេញ​ពី​មន្ត្រី​សុរិយោដី​ស្រុក​ថ្ពង ក្នុង​ឆ្នាំ​១៩៩៧។ លោក ហោ ប៊ុនហួ បាន​ចោទ​ប្រកាន់​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​ថ្ពង ឈ្មោះ ច័ន្ទ តារា ថា​បាន​ឃុបឃិត និង​ឈ្មោះ លឹម សុ​ផន ក្នុង​ការ​បន្លំ​ប្លង់​ដី​កម្មសិទ្ធិ​ជួន លឹម សុផន។

តាម​លិខិត​របស់​ប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី នគរោបនីយកម្ម សំណង់ និង​សុរិយោដី​ខែត្រ​កំពង់ស្ពឺ ដាក់​ជួន​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ នៃ​តុលាការ​ខែត្រ​កំពង់ស្ពឺ កា​ពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១០ ដោយ​បញ្ជាក់​អំពី​ប្លង់​ដី ដែល​ខុស​ចម្ងាយ​គ្នា​នោះ​ថា គ្រាន់​តែ​ជា​តម្លៃ​សន្មត មិន​បាន​វាស់​វែង​ជាក់​ស្ដែង​ទេ ចំពោះ​ការ​វាស់​វែង​ជាក់​ស្ដែង គឺ​មាន​ចម្ងាយ​ជាង ៩​ពាន់​ម៉ែត្រ​ពី​ដី​ជម្លោះ។

ប៉ុន្តែ​ប័ណ្ណ​ប្លង់​ដី​កម្មសិទ្ធិ​របស់​លោក លឹម សុផន នៅ​តែ​មាន​តម្លៃ​ចំពោះ​មុខ​ច្បាប់​ដដែល រី​ឯ​ការ​បដិសេធ​ប័ណ្ណ​កម្ម​សិទ្ធិ​របស់​លោក លឹម សុផន ឬ​មិន​បដិសេធ​នោះ ជា​សមត្ថកិច្ច​របស់​តុលាការ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​បញ្ជាក់​ថា ចំពោះ​លោក លឹម សុផន បាន​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ខុស​ទី​តាំង​ដូច្នេះ មិន​សន្មត​ថា ដី​នោះ​ជា​ដី​របស់​គាត់​នោះ​ទេ។

លោក អំ សំអាត បាន​បញ្ជាក់​ទៀត​ថា ដី​ជម្លោះ​នៅ​ក្នុង​ភូមិ​ផ្លោច​នេះ អាជ្ញាធរ​ខែត្រ​ទើប​កាត់​ចេញ​ពី​ស្រុក​ឱរ៉ាល់ ដាក់​ក្នុង​ស្រុក​ថ្ពង​វិញ​នោះ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ទេ រី​ឯ​ប្លង់​ដី​កម្មសិទ្ធិ​របស់​លោក លឹម សុផន បាន​ធ្វើ​ចេញ​ពី​មន្ត្រី​សុរិយោដី​ស្រុក​ថ្ពង​តាំង​ពី​ឆ្នាំ​១៩៩៧ មក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល