កុងត្រូល​ជជុះ​កើត​ឡើង​វិញ​នៅ​កន្លែង​ដំរី​ជាន់​ខ្លា

ប្រជា​ពលរដ្ឋ​អ្នក​រក​ស៊ី​ដឹក​បន្លែ​លក់ នៅ​ក្នុង​ខែត្រ​កំពង់ធំ បាន​ត្អូញត្អែរ​អំពី​ការ​ជំរិត​ទារ​ប្រាក់​ពី​មន្ត្រី​គយ និង​មន្ត្រី​នគរបាល​សេដ្ឋកិច្ច នៅ​ខែត្រ​កំពង់ធំ។
ដោយ ទីន ហ្សាការីយ៉ា
2010.07.11
កំពង់ធំ ៣០៥ រូប​សំណាក​ដំរី​ជាន់​ខ្លា នៅ​ទី​រួម​ខែត្រ​កំពង់ធំ
RFA/អ៊ួន ឈិន

អាជីវករ​ដឹក​បន្លែ​លក់​ជាង ១០​នាក់ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ កក្កដា ដោយ​ចោទ​ប្រកាន់​មន្ត្រី​គយ និង​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខែត្រ​កំពង់ធំ​ថា បាន​ជំរិត​ទារ​លុយ​ពី​ពួក​គាត់ ចំនួន ៥​ម៉ឺន​រៀល​ក្នុង​មួយ​ឡាន ដែល​ដឹក​បន្លែ​ពី​ភ្នំពេញ​យក​ទៅ​លក់​នៅ​ខែត្រ​កំពង់ធំ និង​ខែត្រ​សៀមរាប។

បុរស​មួយ​រួប សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា ឡាន​ពួក​គាត់​ជាង ១០​គ្រឿង ពេល​ខ្លះ​បាន​ដើរ​ទិញ​បន្លែ​ពី​ប្រជា​កសិករ​នៅ​ខែត្រ​កំពង់ចាម ពេល​ខ្លះ​ទិញ​ពី​ផ្សារ​នាគ​មាស ក្រុង​ភ្នំពេញ យក​ទៅ​លក់​នៅ​ផ្សារ​កំពង់ធំ និង​ខែត្រ​សៀមរាប ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​គយ​ប្រចាំ​នៅ​ឃុំ​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន​ទារ​លុយ ៣​ម៉ឺន​រៀល និង​មន្ត្រី​នគរបាល​សេដ្ឋកិច្ច ប្រចាំ​នៅ​ថ្នល់​បំបែក​ទៅ​ខែត្រ​ព្រះវិហារ ទារ​លុយ​ចំនួន ២​ម៉ឺន​រៀល​ទៀត ក្នុង​មួយ​ឡាន ៖ «ទោះបី​អង្វរ​ករ​គេ​យ៉ាង​ណា​ក៏​ដោយ កាល​ណា​យើង​មិន​ឈប់ គេ​គំរាម​កំហែង​យើង ហើយ​បើ​យើង​មិន​ឈប់ គេ​យក​ពី ៥​ម៉ឺន ទៅ​១០​ម៉ឺន​រៀល​ក៏​មាន»

អាជីវករ​មួយ​រួប​ទៀត បាន​អះអាង​ថា មន្ត្រី​គយ​បាន​យក​លុយ​ពី​ពួក​គាត់ ពុំ​បាន​ចេញ​វិក្កយបត្រ​ឲ្យ​ពួក​គាត់​ទេ ហើយ​បើ​ឡាន​ណា​មួយ​មិន​ឈប់​បង់​លុយ​ឲ្យ​ទេ​នោះ គេ​ដេញ​ចាប់​ផាក​ពិន័យ​ដល់​ទៅ ១០​ម៉ឺន​រៀល។ បុរស​ដដែល​បញ្ជាក់​ថា ការ​រក​ស៊ី​ដឹក​បន្លែ​គ្រប់​មុខ​យក​ទៅ​លក់​នោះ ក្នុង​មួយ​ជើង​ចំណេញ​បាន​ពី ៥​ម៉ឺន ទៅ​១០​ម៉ឺន​រៀល ប៉ុន្តែ​មន្ត្រី​គយ​បាន​ជំរិត​ទារ​ប្រាក់​ពី​ពួក​គាត់​ដូច្នេះ ពួក​គាត់​មិន​សល់​លុយ​នោះ​ទេ ៖ «គឺ​បង់​លុយ​ហ្នឹង​នៅ​កន្លែង​គេ​ដាក់​ភ្លើង​វិល​ក្លេត​ៗ ហើយ​កាល​ណា​យើង​មិន​បង់​ទេ គេ​យក​ឡាន​វីហ្គូ​បើក​ដេញ​តាម​តែ​ម្ដង»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ខែត្រ​កំពង់ធំ​បាន​ទេ នៅ​ថ្ងៃ​ទី​១១ កក្កដា។

ប្រធាន​សាខា​គយ និង​រដ្ឋាករ​ខែត្រ​កំពង់ធំ លោក សុក គឹម​ហេន បាន​បដិសេធ​ថា ពុំ​មាន​ករណី​មន្រ្តី​គយ​ចាប់​ឡាន​ដឹក​បន្លែ​ជំរិត​ទារ​លុយ​នោះ​ទេ។ លោក​បាន​បញ្ជាក់​ថា ចំពោះ​បន្លែ​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម ចាំ​បាច់​ត្រូវ​បង់​ពន្ធ ហើយ​ការ​បង់​ពន្ធ​នោះ គឺ​បង់​នៅ​ច្រក​ចូល​កម្ពុជា-វៀត​ណាម។ យ៉ាង​នេះ​ក្តី លោក សុក គឹម​ហេន មិន​បាន​បញ្ជាក់​ទេ​ថា តើ​ការ​បង់​ពន្ធ​បន្លែ​ទាំង​នោះ គិត​ដូច​ម្ដេច​ខ្លះ​ទេ ៖ «វា​មិន​ដែល​មាន​តែ​ម្ដង ឡាន​បន្លែ​ហ្នឹង យើង​មិន​ដែល​យក​ភ្នែក​មើល​ផង កាល​ណា​បើ​យើង​នាំ​ចូល​ពី​វៀត​ណាម​មក ហើយ​គ្មាន​បង្កៃ​ដៃ​នាំ​ចូល អា​ហ្នឹង​បើ​គេ​ចាប់​បាន ត្រូវ​បង់​ពិន័យ​ហ្នឹង​ហើយ»

ក្រុម​អាជីវករ​បាន​អះអាង​ថា មន្ត្រី​គយ​ខែត្រ​កំពង់ធំ បាន​ដាក់​បារាស​នៅ​ពេល​យប់ ត្រង់​តំបន់​ដំរី​ជាន់​ខ្លា ដើម្បី​ឲ្យ​ឡាន​ដឹក​បន្លែ​ពួក​គាត់​បើក​ដល់​ទី​នោះ​ឈប់ ហើយ​យក​លុយ​ទៅ​បង់​ឲ្យ​ពួក​គេ​ជា​ប្រចាំ បើ​អ្នក​ណា​មិន​ព្រម​បង់​លុយ​ចំនួន ៣​ម៉ឺន​រៀល​ឲ្យ​ទេ មន្ត្រី​គយ​ទាំង​នោះ​ចាប់​ឡាន​ឃាត់​ទុក មិន​ឲ្យ​ចេញ​ដំណើរ​បន្ត​ទៅ​ខែត្រ​សៀម​រាប​ទៀត​ទេ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។