អាជីវករ​ផ្សារ​ឈូក​និង​អ្នក​រត់​រ៉ឺម៉ក​តវ៉ា​មិន​ឲ្យ​សង់​តូប​ថ្មី​មុខ​ផ្សារ

ក្រុម​អាជីវករ​ផ្សារ​ឈូក​និង​អ្នក​រត់​រ៉ឺម៉ក​លើក​គ្នា​ទៅ​តវ៉ា​នៅ​តុលាការ​ខេត្ត​ទាមទារ​មិន​ឲ្យ​ក្រុមហ៊ុន​សង់​តូប​ថ្មី​លើ​ដី​ចំណត​រថយន្ត​និង​រ៉ឺម៉ក​មុខ​ទីផ្សារ​កំពត​នោះ​ទេ។
ដោយ អ៊ុក សាវបូរី
2010-01-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្សារ​ឈូក នៅ​ក្នុង​ស្រុក​ឈូក ខែត្រ​កំពត
ផ្សារ​ឈូក នៅ​ក្នុង​ស្រុក​ឈូក ខែត្រ​កំពត
RFA/Ouk Savborey

ក្រុម​អាជីវករ​បាន​លើក​ឡើង​ថា ពួក​គាត់​កំពុង​លក់​មិន​ដាច់​បែរ​ជា​អាជ្ញាធរ​បើក​ដៃ​ឲ្យ​ក្រុមហ៊ុន​មួយ​សង់​តូប​ថ្មី​បិទ​ផ្លូវ​ពួក​គាត់​លក់​ក្នុង​ផ្សារ ៖ «យក​ដី​ធ្វើ​បេន​រ៉ឺម៉ក​សាងសង់​ស្តង់​តូប​លក់។ អត់​មាន​ផ្លូវ​ចូល អត់​មាន​បេន​រ៉ឺម៉ក បេន​ឡាន... ចត​អត់​កើត មាន​តែ​ចត​ក្នុង​មន្ទីរ​ស្រុក លើ​ថ្នល់​ជាតិ​ឲ្យ​វា​ស្ទះ​ចរាចរណ៍។ កាល​ណា​ពង្រីក​ស្លាប់​អាជីវករ​ខាង​ក្រោយ​អស់​រលីង​តែម្ដង ប៉ុន្តែ​ខ្ញុំ​សំណូមពរ​សុំ​ដាច់ខាត​មិន​ឲ្យ​ធ្វើ​តូប​ខាង​មុខ...»

តាម​ឯកសារ​ពី​ក្រុម​អាជីវករ​បង្ហាញ​ថា ចំណត​រថយន្ត​និង​រ៉ឺម៉ក​មុខ​ផ្សារ​ឈូក​នេះ​តាំង​ពី​ឆ្នាំ​១៩៩៥​មក សាលា​ខេត្ត​ហាម​សង់​តូប​លើ​ទីធ្លា​ចំណត​នោះ។ នៅ​ឆ្នាំ​២០០៧ មាន​ក្រុមហ៊ុន​មួយ​បាន​ស្នើសុំ​សង់​តូប​លើ​ចំណត​រថយន្ត​និង​រ៉ឺម៉ក​មុខ​ផ្សារ​ឈូក​នោះ។ ក្រោយ​មាន​ការ​សុំ​ក្រុម​អាជីវករ​បាន​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​មហាផ្ទៃ​កាល​ពី​ខែ​មករា ឆ្នាំ​២០០៨ និង​លិខិត​ពី​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដី​ធ្លី​កាល​ពី​ខែ​តុលា ឆ្នាំ​២០០៩ និង​លិខិត​អន្តរាគមន៍​ពី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្រ្តី​កាល​ពី​ខែ​សីហា ឆ្នាំ​២០០៩។

អាជីវករ​បន្ត​ថា តូប​ថ្មី​សង់​បន្ថែម​ពី​មុខ​ផ្សារ​ហាក់​បិទ​ផ្លូវ​លក់​ដូរ​អ្នក​នៅ​ក្នុង​ផ្សារ​ជាង ៣០០​តូប និង​អ្នក​លក់​បន្លែ​ច្រើន​កន្លែង​ទៀត​នៅ​ពី​ក្រោយ​ផ្សារ។ ម្យ៉ាងទៀត​តូប​សង់​ថ្មី​នឹង​ធ្វើ​ឲ្យ​ចង្អៀត​ផ្លូវ​រថយន្ត​ពន្លត់​អគ្គីភ័យ​ពេល​មាន​អាសន្ន ៖ «ព្រោះ​វា​ប៉ះពាល់​ដល់​ផ្លូវ​ចូល ប៉ះពាល់​ដល់​កន្លែង​អគ្គីភ័យ អ៊ីចឹង​វា​ចង្អៀត​ផ្លូវ»

ក្រុម​អ្នក​រត់​រ៉ឺម៉ក​បាន​អះអាង​ថា ៖ «រក​កន្លែង​ចត​មិន​ឃើញ​ទេ ហើយ​លុយ​ដឹង​តែ​ពី​យក​តែម្ដង ពីរ​នាក់​រ៉ឺម៉ក​គឺ ១​ពាន់ គឺ​អត់​បាត់​ទេ រ៉ឺម៉ក​១ គឺ ១​ពាន់។ សំណូមពរ​អត់​ឲ្យ​សាងសង់​ទេ​មុខ​ផ្សារ ទុក​សម្រាប់​រ៉ឺម៉ក​ហើយ​និង​ឡាន​តែម្ដង»

ចំណែក​ក្រុម​អ្នក​រត់​តាក់ស៊ី ភ្នំពេញ​-​ផ្សារ​ឈូក ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍ​ទីធ្លា​មុខ​ផ្សារ​ឈូក​នោះ​មិន​ប៉ះពាល់​ការ​ចត​ឡាន​របស់​ពួក​គាត់​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៣​នោះ​ទេ។ ប៉ុន្តែ​ការ​សង់​តូប​ថ្មី​នៅ​ពី​មុខ​ផ្សារ វា​នឹង​ប៉ះពាល់​ចំណត​រថយន្ត​និង​រ៉ឺម៉ក​មក​ពី​តំបន់​ផ្សេងៗ​នៃ​ខេត្ត​កំពត។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ក្រុមហ៊ុន​ដែល​រង​នូវ​ការ​ចោទ​នោះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៦ មករា​នេះ។

ឆ្លើយ​តប​បញ្ហា​កំពុង​ចម្រូង​ចម្រាស​នេះ អភិបាល​ស្រុក​ឈូក លោក ខឹម ហម មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​គ្រាន់តែ​កែ​លម្អ​ទីធ្លា​មុខ​ផ្សារ​នោះ​ចាក់​ដី​កុំ​ឲ្យ​មាន​ទឹក​ដក់។ លោក​មិន​បាន​គិត​ដល់​ការ​សង់​តូប​នៅ​ពី​មុខ​ផ្សារ​ឈូក​នោះ​ទេ។

លោក ខឹម ហម បាន​បញ្ជាក់​ថា ៖ «គោលការណ៍​យើង​ធ្វើ​ឲ្យ​ពី​បាត់​ភក់ ធ្វើ​ម៉េច​ឲ្យ​បាត់​ភក់​ច្រំ​នៅ​ក្នុង​ទីប្រជុំជន​តែ​ប៉ុណ្ណឹង! អា​រឿង​សាងសង់​តូប សាងសង់​អី អា​ហ្នឹង​ខ្ញុំ​អត់​ទាន់​បាន​គិត​ដល់​ចំណុច​ហ្នឹង​ទេ!»

ផ្សារ​ឈូក​បច្ចុប្បន្ន​បើ​មើល​ពី​មុខ​ផ្សារ ពី​ថ្នល់​ជាតិ​លេខ​៣ គេ​ឃើញ​មាន​សំណង់​ផ្ទះ​ល្វែង​សង់​នៅ​ពាក់​កណ្តាល​មុខ​ផ្សារ​ផ្នែក​ខាង​ជើង។ នៅ​លើ​ទីធ្លា​ចំ​ពី​មុខ​ផ្សារ​មាន​រថយន្ត​តាក់ស៊ី ១២​កៅអី​ច្រើន​គ្រឿង  និង​រ៉ឺម៉ក​ម៉ូតូ​សណ្តោង​វែងៗ​ច្រើន​គ្រឿង ចត​គ្មាន​សណ្តាប់ធ្នាប់​លើ​ទីធ្លា​មុខ​ផ្សារ​ឈូក​នោះ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល