អ្នក​ភូមិ​នៅ​ខេត្ត​កណ្ដាល​ជួប​បញ្ហា​ខ្វះ​ទឹក​ស្អាត​និង​ភ្លើង​អគ្គិសនី​ប្រើប្រាស់

ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​នៅ​ក្នុង​ភូមិ​ព្រែកល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្ត​កណ្ដាល កំពុង​តែ​គ្មាន​ទឹក​ស្អាត​និង​ភ្លើង​អគ្គិសនី​ប្រើប្រាស់​រយៈពេល​ជាង ២​ខែ​មក​ហើយ ដោយ​គ្មាន​ការ​ពន្យល់​ច្បាស់​លាស់​ណា​មួយ​ពី​តំណាង​ក្រុមហ៊ុន​ឯកជន និង​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​បញ្ហា​នេះ​នៅ​ឡើយ​ទេ។
ដោយ សុខ សេរី
2010-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទឹកព្រែក​ដែល​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែកល្វា ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដង​មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ
ទឹកព្រែក​ដែល​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែកល្វា ស្រុក​ពញាឮ ខេត្ត​កណ្ដាល ដង​មក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ
RFA/Sok Serey

ប្រភព​ពី​ប្រជាពលរដ្ឋ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ទូទាំង​ភូមិ​ព្រែកល្វា ជា​ច្រើន​រយ​គ្រួសារ​មិន​មាន​ទឹក​ស្អាត​និង​ចរន្ត​អគ្គិសនី​ប្រើប្រាស់​តាំង​ពី​ដើម​ខែ​មករា​មក។

ក្រុមហ៊ុន​អគ្គិសនី​គឺ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អគ្គិសនី​សំរោង​ព្រែក​តាទែន និង​ក្រុមហ៊ុន​ទឹក​ស្អាត​គឺ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ទឹក​ស្អាត​ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

គ្រួសារ​ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ក្នុង​ចំណោម​គ្រួសារ​ប្រជាពលរដ្ឋ​ដទៃ​ទៀត​នៅ​ក្នុង​ភូមិ​ព្រែកល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​ថ្លែង​ថា ៖ «ពិបាក គឺ​ងងឹត​តែ​ម្ដង​ក្នុង​ផ្ទះ ពេល​ហូប​បាយ ពេល​ត្រូវ​ការ​ភ្លឺ​ពេល​យប់​អធ្រាត្រ​គឺ​ពិបាក​ណាស់។ ក្រុមហ៊ុន​ណា​ក៏ដោយ ឬ​ក្រុមហ៊ុន​ដដែល​ហ្នឹង ឲ្យ​មាន​ភ្លើង​គ្រប់គ្រាន់ ហើយ​តម្លៃ​ឲ្យ​ចុះ​បន្តិច​ម្ដងៗ មក​ត្រឹម ១,៥០០​រៀល​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង​ដូច​គេ​ដូច​ឯង​ទូទាំង​ប្រទេស​យ៉ាង​ម៉េច​យើង​អ៊ីចឹង​ដែរ​ទៅ។ ភ្លើង​អ៊ីចឹង​នៅ​តែ​គិត​លុយ។ បើ​យើង​ផ្ដាច់​គេ​កាត់​របស់​យើង​ចោល បើ​សិន​យើង​អត់​បង់​លុយ ឬ​ខាន​បង់​១​ខែ ជំពាក់​អ៊ីចឹង គេ​កាត់​របស់​យើង​ចោល លែង​ឲ្យ​ដាក់»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​បាន​ថ្លែង​ត្អូញត្អែរ​ថា គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ទេ​នៅ​ពេល​បច្ចុប្បន្ន​នេះ ៖ «បូម​ទឹក​ព្រែក​នោះ​មក​ដូច​ខ្ទុះ»

សុខ សេរី ៖ ចុះ​ពី​មុន​មក​មាន​ទឹក​ទេ? ប្រជាពលរដ្ឋ ៖ ពី​មុន​មក​មាន គឺ​មាន​អត់ៗ។ សុខ សេរី ៖ ចុះ​ប្រជាពលរដ្ឋ​ត្រូវការ​ងូត ត្រូវ​ការ​ដាំ? ប្រជាពលរដ្ឋ ៖ ងូត​អត់​ទេ គឺ​ចុះ​ទៅ​ដង​មក​នៅ​ក្នុង​ព្រែក​ហ្នឹង ទឹក​វា​ល្អក់។ ដល់​ពេល​ទឹក​វា​ជន់​មក ទឹក​វា​ហូរ​មក វា​បែក​ពពុះ អើត​មើល​ដឹង​ហើយ។ សុខ សេរី ៖ តើ​គេ​មាន​ការ​ពន្យល់​អំពី​មូលហេតុ​អត់​ទឹក​ស្អាត​យ៉ាង​ណា? ប្រជាពលរដ្ឋ ៖ អត់​មាន​ប្រាប់​អ្វី​ទេ។ មួយ​ម៉ែត្រ​គូប ១,៨០០​រៀល។ សំណូមពរ​ឲ្យ​មាន​ទឹក​គ្រប់គ្រាន់ និង​ភ្លើង​គ្រប់គ្រាន់​ទៅ មាន​តែ​ប៉ុណ្ណឹង​ទេ។ សុខ សេរី ៖ ប៉ុន្មាន​គ្រួសារ​ដែល​អត់​ទឹក​ហ្នឹង? ប្រជាពលរដ្ឋ ៖ មួយ​ភូមិ​ហ្នឹង។

ទាក់ទង​នឹង​ការ​ត្អូញត្អែរ​ខាង​លើ​នេះ មេការ​ក្រុមហ៊ុន​អគ្គិសនី​សំរោង​ព្រែកតាទែន ស្រុក​ពញាឮ ខេត្ត​កណ្ដាល បាន​មាន​ប្រសាសន៍​ពន្យល់​ថា  ក្រុមហ៊ុន​របស់​លោក​កំពុង​តែ​រៀបចំ​បណ្ដាញ​ថ្មី ៖ «គេ​កំពុង​តែ​រៀបចំ​ប្រព័ន្ធ​ឡើង​វិញ គេ​ទើប​តែ​ដាក់​បង្គោល។ សុខ សេរី ៖ តើ​នៅ​ខែ​ណា​នឹង​បាន​ភ្លើង​ដល់​គាត់​ធម្មតា​វិញ? ប្រហែល​ជា​១​ខែ ប៉ុន្តែ​ឥឡូវ​គេ​កំពុង​តែ​ដាក់​បង្គោល​ហើយ។ គេ​ដើរ​កាប់​ដើម​ឈើ»។

តំណាង​ក្រុមហ៊ុន​ទឹក​ស្អាត ស្រុក​ពញាឭ ខេត្ត​កណ្ដាល បាន​មាន​ប្រសាសន៍​ពន្យល់​ថា ក្រុមហ៊ុន​កំពុងតែ​ស្វែង​រក​មូលហេតុ​ធ្វើ​ឲ្យ​ស្ទះ​ប្រព័ន្ធ​ចែកចាយ​ទឹក​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ទាំង​នោះ ៖ «កំពុង​តែ​ដើរ​ស្រាវជ្រាវ​រក​មើល កំពុង​តែ​ធ្វើ​រាល់​ថ្ងៃ ស្ទះ​ម្ដុំ​ណា​អី​ម្ដុំ​ណា»

សុខ សេរី ៖ តើ​ខែ​ណា​គាត់​បាន​ប្រើប្រាស់​វិញ? តំណាង​ក្រុមហ៊ុន ៖ ឥឡូវ​គេ​កំពុង​តែ​ដើរ​ស្រាវជ្រាវ​មើល​នៅ​ជិត​ព្រែកតាទែន​នេះ​ទៅ ខ្លាច​ក្រែង​ស្ទះ​ពី​នេះ​ទៅ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កាល​ពី​សប្ដាហ៍​ថ្មីៗ​នេះ​មាន​កូន​ក្មេង​និង​មនុស្ស​ចាស់​មួយ​ចំនួន​បាន​កើត​ជំងឺ​ក្អក​និង​ក្អួត​ចង្អោរ​ជា​បន្តបន្ទាប់ ដឹក​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ ដោយសារ​តែ​បាន​ហូប​ទឹក​អូរ​នៅ​ក្បែរ​ភូមិ​មិន​ស្អាត​និង​គ្មាន​អនាម័យ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល