អ្នក​ភូមិ​នៅ​ខេត្ត​កណ្ដាល​បារម្ភ​​ពី​បញ្ហា​អសន្តិសុខ​ក្នុង​ភូមិ

អ្នក​ភូមិ​ឃុំ​ព្រែកក្មេង ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​មួយ​ចំនួន បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​បញ្ហា​អសន្តិសុខ​និង​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ភូមិ​ស្រុក​របស់​ខ្លួន បន្ទាប់​ពី​ការ​កើត​មាន​ចោរកម្ម​លួច​ម៉ូតូ​ជា​ច្រើន​គ្រឿង​ជាប់ៗ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក។
ដោយ ឡេង ម៉ាលី
2010-03-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​សុទ្ធ​តែ​បាន​បញ្ជាក់​ដូចៗ​គ្នា​ថា នៅ​ឃុំ​ព្រែកក្មេង ស្រុក​ល្វាឯម ខេត្ត​កណ្ដាល ក្នុង​រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែ​មីនា ពលរដ្ឋ​នៅ​ក្នុង​ភូមិ​នេះ​បាន​បាត់​ម៉ូតូ​ចំនួន​៥​គ្រឿង ដោយសារ​តែ​ការ​កើន​ឡើង​នៃ​អំពើ​ចោរកម្ម។

ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​ព្រែកក្មេង ឈ្មោះ អ៊ូ សូផាត ដែល​ត្រូវ​ចោរ​លួច​ម៉ូតូ​អស់​ពីរ​គ្រឿង កាល​ពី​យប់​ថ្ងៃ​ទី​២៤ ខែ​មីនា ថ្លែង​ថា អំពើ​ចោរកម្ម​នៅ​ក្នុង​ឃុំ​របស់​លោក​មាន​ការ​កើន​យ៉ាង​ឆាប់​រហ័ស​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

លោក អ៊ូ សូផាត បាន​ឲ្យ​ដឹង​ថា ៖ «តាំង​ពី​ឆ្នាំ​១៩៧៩ មក​ទល់​ថ្ងៃ​២៣ (មីនា) ២០១០ ក្នុង​ភូមិ​បាត់​ម៉ូតូ​អស់​តែ​ពីរ​គ្រឿង ប៉ុន្តែ​ដល់​ពេល​ថ្ងៃ ២៤ ដល់​ថ្ងៃ ២៧ (មីនា)​ហ្នឹង បាត់​អស់​៥​គ្រឿង ក្នុង​រយៈពេល​ខ្លី​បំផុត​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍»

ប្រជាពលរដ្ឋ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ក៏​បាន​កត់​សម្គាល់​ដូច​គ្នា​នឹង​លោក អ៊ូ សូផាត ដែរ ដោយ​ថ្លែង​ថា អំពើ​ចោរកម្ម​នៅ​ឃុំ​ព្រែកក្មេង​កន្លង​មក​តែង​កើត​មាន​ជា​ហូរហែ ដោយ​ការ​លួច​ទូក លួច​ម៉ូតូ​និង​របស់​របរ​ផ្សេងៗ​មួយ​ចំនួន​ទៀត​ដែរ។ ក៏​ប៉ុន្តែ​ការ​បាត់​ម៉ូតូ​ចំនួន​ច្រើន​តែ​ក្នុង​រយៈ​ពេល​ខ្លី​ក្នុង​ពេល​ថ្មីៗ​នេះ ធ្វើ​ឱ្យ​គាត់​មាន​ការ​ព្រួយ​បារម្ភ​រឹតតែ​ខ្លាំង។

ពលរដ្ឋ​មួយ​រូប​ទៀត​ថ្លែង​ថា បញ្ហា​អសន្តិសុខ​ទ្រព្យ​សម្បត្តិ​បែប​នេះ បណ្ដាល​មក​ពី​ការ​បំពេញ​ការងារ​ខ្វះ​ចន្លោះ​របស់​អាជ្ញាធរ​នៅ​ក្នុង​ឃុំ​ព្រែក​ក្មេង​នេះ ៖ «សមត្ថកិច្ច​ប៉ូលិស​ហ្នឹង​មិន​ដឹង​ជា​គេ​ធ្វើការ​យ៉ាង​ម៉េច​ទេ មើល​ទៅ​ដូច​មាន​ភាព​ខ្សោយ ស្ងាត់ច្រៀប អត់​មាន​ការ​ការពារ​ប្រុង​ប្រយ័ត្ន​ដោះ​ស្រាយ​ឲ្យ​ប្រជាពលរដ្ឋ អត់​សោះ»

ឆ្លើយ​តប​ក្នុង​បញ្ហា​នេះ ប្រធាន​នគរបាល​ប៉ុស្តិ៍​ព្រែកក្មេង លោក ស្តើង ចន្ថា មាន​ប្រសាសន៍​ថា អំពើ​ចោរកម្ម​ថ្មីៗ​នេះ​បាន​កើត​ឡើង​ក្រោយ​ពេល​បញ្ចប់​ការ​ល្បាត​របស់​កង​កម្លាំង​ក្នុង​ប៉ុស្តិ៍​របស់​លោក។

លោក ស្ដើង ចន្ថា មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ដើរ​ទៅ​ម៉ោង ១១ ទៅ ១២​(យប់) យើង​ចូល​សម្រាក​មួយ​ភ្លែត​ទៅ អា​ចន្លោះ​ហ្នឹង​ដែល​វា​ធ្វើ​សកម្មភាព​បាន។ ព្រោះ​យើង​ដើរ​យប់ ជួន​ទៅ​មាន​ធុងបាស​ការ បុណ្យ​អី​អត់​ងងុយ​ផង បាន​ត្រឹម​ម៉ោង​១២​អី​យើង​ចូល​សម្រាក។ វា​មិន​ដឹង​លេង​ក្បាច់​អី ដល់​ម៉ោង​១ ទៅ ២ (យប់) វា​ចេញ​ធ្វើ​សកម្មភាព»

ជុំវិញ​ការ​ពង្រឹង​សន្តិសុខ​នៅ​ស្រុក​ល្វាឯម ជា​ពិសេស​នៅ​ឃុំ​ព្រែកក្មេង ដែល​កំពុង​កើត​មាន​ចោរកម្ម​ច្រើន អធិការ​ស្រុក​ល្វាឯម លោក ជា ថុល មាន​ប្រសាសន៍​ថា លោក​កំពុង​ចាត់​វិធានការ​ទប់​ស្កាត់​និង​ស្វែង​រក​ជន​ល្មើស។

លោក ជា ថុល មាន​ប្រសាសន៍​ថា ៖ «កម្លាំង​របស់​យើង​កំពុង​ដុត​ដៃ​ដុត​ជើង​ពី​រឿង​ហ្នឹង។ កិច្ចការ​អស់​នេះ​ទុក​ឲ្យ​សមត្ថកិច្ច​យើង​ធ្វើការ​បន្តិច»

បើ​ទោះ​ជា​ដូច្នេះ​ក្តី ទាំង​សមត្ថកិច្ច ក៏​ដូច​ជា​អ្នក​ភូមិ​នៅ​តំបន់​នេះ បាន​សម្ដែង​នូវ​ការ​លំបាក​ក្នុង​ការ​រក្សា​ការពារ​ម៉ូតូ​របស់​ពួកគាត់ ពី​ព្រោះ​ទី​នោះ​ជា​តំបន់​៦​ខែ​លិច​ទឹក​ជ្រៅ និង​៦​ខែ​គោក ដែល​គេ​មិន​អាច​ធ្វើ​បន្ទប់​ដាក់​ម៉ូតូ​នៅ​ក្រោម​ផ្ទះ​ដោយ​សុវត្ថិភាព​បាន។

ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ លោក អ៊ូ សូផាត កំពុង​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ក្នុង​ភូមិ​របស់​លោក​ធ្វើ​ស្ពាន​លើក​ម៉ូតូ​ដាក់​លើ​ផ្ទះ​ឱ្យ​បាន​គ្រប់ៗ​គ្នា ដោយ​ចៀស​វាង​ការ​ចាក់​សោ​ចោល​ក្រោម​ផ្ទះ​តាម​ទម្លាប់​ដូច​លើក​មុន​ទៀត៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល