អគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស និងជាតំណាងរាស្ត្រ លោក យ៉ែម បុញ្ញប្ញទ្ធិ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃអង្គារ ទី៣១ ខែសីហានេះថា លោកនឹងដាក់ពាក្យទៅតុលាការដើម្បីសុំពន្យារពេលការចូលបំភ្លឺរបស់ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា ទាក់ទងទៅនឹងបណ្ដឹងរបស់អតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
លោក យ៉ែម បុញ្ញប្ញទ្ធិ បន្ថែមថា លោកបានទទួលលិខិតអញ្ជើញរបស់តុលាការក្រុងភ្នំពេញ ស្នើឲ្យលោក កឹម សុខា មកបំភ្លឺនៅតុលាការពីបណ្ដឹងបទរំលោភសេចក្ដីទុកចិត្ត និងក្លែងលិខិតឯកជន នៅថ្ងៃទី៦ ខែកញ្ញា។ បណ្ដឹងការរំលោភសេចក្ដីទុកចិត្ត និងក្លែងលិខិតឯកជន ត្រូវបានប្ដឹងទៅតុលាការដោយអតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចំនួន ១៦រូប កាលពីឆ្នាំ២០០៦ ដែលកាលពីពេលនោះ លោក កឹម សុខា ជាអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
លោក យ៉ែម បុញ្ញប្ញទ្ធិ បន្តទៀតថា ការកោះហៅរបស់តុលាការក្រុងភ្នំពេញ ធ្វើឡើងនៅពេលដែលគណបក្សសិទ្ធិមនុស្ស កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ហើយបច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជា កំពុងបន្តដំណើរការបង្ក្រាបទៅលើគណបក្សប្រឆាំងនៅកម្ពុជា។
លោក ឈឹម ផលវរុន អតីតបុគ្គលិករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាដើមបណ្ដឹងម្នាក់ក្នុងចំណោមដើមបណ្ដឹងចំនួន ១៦នាក់ មានប្រសាសន៍នៅថ្ងៃអង្គារ ទី៣១ ខែសីហានេះថា លោកនិងដើមបណ្ដឹងដទៃទៀត បានប្ដឹងលោក កឹម សុខា ក្រោយពេលដែលលោក កឹម សុខា ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយនៅក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
លោក ឈឹម ផលវរុន បដិសេធថា ការដាក់ពាក្យបណ្ដឹងរបស់លោក និងអតីតបុគ្គលិកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប្រឆាំងលោក កឹម សុខា វាមិនពាក់ព័ន្ធទៅនឹងការធ្វើនយោបាយរបស់លោក កឹម សុខា នោះទេ។ បណ្ដឹងនេះ វាពាក់ព័ន្ធទៅនឹងតួនាទីរបស់លោក កឹម សុខា ជាអតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃអង្គារ ថ្ងៃទី៣១ ខែសីហា បានហៅការកោះហៅលោក កឹម សុខា របស់តុលាការក្រុងភ្នំពេញថា ជាការគំរាមផ្នែកនយោបាយប្រឆាំងទៅនឹងគណបក្សប្រឆាំង ដែលហ៊ានរិះគន់រដ្ឋាភិបាលកម្ពុជា។ លោកថា ករណីលោក កឹម សុខា គឺជាករណីចាស់ ដែលមានរយៈពេល ៤ឆ្នាំទៅហើយ។ ការលើកករណីលោក កឹម សុខា មកជំនុំជម្រះនៅពេលនេះ ធ្វើឡើងក្រោយពេលដែលលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រតិកម្មទៅលើលោក កឹម សុខា។
លោក អ៊ូ វីរៈ បានបដិសេធថា គ្មានភស្តុតាងណាមួយដែលបានបង្ហាញថា លោក កឹម សុខា បានប្រព្រឹត្តអំពើពុករលួយ នៅពេលដែលលោកជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានោះទេ។
តុលាការក្រុងភ្នំពេញ នឹងមិនអាចបើកសវនាការជំនុំជម្រះលោក កឹម សុខា ដែលបច្ចុប្បន្នជាតំណាងរាស្ត្រប្រចាំខេត្តកំពង់ចាម បាននោះទេ ប្រសិនបើសភាមិនទាន់បានដកអភ័យឯកសិទ្ធិរបស់លោក។
សមាជិកអចិន្ត្រៃយ៍របស់រដ្ឋសភាកម្ពុជា លោក ជាម យៀប មានប្រសាសន៍នៅថ្ងៃអង្គារនេះដែរថា លោកមិនទាន់ទទួលបានលិខិតស្នើពីតុលាការក្រុងភ្នំពេញ ដើម្បីព្យួរអភ័យឯកសិទ្ធិរបស់លោក កឹម សុខា នៅឡើយទេ។ ប្រសិនបើរដ្ឋសភាទទួលបានការស្នើនោះ រដ្ឋសភានឹងព្យួរអភ័យឯកសិទ្ធិលោក កឹម សុខា ដើម្បីបើកការស៊ើបអង្កេតបន្ត។
បច្ចុប្បន្ននេះ រដ្ឋសភាកម្ពុជាបានដកអភ័យឯកសិទ្ធិរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី និងតំណាងរាស្ត្រគណបក្សប្រឆាំង លោកស្រី មូរ សុខហួរ ដើម្បីឲ្យតុលាការធ្វើការកាត់ក្តី និងដំណើរការលើសំណុំរឿងអ្នកទាំងពីរ។
មន្ត្រីសិទ្ធិមនុស្សធ្លាប់បានសម្ដែងការព្រួយបារម្ភថា ការដកអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្រ្ត ដោយសារតែអ្នកតំណាងរាស្ត្រទាំងនោះ ប្រើប្រាស់សិទ្ធិបញ្ចេញមតិរបស់ខ្លួន ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងក្លាចំពោះសិទ្ធិបញ្ចេញមតិ និងការបំពេញការងាររបស់តំណាងរាស្ត្រ។
លោក ជាម យៀប បន្ថែមថា ការដកអភ័យឯកសិទ្ធិរបស់អ្នកតំណាងរាស្ត្រ មិនបានគំរាមកំហែង ទៅដល់អ្នកតំណាងរាស្ត្រនោះទេ។
លោក កឹម សុខា កាលពីខែធ្នូ ឆ្នាំ២០០៥ ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ហើយត្រូវបានអាជ្ញាធររដ្ឋាភិបាលកម្ពុជា ចាប់ដាក់ពន្ធនាគារអស់រយៈពេល ១៧ថ្ងៃ។ លោក កឹម សុខា ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ ក្រោយពីមានការដាក់គំនាបពីសំណាក់សហគមន៍អន្តរជាតិទៅលើរដ្ឋាភិបាលកម្ពុជា៕