ខ្មែរ​នៅ​ន័រវ៉េ​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ភ្នំ​ដងរែក

ពលរដ្ឋ​ខ្មែរ​នៅ​ន័រវ៉េ ដែល​ភាគ​ច្រើន​ជា​ជន​ភៀស​ខ្លួន​ជាង ១០០​នាក់ កាល​ពី​ថ្ងៃ​សៅរ៍ ទី​៨ ឧសភា បាន​នាំ​គ្នា​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​នៃ​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​បាន​បាត់​បង់​ជីវិត​យ៉ាង​ច្រើន ដោយសារ​អាជ្ញាធរ​ថៃ​ដឹក​យក​ទៅ​ចាក់​ទម្លាក់​ពី​លើ​ខ្នង​ភ្នំ​ដងរែក​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ក្នុង​អំឡុង​ឆ្នាំ​១៩៧៩។
ដោយ តាំង សារ៉ាដា
2010.05.12

អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ប្រចាំ​ទីក្រុង Christiansand នៃ​ប្រទេស​ន័រវ៉េ លោក អៀ ចាន់ណា ដែល​ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត​ឲ្យ​មាន​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​នេះ​ឡើង​ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​អស់​នៅ​នឹក​ឃើញ​អនុស្សាវរីយ៍​ដ៏​រន្ធត់ នៅ​គ្រា​ដែល​ទាហាន​ថៃ​ដឹក​ពលរដ្ឋ​ខ្មែរ​រាប់​ម៉ឺន​នាក់​យក​ទៅ​ចាក់​ទម្លាក់ និង​បាញ់​ចម្រុះ​ពី​លើ​ខ្នង​ភ្នំ​ដងរែក​នោះ​មិន​ដែល​ភ្លេច។

លោក អៀ ចាន់ណា បាន​បញ្ជាក់​ថា ៖ «ត្រូវ​បាន​ទាហាន​ថៃ​ហ្នឹង​បញ្ជូន​ត្រឡប់​ទៅ​វិញ ដើម្បី​ឲ្យ​ទៅ​ស្លាប់។ អ្នក​ខ្លះ​ស្លាប់​ដោយសារ​ត្រូវ​ទាហាន​ថៃ​បាញ់ អ្នក​ខ្លះ​ស្លាប់​ដោយសារ​ធ្លាក់​ពី​លើ​ភ្នំ​ដងរែក​ជាដើម។ គាត់​ទាំង​អស់​គ្នា​មាន​ទឹក​ចិត្ត​ក្នុង​ការ​ចូលរួម ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ទៅ​ដល់​វិញ្ញាណក្ខន្ធ​របស់​បង​ប្អូន​ខ្មែរ​ទាំង​អស់​ហ្នឹង ឲ្យ​ពួក​គាត់​បាន​ទៅ​សុគតិភព​ទាំង​អស់​គ្នា»

របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ចំនួន ៤៩៤​ទំព័រ ចេញ​ផ្សាយ​នៅ​ឆ្នាំ​១៩៩៧ ថា​យោធា​ថៃ​បាន​ភ្ជង់ និង​រុញ​ទម្លាក់​ជន​ភៀស​ខ្លួន​ខ្មែរ​ប្រមាណ ៤​ម៉ឺន​៥​ពាន់​នាក់ រួម​មាន​កូន​ក្មេង មនុស្ស​ចាស់​ជរា និង​ស្ត្រី ពី​លើ​ខ្នង​ភ្នំ​ព្រះវិហារ​ចូល​ក្នុង​ចម្ការ​មីន។

របាយការណ៍​ដដែល​នោះ​ក៏​បាន​ដក​ស្រង់​សេចក្ដី​ថ្លែង​ការណ៍​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក​មេ​បញ្ជាការ គ្រៀងសាក់ ចូម៉ានន់ (Kriangsak Chomanan) នា​ដំណាក់កាល​នោះ ដែល​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​នឹង​បង្ខំ​ចិត្ត​ចាត់​វិធានការ​លើ​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​ហូរ​ចូល​ក្នុង​ប្រទេស​ថៃ​ថែម​ទៀត ប្រសិន​បើ​សហគមន៍​អន្តរជាតិ​មិន​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​សុំ​របស់​ថៃ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជន​ភៀស​ខ្លួន​ខ្មែរ​ឲ្យ​បាន​ឆាប់​រហ័ស ហើយ​ថា ថៃ​មិន​អាច​ទទួល​បន្ទុក​តែ​ម្នាក់​ឯង​បាន​ឡើយ។

លោក អៀ ចាន់ណា មាន​ប្រសាសន៍​បន្ត​ថា លោក​មាន​គម្រោង​ធ្វើ​កិច្ចការ​នេះ​បន្ត​ទៅ​មុខ​ទៀត ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រមូល​ពាក្យ​បណ្ដឹង​របស់​ជន​រង​គ្រោះ ឬ​គ្រួសារ​ជន​រងគ្រោះ ដើម្បី​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ អំពី​បទ​ឧក្រិដ្ឋកម្ម​នេះ។

លោក អៀ ចាន់ណា បាន​អះអាង​ថា ៖ «ចំពោះ​មេ​ដឹកនាំ​សៀម​នៅ​ក្នុង​សម័យ​កាល​ហ្នឹង​ដែល​ធ្វើ​ការ​កាប់​សម្លាប់​ទៅ​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ ដោយ​យក​លេស​ថា អង្គការ​សហ​ប្រជាជាតិ​នេះ​មិន​ជួយ​ធ្វើ​ការ​ជ្រោមជ្រែង​ទៅ​ដល់​ជន​ភៀស​ខ្លួន​ខ្មែរ​ឲ្យ​ទាន់​ពេល​វេលា ដូច្នេះ​គឺ​ជា​ទង្វើ​អ​មនុស្សធម៌​មែនទែន! យើង​គួរ​ណាស់​តែ​គិត​ទៅ​ដល់​មនុស្ស​ជាតិ​ដូច​គ្នា យើង​គួរ​ណាស់​តែ​ជួយ​សន្ដោស​ប្រោស​ប្រណី អនុញ្ញាត​ឲ្យ​គ្នា​រួច​រស់ ទម្រាំ​ដល់​ពេល​អង្គការ​សហ​ប្រជាជាតិ​មាន​ឱកាស​ជួយ ប៉ុន្តែ​ពួក​គេ​បែរ​ជា​មិន​គិត​អ៊ីចឹង​ទេ គឺ​ថា គេ​ឃើញ​ខ្មែរ​យើង​ស្លាប់​នៅ​ក្នុង​ស្រុក​ច្រើន​ហើយ គ្នា​ចង់​រួច​រស់​មក​ដើម្បី​រស់​រាន​មាន​ជីវិត យក​ទៅ​សម្លាប់​ម្ដង​ទៀត! ស្ទើរ​តែ​ផុត​ពូជ​ខ្មែរ​តែម្ដង! ដូច្នេះ​គឺ​ជា​ការ​សម្លាប់​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​មួយ​ផង​ដែរ បើ​យើង​គិត​មែនទែន​ទៅ!»

លោក ឃឿន សំខាន់ ដែល​ជា​និពន្ធ​នាយក និង​បោះពុម្ព​ផ្សព្វផ្សាយ​សៀវភៅ​កំណាព្យ ឱ​មហា​ភ្នំ​ដងរែក ដែល​រៀបរាប់​ពី​ទុក្ខ​វេទនា​របស់​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​រង​ការ​កាប់​សម្លាប់​ដោយ​ក្រុម​ទាហាន​ថៃ​ពី​លើ​ខ្នង​ភ្នំ​ដងរែក មាន​ប្រសាសន៍​ថា លោក​សាទរ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ន័រវ៉េ ក្នុង​ការ​ប្រារព្ធ​វិញ្ញាណក្ខន្ធ​នេះ ដែល​វា​ជា​គំរូ​ដ៏​ល្អ​មួយ។

លោក ឃឿន សំខាន់ បាន​មាន​ប្រសាសន៍​ថា ៖ «អា​ហ្នឹង​ជា​សកម្មភាព​ដ៏​ល្អ វិសេស​វិសាល​បំផុត​ហើយ! ខ្ញុំ​ថា ការណ៍​ដែល​ធ្វើ​ហ្នឹង​នឹង​នៅ​ចង​ចាំ​ជានិច្ច ជា​ពិសេស​បុព្វការី​ជន​របស់​យើង​ដែល​បាន​បាត់​បង់​ជីវិត​ទៅ។ មួយ​ទៀត​គឺ​ជា​សក្ខីភាព​មួយ​ដ៏​ល្អ!»

លោក​មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ពិភព​លោក​ត្រូវ​យក​គំរូ​តាម​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ន័រវ៉េ ដើម្បី​ធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ទៀត ។ លោក​ថ្លែង​ថា ជន​រងគ្រោះ ឬ​គ្រួសារ​ជន​រងគ្រោះ​គួរ​ចង​ក្រង​ជា​ឯកសារ និង​ព្យាយាម​សរសេរ​អំពី​រឿង​រ៉ាវ​នៃ​គ្រា​ដែល​រដ្ឋាភិបាល​ថៃ​យក​ពលរដ្ឋ​ខ្មែរ​ទៅ​ទម្លាក់​ពី​លើ​ខ្នង​ភ្នំ​ដងរែក​នេះ ឲ្យ​បាន​ច្រើន​ថែម​ទៀត ដើម្បី​ឲ្យ​អន្តរជាតិ​បាន​ដឹង និង​អាច​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
May 13, 2010 07:14 AM

It is a good story about what happened to Khmer people in 1979. It is a good step that someone care enough and orgainize a memorial event to remember the tragedy and sad event that Khmer had been through on that mountain near the Thailand border. I have heard the story from the older people told in different ways about how cruelt and merciless Thai soldiers were toward Khmer refugees. Khmer refugees were innocent people who try to escape the communist Khmer rough to find a better life. They didn't deserve to die that way from the hand of a neighbouring country who were known in practice buddhism. It happened about 30 years ago, and it shouldn't happened again.