អង្គការ​ក្រៅ​រដ្ឋាភិបាល​រៀបចំ​ការ​តាំង​ពិព័រណ៍​ផលិតផល​ខ្មែរ​នៅ​សៀមរាប

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​សមាគម​សិប្បករ​ខ្មែរ (AAC ) បាន​រៀបចំ​ឲ្យ​មាន​ការ​តាំង​ពិព័រណ៍​ផលិតផល​ខ្មែរ​នៅ​ខេត្ត​សៀមរាប​ជា​ច្រើន​ប្រភេទ ដែល​ជា​ស្នាដៃ​របស់​ក្រុម​ហ៊ុន​ឯកជន ក្រុម​ជន​ពិការ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល មក​ពី​ខេត្ត​ចំនួន​ប្រមាណ ១២។
ដោយ ហង្ស សាវយុត
2010.01.30

គោល​បំណង​នៃ​ការ​តាំង​ពិព័រណ៍​ដើម្បី​ជួយ​លើក​ស្ទួយ​ស្នាដៃ​សិប្បកម្ម​ឯកជន ស្នាដៃ​​ជនពិការ និង​ជា​ការ​ប្រមូល​ផ្តុំ​រាល់​សិប្បកម្ម​ទាំង​អស់​ដែល​មាន​នៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ បង្ហាញ​ទេសចរ​បរទេស​​ឲ្យ​បាន​ស្គាល់​និង​ជួយ​គាំទ្រ​លើ​ទីផ្សារ​លក់​ផលិតផល​នានា។

លោក អាវេន ដេឡាវ៉ាល់ (Awen Delaval) ជា​ជនជាតិ​បារាំង​​​នៅ​ក្នុ​ង​អង្គការ​មួយ​ឈ្មោះ សមធម៌ ​​​មាន​លក់​សម្លៀ​ក​បំពាក់​និង​ក្រមា​សូត្រ ដែល​ជា​សមាជិក​​របស់​សមាគម​សិប្បករ​ខ្មែរ (AAC) បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣០ ខែ​មករា ថា ការ​តាំង​ពិព័រណ៍​ផលិតផល​ខ្មែរ​នេះ​មិន​មែន​ជា​ការ​បាត់បង់​ទីផ្សារ​នៃ​ផលិតផល​ទាំង​នោះ​នៅ​ពេល​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ​ទេ ប៉ុន្តែ​វា​ជា​ការ​ប្រមូល​ផ្តុំ​ដើម្បី​បង្ហាញ​​រាល់​សកម្មភាព​របស់​សិប្បកម្ម​ទាំង​អស់​ដែល​នៅ​តាម​បណ្តា​ខេត្ត​ឆ្ងាយ ដូច​ជា​នៅ​ខេត្ត​មណ្ឌលគិរី រតនគិរី ជាដើម ឲ្យ​ទេសចរ​បរទេស​បាន​ស្គាល់​និង​គាំទ្រ។

លោក អាវេន ដេឡាវ៉ាល់ បាន​មាន​ប្រសាសន៍​ថា ៖ «AAC គឺ​ជា​អង្គការ​ផ្នែក​មួយ​ដែល​ជួយ​ជំរុញ​ជន​ពិការ ក៏​ដូច​ជា​ជន​ក្រីក្រ​ដែល​គាត់​ស្ថិត​នៅ​ក្នុង​សិប្បកម្ម ហើយ​គ្មាន​លទ្ធភាព​ជំរុញ​ផលិតផល​របស់​គាត់​អីចឹង។ គាត់​ជួយ​ប្រជាជន​ខ្មែរ ៨​ឆ្នាំ​មក​ហើយ ទាំង​ពី​ផ្នែក​គុណភាព​ធ្វើ​ឲ្យ​មាន​សមតុល្យ​រវាង​អ្នក​លក់​និង​អ្នក​ទិញ ហើយ​និង​អ្នក​ផលិត។ ជាង ៨០%​នៅ​ក្នុង​អ្នក​តាំង​ពិព័រណ៍​នេះ​គឺ​ជា​សមាជិក​ដែល​គាត់​ជួយ»

មាន​ម្ចាស់​សិប្បកម្ម​មក​ពី​ខេត្ត​ឆ្ងាយ​​តំបន់​​ភាគ​ឦសាន​នៃ​ប្រទេស​មួយចំនួន​បាន​នាំ​យក​ផលិតផល​ប្រើប្រាស់​នៅ​តំបន់​របស់​គេ ដូច​ជា​ស្រា​ថូ ទឹក​ឃ្មុំ និង​កាហ្វេ​ជាដើម ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​អតិថិជន​ក្នុង​ស្រុក​និង​ទេសចរ​បរទេស។

អ្នក​ស្រី អ៊ន ចាន្ធី ដែល​មក​ពី​ខេត្ត​មណ្ឌលគិរី បាន​មាន​ប្រសាសន៍​ថា គាត់​បាន​នាំ​យក​ស្រា​ថ្នាំ​បូរាណ ទឹក​ឃ្មុំ​សុទ្ធ និង​កាហ្វេ​ដែល​មាន​គុណភាព​ល្អ​បំផុត មិន​ចាញ់​កាហ្វេ​បរទេស ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​សាកល្បង​ក្នុង​ការ​ភ្លក់​រស​ជាតិ។

អ្នក​ស្រី អ៊ន ចាន្ធី បាន​មាន​ប្រសាសន៍​ថា កាហ្វេ​ធម្មជាតិ​សុទ្ធ​របស់​គាត់​ដែល​មាន​ផ្លាក​សម្គាល់​មណ្ឌលគិរី គឺ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ទទួល​ស្គាល់​គុណភាព​ជា​ច្រើន​មក​ហើយ​លើ​ទីផ្សារ បន្ទាប់​ពី​គាត់​បាន​នាំ​យក​មក​តាំង​ពិព័រណ៍​ជា​ច្រើន​​លើក​មក​ហើយ​នោះ។

អ្នក​ស្រី អ៊ន ចាន្ធី បាន​បញ្ជាក់​ថា ៖ «ឲ្យ​ប្រជាជន​ខ្មែរ​យើង​ជួយ​គាំទ្រ​ឲ្យ​បាន​ច្រើន ឲ្យ​គេ​ដឹង​គ្រប់​គ្នា ព្រោះ​អ្នក​ខ្លះ​គាត់​មិន​ទាន់​ដឹង​នៅ​ឡើយ​។ ខ្ញុំ​មាន​សង្ឃឹម​ច្រើន ព្រោះ​អី​កាហ្វេ​ខ្ញុំ​លក់​ដាច់ ពេល​ខ្លះ​ចង់​ខ្ចប់​វេច​មិន​ទាន់​ដែរ។ កាហ្វេ​ហ្នឹង​សុទ្ធ​មិន​លាយ​ជាតិ​គីមី​អី​ទេ។ អតិថិជន​ដែល​គាត់​មក​ទិញ​ហើយ គាត់​និយាយ​ថា កាហ្វេ​ខ្មែរ​យើង​មិន​ចាញ់​កាហ្វេ​បរទេស​ទេ។ ជប៉ុន​និង​កូរ៉េ​គាត់​គាំទ្រ​ណាស់ ព្រោះ​អី​ខ្ញុំ​បាន​តាំង​ពិព័រណ៍​​នៅ​កន្លែង​ម៉ុងឌីយ៉ាល់ ហើយ​និង​វត្តភ្នំ»

សមាគម​សិប្បករ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ជន​បរទេស​ភាគ​ច្រើន​នៅ​ពេល​មក​ដល់​ប្រទេស​ខ្មែរ គឺ​ពួក​គេ​ចង់​ទិញ​ផលិតផល​ដែល​ផលិត​ដោយ​ជនជាតិ​ខ្មែរ​ផ្ទាល់ ដោយ​ការ​ផលិត​ទាំង​នោះ​បាន​ធ្វើ​ក្នុង​បរិស្ថាន​ល្អ និង​មិន​ស្ថិត​ក្នុង​ការ​ដាក់​សម្ពាធ​ការងារ​​ទៅ​លើ​កម្មករ​ឲ្យ​ធ្វើ​ការ​ហួស​ពី​កម្លាំង​ការងារ​ជាដើម​នោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។