អាជ្ញាធរ​ថៃ​បញ្ជូន​បុរស​ខ្មែរ​ម្នាក់​ទៅ​ពន្ធនាគារ​ដោយសារ​​រឿង​គ្រឿង​ញៀន

កម្លាំង​សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​បុរស​ខ្មែរ​ម្នាក់​ទៅ​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ បន្ទាប់​ពី​បុរស​នោះ​ត្រូវ​បាន​ថៃ​ចាប់​ឃាត់​ខ្លួន ជាមួយ​ស្ត្រី​ជា​ម្ដាយ​ក្មេក និង​ប្អូន​ថ្លៃ​ស្រី​ម្នាក់ អាយុ ៥​ឆ្នាំ ពាក់ព័ន្ធ​នឹង​បញ្ហា​នាំ​ថ្នាំ​ញៀន​ចំនួន ៣៨​គ្រាប់​ចូល​ដី​ថៃ កាល​ពី​ថ្ងៃ​១៨ កក្កដា។
ដោយ សួន សុផលមុន្នី
2010-07-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​៦ វិច្ឆិកា ២០០៩។
ទិដ្ឋភាព​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​៦ វិច្ឆិកា ២០០៩។
Photo: RFA

លោក​ឧត្ដម​សេនីយ៍​ត្រី ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា ភាគី​ថៃ​បាន​សម្រេច​ឃុំ​ខ្លួន​បុរស​ខ្មែរ​ម្នាក់ ពាក់ព័ន្ធ​នឹង​ការ​នាំ​ថ្នាំ​ញៀន​ចំនួន ៣៨​គ្រាប់​ចូល​ទឹក​ដី​ថៃ ប៉ុន្តែ​បាន​សម្រេច​ដោះលែង​ស្ត្រី​ជា​ម្ដាយ​ក្មេក និង​ប្អូន​ស្រី​ម្នាក់ ប្រគល់​ឲ្យ​អាជ្ញាធរ​ខ្មែរ​វិញ បន្ទាប់​ពី​ធ្វើ​ការ​ឃាត់​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​រួច​មក។

លោក​ឧត្ដម​សេនីយ៍​ត្រី ហ៊ុន ហ៊ាន បាន​បញ្ជាក់​ថា ៖ «មក​ដល់​ពេល​នេះ ខាង​ភាគី​ថៃ​បាន​ឲ្យ​ម្ដាយ និង​កូន​ស្រី​ម្នាក់​ត្រឡប់​មក​វិញ​ហើយ។ ដោយ​ឡែក​កូន​ប្រសា​ប្រុស​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅ​ដល់​ស្រះកែវ ព្រម​ទាំង​ម៉ូតូ​មួយ​គ្រឿង​ផង។ គេ​បាន​ប្រាប់​មក​ឲ្យ​យើង​ថា ការ​ដែល​ឃាត់​ខ្លួន​នេះ​គឺ​ពី​បទ​ចែកចាយ ឬ​ក៏​ជួញដូរ​គ្រឿងញៀន ដែល​មាន​គ្រឿងញៀន​ចំនួន ៣៨​គ្រាប់»

អ្នក​ភូមិ​ខ្មែរ ២​នាក់​ដែល​ភាគី​ថៃ​ដោះលែង​មក​វិញ​នោះ មាន​ឈ្មោះ សន សុ ឃឿន អាយុ ៤២​ឆ្នាំ ជា​ម្ដាយ​ក្មេក និង​ក្មេង​ស្រី​ឈ្មោះ ជុំ ស្រីពេជ្រ អាយុ ៥​ឆ្នាំ ត្រូវ​ជា​កូន និង​ឈ្មោះ ឡាយ ដាវ អាយុ ២២​ឆ្នាំ​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ស្រះកែវ។

លោក ថុង គឹមលាង សមាជិក​ភូមិ​ព្រៃចាន់ បាន​មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង ៣​នាក់​ខាង​លើ មាន​ទី​លំនៅ​ក្នុង​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​ភាគី​ថៃ​ចាប់​ឃាត់​ខ្លួន ខណៈ​ឆ្លង​ដែន​ចូល​ក្នុង​ដី​ថៃ​ដល់​ត្រង់​ចំណុច​មួយ​ក្នុង​ភូមិ​ខ្លងឃាត ឃុំ​ដងវែង ស្រុក​គោកសួង ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

លោក ថុង គឹមលាង បាន​ឲ្យ​ដឹង​ថា ៖ «ប្រុស​ដែល​ជា​កូន​ប្រសា និង​គេ​យក​ទៅ​ឃុំ​ខ្លួន​នៅ​រោង​ផាក់ គេ​ហៅ​ថា ទីយ៉េកគោក ស្យួង ចំនួន​ពីរ​យប់​ពីរ​ថ្ងៃ ហើយ​គេ​បាន​បញ្ជូន​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ម្សិលមិញ»

ទោះ​ជា​យ៉ាង​ណា គេ​នៅ​មិន​ទាន់​អាច​ទាក់ទង​ភាគី​ថៃ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​ការ​ចាប់​ឃុំ​ខ្លួន​បុរស​ខ្មែរ ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ថ្នាំ​ញៀន ៣៨​គ្រាប់​ខាង​លើ​នេះ​បាន​ទេ ប៉ុន្តែ​តាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​ភូមិ​ខ្មែរ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ភាគី​ថៃ​ធ្លាប់​បាន​ចោទ​ប្រកាន់​មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ ដោយ​បាន​ប្រើ​ល្បិច​យក​ថ្នាំ​ញៀន​មក​ដាក់​ធ្វើ​ជា​ភស្តុតាង​ដាក់​បន្ទុក។

ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ទាក់ទិន​បញ្ហា​ខាង​លើ​នេះ​បាន​ទេ ប៉ុន្តែ​លោក​ឧត្ដម​សេនីយ៍​ត្រី ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខ្មែរ​បាន​ជូន​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ ទៅ​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះកែវ ដើម្បី​អន្តរាគមន៍​ជួយ​ដល់​បុរស​ខ្មែរ​ខាង​លើ​ដែល​ត្រូវ​ថៃ​ចាប់​ឃុំ​ខ្លួន៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល