ក្រសួង​ព័ត៌មាន​ឈប់​ប្ដឹង​កាសែត​ខ្មែរ​អមតៈ

ក្រសួង​ព័ត៌មាន​បាន​ប្ដឹង​កាសែត​ខ្មែរ​អមតៈ បន្ទាប់​ពី​កាសែត​នេះ​ចុះ​ផ្សាយ​អត្ថបទ​ប៉ះពាល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​បាន​សម្រេច​ដក​ពាក្យ​បណ្ដឹង​វិញ​ហើយ។
ដោយ សុខ សេរី
2010.07.16
ខ្មែរអមត៣០៥ គេហទំព័រ​សារព័ត៌មាន​ខ្មែរ​អមតៈ (khmeramatak.com)
Screenshot, RFA

ក្រសួង​ព័ត៌មាន​ប្រទេស​កម្ពុជា បាន​សម្រេច​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​ក្រុង​ភ្នំពេញ​ហើយ គឺ​ឈប់​ប្ដឹង​កាសែត ខែ្មរ​អមតៈ ដែល​បាន​ផ្សាយ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា​ថ្មីៗ​នេះ ស្ដី​អំពី​ខួប​លើក​ទី​១៣ នៃ​រដ្ឋ​ប្រហារ ខែ​កក្កដា ឆ្នាំ​១៩៩៧ ថា​ជា​សញ្ញា​នៃ​ការ​ប្រមូល​អំណាច​ផ្ដាច់​មុខ​របស់​លោក ហ៊ុន សែន។

ចាងហ្វាង​កាសែត​ខ្មែរ​អមតៈ លោក ប៊ុន ថា អាយុ​៤៦​ឆ្នាំ ដែល​អះអាង​ថា កាសែត​របស់​លោក ជា​កាសែត​ឯករាជ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​សុក្រ ទី​១៦ ខែ​កក្កដា​នេះ​ថា ៖ «ចរចា​ម្សិល​មិញ ម៉ោង​៣​ល្ងាច បាន​ព្រម​ដក​ពាក្យ​បណ្ដឹង​វិញ​ហើយ។ ឥឡូវ​វា​មាន​ការ​សប្បាយ​ចិត្ត​ដូច​ធម្មតា​វិញ។ ទី​មួយ​ខ្ញុំ​ធ្វើ​លិខិត​ព្រម​ចុះ​បំភ្លឺ​វិញ នូវ​រាល់​អត្ថបទ​ដែល​ក្រសួង​បាន​ផ្ញើ​មក ហើយ​នឹង​សុំ​អធ្យាស្រ័យ វា​មាន​ការ​ខុស​ឆ្គង»

កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ថ្មីៗ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ជូន​ដំណឹង​ជា​លាយ​លក្ខណ៍​អក្សរ ទៅ​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ លោក ជីវ កេង ថា​សំណើ​សុំ​ប្ដឹង​សារព័ត៌មាន​ខ្មែរ​អមតៈ ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដោយ​ចេតនា។

អត្ថបទ​ព័ត៌មាន​ដែល​រង​ការ​ប្ដឹង​នោះ មាន​ចំណង​ជើង​ថា "ខួប​ទី ១៣​ឆ្នាំ នៃ​រដ្ឋ​ប្រហារ ខែ​កក្កដា ឆ្នាំ​១៩៩៧ ជា​សញ្ញា​ប្រមូល​អំណាច​ផ្ដាច់​មុខ​របស់​លោក ហ៊ុន សែន"

លិខិត​បណ្ដឹង​របស់​ក្រសួង​ព័ត៌មាន ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បាន​ពណ៌នា​ថា អត្ថបទ​នេះ​គឺ​អ​សុទ្ធចិត្ត បង្ក​ឲ្យ​មាន​ការ​ភ័ន្ត​ច្រឡំ ពី​សំណាក់​មហាជន និង​សហគមន៍​អន្តរជាតិ ក្នុង​បំណង​បំផ្លិច​បំផ្លាញ​មក​លើ​កិច្ច​ប្រឹង​ប្រែង​ការពារ​ប្រទេស របស់​ប្រមុខ​រដ្ឋាភិបាល។

ប្រធាន​នាយកដ្ឋាន​មណ្ឌល​ព័ត៌មាន របស់​ក្រសួង​ព័ត៌មាន លោក យ៉ែម ណយ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ដក​ពាក្យ​បណ្ដឹង​រួច​ហើយ នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា​នេះ ៖ «លិខិត​សុំ​ទោស​ឯក​ឧត្ដម​រដ្ឋ​មន្ត្រី​ហ្នឹង។ គាត់ (លោក ខៀវ កាញារីទ្ធ) បាន​ធ្វើ​លិខិត​មួយ​សុំ​ដក​ទៅ​តុលាការ​នោះ។ បាន​ជូន​ទៅ​តុលាការ​ព្រឹក​មិញ​ហើយ»

ការ​យល់​ព្រម​ដក​ពាក្យ​បណ្ដឹង​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​លោក ប៊ុន ថា ចាងហ្វាង​កាសែត​ខ្មែរ​អមតៈ ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​កក្កដា​ថ្មីៗ នេះ ដើម្បី​សុំទោស និង​សន្យា​ចុះ​ផ្សាយ​កែ​តម្រូវ​ឡើង​វិញ នៅ​សប្ដាហ៍​ក្រោយ​នេះ។

កាល​ពី​ឆ្នាំ​២០០៩ កន្លង​មក​នេះ អ្នក​រិះគន់​រដ្ឋាភិបាល​ជា​ច្រើន​នាក់​បាន​រង​ការ​ប្ដឹង​ជា​បន្ត​បន្ទាប់ ក្រោម​បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​នោះ​មាន​ដូច​ជា លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក លោក ដាំ សិទ្ធិ ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ លោក មឿង សុន ប្រធាន​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក​ស្រី មូរ សុខ​ហួរ លោក ហូ វ៉ាន់ តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី និង​លោក សម រង្ស៊ី៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jul 18, 2010 09:49 AM

that is a good sign. The other guy should learn from this.