ខ្មែរ៖ ថៃ​រំលោភ​កិច្ច​ព្រមព្រៀង​ថ្ងៃ ២៨ មេសា

ច្រក​ទ្វារ​ព្រំដែន​ខ្មែរ-ថៃ ចំនួន ២ គឺ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​តំបន់​អូរ​ស្មាច់ ក្រុង​សំរោង និង​តំបន់​ជាំ​សាង៉ាំ ស្រុក​អន្លង់​វែង ថៃ​នៅ​តែ​​បិទ​ជា​ឯកតោ​ភាគី បើ​ទោះ​បី​ជា​មេទ័ព​ទាំង​បាន​ព្រមព្រៀង​គ្នា កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មេសា​ក៏ដោយ។
ដោយ ហង្ស សាវយុត
2011-04-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ខ្មែរ-ថៃ នៅ​ចំណុច​ជាំ​សាង៉ាំ ក្នុង​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មានជ័យ។
ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ខ្មែរ-ថៃ នៅ​ចំណុច​ជាំ​សាង៉ាំ ក្នុង​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មានជ័យ។
RFA/Khe Sonorng

មន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា បាន​ស្ដី​បន្ទោស​ភាគី​ថៃ ថា​មិន​មាន​សុឆន្ទៈ​ក្នុង​ការ​គោរព​ស្មារតី​នៃ​ការ​ព្រមព្រៀង​គ្នា​ទ្វេ​ភាគី​លើ​ការ​ឈប់​បាញ់ និង​ឱ្យ​មាន​ការ​បើក​ច្រក​ព្រំដែន​អន្តរជាតិ​ឡើង​វិញ ដូច​នៅ​ក្នុង​ការ​ព្រមព្រៀង​នៃ​ជំនួប​ចរចា​គ្នា​រវាង​ថ្នាក់​យោធភូមិភាគ​នៃ​ប្រទេស​ទាំង​ពីរ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី ២ ថ្ងៃ​មុន​កន្លង​ទៅ​នោះ​ទេ។

ប្រតិកម្ម​របស់​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្ដី​រាយ​ការណ៍​ថា កង​ទាហាន​ថៃ​នៅ​តែ​បន្ត​បាញ់​អាវុធ​ដាក់​កងទ័ព​កម្ពុជា​នៅ​ឡើយ ​កាល​ពី​រាត្រី​ថ្ងៃ​សុក្រ​ទី ២៩ រហូត​ដល់​ទៀប​ភ្លឺ​ថ្ងៃ​សៅរ៍​ទី ៣០ ខែ​មេសា​នេះ បើ​ទោះ​បី​ជា​​​មេ​បញ្ជាការ​សមរភូមិ​​ថ្នាក់​យោធភូមិភាគ​នៃ​ប្រទេស​ទាំងពីរ ធ្លាប់​បាន​ជួប​ចរចា​គ្នា ​ចំនួន ២ លើក​ជាប់ៗ គ្នា កាល​ពី​ថ្ងៃ​ទី ២៨ និង ២៩ ខែ​មេសា ហើយ​បាន​​ព្រមព្រៀង​ឈប់​បាញ់ និង​ហាម​ចល័ត​កងទ័ព​​ក៏​ដោយ។

លោក​ឧត្តមសេនីយ៏ឯក ឈុំ សុជាត អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​របស់​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ទី ៣០ ខែ​មេសា​ថា៖ ទាហាន​ថៃ​នៅ​តែ​បង្ក​ការ​ផ្ទុះ​អាវុធ​លប​លួច​វាយ​ឆ្មក់​មក​លើ​ទាហាន​ខ្មែរ នៅ​តំបន់​ប្រាសាទ​តា​មាន់​ធំ និង​ប្រាសាទ​តា​ក្របី​ តែ​ក្នុង​រយៈ​ពេល​ជាង ៨ ម៉ោង​បន្ទាប់​ពី​ការ​ជួប​ចរចា​គ្នា​រវាង​មេ​បញ្ជាការ​យោធា​សមរភូមិ​ទាំង​សង​ខាង ដែល​បាន​ព្រមព្រៀង​លើ​ការ​ឈប់​បាញ់​គ្នា​នោះ។

លោក ឈុំ សុជាត «យប់​មិញ (ថ្ងៃ​សុក្រ) វេលា​ម៉ោង ៨ យប់​រហូត​ដល់​ម៉ោង ៨ និង ៣០ នាទី​ម្តង។ គេ​បាញ់​កាំភ្លើង​ត្បាល់ ៦០, ៨០,១២០ (មីលីម៉ែត្រ) ហើយ​និង M79 នៅ​តាក្របី​ ហើយ​វេលា​ម៉ោង ៥ និង ៥ នាទី​រហូត​ដល់​ម៉ោង ៦ និង ៧ នាទី។ មួយ​ម៉ោង​ហ្នឹង​បាញ់​កាំភ្លើង​ដូច​គ្នា​ដែរ M79, ៦០, ៨០, ១២០ (មីល្លីម៉ែត្រ) មក​លើ​តា​មាន់ និង​តា​ក្របី​ បាញ់ ២ លើក»។

ចំណែក​កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) ដែល​ចេញ​ផ្សាយ​កាល​ពី​​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​មេសា ឲ្យ​ដឹង​ថា ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​នៅ​យប់​ថ្ងៃ​សុក្រ​ទី២៩ រហូត​ដល់​ម៉ោង ៦ និង ៣០ នាទី​ព្រឹក​ថ្ងៃ​សៅរ៍​ខែ​មេសា​ទាហា​ន​ថៃ​ចំនួន ១០ នាក់​បាន​រង​របួស ក្នុង​នោះ​មាន ២ នាក់​របួស​ធ្ងន់។

បញ្ហា​ព្រំដែន​នេះ​ដែរ មន្ត្រី​ច្រក​ទ្វារ​ព្រំដែន បាន​ឱ្យ​ដឹង​ថា ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ខ្មែរ-ថៃ​ចំនួន ២ ដែល​ថៃ​បាន​បិទ​ជា​ឯកតោ​ភាគី ហើយ​ត្រូវ​បាន​ភាគី​ខ្មែរ-ថៃ​បាន​ព្រមព្រៀង​គ្នា​ថា បើក​ឡើង​វិញ​នោះ គឺ​មិន​ទាន់​បាន​បើក​នៅ​ឡើយ​ទេ។

លោក ង៉ុយ ជាង អនុប្រធាន​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​នៃ​ទឹក​ដី​ក្រុង​សំរោង ខេត្ត​ឧត្តរ​មានជ័យ មាន​ប្រសាសន៍​ថា ច្រក​ទ្វារ​ព្រំដែន​ដែល​ភាគី​ថៃ​បាន​បិទ​តាំង​ពី​ថ្ងៃ​ទី ២២ ខែ​មេសា​មក​នោះ នៅ​តែ​បន្ត​បិទ​ដដែល។

លោក ង៉ុយ ជាង ៖ «ខ្ញុំ​នៅ​មាត់​ច្រក​នេះ​អត់​មាន​បើក​ទេ​បង នៅ​បិទ​ជិត​ឈឹង​ដដែល​បង។ តាំង​ពី​ថ្ងៃ​ប្រជុំ​មក​ថា​បើក ហើយ​ព្រឹក​ឡើង​ក៏​ប៉ះ​គ្នា​នៅ​តា​មាន់​តា​អី​មក វា​អត់​បើក​ទៀត​ ហើយ​ថ្មើរ​នេះ​ក៏​អត់​មាន​បើក​ដែរ​ស្ងាត់​ឈឹង»។

ចំណែក​លោក នេត្រ តារា ប្រធាន​ច្រក​ទ្វារ​ព្រំដែន​ជាំ​សាង៉ាំ ស្រុក​អន្លង់​វែង​មាន​ប្រសាសន៍​ថា ច្រក​ទ្វារ​ព្រំដែន ដែល​ភាគី​ថៃ​បិទ កាល​ពី​ថ្ងៃ​ទី ២២ ខែ​មេសា និង​នៅ​ថ្ងៃ​ទី ២៤ បើក​មួយ​ភ្លែត​ក៏​បិទ​ទៅវិញ ហើយ​បន្ត​បិទ​រហូត​មក​ដល់​ពេល​នេះ​ ដោយ​ភាគី​ថៃ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ​ទេ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល