ខ្មែរ​ក្រោម​គ្រោង​តវ៉ា​ជា​ថ្មី

ខ្មែរ​កម្ពុជា​ក្រោម​ដែល​រង​គ្រោះ​ដោយ​បាត់​បង់​ដី​ស្រែ​ចម្ការ​កន្លង​មក កំពុង​តែ​រៀបចំ​ផែនការ​ថ្មី​មួយ ដើម្បី​ងើប​តវ៉ា​ជា​ថ្មី​ទៀត បើ​ទោះ​បី​ជា​គេ​ដឹង​ថា ការ​តវ៉ា​នោះ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ក៏​ដោយ។
ដោយ សុខ សេរី
2011-01-09
Share
សង្ឃខ្មែរក្រោម៣០៥ ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧
RFA/Quoc Viet

ប្រភព​ពី​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន​ជាង ១០០​គ្រួសារ នៅ​ក្នុង​ឃុំ​អាង​គឺ ស្រុក​ទិន​បៀង ខេត្ត​មាត់​ជ្រូក ឬ​ខេត្ត​អាន​យ៉ាង ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​គ្រប់​គ្រង​ដោយ​វៀតណាម មាន​គម្រោង​ការ​ទៅ​តវ៉ា​នៅ​ក្នុង​ទីក្រុង​ព្រៃនគរ ឬ​ទីក្រុង​ហូជីមិញ នា​ពេល​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ដោះ​ស្រាយ​ប្រគល់​ដី​ស្រែ​ជា​ច្រើន​រយ​ហិកតារ​ឲ្យ​ពួក​គាត់​វិញ ក្រោយ​ពី​បាន​រង​ការ​រឹប​យក​កាល​ពី​ឆ្នាំ​១៩៧៩ មក។

កាល​បរិច្ឆេទ​សម្រាប់​ការ​តវ៉ា​នេះ គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​សុំ​មិន​ឲ្យ​ដឹង​ជា​សាធារណ​ទេ ដោយ​ខ្លាច​ក្រែង​អាជ្ញាធរ​វៀតណាម មាន​វិធានការណ៍​រារាំង។ សកម្ម​ជន​ទាម​ទារ​ដីធ្លី​កំពុង​តែ​ប្រមូល​កម្លាំង​ឲ្យ​បាន​ច្រើន ដើម្បី​ទៅ​តវ៉ា​នៅ​ក្នុង​ទីក្រុង​ព្រៃនគរ​នា​ពេល​ខាង​មុខ​នេះ។

គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ឃុំ​អាង​គឺ ស្រុក​ទិន​បៀង ខេត្ត​អាន​យ៉ាង ឬ​ខេត្ត​មាត់​ជ្រូក សុំ​មិន​ឲ្យ​ប្រាប់​ឈ្មោះ ក្នុង​ការ​ផ្សាយ ដើម្បី​ហេតុ​ផល​សុវត្ថិភាព បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​មក​ថា ការ​ងើប​តវ៉ា​ច្រើន​លើក​កន្លង​មក មិន​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​គិត​គូរ​ដោះ​ស្រាយ​ឲ្យ​ទេ ៖ "២០០៩ គឺ​ថា​បង​ប្អូន​ឈឺ​ចិត្ត​ពេក បាន​ចុះ​ទៅ​ធ្វើ​លើ​ដី​ស្រែ​ខ្លួន​ឯង​ហ្នឹង។ ប្រមូល​ផល​ហើយ ស្រាប់​តែ​បង​ប្អូន​វៀតណាម​គេ​លើក​ទ័ព​មក​ច្រូត​កាត់ យក​ម៉ាស៊ីន​គេ​មក​ច្រូត​កាត់។ ជំពាក់​ជី​គេ ឥឡូវ​ហ្នឹង​រដ្ឋ​អំណាច​មក​ឲ្យ​យើង​សង​ជី​គេ​រាល់​ថ្ងៃ។ ឥឡូវ​នេះ បង​ប្អូន​កំពុង​តែ​ពិបាក​ចិត្ត ឥឡូវ​គិត​ទៅ​ប្ដឹង​ទៀត"

ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ទៀត បាន​ថ្លែង​ថា​លោក​បាត់​បង់​ដី​ស្រែ​ចំនួន ២​ហិកតារ​កន្លះ តាំង​បី​ឆ្នាំ​១៩៧៩ មក។ គ្រួសារ​របស់​លោក​តែង​តែ​ស៊ី​ឈ្នួល​ភ្ជួរ​រាស់​ឲ្យ​គ្រួសារ​វៀតណាម ទទួល​បាន​កម្រៃ​តិច​តួច ស្មើ​និង ១៥០០០​រៀល គឺ​ធ្វើ​ការ​ងារ​តាំង​ពី​ព្រឹក​ព្រលឹម រហូត​ដល់​ពេល​យប់។ លោក​បន្ត​ថា ៖ "ស៊ី​ឈ្នួល​ភ្ជួរ​ច្រូត តវ៉ា​សុំ​ដី​ស្រែ ដី​ចម្ការ​វិញ។ គ្មាន​អ្វី​ជា​ទី​ពឹង​ទេ មាន​តែ​ដី​ស្រែ ដី​ចម្ការ​ហ្នឹង។ មិន​តវ៉ា​អ៊ីចឹង​យើង​ត្រូវ​អត់"

គ្រួសារ​ខែ្មរ​កម្ពុជា​ក្រោម​បាន​អះអាង​ថា ពួក​គាត់​បាន​ងើប​តវ៉ា​ច្រើន​លើក​រួច​មក​ហើយ តាំង​ពី​ឆ្នាំ​២០០៦ មក ប៉ុន្តែ​មិន​បាន​ទទួល​លទ្ធផល​អ្វី​ទេ។ ប្រជា​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​គុក ដោយ​អាជ្ញាធរ​វៀតណាម មាន​ដូច​ជា​ឈ្មោះ នាង ស្រី ឈ្មោះ ចៅ សារិន ឈ្មោះ នាង ចាន់​ថន ឈ្មោះ ចៅ វឿន និង​ឈ្មោះ ចន្ថា។

ប្រធាន​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ថាច់ សាង បាន​មាន​ប្រសាសន៍​ថា គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​តែង​តែ​រង​គ្រោះ និង​រង​ទុក្ខ​លំបាក ៖ "ជា​ភារៈ​វៀតណាម​ខ្លួន​ឯង ជា​អ្នក​យល់​ច្បាប់ ហើយ​ជា​អ្នក​រៀម​ច្បង​ដែរ មិន​ត្រូវ​ធ្វើ​អ៊ីចឹង​ទេ គឺ​ថា​ខ្ញុំ​អត់​ទទួល​យក​បាន​ទេ អត់​គាំទ្រ​ទេ​រឿង​អស់​ទាំង​ហ្នឹង"

វិទ្យុ​អាស៊ី​សេរី​បាន​ទាក់​ទង​ទៅ​ស្ថានទូត​វៀតណាម នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​សុំ​សេចក្ដី​ប្រតិកម្ម ប៉ុន្តែ​ពុំ​មាន​អ្នក​ឆ្លើយ​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​អាទិត្យ។

គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​រវាង ៣០០​ទៅ​៤០០​គ្រួសារ បាន​បាត់​បង់​ដី​ស្រែ​ចម្ការ​ពី​ដូន​តា តាំង​ពី​ឆ្នាំ​១៩៧៩ មក ដោយ​សារ​តែ​បាន​រត់​ភៀស​ខ្លួន​ពី​ការ​វាយ​ប្រយុទ្ធ​គ្នា រវាង​កង​ទ័ព​វៀតណាម និង​ខ្មែរ​ក្រហម នៅ​ពេល​នោះ ប៉ុន្តែ​ដី​ស្រែ​ច្រើន​ពាន់​ហិកតារ​នោះ ត្រូវ​បាន​គ្រួសារ​វៀតណាម និង​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម​បាន​រឹប​យក ឬ​កាន់​កាប់​ជា​កម្មសិទ្ធិ​នៅ​ពេល​ពួក​គាត់​បាន​វិល​ត្រឡប់​ទៅ​វិញ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល