ខ្មែរ-ថៃ ជួបជុំ​បួង​សួង​សុំ​សន្តិភាព

ពុទ្ធសាសនិក​ខ្មែរ-ថៃ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ទី​១១ ខែ​កក្កដា ឆ្នាំ​២០១០ នេះ បាន​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ។
ដោយ សួន សុផល មុន្នី
2010.07.11
ទាហាន​ខ្មែរ​ថៃ ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៨ កក្កដា ២០០៨ ។
RFA Photo/Keo Nimol

តំណាង​បណ្ដាញ​ពុទ្ធសាសនិក​ខ្មែរ-ថៃ ជា​ច្រើន​នាក់ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ទី១១ ខែ​កក្កដា​នេះ បាន​ជួប​ប្រជុំ​គ្នា នៅ​ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដែល​មាន​ព្រំដែន​ជាប់​ខេត្ត​បន្ទាយ​មាន​ជ័យ ប្រទេស​កម្ពុជា ក្នុង​គោល​ដៅ​ប្រមូល​ផ្តុំ​ទស្សនៈ​រួម​គ្នា ដើម្បី​ឈាន​ទៅ​ការ​រៀបចំ​ពិធី​នានា ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ថៃ និង​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ពង្រឹង​ចំណង​មិត្តភាព​នឹង​គ្នា​ឡើង​វិញ បន្ទាប់​ទំនាក់​ទំនង​រវាង​ប្រទេស​ខ្មែរ-ថៃ មាន​ការ​ស្រុត​ចុះ​នា​រយៈ​ពេល​កន្លង​មក។

ឧបាសក រស់ សុថា ប្រធាន​អង្គការ​បណ្ដាញ​ពុទ្ធសាសនិក​សង្គម​ខ្មែរ បាន​មាន​ប្រសាសន៍​ថា តំណាង​ពុទ្ធសាសនិក​សង្គម​ខ្មែរ (Buddhist and Khmer Society Network) ចំនួន​ជាង ១០​នាក់ ពី​ប្រទេស​កម្ពុជា និង​តំណាង​ពុទ្ធសាសនិក​ថៃ (Thai People Foundation) ចំនួន​ជាង ១០​នាក់​ដូច​គ្នា បាន​ជួប​ប្រជុំ​គ្នា​នៅ​ស្រុក​អារ៉ាញ់​ប្រាថេត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ នា​ល្ងាច​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ទី​១១ ខែ​កក្កដា​នេះ ៖ «ដើម្បី​រៀបចំ​ផែនការ​ជា​ទស្សនៈ​រួម​មួយ​ទៅ​ថ្ងៃ​មុខ ដើម្បី​ធ្វើ​ផែនការ​ជា​ដុំ​កំភួន​មួយ​ច្បាស់​លាស់ ដើម្បី​ឈាន​ទៅ​រក​ការ​ពង្រឹង​មិត្តភាព​កម្ពុជា-ថៃ ក៏​ដូច​ជា​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ឲ្យ​ខិត​ចូល​គ្នា​តាម​តែ​អាច​ធ្វើ​បាន តាម​សំឡេង​របស់​ប្រជា​ពលរដ្ឋ។ សំខាន់​គឺ​សុខ​ដុម​រមនា ដើម្បី​ធានា​ស្ថិរភាព​នយោបាយ ដើម្បី​ឈាន​ទៅ​រក​ការងារ​ផ្សេង​ៗ ទៀត ផ្នែក​សេដ្ឋកិច្ច​សង្គម វប្បធម៌ ដូច​ជា​ស្អី​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​បាន​ជឿន​លឿន​ទៅ​មុខ កុំ​ឲ្យ​មាន​ការ​រាំង​ស្ទះ»

ប្រធាន​អង្គការ​បណ្ដាញ​ពុទ្ធសាសនិក​សង្គម​ខ្មែរ លោក​ឧបាសក រស់ សុថា បាន​បន្ត​ថា ការ​ជួប​ប្រជុំ​រវាង​តំណាង​ពុទ្ធសាសនិក​ខ្មែរ-ថៃ នៅ​ក្នុង​ខេត្ត​ស្រះ​កែវ​នេះ ក៏​មាន​គោល​ដៅ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ថៃ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​វាយ​ដំ និង​បាញ់​សម្លាប់​មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​និយម​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ។

ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ខេត្ត​បន្ទាយ​មានជ័យ លោក យិន យឿន បាន​មាន​ប្រ​សាសន៍​ថា ប្រទេស​កម្ពុជា​តាំង​ពី​ដើម​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គឺ​មិន​ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រជា​ពលរដ្ឋ​ថៃ ដូច​ដែល​អាជ្ញាធរ​ថៃ​ប្រព្រឹត្តិ​មក​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទេ។ ទោះបី​ជា​បន្ត​បន្ទាប់​មក​នេះ មាន​ប្រជា​ពលរដ្ឋ​ថៃ​ជា​ច្រើន បាន​ឆ្លង​ដែន​ខុស​ច្បាប់​មក​ក្នុង​ទឹក​ដី​កម្ពុជា​ក៏​ដោយ។

លោក យិន យឿន បាន​មាន​ប្រសាសន៍​បន្ត​ថា ការ​ជួប​ប្រជុំ​គ្នា​របស់​បណ្ដាញ​ពុទ្ធសាសនិក​សង្គម​ខ្មែរ និង​ពុទ្ធសាសនិក​ថៃ នៅ​ក្នុង​ខេត្ត​ស្រះ​កែវ គឺ​សកម្មភាព​ដ៏​ល្អ​មួយ ៖ «ព្រោះ​ថា អាច​ជួយ​ជា​ចំណែក​​មួយ​ដល់​រដ្ឋាភិបាល កាត់​បន្ថយ​នូវ​អំពើ​ហិង្សា ដូច​ជា​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ ការ​ជួញ​ដូរ​គ្រឿង​ញៀន​អី។ ការ​យោក​យល់​គ្នា ប្រទេស​ទាំង​ពីរ ព្រោះ​ព្រះ​ពុទ្ធសាសនា គឺ​រឿង​កាប់​សម្លាប់​គឺ​អត់​មាន​ទេ»

លោក ស៊ុំ ច័ន្ទគា មន្ត្រី​សិទ្ធិ​មនុស្ស នៃ​សមាគម​អាដហុក បាន​មាន​ប្រសាសន៍​ថា សកម្មភាព​របស់​បណ្ដាញ​ពុទ្ធសាសនិក​សង្គម​ខ្មែរ និង​បណ្ដាញ​ពុទ្ធសាសនិក​ថៃ ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​នេះ គឺ​ជា​សារ​មួយ ដែល​អាច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ គិត​គូរ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​គ្នា ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ និង​ការ​ជួយ​ចាត់​វិធានការ​ទប់​ស្កាត់​រាល់​ការ​ប្រើ​អំពើ​ហិង្សា​នានា ដែល​ធ្លាប់​បាន​កើត​មាន​ឡើង នា​រយៈ​ពេល​កន្លង​មក​នេះ ៖ «ការ​បួងសួង​សុំ​សន្តិភាព​ហ្នឹង គឺ​ជា​ការ​ល្អ​មួយ ដែល​យើង​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ហើយ​ថៃ​ជា​អ្នក​កាត់​ព្រះពុទ្ធ​សាសនា​ដូច​គ្នា​ដែរ សូម​កុំ​ឲ្យ​យក​គំនុំ​ផ្ទាល់​ខ្លួន ដែល​ខឹង​ទៅ​លើ​មេ​ដឹក​នាំ​ដូច​គ្នា​ហ្នឹង យក​មក​ប៉ះ​ពាល់​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ថៃ»

ឆ្លើយ​តប​ទៅ​បញ្ហា​ខាង​លើ​នេះ មន្ត្រី​រដ្ឋាភិបាល​ខ្មែរ លោក​ឧត្ដមសេនីយ៍ ឌី ភេន នាយ​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជ-ថៃ បាន​មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​កម្ពុជា និង​អាជ្ញាធរ​ខ្មែរ​ជា​បន្ត​បន្ទាប់ បាន​ស្នើ​យ៉ាង​ទទូច សុំ​ឲ្យ​ភាគី​ថៃ​យោក​យល់​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ។

លោក​បាន​បន្ត​ថា យោង​តាម​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា ថៃ រាល់​កំហុស​ឆ្គង​ណា​មួយ ដែល​បាន​កើត​មាន​ឡើង ភាគី​ថៃ គួរ​តែ​អនុវត្ត​ដោយ​យោង​ទៅ​លើ​កិច្ច​ព្រម​ព្រៀង ៖ «យើង​បាន​និយាយ​គ្នា បើ​សិន​មាន​ប្រជា​ពលរដ្ឋ​យើង​ពាក់​ព័ន្ធ​ចំណុច​ខ្លះ​ៗ អី សុំ​ឲ្យ​មាន​ការ​យោក​យល់​ផង ពីព្រោះ​ពួក​គាត់​មាន​ទី​កន្លែង​ខ្លះ គាត់​មិន​អាច​ដឹង​បាន​កន្លែង​ណា​ដី​ថៃ កន្លែង​ណា​ដី​ខ្មែរ ទៅ​អ៊ីចឹង​ខុស​ឆ្គង​បន្តិច​បន្តួច យើង​សម្រួល​បាន សម្រួល​ទៅ»

កាល​ពី​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១០ នេះ ពុទ្ធសាសនិក​ខ្មែរ-ថៃ រាប់​រយ​នាក់ ក៏​ប្រារព្ធ​ពិធី​បួង​សួង​សន្តិភាព​នៅ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា និង​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ ដើម្បី​សុំ​ឲ្យ​ប្រជា​ជាតិ និង​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ កម្ពុជា​ថៃ លុប​បំបាត់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា និង​ចាប់​ផ្ដើម​ពង្រឹង​ស្ថិរភាព​នយោបាយ រវាង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ។

ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​កើត​មាន​ជម្លោះ​នយោបាយ​តាន​តឹង​ដាក់​គ្នា រហូត​ឈាន​ទៅ​ដល់​ការ​ដក​ឯក​អគ្គ​រាជ​ទូត​រៀង​ៗ​ខ្លួន និង​ការ​ប្រើ​ប្រាស់​ពាក្យ​សំដី​ធ្ងន់​ៗ​ដាក់​គ្នា រវាង​មេ​ដឹក​នាំ រហូត​មាន​ការ​គំរាម​រក​បិទ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ គឺ​ចាប់​ផ្ដើម​ឡើង​ក្រោយ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ បន្ទាប់​ពី​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ត្រូវ​បាន​អង្គការ​យូនីស្កូ​ស្រេច​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​រួច​មក។

ការ​ស្រេច​របស់​អង្គការ​យូនីស្កូ ក្នុង​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ ទៅ​បេតិកភណ្ឌ​ពិភព​លោក បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ថៃ បញ្ជូន​កង​ទ័ព​របស់​ខ្លួន​ចូល​ឈ្លាន​ពាន​កាន់​កាប់​តំបន់​ប្រាសាទ​ព្រះ​វិហារ រហូត​មាន​ការ​ផ្ទុះ​អាវុធ​ជា​ច្រើន​លើក​ច្រើន​សារ ធ្វើ​ឲ្យ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​រង​របួស និង​ស្លាប់​រៀង​ៗ​ខ្លួន៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។