ខ្មែរ​ទុក​ឲ្យ​ថៃ​ជា​អ្នក​ស្ដារ​ចំណង​ការ​ទូត

ទំនាក់​ទំនង​ការ​ទូត​កម្ពុជា និង​ថៃ​បាន​ធ្លាក់​ចុះ​មក​កម្រិត​ភារធារី កាល​ពី​ឆ្នាំ​២០០៨ មក។
ដោយ សុខ សេរី
2010-07-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ លោក ហោ ណាំហុង (ឆ្វេង) ចាប់​ដៃ​ជាមួយ​សមភាគី​ថៃ លោក តេជ ប៊ុណ្ណាក នា​ថ្ងៃ​ទី​១៩ សីហា ២០០៨ នៅ​ខាង​ក្រៅ​ជំនួប​ប្រជុំ​នៅ​ក្នុង​ក្រុង​ហួហ៊ីន ប្រទេស​ថៃ។
រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ លោក ហោ ណាំហុង (ឆ្វេង) ចាប់​ដៃ​ជាមួយ​សមភាគី​ថៃ លោក តេជ ប៊ុណ្ណាក នា​ថ្ងៃ​ទី​១៩ សីហា ២០០៨ នៅ​ខាង​ក្រៅ​ជំនួប​ប្រជុំ​នៅ​ក្នុង​ក្រុង​ហួហ៊ីន ប្រទេស​ថៃ។
RFA Photo/Pong Khemerak

មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត អំពី​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​ប្រទេស​ថៃ​ថា កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​ដូច​មុន​ជា​ដដែល គឺ​ទុក​ឲ្យ​ភាគី​ថៃ ជា​អ្នក​ចាប់​ផ្ដើម​បញ្ជូន​ឯក​អគ្គ​រាជ​ទូត​មក​កម្ពុជា​ជា​មុន ទើប​កម្ពុជា​នឹង​ចាត់​វិធានការ​បន្ទាន់ បញ្ជូន​ឯក​អគ្គ​រាជ​ទូត​របស់​ខ្លួន ទៅ​កាន់​ប្រទេស​ថៃ​ជា​ក្រោយ បើ​មិន​ដូច្នោះ​ទេ កម្ពុជា​សុខ​ចិត្ត​រក្សា​កម្រិត​ទាប​នៃ​ចំណង​ការ​ទូត​ដូច​ពេល​នេះ​ជា​រៀង​រហូត។

ការ​បញ្ជាក់​ជំហរ​ជា​ថ្មី​នេះ គឺ​ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក អភិសិទ្ធ វ៉េតឆា​ឈីវ៉ាក់ (Abhisit Vejjajiva) បាន​ផ្ដល់​បទ​សម្ភាសន៍​មួយ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា​ថ្មីៗ នេះ តាម​ទូរទស្សន៍ TNA របស់​ថៃ ដោយ​និយាយ​ថា ការ​ស្ដារ​ទំនាក់​ទំនង​ការ​ទូត​កម្ពុជា និង​ថៃ គឺ​អាស្រ័យ​ភាគី​កម្ពុជា​ទេ ឬ​ក៏​ថា បាល់​នៅ​ក្នុង​ដៃ​របស់​កម្ពុជា។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ជា​អនុ​រដ្ឋ​លេខាធិការ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា​នេះ​ថា ៖ «បើ​ថៃ​ចង់​ស្ដារ​ឲ្យ​ទំនាក់​ទំនង​ការ​ទូត​នេះ ឲ្យ​កម្រិត​ខ្ពស់​ឡើង​វិញ ដល់​កម្រិត​ឯក​អគ្គ​រាជ​ទូត​នោះ គឺ​វា​អាស្រ័យ​ទៅ​នឹង​ភាគី​ថៃ។ ថៃ​ជា​អ្នក​សម្រេច​បញ្ជូន​ឯក​អគ្គ​រាជ​ទូត​មក​កម្ពុជា​ជា​មុន ពី​ព្រោះ​ថៃ​ជា​អ្នក​ប្រកាស​ដក​ឯក​អគ្គ​រាជ​ទូត​របស់​ខ្លួន​មុន។ តែ​បើ​ថៃ​មិន​ធ្វើ​បែប​នេះ​ទេ គឺ​ឲ្យ​នៅ​ត្រឹម​ភារធារី​ស្ដីទី​រហូត​ក៏​បាន​ដែរ»

ប្រទេស​ថៃ​បាន​កោះ​ហៅ​ឯក​អគ្គ​រាជ​ទូត​របស់​ខ្លួន ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ​ជា​បន្ទាន់ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៨ កន្លង​ទៅ ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា បាន​តែង​តាំង​លោក ថាក់​ស៊ីន ឈិន​ណា​វ៉ាត់ (Thaksin Shinawatra) ក្លាយ​ជា​ទីប្រឹក្សា​ផ្ទាល់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក ថាក់​ស៊ីន ឈិន​ណា​វ៉ាត់ ត្រូវ​បាន​គេ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ទម្លាក់​ចេញ​ពី​តំណែង កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៦ កន្លង​ទៅ។ ត្រូវ​បាន​តុលាការ​ថៃ​កាត់​ទោស​កំបាំង​មុខ ឲ្យ​លោក​ជាប់​គុក ២​ឆ្នាំ ក្រោម​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ក្រោយ​មក រដ្ឋាភិបាល​កម្ពុជា​បាន​បណ្ដេញ​លេខាធិការ​ទី​១ នៃ​ស្ថាន​ទូត​ថៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៨ គឺ​ក្រោយ​ពេល​អាជ្ញាធរ​កម្ពុជា បាន​រក​ឃើញ​ថា លោក កាម​រ៉ូប ប៉ាល​ទ្បា វ៉ាត់ វីត​ឆាយ (Kamrob Palawatwichai) បាន​បញ្ជា​ឲ្យ​លោក ស៊ីវ៉ារ៉ាក់ ឈទីពុង វិស្វ័ករ​ថៃ នៅ​ក្រុម​ហ៊ុន​បញ្ជា​ចរាចរណ៍​ហោះ​ហើរ ហៅ​កាត់​ថា CATS នៅ​កម្ពុជា លួច​យក​តារាង​ហោះ​ហើរ​របស់​លោក ថាក់​ស៊ីន ឈិន​ណា​វ៉ាត់ មក​កម្ពុជា​នៅ​ពេល​នោះ។

តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​លោក ស៊ីវ៉ារ៉ាក់ ឈទីពុង ឲ្យ​ជាប់​គុក ៧​ឆ្នាំ និង​ផាក​ពិន័យ ១០​លាន​រៀល ក្រោម​បទ​ចារកម្ម។ ក្រោម​មក​ត្រូវ​បាន​ដោះ​លែង​វិញ ក្រោម​កិច្ច​អន្តរាគមន៍​របស់​លោក ហ៊ុន សែន។

ប្រធាន​ប្រតិបត្តិ​គម្រោង​អ្នក​ការពារ​ក្តី​កម្ពុជា លោក សុក សំអឿន ដែល​តែង​តែ​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ រវាង​ថៃ និង​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «បើ​ថៃ​នៅ​តែ​ប្រកាន់​ជំហរ​បែប​ហ្នឹង ខ្ញុំ​ថា​ដូច​ជា​ហួស​សម័យ​ហើយ»

មេ​ដឹក​នាំ​ប្រទេស​កម្ពុជា និង​ថៃ គេ​សង្កេត​ឃើញ​ថា តែង​តែ​ឆ្លើយ​ឆ្លង​គ្នា​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា ក្នុង​ការ​ដាក់​លក្ខខណ្ឌ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ស្ដារ​ចំណង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា​ថ្មីៗ​នេះ កម្ពុជា​ចាប់​ខ្លួន​បញ្ជូន​ជន​សង្ស័យ​ភេរវជន​ថៃ ២​នាក់​​ប្ដឹ និង​ប្រពន្ធ ទៅ​ប្រទេស​ថៃ​វិញ ទាក់​ទង​រឿង​គប់​គ្រាប់​បែក​នៅ​បាងកក ដែល​គេ​មើល​ឃើញ​ថា ជា​សញ្ញា​វិជ្ជមាន​មួយ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល