មន្ត្រី​យោធា​ខ្មែរ-ថៃ​ជួប​គ្នា​នៅ​ប្រាសាទ​ព្រះវិហារ

នាយ​ទាហាន​ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​មួយ​ក្រុម​បាន​សុំ​ជួប​សំដែង​ការ​​គួរ​សម​ជា​មួយ​នាយ​ឧត្ដម​សេនីយ៍​ផ្កាយ​មាស​៤ គន់ គីម របស់​កម្ពុជា ដើម្បី​ស្វែង​រក​ការ​កាត់​បន្ថយ​ភាព​តាន​តឹង​ផ្នែក​យោធា។
ដោយ ហង្ស សាវយុត
2010.07.31
ទាហាន​ខ្មែរ​ថៃ ៣០៥ ទាហាន​ខ្មែរ​និង​ថៃ​ដើរ​រួម​គ្នា​នៅ​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​៦ កុម្ភៈ ២០១០។
RFA Photo/Hang Savyouth

មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់​ខ្មែរ ប្រចាំ​តំបន់​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា​មេ​បញ្ជាការ​ទាហាន​ឈុត​ខ្មៅ​ថៃ​១​ក្រុម បាន​ស្វែង​ជួប​សំដែង​ការ​គួរ​សម​ជា​មួយ​លោក​ឧត្ដម​សេនីយ៍​ផ្កាយ​មាស៤ គន់ គីម អគ្គ​បញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ដើម្បី​ស្វែង​រក​ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង រវាង​យោធា​ខ្មែរ-ថៃ ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តាម​ខ្សែ​ត្រៀម​ព្រំដែន​ជួរ​មុខ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៣១ ខែ​កក្កដា​។

ការ​ស្វែង​រក​ជួប​សំដែង​ការ​គួរ​សម​នេះ នៅ​ស្រប​ពេល​ដែល​លោក​ឧត្ដម​សេនីយ៍ គន់ គីម បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​សាកសួរ​សុខ​ទុក្ខ​ទាហាន​ខ្មែរ ដែល​កំពុង​ការ​ពារ​ព្រំដែន​នៅ​ជួរ​មុខ​ជិត​ប្រាសាទ​ព្រះវិហារ។

លោក​ឧត្ដម​សេនីយ៍​ផ្កាយ​៤ ជា តារា អគ្គ​បញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣១ ខែ​កក្កដា​ថា កង​ទ័ព​ថៃ​មួយ​ក្រុម បាន​ជួប​សំដែង​ការ​គួរ​សម​ជា​មួយ​លោក​ឧត្ដម​សេនីយ៍ គន់ គីម ដើម្បី​ស្វែង​រក​ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ផ្នែក​យោធា ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ជា​ថ្មី ក្នុង​រឿង​ព្រំដែន និង​ប្រាសាទ​ព្រះវិហារ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។

លោក​ឧត្ដម​សេនីយ៍ ជា តារា មាន​ប្រសាសន៍ ៖ «ព្រឹក​មិញ​នេះ​ខ្ញុំ​ជូន​ដំណើរ​ឯក​ឧត្ដម គន់ គីម ចុះ​ទៅ​សួរ​សុខ​ទុក្ខ​នាយ​ពល​ទាហាន​របស់​យើង ដែល​ឈរ​ជើង​នៅ​ជួរ​មុខ ក៏​ប៉ុន្តែ​មក​ដល់​ចំណុច​ឃ្មុំ​នោះ កង​ទ័ព​ថៃ​ក៏​មាន​ការ​ទទួល​គារវៈ ហើយ​ឯក​ឧត្ដម គន់ គីម បាន​បញ្ជាក់​ពី​ជំហរ​ជា​វិជ្ជមាន​របស់​សម្ដេច​តេជោ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា លោក​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​ជា​មួយ​ភាគី​ថៃ​ទេ គាត់​ចង់​ឲ្យ​តាម​ព្រំដែន​សុទ្ធ​តែ​មាន​ស្ថិរភាព សហ​ប្រតិបត្តិការ ដើម្បី​អភិវឌ្ឍ ដើម្បី​ផល​ប្រយោជន៍​ប្រជា​ជន​ទាំង​ពីរ។ ចំណុច​ទី​២ ក៏​មិន​ចង់​បាន​ទឹក​ដី​របស់​ថៃ​១​មិល្លីម៉ែត្រ​ដែរ។ ប៉ុន្តែ​ក្នុង​សិទ្ធិ​ស្វ័យ​ការ​ពារ​ត្រូវ​តែ​ការ​ពារ​ទឹក​ដី​ឲ្យ​បាន​រឹង​មាំ»

ទាហាន​ខ្មែរ ដែល​ការ​ពារ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​៤-៥​ថ្ងៃ​មក​នេះ ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ នៅ​តាម​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ មាន​ភាព​តាន​តឹង​ឡើង​វិញ បន្ទាប់​ពី​ថៃ​បាន​បញ្ជូន​កង​ទ័ព​បន្ថែម​ទៅ​កាន់​តំបន់​ជិត​ប្រាសាទ​ព្រះវិហារ​ផង​នោះ។

ប៉ុន្តែ​កាសែត​បាងកក​ប៉ុស្តិ៍​របស់​ប្រទេស​ថៃ បាន​ដក​ស្រង់​សំដី​រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ថៃ លោក Prawit Wongsuwon មាន​ប្រសាសន៍​ថា វា​មិន​ចាំ​បាច់​ដើម្បី​បញ្ជូន​ទ័ព​បន្ថែម​ទៅ​កាន់​ព្រំដែន​កម្ពុជា-ថៃ​ទេ បើ​ទោះបី​ជា​មាន​របាយ​ការណ៍​ថា មាន​កង​ពល​តូច​ចំនួន​ពីរ និង​កាំភ្លើង​ធំ​របស់​កម្ពុជា​បាន​បញ្ជូន​ទៅ​ព្រំដែន​ក៏​ដោយ។

លោក​ឧត្ដម​សេនីយ៍​ទោ ស្រី ឌឹក មេ​បញ្ជាការ​កង​យោធ​ពល​ខេមរ​ភូមិ​នៃ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា រយៈ​ពេល​៤-៥​ថ្ងៃ​កន្លង​មក​នេះ​ថៃ​ពិត​ជា​បាន​បញ្ជូន​កម្លាំង​កង​ទ័ព​ជា​ច្រើន​មក​ជិត​ព្រំដែន ប៉ុន្តែ​កម្លាំង​កង​ទ័ព​ធំ​របស់​ថៃ​នៅ​ឆ្ងាយ​ពី​តំបន់​ប្រឈម​មុខ ឯ​កម្លាំង​តូច​គឺ​នៅ​ជិតៗ​ទាហាន​ខ្មែរ ដែល​ធ្វើ​ឲ្យ​ទាហាន​ខ្មែរ​ត្រូវ​ត្រៀម​ខ្លួន​ប្រយុទ្ធ។

លោក​ឧត្ដម​សេនីយ៍​ទោ ស្រី ឌឹក ៖ «វា​មិន​ទាន់​ជា​ចំណុច​អី​ដែល​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​ទេ។ មក​ដល់​ពេល​នេះ មិន​ទាន់​មាន​អី​ដែល​ជា​ចំណុច​ឲ្យ​យើង​មាន​ការ​ចាប់​អារម្មណ៍​ទេ និយាយ​រួម​យើង​និយាយ​ឲ្យ​ខ្លី​ថា យើង​ក្នុង​លេណដ្ឋាន​ដៃ​ក្នុង​កៃ​ចាំ​កាច់»

រហូត​មក​ដល់​ថ្ងៃ​សៅរ៍​នេះ ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​យោធា នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ កំពុង​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​នៅ​ឡើយ ដោយ​ស្ត្រី​ជា​គ្រួសារ​យោធា​ទាំង​អស់ តម្រូវ​ឲ្យ​ចុះ​ពី​លើ​ភ្នំ​ព្រះវិហារ​ទៅ​រក​កន្លែង​សុវត្ថិភាព៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។