ខ្មែរ-ថៃប្រឈមមុខដាក់គ្នាសាជាថ្មី
2011.01.29
ក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃសុក្រ ទី២៨ មករា បានបញ្ជូនរថក្រោះ និងរថពាសដែកជាច្រើនគ្រឿង ទៅកាន់តំបន់ជម្លោះក្បែរប្រាសាទព្រះវិហារ ដើម្បីការពារទឹកដីកម្ពុជា បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃទាមទារឲ្យកម្ពុជាដកទង់ជាតិខ្មែរចេញពីក្នុងវត្តកែវសិក្ខាគិរីស្វារៈ របស់កម្ពុជារួចមក។
មន្ត្រីយោធាការពារនៅប្រាសាទព្រះវិហារបានឲ្យដឹងថា កងទ័ពកម្ពុជា និងថៃកំពុងប្រឈមមុខដាក់គ្នា នៅតំបន់ក្បែរប្រាសាទព្រះវិហារ ចាប់តាំងពីព្រឹករហូតដល់ល្ងាចថ្ងៃសុក្រ ហើយកងទ័ពកម្ពុជាបានត្រៀមខ្លួនជាស្រេចដើម្បីការពារមិនឲ្យទាហានថៃចូលទៅដកទង់ជាតិខ្មែរក្នុងទីវត្តខ្មែរបានទេ។
មន្ត្រីយោធាម្នាក់ប្រចាំនៅប្រាសាទព្រះវិហារសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍ថា ទាហានថៃបានរៀបចំកម្លាំងខ្លួនតាំងពីយប់ថ្ងៃព្រហស្បតិ៍ ទី២៧ មករា ដើម្បីចូលមកដកទង់ជាតិកម្ពុជា ប្រសិនបើកម្ពុជាមិនព្រមដកទង់ជាតិខ្លួនចេញ ៖ "ថ្វីត្បិតតែសភាពការណ៍វាតានតឹងមែន ប៉ុន្តែបើភាគីថៃនៅតែឈ្លានពានតំបន់ដែលយើងហាមឃាត់នោះ យើងត្រូវផ្ទុះអាវុធភ្លាម។ តែបើភាគីមិនឈ្លានពានតំបន់កំណត់យើងក៏មិនអាចផ្ទុះអាវុធដែរ"។
ការទាមទាររបស់ថៃ ធ្វើឡើងក្រោយពេលដែលទាហានកម្ពុជាបានបំផ្លាញផ្ទាំងស្លាកថ្មចំនួនពីរផ្ទាំង តាមសំណូមពររបស់រដ្ឋាភិបាលថៃ។ ផ្ទាំងស្លាកថ្មចំនួនពីរផ្ទាំងត្រូវបានដាក់ដោយកងទ័ពកម្ពុជា នៅក្បែរប្រាសាទព្រះវិហារ ដែលមានខ្លឹមសារថា ទីតាំងផ្ទាំងស្លាកថ្មនេះ ជាកន្លែងថៃឈ្លានពានកម្ពុជា ហើយទីនេះជាទឹកដីកម្ពុជា។ ភាគីថៃបានទាមទារឲ្យកម្ពុជារុះរើផ្ទាំងថ្មទាំងនោះចេញ ដោយសារខ្លួនសំអាងថា ផ្ទៃដីទំហំ ៤,៦ គីឡូម៉ែត្រការ៉េ ក្បែរប្រាសាទព្រះវិហារកំពុងឋិតក្នុងជម្លោះទឹកដី ដូច្នោះគ្មានភាគីណាមួយអាចអះអាងថា ជាទឹកដីរបស់ខ្លួនបានទេ។
នាយករដ្ឋមន្រ្តីថៃ លោក អាប់ភីស៊ីត វិជ្ជាជីវ៉ា (Abhisit Vejjajiva) កាលពីថ្ងៃទី២៧ មករា ឆ្នាំ២០១១ បានទាមទារឲ្យកម្ពុជាទម្លាក់ទងជាតិចេញពីទីតាំងវត្តកែវសិក្ខាគិរីស្វារៈ ដោយបានអះអាងថា កម្ពុជាគ្មានសិទ្ធិដាក់ទង់ជាតិកម្ពុជានៅក្នុងតំបន់ជម្លោះ។ នាយករដ្ឋមន្ត្រីថៃបន្តទៀតថា ប្រសិនបើមានទង់ជាតិកម្ពុជាក្នុងតំបន់ជម្លោះមែន ទង់ជាតិនោះត្រូវតែទម្លាក់ចោល។
ឆ្លើយតបទៅនិងការទាមទាររបស់នាយករដ្ឋមន្ត្រីថៃ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃសុក្របានបដិសេធន៍មិនព្រមដកទង់ជាតិកម្ពុជាចេញពីវត្តកែវសិក្ខាគិរីស្វារៈទេ ពីព្រោះវត្តកែវសិក្ខាគិរីស្វារៈជាទឹកដីកម្ពុជាស្របច្បាប់។ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា សាលក្រមតុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ បានកាត់ក្តីករណីប្រាសាទព្រះវិហារតាមផែនទីផលិតដោយគណៈកម្មការបារាំង-សៀម ដោយកំណត់ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងដែនដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា។
ក្រសួងការបរទេសកម្ពុជាបានបន្តទៀតថា ការទាមទាររបស់នាយករដ្ឋមន្ត្រីថៃ ស្របពេលដែលទាហានថៃ បានធ្វើសមយុទ្ធយោធាជាប់ព្រំដែនកម្ពុជា ហើយកម្ពុជាចាត់ទុកថា គឺជាការញុះញង់ដើម្បីឈ្លានពានប្រឆាំងនិងកម្ពុជានៅថ្ងៃអនាគត។ ដូច្នោះប្រទេសកម្ពុជាសូមរក្សាសិទ្ធិស្របច្បាប់ ដើម្បីការពារបូរណភាព និងអធិបតេយ្យភាពខ្លួន។
មន្រ្តីជាន់ខ្ពស់យោធាកម្ពុជា នៅថ្ងៃសុក្រ ទី២៨ មករា បានឲ្យដឹងថា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានបញ្ជាឲ្យក្រសួងការពារជាតិបញ្ជូនរថក្រោះ និងរថពាសដែកទៅតំបន់ប្រាសាទព្រះវិហារ ដើម្បីត្រៀមប្រយុទ្ធ។
ទាហានថៃក៏បានត្រៀមលក្ខណៈធ្វើសង្គ្រាមជាមួយកម្ពុជារួចជាស្រេច ដោយពួកគេបានបង្កើតផែនការសម្រាប់សង្គ្រាមចំនួន ៥ចំណុច ប្រសិនកម្ពុជាមិនព្រមតាមសំណើរបស់ខ្លួន។
កាសែតថៃ បាងកកប៉ុស្តិ៍ (Bangkok Post) ផ្សាយនៅថ្ងៃសុក្របានឲ្យដឹងថា ការគំរាមប្រើកម្លាំងយោធារបស់ថៃ មកលើកម្ពុជាបានជោគជ័យ ដោយកម្ពុជាព្រមកម្ទេចស្លាកផ្ទាំងថ្មចំនួនពីរផ្ទាំង។ ប្រភពម្នាក់បានប្រាប់កាសែតថៃថា ការគំរាមប្រើកម្លាំងយោធាទៅលើកម្ពុជា ត្រូវបានអនុញ្ញាតពីនាយករដ្ឋមន្ត្រីថៃ។ ផែនការដាក់គំនាបទៅលើកម្ពុជារួមមានដំបូងយោធាថៃ ចាប់ផ្ដើមធ្វើសមយុទ្ធយោធាដោយប្រើប្រាស់អាវុធប្រភេទធុនធំ បន្ទាប់មកទៀតទាហានថៃបួនក្រុម និងចាប់ផ្ដើមប្រយុទ្ធប្រសិនបើទាហានកម្ពុជាមិនព្រមដកផ្ទាំងស្លាកថ្មចេញ។ ក្រុមទាហានថៃត្រៀមនឹងប្រើប្រាស់អាវុធធុនធំបាញ់នៅជិតទីនោះ បន្ទាប់មកទាហានថៃនឹងប្រើប្រាស់កងទ័ពអាកាសរបស់ខ្លួន និងរារាំងមិនឲ្យប្រជាពលរដ្ឋថៃ ឆ្លងចូលលេងល្បែងកាស៊ីណូនៅប៉ោយប៉ែត។
លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ សភាជាតិកម្ពុជា នៅថ្ងៃសុក្រ ទី២៨ មករា មានប្រសាសន៍ឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកាបម្រុងគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ដើម្បីការពារប្រទេស ប្រសិនបើកម្ពុជាមានសង្គ្រាមនិងប្រទេសថៃ ៖ "កន្លងមកយើងត្រៀមលក្ខណៈ ដើម្បីការពារបូរណភាពគ្រប់ជ្រុងជ្រោយ ទាំងជាមួយវៀតណាម ឡាវ ទាំងជាមួយសៀម"។
លោក ជាម យៀប បន្តថាប្រទេសជាមិត្តរបស់កម្ពុជាដូចប្រទេសវៀតណាម និងចិនប្រហែលជាជួយកម្ពុជា ប្រសិនបើមានការឈ្លានពានពីសំណាក់ប្រទេសថៃ ហើយចំពោះរូបលោកផ្ទាល់ លោកនឹងស្ម័គ្រចិត្តធ្វើទាហាន ប្រសិនបើប្រទេសកម្ពុជាត្រូវការលោក។
ក្រសួងការពារជាតិកម្ពុជាក្នុងកិច្ចខំប្រឹងប្រែងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ កាលពីខែកញ្ញា ឆ្នាំ២០១០ បានទិញរថក្រោះ និងរថពាសដែកថ្មីចំនួន៩៦គ្រឿង ពីអឺរ៉ុបខាងកើត ដើម្បីការពារពីការឈ្លានពានរបស់បរទេស។ ប៉ុន្តែទោះបីកម្ពុជាបានត្រៀមលក្ខណៈជាមុនក៏ដោយ របាយការណ៍មួយចំនួនបញ្ជាក់ថា សមត្ថភាពយោធារបស់កម្ពុជានៅមានកម្រិត បើប្រៀបធៀបទៅនឹងប្រទេសថៃ។
គេហទំព័រភ្នាក់ងារស៊ើបការណ៍កណ្ដាលរបស់សហរដ្ឋអាមេរិក (CIA) បានឲ្យដឹងថា ធនធានមនុស្សនៅកម្ពុជាសម្រាប់ធ្វើទាហានមានចំនួន ៤លាននាក់ ចំណែកប្រទេសថៃវិញ មានធនធានមនុស្សសម្រាប់ធ្វើទាហានមានរហូតទៅដល់ ២៧លាននាក់។
លោក ជាម យៀប បន្ថែមទៀតថា ទោះបីសមត្ថភាពយោធានៅកម្ពុជានៅមានកម្រិត ប៉ុន្តែកងទ័ពកម្ពុជាមានទឹកចិត្តដើម្បីធ្វើសង្គ្រាមការពារប្រទេសខ្លួន ៖ "យើងមិនថាយើងល្អជាង ខ្លាំងជាងទេ ប៉ុន្តែយើងជាជនរងគ្រោះ ត្រូវគេឈ្លានពានរំលោភ។ យើងឈឺចិត្ត ទីមួយ យើងមានទឹកចិត្តដើម្បីការពារខ្លួនយើង ការពារបូរណភាពយើងខ្លាំងជាងអ្នកដែលរំលោភគេ វាមិនសូវមានទឹកចិត្តប៉ុន្មាននោះទេ"។
អ្នកវិភាគស្ថានភាពថៃ-កម្ពុជា បានឲ្យដឹងថា ស្ថានភាពតានតឹងយោធាកម្ពុជា-ថៃ ក៏អាចបណ្ដាលមកពីការដណ្ដើមអំណាចរវាងក្រុមអាវលឿង និងគណបក្សកាន់អំណាចរបស់លោក អាប់ភីស៊ីត វិជ្ជាជីវ៉ា ដែរ។
ក្រុមអ្នកស្នេហាជាតិថៃ ឬក្រុមសម្ពន្ធភាពប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ កាលថ្ងៃទី២៥ មករា ឆ្នាំ២០១១ បានចាប់ផ្ដើមប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងបាងកក ដើម្បីសំដែងការមិនពេញចិត្តរបស់ខ្លួន ប្រឆាំងនិងរដ្ឋាភិបាលថៃ ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ ទីភ្នាក់ងារព័ត៌មានបារាំង (AFP) ផ្សាយកាលពីថ្ងៃអង្គារ បានដកស្រង់សំដីរបស់មេដឹកនាំក្រុមអាវលឿងថៃម្នាក់ថា ការតវ៉ានេះធ្វើឡើងក្រោយពីរដ្ឋាភិបាលខ្លួនបរាជ័យក្នុងការដោះស្រាយសំណើរបស់ក្រុមអាវលឿង ដើម្បីលុបចោលអនុស្សរណៈឆ្នាំ២០០០ និងបណ្ដេញប្រជាពលរដ្ឋកម្ពុជាចេញពីតំបន់ជម្លោះក្បែរប្រាសាទព្រះវិហារ។ ក្រុមអាវលឿងនឹងបន្តធ្វើបាតុកម្មរបស់ខ្លួនជាបន្តទៀត ដោយគ្មានពេលកំណត់ រហូតដល់ក្រុមនេះបានជោគជ័យ៕