ថៃប៉ុនប៉ងដាក់ទង់ជាតិរបស់ខ្លួននៅវត្តកែវសិក្ខាគិរីស្វារៈ
2011.01.30
ក្រុមមន្ត្រីយោធាខ្មែរដែលកំពុងការពារព្រំដែននៅតំបន់ប្រាសាទព្រះវិហារ បានថ្លែងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា កាលពីរសៀលថ្ងៃសុក្រ កងទ័ពថៃបានលើកទ័ពអមដោយទង់ជាតិរបស់ខ្លួន ក្នុងគោលបំណងយកមកបោះនៅមុខវត្តកែវសិក្ខាគិរីស្វារៈ។
ប្រភពដដែលបានឲ្យដឹងថា ខណៈកងទ័ពថៃត្រៀមយកទង់ជាតិរបស់ខ្លួនមកបោះនៅមុខវត្តកែវសិក្ខាគិរីស្វារៈ កងទ័ពខ្មែរ ដែលកំពុងត្រៀមយាមកាមនៅទីនោះ បានបក់ដៃហៅក្រុមយោធាថៃទាំងនោះឲ្យចូលមក ប៉ុន្តែពួកទាហានថៃបានដកថយទៅវិញ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកឧត្ដមសេនីយ៍ ឈុំ សុជាតិ បានមានប្រសាសន៍ទាក់ទងរឿងនេះថា ថៃមិនអាចធ្វើដូច្នោះបានទេ ខណៈកងកម្លាំងរបស់កម្ពុជាកំពុងការពារបូរណភាពទឹកដីរបស់ខ្លួននោះ ៖ «ថៃមិនអាចធ្វើអ៊ីចឹងបានទេ ព្រោះកងទ័ពរបស់យើងនៅពេញទីនោះ។ នេះជាព័ត៌មានមិនពិត។»
កាលពីថ្ងៃសុក្រ កងទ័ពរបស់កម្ពុជា និងថៃបានដាក់ពង្រាយកងកម្លាំងយោធា និងអាវុធយុទ្ធភណ្ឌធនធ្ងន់នៅតាមព្រំដែន ក្បែរតំបន់ប្រាសាទព្រះវិហាររៀងៗខ្លួន។
ភាពតានតឹងរវាងកម្ពុជា និងថៃបានកើតឡើងសាជាថ្មី បន្ទាប់ពីប្រទេសថៃទាមទារឲ្យកម្ពុជាដោះទង់ជាតិរបស់ខ្លួន ចេញពីមុខវត្តកែវសិក្ខាគិរីស្វារៈ ដែលថៃអះអាងទីតាំងនោះ ស្ថិតនៅជាតំបន់ជម្លោះនៅឡើយ។
ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃសុក្របានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធដាច់អហង្ការចំពោះនាយករដ្ឋមន្ត្រីថៃ លោក Abhisit Vejjajiva ក្នុងការទាមទារឲ្យកម្ពុជាដោះទង់ជាតិរបស់ខ្លួន ចេញពីមុខវត្តកែវសិក្ខាគិរីស្វារៈនោះដែរ។
លោកមានប្រសាសន៍បន្តថា កងទ័ពរបស់កម្ពុជាតស៊ូអស់ពីកម្លាំងកាយ កម្លាំងចិត្ត ដើម្បីការពារទឹកដីរបស់ខ្មែរ មិនឲ្យមានការឈ្លានពានណាមួយពីបរទេសទេ ៖ «យើងកំពុងប្រុងប្រៀបសម្រាប់រាល់ស្ថានការណ៍ទាំងអស់ ដែលអាចកើតមានឡើង។ យើងត្រៀមលក្ខណៈប្រយុទ្ធជានិច្ចជាកាល ដើម្បីការពារមាតុភូមិរបស់យើង ក្នុងកាលៈទេសៈណាក៏ដោយ យើងមិនអាចឲ្យសត្រូវឈ្លានពានបានទេ។»
កាលពីថ្ងៃពុធ ទី២៦ កន្លងទៅនេះ កម្ពុជាបានសម្រេចកម្ទេចផ្ទាំងថ្ម ដែលដាក់ក្បែរវត្តកែវសិក្ខាគីរីស្វារៈ ដែលបញ្ជាក់អំពីទីកន្លែងដែលកងទ័ពសៀមឈ្លានពានកម្ពុជាចេញ ក្រោយពីមានការទទូចទាមទារឲ្យដកពីសំណាក់ប្រមុខរដ្ឋាភិបាលថៃ។
ផ្ទាំងថ្មដែលកម្ពុជាដកចេញនោះ បានសរសេរថា នៅទីនេះជាកន្លែងកងទ័ពសៀមចូលមកឈ្លានពានទឹកដីកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ហើយដកទ័ពទៅវិញនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០។ ផ្ទាំងថ្មនេះ បានសរសេរជំនួសដោយពាក្យថា ទីនេះកម្ពុជា។
ជម្លោះព្រំដែនកម្ពុជា-ថៃ បានកើតឡើងនៅពេលដែលប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីខែកក្កដា ឆ្នាំ២០០៨ ហើយថៃបានអះអាងថា ដីទំហំ ៤,៦គីឡូម៉ែត្រការ៉េ ក្បែរប្រាសាទព្រះវិហារ ជាទឹកដីរបស់ខ្លួន។ ទាហានថៃ និងកម្ពុជា បានប្រយុទ្ធគ្នាចំនួន ៣លើកកន្លងមក បានបណ្ដាលឲ្យកងទ័ពទាំងសងខាងស្លាប់ និងរបួសរៀងៗខ្លួន៕