ទាហាន​ខ្មែរ​នៅ​តំបន់​ព្រះវិហារ​ មិន​ចល័ត ខណៈ​ក្រុង​បាងកក​ជ្រួលច្របល់

ស្ថានភាព​នៅ​ទល់​ដែន​ខ្មែរ-ថៃ មាន​សភាព​ស្ងប់​ស្ងាត់​នៅ​ឡើយ នៅ​គ្រា​ដែល​ទីក្រុង​បាងកក កំពុង​តែ​ចលាចល។ មេ​បញ្ជាការ​ជាន់​ខ្ពស់​យោធា​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ទាហាន​ខ្មែរ​នៅ​ស្ងៀម មិន​ចល័ត​កម្លាំង​ទ័ព និង​ធ្វើ​សកម្មភាព​អ្វី​មួយ​យក​ប្រៀប​ទេ នៅ​ពេល​ដែល​ប្រទេស​ថៃ​កំពុង​តែ​ជួប​ការ​លំបាក​។
ដោយ ហង្ស សាវយុត
2010-05-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ខ្មែរ​ឈរ​យាម​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ លើ​កំពូល​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី​១៤ សីហា ២០០៨។
ទាហាន​ខ្មែរ​ឈរ​យាម​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ លើ​កំពូល​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី​១៤ សីហា ២០០៨។
RFA Photo/Savyuth

កង​រក្សា​ព្រំ​ដែន​ខ្មែរ ចាប់​ពី​តំបន់​ប្រាសាទ​ព្រះវិហារ រហូត​ដល់​តំបន់​ជប់​គគីរ​លើ​ខ្នង​ភ្នំ​ដង​រែក នៃ​ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរ​មានជ័យ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៥ ឧសភា​ថា ស្ថានភាព​របស់​ទាហាន​ថៃ ដែល​តែង​តែ​បង្ក​បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា នៅ​តាម​តំបន់​ជម្លោះ​ព្រំដែន គឺ​ស្ងប់​ស្ងាត់ ក្នុង​ពេល​ដែល​ប្រទេស​ថៃ​កំពុង​មាន​វិបត្តិ​បង្ហូរ​ឈាម រវាង​កង​ទាហាន និង​ក្រុម​អ្នក​តវ៉ា​អាវ​ក្រហម ទាម​ទារ​ទម្លាក់​លោក​នាយក​រដ្ឋមន្ត្រី​ថៃ អាហ្វី​ស៊ីត វិចាជីវ៉ាស ឲ្យ​ចុះ​ចេញ​ពី​តំណែង​នោះ។

យោធា​ខ្មែរ​មួយ​រូប ដែល​កំពុង​ប្រចាំ​ការ​ពារ​ព្រំ​ដែន នៅ​តំបន់​ជប់​គគីរ​ខេត្ត​ឧត្តរ​មានជ័យ បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ ដែល​ធ្លាប់​តែ​ចូល​មក​ហាម​ឃាត់​អ្នក​ភូមិ​ខ្មែរ មិន​ឲ្យ​សង់​ផ្ទះ​នៅ​ជិត​ព្រំដែន បាន​ស្ងប់​ស្ងាត់។

លោក​បន្ត​ទៀត​ថា ៖ «ស្ថានការណ៍​អា​ដេញ​ឲ្យ​រើ​ផ្ទះ អា​ដេញ​ឲ្យ​ឈប់​ដាំ​អី ក៏​មិន​ដែល ហើយ​ប្រជា​ពលរដ្ឋ​គាត់​ភ្ជួរ​ដី​ភ្ជួរ​អី។ ពី​ដើម​មិញ តែ​ភ្ជួរ​អត់​បាន​ទេ វា​ដេញ​អី​ចេះ​អី​ចុះ អា​នេះ​អត់​អី​ទេ​។ កង​កម្លាំង​ប្រុង​ប្រយ័ត្ន តែ​អី​ចុះ​ហើយ ដែល​ប្រហែស​បាន​ធ្វើ​ជម្រក​នៅ​ផង ជីក​លេណដ្ឋាន​ផង»

មេ​បញ្ជាការ​យោធា​ជាន់​ខ្ពស់​ខ្មែរ ដែល​គ្រប់​គ្រង​កង​កម្លាំង​ការពារ​ព្រំដែន ភាគ​ខាង​លិច​ប្រទេស បាន​អំពាវនាវ​ទៅ​កង​យោធា​ថៃ​ទាំង​អស់ ដែល​នៅ​ជាប់​ព្រំដែន​ថៃ​-ខ្មែរ ថា កុំ​ឲ្យ​បង្ក​បញ្ហា​អ្វី​មួយ​កើត​ឡើង នៅ​តាម​ព្រំ​ដែន​ថៃ-ខ្មែរ ឲ្យ​សោះ ដើម្បី​ជៀស​វាង​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ នៅ​ពេល​ដែល​ប្រទេស​ថៃ កំពុង​មាន​វិបត្តិ​បង្ហូរ​ឈាម នៅ​កណ្ដាល​ទីក្រុង​បាងកក​នោះ។

លោក​ឧត្ដម​សេនីយ៍​ឯក ជា តារា អគ្គ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ ប្រចាំ​យោធ​ភូមិ​ភាគ​ទី​៤ បាន​មាន​ប្រសាសន៍​បន្ត​ថា លោក​គ្មាន​ការ​ព្រួយ​បារម្ភ ចំពោះ​ស្ថានការណ៍​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ-ថៃ នៅ​តាម​តំបន់​ជម្លោះ​ព្រំ​ដែន​ទេ នៅ​គ្រា​នេះ។ ប៉ុន្តែ លោក​អំពាវ​ដូច្នេះ ៖ «យើង​នៅ​ផ្ទះ​របស់​យើង យាម​ផ្ទះ​របស់​យើង មិន​ឲ្យ​បាត់​តែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​បើ​សិន​ជា​ភាគី​ថៃ មាន​គំនិត​ថា ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា ការ​ទប់​ស្កាត់​នឹង​ទាន់​ពេល​វេលា​បាទ​។ យើង​អំពាវ​នាវ​ដល់​កង​ទ័ព​ថៃ កុំ​ឲ្យ​មាន​បញ្ហា​អ្វី​កើត​ឡើង​ឲ្យ​សោះ ពីព្រោះ​កង​ទ័ព​កម្ពុជា គឺ​រក្សា​ការពារ​ស្វ័យ​សិទ្ធិ​ការពារ មិន​ឲ្យ​បាត់​ទឹក​ដី នេះ​ជា​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្ដេច​តេជោ។

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​ការ​ពារ​ព្រំ​ដែន​ខ្មែរ និង​ថៃ បាន​កើត​មាន​ចំនួន ៥​លើក​មក​ហើយ ចាប់​តាំង​ពី​ថៃ​បញ្ជូន​ទាហាន​រាប់​រយ​នាក់ ចូល​លុក​លុយ​ទី​វត្ត​ខ្មែរ​កែវសិក្ខាគិរីស្វារៈ នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ កាល​ពី​ខែ​កក្តដា ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០០៩ បណ្ដាល​ឲ្យ​ទាហាន​ទាំង​សងខាង​ស្លាប់ និង​របួស​មួយ​ចំនួន និង​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១០ មាន​ការ​ប៉ះ​ទង្គិច​គ្នា​ម្ដង​ទៀត នៅ​តំបន់​ព្រំដែន​អូរ​ស្មាច់ ខេត្ត​ឧត្តរ​មានជ័យ នៅ​ពេល​ដែល​ទាហាន​ថៃ​មួយ​ក្រុម បាន​ព្យាយាម​ចូល​មក​បណ្ដេញ​កង​ការ​ពារ​ព្រំដែន​ខ្មែរ នៅ​ជិត​ភ្នំ​តា​ថង​ឲ្យ​រុះ​រើ​ខ្ទម ដែល​សង់​ក្នុង​ព្រំដែន​ខ្មែរ​ចោល​ចេញ​នោះ​។

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស ពី​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ថ្ងៃ​សុក្រ រហូត​ដល់​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​ឧសភា កង​ទាហាន​ថៃ បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ ជា​មួយ​ក្រុម​បាតុករ​អាវ​ក្រហម​ថៃ ដោយ​កើត​មាន​វិបត្តិ​បង្ហូរ​ឈាម​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ១៦​នាក់ និង​រង​របួស​ចំនួន​ជិត ១៦០​នាក់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល