មូល​ហេតុ​ពលរដ្ឋ​ខ្មែរ​និង​សង្គម​ស៊ីវិល​ដាក់​ពាក្យ​បណ្ដឹង​ទៅ​មេ​ដឹកនាំ​ក្នុង​ពិភពលោក

ប្រទេស​កម្ពុជា នៅ​ពេល​មាន​វត្តមាន​ថ្នាក់​ដឹកនាំ​ប្រទេស​សំខាន់ៗ​ក្នុង​តំបន់ ឬ​នៅ​លើ​ពិភពលោក​មក​ទស្សនកិច្ច​ម្តងៗ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ និង​អង្គការ​ដែល​ធ្វើ​ការ​ខាង​អភិវឌ្ឍ​សង្គម និង​សិទ្ធ​មនុស្ស​ជាដើម បាន​សម្រុក​ដាក់​ពាក្យ​បណ្ដឹង​ទាម​ទារ​ទៅ​មេ​ដឹកនាំ​ប្រទេស​ទាំង​នោះ ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ខ្លួន​ឯង ពាក់ព័ន្ធ​សេចក្តី​សុខ​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដែល​ពួក​គាត់​អះអាង​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ទុក្ខ​បុក​ម្នេញ​សព្វ​បែប​យ៉ាង។
ដោយ សេក បណ្ឌិត
2012.11.15
ពលរដ្ឋ​តវ៉ា​សុំ​ឲ្យ​បារ៉ាក់​អូបាម៉ា ជួយ​អន្តរាគមន៍ ៣០៥ ពលរដ្ឋ​អ្នក​តវ៉ា​នៅ​មុខ​ទូត​អាមេរិក កាន់​រូបថត​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​អ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ករណី​ទំនាស់​ដីធ្លី​របស់​ពួក​គាត់ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
RFA

តើ​មូល​ហេតុ​អ្វី​បាន​ពលរដ្ឋ​ខ្មែរ និង​សង្គម​ស៊ីវិល​មួយ​ចំនួន ដាច់​ចិត្ត​បើក​កកាយ​រឿងរ៉ាវ​ក្នុង​ផ្ទះ​ខ្លួន​ឯង ឲ្យ​បរទេស​គេ​ដឹង​ឮ និង​ទាម​ទារ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​បែប​នេះ?

មន្ត្រី​សង្គម​ស៊ីវិល​បាន​សង្កេត​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់​ផុង​ក្នុង​វិបត្តិ​ដីធ្លី តុលាការ ព្រម​ទាំង​រង​នូវ​ការ​រំលោភ​បំពាន​នានា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ប្រៀប​បាន​នឹង​សត្វ​ដែល​កំពុង​លង់​ទឹក ហើយ​ចាំបាច់​ត្រូវ​រក​អ្នក​ជួយ​សង្គ្រោះ​ជា​បន្ទាន់។

ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ទុក្ខ បាន​ព្យាយាម​ស្វែង​រក​ឱកាស​ជួប​អ្នក​ទី២ ឬ​ទី៣ ដើម្បី​ជួយ​ពួក​គាត់ ហើយ​ពួក​គាត់​បាន​ចាត់​ទុក​ឱកាស​ដែល​មេ​ដឹកនាំ​ប្រទេស​នៅ​ក្នុង​តំបន់ និង​ប្រទេស​មហា​អំណាច ចូល​មក​ទស្សនកិច្ច​នេះ ជា​ឱកាស​មួយ​សម្រាប់​ជួយ​សម្រប​សម្រួល​បញ្ហា​ដែល​ជាប់​គាំង​ជាច្រើន​ឆ្នាំ​មក​ហើយ។

រហូត​មក​ដល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ និង​អង្គការ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង ៥០០​ស្ថាប័ន​ផ្សេង​ទៀត បាន​ព្យាយាម​ជួប​ប្រជុំ​ដាច់​ដោយ​ឡែក​ពី​គ្នា ដើម្បី​ធ្វើ​ញត្តិ និង​សេចក្តី​ថ្លែងការណ៍​រួម ដាក់​ទៅ​មេ​ដឹកនាំ​ពិភពលោក បើ​ទោះ​បី​ជា​ការ​ជួប​ប្រជុំ​នោះ​ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​បង្ក​ការ​លំបាក និង​រារាំង​យ៉ាង​ណា​ក្តី។

លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក​មាន​ប្រសាសន៍​ថា នេះ​ជា​ការ​រួម​គ្នា​មួយ ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ទៅ​តាម​អ្វី​ដែល​ពួក​គាត់​ចង់​បាន ហើយ​ម្យ៉ាង​ទៀត ប្រទេស​កម្ពុជា បាន​រួម​បញ្ចូល​គ្នា​ជា​សហគមន៍​តែ​មួយ ដូច​ជា​សហគមន៍​អាស៊ាន​ជាដើម។ ដូច្នេះ ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ត្រូវ​តែ​ចូល​រួម​ជួយ​គ្នា ប្រមូល​ផ្តុំ​ឲ្យ​មាន​សំឡេង​ខ្លាំង​តែ​មួយ ទាម​ទារ​ទៅ​ថ្នាក់​ដឹកនាំ​ធំ​នៅ​លើ​ពិភពលោក ពិចារណា​ជួយ​រក​ដំណោះស្រាយ។

លោក សៀ ភារម្យ៖ «កាល​ណា​គាត់​ស្រែក​តែ​នៅ​ក្នុង​ស្រុក ពួក​គាត់​អ្នក​តវ៉ា​អត់​មាន​ឥទ្ធិពល​ទេ ហើយ​បើ​សិន​ជា​មាន​ការ​គាំទ្រ​ពី​មិត្តភ័ក្ដិ​របស់​គាត់​នៅ​ក្នុង​សហគមន៍​អាស៊ាន​នោះ នឹង​មាន​កម្លាំង​កាន់​តែ​ខ្លាំង កាន់​តែ​ច្រើន។ អ៊ីចឹង វា​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​ថ្នាក់​ដឹកនាំ​ពិភពលោក ត្រូវ​ធ្វើ​ការ​ពិចារណា​រក​វិធីសាស្ត្រ ដើម្បី​ជួយ​ពន្យល់​ទៅ​ដល់​រដ្ឋាភិបាល​យើង​ហ្នឹង ឲ្យ​គាត់​ធ្វើ​តែ​អំពើ​ល្អ គោរព​សិទ្ធិ​មនុស្ស អា​ហ្នឹង​វា​មើល​ឃើញ​នូវ​សារប្រយោជន៍​សម្រាប់​ពួក​គាត់​អ៊ីចឹង»

លោក​បន្ត​ថា បញ្ហា​នេះ​បើ​សិន​មិន​មាន​វិធានការ​ដោះស្រាយ​ទេ វា​អាច​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាក់​មុខ​ដែរ នៅ​ពេល​ដែល​ភ្ញៀវ​មក​លេង​ផ្ទះ ហើយ​មាន​កូន​យំ​ឡាំ​ប៉ា​ទាម​ទារ​ឲ្យ​ដំណោះស្រាយ​គ្រប់​រឿង​យ៉ាង​ដូច្នេះ។

បញ្ហា​ដែល​ប្រជាពលរដ្ឋ​ទាម​ទារ​ឲ្យ​មេ​ដឹកនាំ​ប្រទេស​អាស៊ាន និង​ថ្នាក់​ដឹកនាំ​ធំៗ​នៅ​លើ​ពិភពលោក​ជួយ​ដោះស្រាយ​នោះ រួម​មាន​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន ដោយ​ពុំ​មាន​សំណង​សមរម្យ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​បញ្ហា​តុលាការ​មិន​ឯករាជ្យ​ជាដើម។

សម្រាប់​អ្នក​សិក្សា​ស្រាវជ្រាវ​លើ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី វិញ មើល​ឃើញ​ថា ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ភាព​មិន​ទទួល​ខុស​ត្រូវ​របស់​អ្នក​ដឹកនាំ ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​ទំនុក​ចិត្ត។ ការ​ដោះស្រាយ​បញ្ហា​ទាំង​ក្នុង​ប្រព័ន្ធ​តុលាការ និង​ខាង​ក្រៅ​ប្រព័ន្ធ​តុលាការ មិន​ទាន់​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ឡើយ។ បញ្ហា​ផ្ទៃ​ក្នុង​នេះ និង​បញ្ហា​ចាត់​ចែង​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​កន្លង​មក ដែល​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​នោះ​ផង អាច​ធ្វើ​មាន​ការ​កត់​សម្គាល់​លើ​សមត្ថភាព​គ្រប់គ្រង​របស់​កម្ពុជា និង​ធ្វើ​ឲ្យ​មាន​ការ​មើល​ស្រាល​ពី​ប្រទេស​ជា​សមាជិក។

លោក កែម ឡី៖ «ចំណុច​ទី២ ឆ្លុះ​បញ្ចាំង​នូវ​រូបភាព​ថា នៅ​ស្រុក​ខ្មែរ​យើង​ហ្នឹង មាន​បញ្ហា​ច្រើន​ដែល​យើង​មិន​អាច​ដោះស្រាយ​បាន សូម្បី​តែ​គណៈកម្មាធិការ​យុវជន គណៈកម្មការ​សង្គម​ស៊ីវិល​អាស៊ាន​អី​ហ្នឹង ក៏​មាន​ការ​លំបាក ហើយ​រូបភាព​ហ្នឹង​វា​មិន​ល្អ​ទេ ហើយ​វា​ជះ​ឥទ្ធិពល​ដល់​ការ​ឆ្លុះ​បញ្ចាំង​នូវ​សមត្ថភាព​ខ្មែរ​យើង​ក្នុង​ការ​រៀបចំ​វេទិកា​ឲ្យ​រលូន»

ទោះ​យ៉ាង​ណា​ក្តី មន្ត្រី​រដ្ឋាភិបាល​ថា​ទាំង​នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ និង​អង្គការ​ជាតិ និង​អន្តរជាតិ ប៉ុន្តែ​សូម​កុំ​ឲ្យ​ការ​ទាម​ទារ​នោះ ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់ និង​សុវត្ថិភាព​នៃ​ការ​អញ្ជើញ​មក​ដល់​របស់​ថ្នាក់​ដឹក​នាំ​ពិភពលោក។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​តែង​តែ​បើក​ចំហ​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ សង្គម​ស៊ីវិល តស៊ូ​មតិ​ដោយ​អហិង្សា។ លោក​យល់​ថា បញ្ហា​នេះ​ក៏​ជា​ការ​បង្ហាញ​ពី​សេរីភាព​នៃ​ការ​តស៊ូ​មតិ​តាម​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ចំ​ទិស​ដៅ ហើយ​លោក​គិត​ថា កម្ពុជា នឹង​មិន​ត្រូវ​រង​សម្ពាធ​ពី​ខាង​ភាគី​ណា​មួយ​នោះ​ទេ៖ «គឺ​កម្ពុជា ជា​ប្រទេស​ឯករាជ្យ មាន​អធិបតីភាព​របស់​ខ្លួន។ កម្ពុជា មិន​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​អ្នក​ណា​ទេ ហើយ​អ្វី​ដែល​យើង​បង្កើន​វិញ គឺ​ការ​យល់​ដឹង​រវាង​កម្ពុជា និង​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ ពង្រឹង​លទ្ធិប្រជាធិបតេយ្យ បង្កើន​ការ​អភិវឌ្ឍ​នៅ​ស្រុក​ខ្មែរ​បន្ត​ទៀត»

លោក កែម ឡី មើល​ឃើញ​ដែរ​ថា សកម្មភាព​ដាក់​ញត្តិ​ប្ដឹង​ទាម​ទារ​ទៅ​មេ​ដឹកនាំ​ពិភពលោក​នេះ គ្រាន់​តែ​ជា​ការ​បង្ហាញ​ពី​ភាព​អស់​ជម្រើស​របស់​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ដែល​ព្យាយាម​តស៊ូ​មតិ​ជាមួយ​រដ្ឋាភិបាល ដែល​មិន​ទាន់​បាន​ផល​ល្អ។ ចំពោះ​លទ្ធផល​ធំ​ដំ​នឹង​មិន​ទាន់​ទទួល​បាន​ភ្លាម​នោះ​ទេ ហើយ​ក៏​មិន​មាន​សម្ពាធ​អ្វី​ធ្ងន់ធ្ងរ​ដល់​រដ្ឋាភិបាល​ដែរ៖ «យើង​ឃើញ​ក្នុង​ធម្មនុញ្ញ​អាស៊ាន មាន​ចង់​ថា​មិន​ជ្រៀត​ជ្រែក​ប្រទេស​នីមួយៗ ហើយ​យើង​ឃើញ​មាន​នៅ​ក្នុង​មាត្រា​នៃ​សេចក្តី​ព្រាង​សេចក្តី​ប្រកាស​នៃ​សិទ្ធិ​មនុស្ស​អាស៊ាន មិន​ឲ្យ​ជ្រៀត​ជ្រែក​ប្រទេស​នីមួយៗ។ អ៊ីចឹង ពិបាក​នឹង​យក​ឥទ្ធិពល​ប្រទេស​ដទៃ​មក​កែ​ក្នុង​ប្រទេស​យើង​ណាស់។ ក៏ប៉ុន្តែ បើ​យើង​មិន​ដាក់​ឲ្យ​គេ​ឮ ឲ្យ​គេ​ដឹង ក៏​អ្នក​ទទួល​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​នោះ នឹង​មិន​បាន​រៀន​សូត្រ មិន​បាន​ដឹង​បញ្ហា ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ទៅ​លើ​សេចក្តី​សម្រេច​ចិត្ត​នោះ​បាន​ដែរ»

នាយិកា​អង្គការ​សីលកា អ្នកស្រី ធីតា ឃឹះ ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ថា មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ប្រមាណ ៥០០​ស្ថាប័ន នឹង​ជួប​ជជែក​ពិភាក្សា​លើ​ផែនការ​ដាក់​ញត្តិ​ជូន​មេ​ដឹកនាំ​អាស៊ាន និង​មេ​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​មហា​អំណាច មាន​សហរដ្ឋ​អាមេរិក ជាដើម ដែល​នឹង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​ជាច្រើន​ទៀត ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

អ្នកស្រី​បន្ត​ថា កិច្ច​ប្រជុំ​នោះ​នឹង​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ជា​សំខាន់ ពី​បញ្ហា​សេចក្តី​ថ្លែងការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន បញ្ហា​សិទ្ធិ​ពលករ​ចំណាក​ស្រុក បញ្ហា​យន្តការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ដែល​ខ្វះ​ការ​ការពារ​ជាដើម។

ចំណែក​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ថ្លែង​ថា អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​១០ ផ្សេង​ទៀត ក៏​នឹង​ត្រៀម​ចេញ​សារ​ចំនួន ៣​ចំណុច​សំខាន់​ដែរ សម្រាប់​ដាក់​ជូន​ប្រធានាធិបតី​អាស៊ាន លោក បារ៉ាក់ អូបាម៉ា (Barack Obama) តាម​រយៈ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា។ ក្នុង​នោះ ផ្ដោត​ទៅ​លើ​តួនាទី​អង្គការ​សង្គម​ស៊ីវិល ហើយ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដូច​ជា​លោក ម៉ម សូណង់ដូ សកម្មជន​សិទ្ធិ​មនុស្ស និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ។ ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដោយ​យុត្តិធម៌ ជំរុញ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ ដែល​រដ្ឋាភិបាល​សន្យា​លើស​មួយ​ទសវត្សរ៍​មក​ហើយ។

មន្ត្រី​សង្គម​ស៊ីវិល​បញ្ជាក់​ទៀត​ថា សារ​ដែល​ទាម​ទារ​ទាំង​នោះ តាម​ពិត​ត្រូវ​ដាក់​ទៅ​រដ្ឋាភិបាល​កម្ពុជា ក៏ប៉ុន្តែ​ដោយ​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ទទួល​យក​ទៅ​ដោះស្រាយ ទើប​បាន​ជា​អង្គការ​បង្វែរ​យក​សារ​ទាំង​នោះ​ទៅ​ឲ្យ​ប្រទេស​មហា​អំណាច ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​ការ​ទាម​ទារ​របស់​ពួក​គេ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។