ពលករ​ខ្មែរ​៨​នាក់​ត្រូវ​គេ​ជួញ​ដូរ​នៅ​ម៉ាឡេស៊ី បាន​វិល​ត្រឡប់​មក​វិញ​ហើយ

នៅ​សម័យ​នេះ​ទៅ​ហើយ គេ​នៅ​តែ​ឃើញ​មាន​ប្រជា​ជន​ខ្មែរ​ខ្លះ បាន​ធ្លាក់​ខ្លួន​ធ្វើ​ការ​ងារ​របៀប​ជា​ទាសករ​នៅ​ឡើយ។
ដោយ សុខ សេរី
2010-05-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ ៨​រូប ត្រូវ​គេ​ជួញ​ដូរ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ កាលពី​ថ្ងៃ​ទី​១៥ ឧសភា ២០១០ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។
ពលករ​ខ្មែរ ៨​រូប ត្រូវ​គេ​ជួញ​ដូរ​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ កាលពី​ថ្ងៃ​ទី​១៥ ឧសភា ២០១០ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។
RFA/Sok Serey

ពលករ​ខ្មែរ​ចំណាក​ស្រុក​ចំនួន ៨​នាក់ ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​ជួយ​សង្គ្រោះ ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ដើម្បី​ជួប​ជុំ​ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​វិញ នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​ឧសភា​នេះ ក្រោយ​ពី​បាន​ចាញ់​បោក​ធ្លាក់​ខ្លួន​ក្នុង​អំពើ​ជួញ​ដូរ​កម្លាំង​ពលកម្ម ឬ​ក្លាយ​ជា​ទាសករ​អ្នក​នេសាទ នៅ​ក្នុង​សមុទ្រ​ប្រទេស​ម៉ាឡេស៊ី​ជា​ច្រើន​ខែ​ឆ្នាំ​មក។

យុវជន​ឈ្មោះ កៀន ភាព អាយុ ៣១​ឆ្នាំ នៅ​ក្នុង​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម បាន​ថ្លែង​ថា គេ​បាន​លួច​រត់​ចេញ​ពី​ទូក​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ ដោយសារ​តែ​ទូក​នោះ ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី ចាប់​ឃាត់។ លោក​បាន​ប្ដឹង និង​រាយការណ៍​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ដឹង​ឮ​រឿង​របស់​ខ្លួន។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «នាំ​គ្នា​រត់​ចូល​ក្នុង​ទឹក​ដី​ម៉ាឡេស៊ី ដើម្បី​ឲ្យ​ប៉ូលិស​ម៉ាឡេស៊ី​ចាប់​ខ្លួន បញ្ជូន​មក​ខ្មែរ​វិញ។ តេ​មក​លីកាដូ លីកាដូ​បាន​ជួយ​មក​ទាំង​អស់»

ជន​រង​គ្រោះ​ទាំង ៨​នាក់​នោះ មាន​ឈ្មោះ​ទី​១ កៀន ភាព អាយុ​៣១​ឆ្នាំ នៅ​ខេត្ត​កំពង់ចាម ទី​២​ឈ្មោះ ព្រំ វណ្ណះ អាយុ​៣៣​ឆ្នាំ នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ ទី​៣​ឈ្មោះ វ៉ាន់ វិន អាយុ​២៥​ឆ្នាំ នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ទី​៤​ឈ្មោះ អ៊ុក សុវណ្ណ អាយុ​៣៦​ឆ្នាំ នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ទី​៥​ឈ្មោះ វៃ ម៉ាប់ អាយុ​៣៨​ឆ្នាំ នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ទី​៦​ឈ្មោះ ធឿន អាយុ​៣១​ឆ្នាំ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ទី​៧​ឈ្មោះ ស៊ីម ឯក អាយុ​២៤​ឆ្នាំ នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ទី​៨​ឈ្មោះ រិទ្ធិ ធារ៉ា អាយុ​២៥​ឆ្នាំ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

ជន​រង​គ្រោះ​ទាំង​អស់​គ្នា បាន​មក​ដល់​ប្រទេស​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​សុក្រ​ថ្មីៗ​នេះ តាម​ជើង​យន្ត​ហោះ ពី​ប្រទេស​ម៉ាឡេស៊ី។ អង្គការ​លីកាដូ កំពុង​ត្រូវ​បាន​រៀបចំ​ដឹក​ជន​រង​គ្រោះ​ទាំង​នោះ ឲ្យ​ទៅ​ជួប​ជុំ​ជា​មួយ​ក្រុម​គ្រួសារ​វិញ នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​ឧសភា​នេះ។ ពួក​គាត់​មាន​សភាព​ស្លេក​ស្លាំង។

អ្នក​ទាំង​៨​នាក់​នេះ បាន​រង​ការ​ចាញ់​បោក ដោយ​សារ​មេ​ខ្យល់​ខ្មែរ នាំ​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ កាល​ពី​ឆ្នាំ​២០០៧ ឆ្នាំ​២០០៨ និង​ឆ្នាំ​២០០៩ កន្លង​ទៅ ជា​មួយ​នឹង​ការ​សន្យា​ថា នឹង​ទទួល​បាន​ប្រាក់​ខែ​រវាង​ពី ៤០០០​បាត ទៅ ៦០០០​បាត ក្នុង​មួយ​ខែ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​ជន​ជាតិ​ថៃ​លក់​ទៅ​ឲ្យ​ជន​ជាតិ​ម៉ាឡេស៊ី ធ្វើ​ជា​កម្មករ​ទូក​នេសាទ នៅ​កណ្ដាល​សមុទ្រ។ ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ គ្មាន​ពេល​សម្រាក​ទេ។

យុវជន​ឈ្មោះ វ៉ាន់ វិន អាយុ​២៥​ឆ្នាំ នៅ​ក្នុង​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ ៨​នាក់​នោះ បាន​ថ្លែង​ថា លោក​បាន​លួច​រត់​ពី​ទូក​នេសាទ កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ ដើម្បី​រាយការណ៍​ឲ្យ​អាជ្ញាធរ​ម៉ាឡេស៊ី និង​អង្គការ​នានា និង​ស្ថានទូត​កម្ពុជា នៅ​ម៉ាឡេស៊ី​បាន​ដឹង​ឬ។

យុវជន​រូប​នេះ​បាន​បន្ត​ទៀត​ថា ៖ «ខ្ញុំ​ផ្ដែរ​ផ្ដាំ​អ្នក​ដទៃ សុំ​កុំ​ជឿ​ថា ប្រាក់​ខែ​ថ្លៃ​ហ្នឹង នៅ​ក្នុង​ប្រទេស​ថៃ​ហ្នឹង វា​អត់​មាន​ពិត។ មាន​តែ​គេ​លក់​យើង​ទេ»

ក្រុម​ជន​រង​គ្រោះ​ខាង​លើ​នេះ បាន​រង​គ្រោះ​នៅ​លើ​ទូក​នេសាទ​ផ្សេងៗ​គ្នា និង​ក្នុង​ខែ​ឆ្នាំ​ខុសៗ​គ្នា ប៉ុន្តែ​គាត់​បាន​អះ​អាង​ដូច​គ្នា​ថា បើ​សិន​ណា​កម្មករ​ណា​មាន​ជំងឺ​តិច​តួច គេ​នៅ​តែ​បង្ខំ​ប្រើ​ទាំង​ឈឺ ប៉ុន្តែ​បើ​សិន​ណា​កម្មករ​ណា​ឈឺ​ធ្ងន់ ប្រើ​មិន​បាន​គេ​រុញ​ទម្លាក់​ក្នុង​សមុទ្រ​តែ​ម្ដង​ឲ្យ​ស្លាប់។

លោក អ៊ំ សំអាត ប្រធាន​ក្រុម​ស៊ើប​អង្កេត នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា គេ​បាន​ជួយ​សង្គ្រោះ​ពលករ​ចំណាក​ស្រុក​រង​គ្រោះ​បែប​នេះ បាន​ចំនួន​ជាង ២០០​នាក់​ហើយ តាំង​ពី​ឆ្នាំ​២០០០ មក គឺ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ថៃ ដោយ​សហការ​ជា​មួយ​អង្គការ​ដៃ​គូ​ជា​ច្រើន។

លោក អ៊ំ សំអាត មាន​ប្រសាសន៍​បន្ត​ថា ៖ «យើង​បាន​ទាក់​ទង​នឹង​អង្គការ ការីតាស់ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ស្រាវជ្រាវ​អ្នក​ទាំង​អស់​នេះ»

ប្រភព​ពី​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​មាន​កម្មករ​ខ្មែរ​ជា​ច្រើន​នាក់​ទៀត កំពុង​តែ​ផុង​ខ្លួន​ក្លាយ​ជា​ទាសករ នៅ​លើ​ទូក​កណ្ដាល​សមុទ្រ។ ក្រុម​កម្មករ ដែល​នៅ​មាន​ជីវិត និង​បាន​វិល​មក​កម្ពុជា​វិញ​នេះ គ្មាន​សល់​លុយ​កាក់​ទេ។

កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ថ្មីៗ នេះ ប្រទេស​កម្ពុជា​បាន​បើក​សន្និសីទ​អន្តរជាតិ​ជា​លើក​ដំបូង នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ចូល​រួម​ដោយ​តំណាង​អង្គការ​នានា មក​ពី​អង្គការ​សហ​ប្រជា​ជាតិ ស្ថានទូត មន្ត្រី​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ និង​ក្រសួង​សង្គមកិច្ច និង​អ្នក​ឯកទេស​ស្រាវជ្រាវ​នានា មក​ពី​ប្រទេស​ថៃ ម៉ាឡេស៊ី វៀតណាម និង​អូស្ត្រាលី ដើម្បី​រិះ​រក​យុទ្ធ​សាស្ត្រ និង​វិធាន​ការណ៍​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស និង​ជួញ​ដូរ​កម្លាំង​ពលកម្ម និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ កំពុង​តែ​រីក​រាល​ដាល​នៅ​ក្នុង​តំបន់ និង​ពលករ​ចំណាក​ស្រុក ដែល​ងាយ​រង​គ្រោះ នៅ​ក្នុង​តំបន់៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល