នាយក​​សាកល​វិទ្យាល័យ​កម្ពុជា​ប្ដឹង​កាសែត​ខ្មែរ​អមតៈ

ចាងហ្វាង​កាសែត​ខ្មែរ​អមតៈ ដែល​ទើប​តែ​រួច​ផុត​ពី​ការ​ប្ដឹង​ដោយ​ក្រសួង​ព័ត៌មាន ឥឡូវ​មក​ជាប់​បណ្តឹង​មួយ​ផ្សេង​ទៀត។
ដោយ សុខ សេរី
2010-07-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កាសែត​ខ្មែរ​អមតៈ
កាសែត​ខ្មែរ​អមតៈ
RFA/Sok Serey

តុលាការ​ក្រុង​ភ្នំពេញ គ្រោង​នឹង​កាត់​ទោស​ចាងហ្វាង​កាសែត​ខ្មែរ​អមតៈ លោក ប៊ុន ថា នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ខាង​មុខ​នេះ ក្រោម​បទ​ព្រហ្មទណ្ឌ​ដែល​បាន​ចោទ​ប្រកាន់​ថា លោក​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារ​កេរ្តិ៍ ក្រោយ​ពី​លោក​បាន​ចុះ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ និយាយ​ថា សាកល​វិទ្យាល័យ​កម្ពុជា បាន​លក់​ពាក្យ​សុំ​ប្រឡង​ទទួល​អាហារូបករណ៍ ឬ​ឌឺម៉ង់​ក្នុង​តម្លៃ​ថ្លៃ​ជាង​២​ម៉ឺន​រៀល ក្នុង​ម្នាក់ៗ កន្លង​មក។

ដើម​បណ្ដឹង​នៃ​សំណុំ​រឿង​នេះ គឺ​លោក កៅ គឹម​ហួន ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា និង​ជា​នាយក​នៃ​សាកល​វិទ្យាល័យ​កម្ពុជា​នោះ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ លោក​បាន​ប្តឹង​តាម​មាត្រា​ទី​១០ នៃ​ច្បាប់​របប​សារព័ត៌មាន និង​មាត្រា​ទី​៦៣ នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល សម័យ UNTACT ប្រឆាំង​នឹង​កាសែត​ខ្មែរ​អមតៈ​នោះ។

លោក កៅ គឹម​ហួន រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា និង​ជា​នាយក​នៃ​សាកល​វិទ្យាល័យ​កម្ពុជា (Photo courtesy of University of Cambodia)
លោក កៅ គឹម​ហួន រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា និង​ជា​នាយក​នៃ​សាកល​វិទ្យាល័យ​កម្ពុជា (Photo courtesy of University of Cambodia) Photo: RFA
ចាងហ្វាង​កាសែត​ខ្មែរ​អមតៈ លោក ប៊ុន ថា អាយុ​៤៦​ឆ្នាំ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា​នេះ​ថា លោក​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ត​ទល់​ក្ដី​នេះ នៅ​ក្នុង​សវនាការ ៖ «មាន​មេធាវី​ខ្ញុំ​ជា​តំណាង។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ពី​ព្រោះ​គាត់​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល។ ដល់​អ៊ីចឹង​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ។ រឿង​នេះ​ខ្ញុំ​បារម្ភ​ច្រើន​ជាង​រឿង​បុគ្គល»

លោក ប៊ុន ថា បាន​ទទួល​ដីកា​ជា​លើក​ទី​២ កាល​ពី​ថៃ្ង​ទី​១៦ ខែ​កក្កដា​ថ្មីៗ នេះ ឲ្យ​ចូល​រួម​ក្នុង​សវនាការ​ខាង​មុខ​នេះ គឺ​ចេញ​ដោយ​ព្រះ​រាជ​អាជ្ញា​រង លោក មាស ចាន់​ពិសិទ្ធិ ចុះ​ថ្ងៃ​ទី​៧ ខែ​កក្កដា​ថ្មីៗ នេះ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក ប៊ុន ថា គឺ​លោក សំ សុគង់ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​បង្ហាញ​ឯកសារ​នានា នៅ​ក្នុង​សវនាការ ដើម្បី​ការពារ​ក្ដី​នេះ ៖ «ត្រៀម​អស់​ហើយ​ទាំង​ផ្លូវ​ច្បាប់ ទាំង​ភស្តុតាង និង​ទាំង​អង្គ​ហេតុ ដែល​ខ្ញុំ​បាន​ស្រាវ​ជ្រាវ​រក​បាន​ហ្នឹង។ និង​យក​ទៅ​បង្ហាញ​នៅ​តុលាការ ក៏​ដូច​ជា​នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​ហ្នឹង ដើម្បី​ការ​ពារ​កូន​ក្តី​ខ្ញុំ​នៅ​ពេល​នោះ»

មូលហេតុ​ដែល​នាំ​ឲ្យ​លោក ប៊ុន ថា កំពុង​តែ​រង​ការ​ប្ដឹង​នេះ គឺ​ដោយ​សារ​តែ​កាសែត​ខ្មែរ​អមតៈ​របស់​លោក បាន​ចុះ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៩ កន្លង​ទៅ ដែល​បាន​ដក​ស្រង់​ប្រភព​សំដី​របស់​និស្សិត​មួយ​ចំនួន បាន​ត្អូញ​ត្អែរ​ថា សាកល​វិទ្យាល័យ​កម្ពុជា បាន​លក់​ពាក្យ​សុំ​ប្រឡង​ទទួល​អាហារូបករណ៍​ក្នុង​តម្លៃ​ថ្លៃ​ជាង ២០០០០​រៀល ក្នុង​សិស្ស​ម្នាក់ៗ នៅ​ក្នុង​ចំណោម​សិស្ស​ច្រើន​ពាន់​នាក់។

រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កៅ គឹម​ហួន បាន​មាន​ប្រសាសន៍​ថា លោក​មាន​មេធាវី​រួច​ហើយ​ដែរ ដើម្បី​ត​ទល់​ក្ដី​នេះ ដោយ​លោក​បាន​បន្ទោស​ថា ការ​ចុះ​ផ្សាយ​របស់​ខ្មែរ​អមតៈ​កន្លង​មក គឺ​ខុស​ការ​ពិត។ លោក​បាន​បន្ត​ថា ការ​ប្ដឹង​កាសែត​ខ្មែរ​អមតៈ​នេះ គឺ​ជា​ជម្រើស​ចុង​ក្រោយ ដោយ​សារ​តែ​លោក ប៊ុន ថា មិន​ព្រម​ចុះ​កែ​តម្រូវ​តាម​សំណូមពរ ៖ «រឿង​វា​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​ខ្ញុំ ហើយ​នឹង​សាលា​របស់​ខ្ញុំ ដែល​គាត់​មិន​ព្រម​ចរចា​រឿង​ហ្នឹង ដោះ​ស្រាយ​រឿង​ហ្នឹង។ គាត់​តែង​តែ​ជំរុញ​ឲ្យ​យើង​ទៅ​តុលាការ។ គឺ​ថា​ខ្ញុំ​នេះ គឺ​មិន​ចង់​ឡើង​តុលាការ​ដូច្នេះ​ទេ»

ចាងហ្វាង​កាសែត​ខ្មែរ​អមតៈ លោក ប៊ុន ថា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​ថ្មីៗ​នេះ បាន​សុខ​ចិត្ត​សុំទោស​រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារិទ្ធ នឹង​សន្យា​ចុះ​ផ្សាយ​កែ​តម្រូវ​នានា ចំពោះ​អ្វី​ដែល​លោក​បាន​ចុះ​ផ្សាយ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា​ថ្មីៗ​នេះ ក្រោម​ចំណង​ជើង​ថា ខួប​ទី​១៣​ឆ្នាំ នៃ​រដ្ឋ​ប្រហារ​ខែ​កក្កដា ឆ្នាំ​១៩៩៧ ជា​សញ្ញា​ប្រមូល​អំណាច​ផ្ដាច់​មុខ របស់​លោក ហ៊ុន សែន។

ប្រភព​អ្នក​ច្បាប់​បាន​ឲ្យ​ដឹង​ថា បើ​សិន​ណា​តុលាការ​រក​ឃើញ​ថា លោក ប៊ុន ថា មាន​ទោស​កំហុស​មែន​នោះ ចាងហ្វាង​កាសែត​ខ្មែរ​អមតៈ លោក ប៊ុន ថា មាន​ទោស​ទទួល​ផាក​ពិន័យ​ជា​ប្រាក់។ មិន​មាន​ទោស​ជាប់​គុក​នោះ​ទេ។

កាល​ពី​ឆ្នាំ​២០០៩ កន្លង​មក​នេះ ចាងហ្វាង​កាសែត​ប្រឆាំង​ចំនួន ២​នាក់​ហើយ បាន​រង​ការ​ប្ដឹង​ដោយ​មន្ត្រី​រដ្ឋាភិបាល ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បរិហារ​កេរ្តិ៍ នៅ​ក្នុង​នោះ​មាន​លោក ដាំ សិទ្ធិ ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ និង​លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល